វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ!
ថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៤

(សៀមរាប)៖ យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញ ព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយ កប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។លោក អន សុភាព បុរាណវិទូ ដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យបានបញ្ជាក់ថា ជាងពីរសប្ដាហ៍មកហើយ ដែលក្រុមការងារបស់លោកបាននិងកំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យនេះ។ លោកបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងបំណងពិនិត្យមើលរចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្រ្គប់ឯកសារក្នុងគម្រោងជួសជុលចំណុចនេះឡើងវិញ។ តាមការលើកឡើងរបស់លោក អន សុភាព ជាការចៃដន្យ ក្នុងពេលក្រុមការងារលោកកំពុងកំណាយនោះ ក៏បានប្រទះឃើញព្រះកេសមួយនៅស្អាត កប់ក្នុងរណ្ដៅជើងគ្រឹះទេវតាទាញព្រ័ត្រតែម្ដង។ ក្រោយការសិក្សា និងពិនិត្យ អ្នកជំនាញសន្និដ្ឋានថា ព្រះកេសនោះបានបាក់ធ្លាក់ពីរូបទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក។ ព្រះកេសធ្វើពីថ្មភក់នេះមានបណ្ដោយ ២០ស.ម ទទឹង១១ស.ម និងកម្ពស់ ១២ស.ម។ ក្រោយកំណាយស្រាវជ្រាវបានមួយផ្នែកធំ អ្នកជំនាញបានសន្និដ្ឋានថា គ្រឹះចម្លាក់កូរសមុទ្រទឹកដោះ នៅខ្លោងទ្វារជ័យនេះនៅមានភាពមាំល្អ ព្រោះធ្លាប់បានជួសជុលម្ដងនៅសម័យកណ្ដាល និងសម័យបារាំង។ យ៉ាងណា លោក អន សុភាព បញ្ជាក់ថា តាមការឱ្យយោបល់ពីអ្នកពាក់ព័ន្ធ គេត្រូវកំណាយស្រាវជ្រាវនៅផ្នែកខាងលើបន្ថែមទៀត មើលស្ថានភាពតួស្ពានទាំងមូល ដើម្បីមើលស្ថានភាពជួសជុលនៅពេលនោះឱ្យបានល្អិតល្អន់ មុននឹងមានគម្រោងជួសជុល ចម្លាក់កូរសមុទ្រទឹកដោះ នាពេលខាងមុខ៕

ឱកាសល្អកម្រមានចាប់ផ្ដើមទៀតហើយ អ្នកតាមបណ្ដាខេត្តត្រៀមខ្លួនទៅ
ថ្ងៃទី១៤ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ទីបំផុត ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី ឈ្នះរង្វាន់ម៉ូតូថ្មី ទូរស័ព្ទដៃទំនើប នឹងបន្តបេសកកម្មស្វែងរកអ្នកខ្លាំងបីស្រ្តីយូរជាងគេតាមបណ្ដាខេត្តក្រុងទូទាំងប្រទេស ហើយទីតាំងប្រកួតមុនគេ គឺនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៥រសៀលតទៅ។ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី ជាមហាព្រឹត្តិការណ៍ប្រកួតបីស្រ្តីដំបូងគេ បំបែកកំណត់ត្រាពិភពលោក លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីដោយក្ដីស្រលាញ់ច្រើនជាងគេ និងជាមហាព្រឹត្តិការណ៍តែ១គត់ ធ្វើឱ្យបុរសបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកតម្កើងស្រ្តី បង្កើនចំណងភក្ដីក្នុងគ្រួសារកាន់តែរឹងមាំ និងបង្ហាញភាពកតញ្ញូចំពោះអ្នកមានគុណ។ លើសពីនេះ ប៊ូសស្រ្តងធ្លាប់ផ្ដល់រង្វាន់ជាច្រើនដល់ជ័យលាភី រួមមានឡានថ្មីខ្លាញ់គោ ម៉ូតូថ្មី និងទូរស័ព្ទដៃទំនើបជាច្រើនគ្រឿង ធ្វើឱ្យល្បីល្បាញទូទាំងប្រទេស។ដូច្នេះបងប្អូនតាមបណ្ដាខេត្តក្រុងត្រៀមខ្លួនចុះឈ្មោះប្រកួតបីស្រ្តីឈ្នះរង្វាន់ធំពីប៊ូសស្រ្តង ជាពិសេសបងប្អូនអ្នកខេត្តត្បូងឃ្មុំ អាចចុះឈ្មោះឥឡូវនេះរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ https://bit.ly/4bjmZ19 ឬ ហ្វេសប៊ុកផេកផ្លូវការ BOOSTRONG ឬ ទូរស័ព្ទ ០៩៦ ៦៦ ៥៥ ០៥៣។ប៊ូសស្រ្តងលើកតម្កើងស្ដ្រី! ស្រលាញ់ស្រ្តី ញ៉ាំប៊ូសស្ត្រង! https://www.facebook.com/share/v/E3qrnDG7huKr2iD9/?mibextid=oFDknk

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ
ថ្ងៃទី១៤ ខែឩសភា ឆ្នាំ២០២៤

 (ភ្នំពេញ)៖ នៅព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បី​ពង្រឹង​ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្ម​រវាងកម្ពុជា និងកូរ៉េខាងត្បូង។គួររំលឹកថា គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តបេសកកម្ម ការទូតក្រៅប្រទេស ជាលើកទី១៥ ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចប្រគល់ភារកិច្ចជូន លោក គី តិច ដើម្បីការពារប្រជាពលរដ្ឋ ដែលរងគ្រោះនៅក្នុងគម្រោងអតីតឧកញ៉ា ឡេង ចាន់ណា
ថ្ងៃទី១៤ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូន លោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ នៃគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា។នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតីហ៊ុន ម៉ាណែត បានបង្ហោះសារអមដោយលិខិតសិទ្ធិប្រទានប្រគល់ភារកិច្ចជូនលោក គី តិច ដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណាឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ។ ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងរបស់រូបខ្ញុំផ្ទាល់ពាក់ព័ន្ធនឹងករណីនេះ។ ក្រោយពេលដែលឃើញមានផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណងរបស់ប្រជាពលរដ្ឋដែលបានវិនិយោគនៅលើគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា, នៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភ: ឆ្នាំ២០២៤ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា ជូនឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់ខ្ញុំដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះ។ តាមការប្រគល់ភារកិច្ច, ឯកឧត្តម សាយ សំអាល់ បានព្យាយាមធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និងទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែ ដំណោះស្រាយតាមវិធីនេះ ពុំអាចធ្វើទៅបាន។ ជាមួយគ្នានេះ, សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែ ផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។ ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ, នៅថ្ងៃទី១២ មីនា ២០២៤ ខ្ញុំបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងឈានទៅឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន។ ជាមួយគ្នានេះ, នៅថ្ងៃទី១៣ មីនា ២០២៤ ខ្ញុំបានធ្វើសំណើថ្វាយ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណា ដែលមានព្រះរាជក្រឹត្យចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី១៤ មីនា ២០២៤។ ទោះបីជាសំណុំរឿងស្ថិតនៅក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាលនៅបន្តតាមដានករណីនេះជាប្រចាំ និងបានប្រគល់ភារកិច្ចឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការស្រាវជ្រាវ និង សហការគាំទ្រដល់ដំណើការរបស់តុលាការគ្រប់រូបភាពដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់។ ចុងក្រោយនេះ, យោងតាមសំណូមពរពីប្រជាពលរដ្ឋដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលដើម្បីជួយក្នុងករណីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដែលមានឯកឧត្តម គី តិច ជាប្រធាន ដើម្បីខិតខំការពារប្រជាពលរដ្ឋរងគ្រោះក្នុងករណីនេះ ព្រមទាំងផ្តល់នូវជំនួយផ្នែកច្បាប់នានាតាមការចាំបាច់ ជាពិសេស ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមផ្លូវតុលាការ។ ខ្ញុំស្នើមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។ រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសំណុំរឿងនេះ៕យើងនឹងបន្តខិតខំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ ទៅតាមនីតិវិធីច្បាប់ជាធរមាន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សព្វផ្សាយពីឱកាសការងារក្នុងស្រុករាប់ម៉ឺនកន្លែងដែលនៅជិតលំនៅដ្ឋាន ដល់ពលការិនីដែលទើបត្រឡប់មកពីអារ៉ាប៊ីសាអូឌីត
ថ្ងៃទី១៤ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយឱកាសការងារក្នុងស្រុករាប់ម៉ឺនកន្លែង ដល់ពលការិនីចំនួន ២៤នាក់ ដែលទើបនឹងត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងឲ្យក្រុមពលការិនីទទួលបានឱកាសការងារមួយដែលពិតប្រាកដ និងមានប្រាក់ចំណូលសមរម្យសម្រាប់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ។នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយពីឱកាសការងារក្នុងស្រុករាប់ម៉ឺនកន្លែង ដល់ពលការិនីចំនួន ២៤នាក់ ដែលទើបនឹងត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងឲ្យក្រុមពលការិនី មានការងារធ្វើនៅក្នុងស្រុក។ ក្រុមពលការិនីបានបង្ហាញអារម្មណ៍សប្បាយចិត្ត និងកក់ក្ដៅ ដែលរាជរដ្ឋាភិបាលបានគិតគូរសម្របសម្រួលឲ្យពួកគាត់ត្រឡប់មកស្រុកកំណើតវិញហើយ ថែមទាំងបានណែនាំនូវឱកាសការងារល្អៗ ជូនពួកគាត់ ដោយមិនចាំបាច់ឲ្យពួកគាត់ពិបាកក្នុងការស្វែងរកការងារធ្វើខ្លួនឯងឡើយ។ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងកក់ក្ដៅ ដោយមិនបារម្ភថា មកដល់ខ្មែរគ្មានការងារធ្វើ និងត្រូវរកការងារខ្លួនឯង»។ នេះជាសម្ដីរបស់ក្រុមពលការិនី ផល ចំរើន និងពលការិនី សារិន ស្រម៉ៅ ដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ គឺជាកន្លែងប្រមូលផ្ដុំឱកាសការងារនៅទូទាំងប្រទេសកម្ពុជា។ ជាក់ស្ដែង នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ មានពលរដ្ឋមកចុះឈ្មោះស្វែងរកការងាររហូតជិត ៤ម៉ឺននាក់ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ៕

តម្លៃមាស ធា្លក់ចុះ!
ថ្ងៃទី១៤ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ តម្លៃដុំមាសរបស់ក្រុមហ៊ុន Saigon Jewelry បានបន្តធ្លាក់ចុះនៅព្រឹកថ្ងៃអង្គារ ជាមួយនឹងការធ្លាក់ចុះ 1.11% មកនៅត្រឹម 89 លានដុង (3,496.37 ដុល្លារ) ក្នុងមួយថេលវាបានធ្លាក់ចុះ 3.67% ពីកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រនៃ 92.4 លានដុងដែលសម្រេច បានកាលពីថ្ងៃសុក្រ។ តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ 0.06% មកនៅត្រឹម 76.3 លានដុងក្នុងមួយថេល។ ក្នុងមួយថេលគឺស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។ មាសនៅទូទាំងពិភពលោកបានកើនឡើង 0.23% សម្រាប់ថ្ងៃនៅ $2,341.00 ។ កាលពីព្រឹកថ្ងៃចន្ទ អនុប្រធានធនាគារកណ្តាលអាមេរិក លោក Philip Jefferson បាននិយាយថា "យើងបន្តស្វែងរកភស្តុតាងបន្ថែមថា អតិផរណានឹងត្រលប់ទៅគោលដៅ 2% របស់យើងវិញ"។ អតិផរណាខ្ពស់អាចរក្សាអត្រាការប្រាក់កើនឡើង ដោយកាត់បន្ថយភាពទាក់ទាញនៃមាស ដែលមិនផ្តល់ទិន្នផល នេះបើយោងតាមវេទិកាទិន្នន័យហិរញ្ញវត្ថុ FXStreet ៕

អ្នកឯងគ្មានអេតាស៊ីវិល (សំបុត្រអាពាហ៍ពិពាហ៍) ជាមួយខ្ញុំទេ! ហេតុអ្វីរៀបការហើយ មិនព្រមទៅចុះសំបុត្រអាពាហ៍ពិពាហ៍?
ថ្ងៃទី១៤ ខែឩសភា ឆ្នាំ២០២៤

(សង្គម)៖ ថ្មីៗនេះមានរឿងរ៉ាវជម្លោះរវាងប្ដីប្រពន្ធមួយគូ ដែលបានរៀបមង្គលការតាមប្រពៃណី នឹងមានកូន២នាក់ជាចំណងដៃ ប៉ុន្តែអ្នកទាំង២មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ រហូតដល់ថ្ងៃមួយប្ដីមានសាហាយស្មន់ ប្រពន្ធការក្រាបក្បាលដល់កន្ទេលរករឿង បែរជាត្រូវប្ដីស្រែកដាក់ថា អ្នកឯងគ្មានអេតាស៊ីវិលជាមួយខ្ញុំទេ។ មិនត្រឹមតែប៉ុណ្ណោះ បុរសដែលឥតកេរ្តិ៍ខ្មាស ថែមទាំងបានបោះពាក្យយ៉ាងឡូយថា មិចចង់ធ្វើស្អីអញ ចង់លេងអញមែន អញគ្មានអេតាស៊ីវិលទេ បង្កឱ្យមហាជននិយមលេងបណ្ដាញសង្គមបង្ហាញអារម្មណ៍ហួសចិត្ត ដោយលើកឡើងថា នេះពិតជាមនុស្សប្រុសដែលគ្មានទំនួលខុសត្រូវលើលោក បើទោះបីសត្វក៏ចេះស្រលាញ់កូនរបស់វាដែរ។ នេះជាបទពិសោធន៍ផ្ទាល់ភ្នែក ដែលគូស្វាមីភរិយាដ៏ទៃទៀតមិនត្រូវមើលរំលង សំបុត្រអាពាហ៍ពិពាហ៍ ពិតណាស់មិនអាចចងជើងមនុស្សដែលឈប់ស្រលាញ់យើងឱ្យត្រឡប់មកស្រលាញ់យើងវិញបានទេ ប៉ុន្តែសំបុត្រអាពាហ៍ពិពាហ៍ នឹងជួយរកយុត្តិធម៌តាមផ្លូវច្បាប់ឱ្យយើងយ៉ាងពិតប្រាកដ នៅពេលដែលប្ដី ឬប្រពន្ធ ដែលប្រពឹត្តិអំពើផិតក្បត់ដាក់ដៃគូរបស់ខ្លួនបាន។ ក្នុងករណី ដែលភាគីខាងប្រុស ឬស្រីរួមរស់ជាប្ដីប្រពន្ធ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់វិញនោះ ប្រសិនបើភាគីណាមួយលួចទៅមានសាហាយស្មន់ នោះគឺភាគីនីមួយៗមិនអាចប្ដឹងគ្នាបានទេ ព្រោះភាគីទាំង២មិនបានបំពេញលក្ខខណ្ឌច្បាប់បាន។ ជាហេតុដែលតម្រូវោ្យភាគីទាំង២ ត្រូវទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅមុខមន្ត្រីអត្រានុកូលដ្ឋាន រួមជាមួយនឹងសាក្សីចំនួន២នាក់ដែលជានីតិជន។ ទាំងនេះជាអត្ថប្រយោជន៍ពីចំណងអាពាហ៍ពិពាហ៍ស្របច្បាប់របស់អ្នក អ្នកត្រូវតែនាំដៃគូ ប្តី ឬប្រពន្ធ ចុះសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍។ អត្ថប្រយោជន៍ទាំងនោះមានដូចជា:១/ ជាប្តីប្រពន្ធស្របច្បាប់ដែលមិអាចរំលាយទៅវិញតាមទំនើងចិត្តឡើយ២/ ជួយការពារទ្រព្យសម្បត្តិរួមប្តីប្រពន្ធ៣/ពេលលែងលះទទួលបានទ្រព្យរួម ម្នាក់ពាក់កណ្តាល៤/ មានសិទ្ធិទទួលមត៌ក៥/ ការពារ ប្រឆាំង ផ្តន្ទាទោស អំពើផិតក្បត់តាមផ្លូវច្បាប់៦/ បង្កើនជំនឿទុកចិត្តរវាងប្តី ប្រពន្ធ៧/ ការពារផលប្រយោជន៍របស់កូន។ល។ទោះយ៉ាងណាក៏ដោយ ការរៀបអាពាហ៍ពិពាហ៍តាមទំនៀមទំលាប់ប្រពៃណីហើយ មិនទាន់បានចុះសំបុត្រ អាពាហ៍ពិពាហ៍ ថ្វីត្បិតថានៅមិនទាន់គ្រប់លក្ខខ័ណ្ឌផ្លូវច្បាប់ពិតមែន ប៉ុន្តែបើគិតពីសីលធម៌ និងការទទួលខុសត្រូវ មិនគួរដោយសារតែហេតុផលមិនបានចុះសំបុត្រអាពិពាហ៍ ធ្វើឲ្យភាគីម្ខាង ឈឺចាប់ខ្លាំង ដូចករណីដែលកំពុងកើតឡើងថ្មីៗនេះនោះទេ។

ពិតជាអត់សរសើរមិនបានមែន! គ្រាប់ស្រូវរាប់លានគ្រាប់ត្រូវបានឆ្នៃជារូបទង់ជាតិ និងផែនទីប្រទេសកម្ពុជាយ៉ាងប្រណិតស្រស់ស្អាត ដោយគរុនិស្សិតមួយក្រុម!
ថ្ងៃទី១៤ ខែឩសភា ឆ្នាំ២០២៤

(កម្សាន្ត)៖ ក្រោយពីបានឃើញនូវលទ្ធផលសម្រេចនៃការយកគ្រាប់ស្រូវរាប់លានគ្រាប់ឆ្នៃជាផ្ទាំងគំនូរដែលបង្ហាញពីប្រទេសកម្ពុជារួច ឃើញថាមានមហាជនជាច្រើនបានពោលពាក្យសរសើរសឹងគ្រប់គ្នា ដោយហេតុថាក្រុមគរុនិស្សិតបានព្យាយាមយ៉ាងយកចិត្តទុកដាក់ក្នុងការបង្កើតក៏ដូចជាដង្រៀបមួយគ្រាប់ៗនិងបូកផ្សំជាមួយគំនិតឆ្នៃប្រឌិតរហូតចេញជាផ្ទាំងគំនូររូបទង់ជាតិ និងផែនទីនៃប្រទេសកម្ពុជា។យ៉ាងណាមិញបើយោងតាមគនណីហ្វេសប៊ុកឈ្មោះ Kak Channel បានបង្ហោះនូវវីដេអូថែមទាំងអមមកជាមួយខ្លឹមសារយ៉ាងដូច្នេះថា«គរុនិស្សិតមួយក្រុមឆ្នៃគ្រាប់ស្រូវរាប់លានគ្រាប់ បង្កើតបានជារូបទង់ជាតិ និងផែនទីកម្ពុជាយ៉ាងស្រស់ស្អាត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពិតជាមិនសរសើរមិនបាន»។ ដោយក្នុងវីដេអូនោះផងដែរបានបង្ហាញឱ្យឃើញនូវផ្ទាំងគំនូរចំនួនពីរផ្ទាំងទំនងជាកំពុងដាក់តាំងពិព័ណ៍នៅក្នុងកម្មវិធីណាមួយ លើសពីនោះផងដែរបើយើងក្រឡេកមួយភ្លេតឬមើលពីចម្ងាយវិញនោះប្រាកដជាអាចច្រលំថាជាផ្ទាំងគំនូរដែលគូរដោយដៃ តែបើពិនិត្យឱ្យគៀកទើបដឹងថាក្នុងនោះគឺសុទ្ធតែជាគ្រាប់ស្រូវដែលគេយកមកឆ្នៃ។ តាមរយៈវីដេអូខាងលើនេះផងដែរ ដោយមហាជនយល់ឃើញថានេះគឺជាគំនិតសិល្បៈឆ្នៃប្រឌិតដ៏ខ្ពស់និងទាមទាឱ្យមានការព្យាយាមខ្លាំងណាស់ទម្រាំតែចេញបានជាសម្ធផលសម្រេចដូច្នេះ បែបនេះហើយទើបពួកគេបាននាំគ្នាចែករំលែកនិងពោលពាក្យសរសើរដើម្បីជាការលើកទឹកចិត្តទៅកាន់ម្ចាស់ស្នាដៃ។ បន្ថែមពីនោះផងដែរក៏ឃើញមានខ្លះលើកឡើងជាចម្ងល់ថាហេតុអ្វីទើបបានជាហៅថាគ្រាប់ស្រូវទាំងដែលមើលទៅជាគ្រាប់អង្គរសោះ បើតាមការឆ្លើយតបពីម្ចាស់វីដេអូបានបញ្ជាក់យ៉ាងច្បាស់ថានេះជាគ្រាប់ស្រូចដែលគេយកទៅច្រលក់ពណ៌មិនគ្រាប់អង្គរនោះទេ ព្រោះខ្លួនបានថតនិងមើលឃើញដោយផ្ទាល់ភ្នែក៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា
ថ្ងៃទី១៤ ខែឩសភា ឆ្នាំ២០២៤

 (ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សាត់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។ជាលទ្ធផលប្រកបដោយវិជ្ជមាននៃទំនាក់ទំនងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី ត្រូវបានកត់សម្គាល់ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ក្នុងជំនួបនោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាច្រើន ដែលឯកអគ្គរដ្ឋទូត អាណត្តិមុនៗសម្រេចបាន ក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូណេស៊ី អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានបង្ហាញការជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ នឹងបន្តគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូណេស៊ី និងឥណ្ឌូណេស៊ី-អាស៊ាន ឱ្យកាន់តែប្រសើរឡើងថែមទៀតលើគ្រប់វិស័យ។ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បានអបអរសាទរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសកម្ពុជា។ឯកឧត្ដមបណ្ឌិតអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការ និងយកចិត្តទុកដាក់សម្របសម្រួលដល់ការគាំពារពលរដ្ឋឥណ្ឌូណេស៊ី កំពុងរស់នៅកម្ពុជា។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជាថ្មីម្ដងទៀត បានជូនពរឯកឧត្ដមបណ្ឌិតឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី១៣ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕

ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍គ្រឹះ នៃនីតិរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋបាលខ្មែរ
ថ្ងៃទី១៣ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍គ្រឹះនៃនីតិរដ្ឋធម្មនុញ្ញនិងនីតិរដ្ឋបាលខ្មែរ” កាលពីរសៀលថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការនៃក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទីស្តីការគណៈរដ្ឋមន្រ្តី និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនិស្សិតសាកលវិទ្យាល័យ ន័រតុន មានចំនួនសរុបប្រមាណជាង ៤៦០នាក់។វគ្គបណ្តុះបណ្តាលស្តីពី “គោលការណ៍គ្រឹះនៃនីតិរដ្ឋធម្មនុញ្ញនិងនីតិរដ្ឋបាលខ្មែរ” ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកច្បាប់ អ្នកសិក្សាច្បាប់ និងអ្នករៀបចំគោលនយោបាយ ហើយក៏បានឆ្លើយតបទៅនឹងតួនាទីនិងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលសម្រាប់សម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ជាពិសេសលើការងារពិនិត្យនិងកែសម្រួលគោលនយោបាយ ច្បាប់ និងផែនការយុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ច្បាប់។ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដែលបានផ្តួចផ្តើម ផ្តល់ការតម្រង់ទិស និងចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលនេះដោយផ្ទាល់ និងថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត សាយ បូរី ដែលជាវាគ្មិនកិត្តិយសពោរពេញដោយសមត្ថភាពនិងបទពិសោធន៍ ដែលបានស្ម័គ្រចិត្តចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់វគ្គបណ្តុះបណ្តាលនេះផងដែរ។ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ វគ្គបណ្តុះបណ្តាលនេះ គឺជាលើកទី៥ ហើយដែលក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលបែបនេះបន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីកសាងនិងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចនៅតាមបណ្តាក្រសួង ស្ថាប័នផ្សេងៗ និងតាមសាកលវិទ្យាល័យនានាផងដែរ។ វគ្គបណ្តុះបណ្តល ៣ លើកដំបូងឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ហើយលើកទី៤ និងលើកទី៥ នេះ ឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់។ ទីស្តីការគណៈរដ្ឋមន្រ្តីនឹងរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានផលិតភាពការងារខ្ពស់ ដើម្បីឆ្លើយតបនឹងសំណូមពរនិងតម្រូវការចាំបាច់របស់អង្គភាពរៀងៗខ្លួន។

លោកអ្នកឧកញ៉ា លីហួរ ផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ខួប ៧១ ព្រះវស្សាយាងចូល ៧២ ព្រះវស្សា
ថ្ងៃទី១៣ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ខួប ៧១ ព្រះវស្សាយាងចូល ៧២ ព្រះវស្សា ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ទូលព្រះបង្គំយើងខ្ញុំ សូមលំឱនកាយវាចាចិត្តក្រាបបង្គំទូលថ្វាយ នូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណ ភ្លឺថ្លាត្រចះត្រចង់ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។នាឱកាសប្រកបដោយសិរីមង្គលដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីព្រះកម្លាំង ព្រះកាយពល និងព្រះបញ្ញាណ បំពេញព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិ និងប្រជារាស្ត្រជាទីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ៕

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយពីការសិក្សាជំនាញបច្ចេកទេសដល់ពលការិនីទើបត្រឡប់ពីអារ៉ាប៊ីសាអូឌីត
ថ្ងៃទី១៣ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានបង្ហាញពីឱកាសសិក្សាជំនាញបច្ចេកទេសដល់ពលការិនីចំនួន ២៤នាក់ ដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។ ការផ្សព្វផ្សាយឱកាសសិក្សាជំនាញបច្ចេកទេសដល់ពលការិនីនេះ ក្នុងគោលបំណងឲ្យពលការិនីមានជំនាញមួយពិតប្រាដក មានការងារធ្វើ មានចំណូលសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីឱកាសសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃ រៀនរយៈពេល ៤ខែចប់ និងទទួលបានប្រាក់ឧត្ថម្ភ ២៨ ម៉ឺនរៀលសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដល់ពលការិនីចំនួន ២៤នាក់ ដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ខណៈក្រុមពលការិនី និងក្រុមគ្រួសារ សាច់ញ្ញាត្តិ ពលការិនី សុទ្ធតែបានបង្ហាញនូវការចាប់អារម្មណ៍ ក្នុងការសិក្សាជំនាញបច្ចេកទេសដែលមន្រ្តីក្រសួងបានណែនាំ។ «វាល្អ...ខ្ញុំអរ រំភើបប្រៀបមិនបានទេ»។ នេះជាការលើកឡើងរបស់ក្រុមគ្រួសារ សាច់ញាត្តិរបស់ពលការិនី។សូមបញ្ជាក់ថា នៅចុងឆ្នាំ២០២៣ អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ផ្ដល់ឱកាសឲ្យគ្រួសារក្រីក្រ និងងាយរងហានិភ័យបានទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញទាំង៣៨ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ៕

បុរសម្នាក់ ខូចក្រលៀនដំណាក់កាលចុងក្រោយ វះកាត់ប្ដូរក្រលៀនជ្រូក ឥឡូវបាត់បង់ជីវិតហើយ
ថ្ងៃទី១៣ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ មន្ទីរពេទ្យ Massachusetts General Hospital នៅទីក្រុង Boston បាននិយាយថា បុរសម្នាក់ដែលមានជំងឺតំរងនោមដំណាក់កាលចុងក្រោយ ដែលកាលពីដើមឆ្នាំនេះបានក្លាយជាមនុស្ស ដំបូងគេដែលបានទទួលក្រលៀនថ្មីពីជ្រូកដែលបានកែប្រែហ្សែននោះបានស្លាប់ហើយ។មន្ទីរពេទ្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា "ក្រុមវះកាត់ទូទៅ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពភ្លាមៗរបស់លោក Rick Slayman" ។ យើងមិនមានការបញ្ជាក់ថាវាជាលទ្ធផលនៃការប្តូរសរីរាង្គថ្មីរបស់គាត់នោះទេ។ Slayman អាយុ 62 ឆ្នាំមកពី Weymouth រដ្ឋ Massachusetts បានទទួលការប្តូរសរីរាង្គនៅក្នុងខែមីនាក្នុងការវះកាត់រយៈពេល 4 ម៉ោង ដែលមន្ទីរពេទ្យនៅពេលនោះហៅថា "ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរស្វែងរកដើម្បីផ្តល់ សរីរាង្គដែលអាចរកបានបន្ថែមទៀតដល់អ្នកជំងឺ" ។គ្រួសាររបស់ Slayman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "គ្រួសាររបស់យើ ងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់ភ្លាមៗរបស់ Rick ជាទីស្រឡាញ់របស់យើង " ។ Slayman បានទទួលការប្តូរក្រលៀនមនុស្សនៅមន្ទីរពេទ្យដូចគ្នាកាលពីឆ្នាំ 2018 បន្ទាប់ពីធ្វើការលាង ឈាមអស់រយៈពេល 7 ឆ្នាំ ប៉ុន្តែសរីរាង្គនោះបានបរាជ័យបន្ទាប់ពីរយៈពេល 5 ឆ្នាំ ហើយគាត់បានបន្តការលាងឈាមឡើងវិញ។តម្រងនោមពីជ្រូកដែលបានកែសម្រួលស្រដៀងគ្នាដែលចិញ្ចឹមដោយ eGenesis ត្រូវបានចម្លងដោយ ជោគជ័យទៅក្នុងសត្វស្វាដែលត្រូវបានរក្សាទុកជាមធ្យម 176 ថ្ងៃ ហើយក្នុងករណីមួយអស់រយៈពេលជាង 2 ឆ្នាំ អ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងខែតុលានៅក្នុងទស្សនាវដ្តី Nature ។ ឱសថដែលប្រើដើម្បីជួយ ការពារការបដិសេធនៃសរីរាង្គជ្រូកដោយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺរួមមានអង្គបដិប្រាណពិសោធន៍មួយហៅថា tegoprubart ដែលបង្កើតឡើងដោយ Eledon Pharmaceuticals នេះបើយោងតាមមន្ទីរពេទ្យ។យោងតាមកម្មវិធីតាមដានទិន្នន័យដែលរក្សាដោយ United Network for Organ Sharing មនុស្សជាង 100,000 នាក់នៅសហរដ្ឋអាមេរិកកំពុងរង់ចាំសរីរាង្គសម្រាប់ការប្តូរសរីរាង្គ ដោយមានតម្រងនោមនៅក្នុងតម្រូវការដ៏ធំបំផុត។ គ្រូពេទ្យវះកាត់នៅ NYU ធ្លាប់បានប្តូរក្រលៀនជ្រូកទៅជាមនុស្សដែលស្លាប់ខួរក្បាល។ ក្រុមនៃសាកលវិទ្យាល័យ Maryland ក្នុងខែមករាឆ្នាំ 2022 បានប្តូរបេះដូងជ្រូកដែលបានកែប្រែហ្សែនទៅបុរសអាយុ 57 ឆ្នាំដែលមានជំងឺបេះដូងចុងក្រោយ ប៉ុន្តែគាត់បានស្លាប់ពីរខែក្រោយមក៕

ពេលទៅផ្សារម៉ាក្រូសូមប្រយ័ត្ន! បុរសម្នាក់ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា ពេលទូទាត់ប្រាក់ កុំភ្លេចផ្ទៀងផ្ទាត់ បុង ជាមួយនឹង QR Code លើមុខទំនិញផង ប្រយ័ត្នខាតបង់ប្រាក់កាក់ដោយមិនដឹងខ្លួន
ថ្ងៃទី១៣ ខែឩសភា ឆ្នាំ២០២៤

(ជាតិ)៖ បុរសម្នាក់ ចែករំលែកនូវបទពិសោធន៍មួយដល់បងប្អូនគ្រប់រូប ឱ្យមានការប្រុងប្រយ័ត្ន ជៀសវាងការខាតបង់លុយកាក់ ពោលគឺសម្រាប់អ្នក ដែលតែងតែងនិយមចូលចិត្តដើរផ្សារទិញទំនិញ នៅតាមផ្សារទំនើបនានា ជាពិសេសផ្សារម៉ាក្រូតែម្តង ដែលជាផ្សារដ៏ធំមានចម្រុះមុខទំនិញគ្រប់មុខ ដែលពលរដ្ឋភាគច្រើន តែងតែ ចូលទៅទិញ ម្ហូប ត្រី សាច់ បន្លែ ផ្លែ ឈើ នំ ចំនី ឬ ទំនិញប្រើប្រាស់ជាច្រើនមុខ សូមកុំភ្លេច ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ បុងជាមួយ នឹង QR Code លើមុខទំនិញមួយៗផង ព្រោះ ពេលគិតលុយ បុគ្គលិកមួយចំនួន ពួកគាត់អាចមានការភ័ន្តច្រឡំ ដោយអចេតនា មិនបានផ្ទៀងផ្ទាត់ មុខទំនិញ បានត្រឹមត្រូវនោះទេ។ជាក់ស្តែងថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Lee To បានបង្ហោះនូវរូបភាព វិក័យប័ត្រ មួយសន្លឹក ដែលបង្ហាញពីឈ្មោះទំនិញដែលខ្លួនបានទិញនៅផ្សារម៉ាក្រូសែនសុខ រួមទាំងបានភ្ជាប់នូវខ្លឹមសារទាំងស្រុងថា៖ « សូមជំរាបបងប្អូនទុកជាសារចែករំលែក អ្នកដែលនិយមមកទិញអ៊ីវ៉ាន់នៅម៉ាក្រូ Makro សូមត្រួតពិនិត្យបុងនឹងQR នៅលើអីវ៉ាន់ផង គឺមានការខុស ជាពិសេសខាងបន្លែ ផ្លែឈើត្រីសាច់ ដែលបុគ្គលិកថ្លឹងនឹងបិទកូដខុស ពេលស្កែនទៅ តម្លៃលើសទាល់តែពិនិត្យមើលទើបដឹង ជាក់ស្តែង អីវ៉ាន់ខ្ញុំខុសរហូតដល់150$ ទាល់តែខ្ញុំអោយរើស្កែន ពិនិត្យម្តងទៀត ទើបដឹងថាមានអីវ៉ាន់ខ្លះថ្លឹងរួចបិទកូដច្រឡំ ជាកំហុសអចេតនារបស់បុគ្គលិកទេ តែយើងត្រូវប្រយត្ន័ ដូច្នេះពេលគិតលុយកុំភ្លេចពិនិត្យនឹងផ្ទៀងតម្លៃ អីវ៉ាន់យើងផង គេចំណេញលើមុខទំនិញហើយ គិតលុយខុសទៀតយើងរឹតតែខាត អរគុណ!»។ដូចដែរម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបញ្ជាក់ជូនអីចឹង វាជាកំហុសអចេតនារបស់បុគ្គលិក ក៏ប៉ុន្តែអ្វីដែលសំខាន់ក្នុងនាមយើងជាអតិថិជនដែលទៅចំណាយលុយក្នុងការទិញទំនិញ មុននឹងចាកចេញ សុំកុំភ្លេច ផ្ទៀងផ្ទាត់ទំនិញជាមួយនឹងវិក័យប័ត្រដែលបានគិត ជៀសវាងការខាតបង់ថ្វេរដង។ ទោះជាយ៉ាងណាក៏ដោយ នេះមិនសំដៅតែលើផ្សារម៉ាក្រូមួយទេ ពោលគ្រប់ពេលដែលលោកអ្នកទៅទិញទំនិញ តិច ឬ ច្រើន មិនថាផ្សារណានោះទេ គឺដាចខាត ពេលទិញទំនិញហើយ ត្រូវ ត្រួតពិនិត្យ និង ផ្ទៀងផ្ទាត់ឱ្យបានច្បាស់ជាមុនសិន ជៀងវាងការខាតបង់ប្រាក់កាក់ផងដែរ៕

បណ្តាញសង្គម