(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade ) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤៕
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤៕
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអាទិត្យ ១២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ អមដំណើរដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធនានាក្នុងវត្តសុខារាម ស្ថិតក្នុងភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង បានរាយការណ៍ជូនគណៈអធិបតីដឹងថា សមិទ្ធផលដែលត្រូវដាក់ឱ្យសម្ពោធនៅថ្ងៃនេះរួមមាន សាលាបុណ្យ ក្លោងទ្វារ បន្ទប់ទឹក ជួសជុលដំបូលព្រះវិហារ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណវត្ត ដែលបានចំណាយថវិកាសរុបប្រមាណ ប្រាំសែនដុល្លារ។ សមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការ ព្រះថេរានុថេរៈ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនក្នុង និងក្រៅប្រទេសដែលបានគៀរគរថវិកាដើម្បីកសាងសំណង់បូជនីយដ្ឋានទុកជាទីសក្ការៈ និងសម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់វិស័យព្រះពុទ្ធសាសនាក្នុងខេត្ត។មានមតិសំណេះសំណាលក្នុងពិធីនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសូមចូលរួមអបអរសាទរ ជាមួយព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយលោកតា អ៊ុពូមីង បងប្អូន នូវសមិទ្ធផលថ្មីដែលជាការរួបរួមសាមគ្គីពីប្រជាពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសបានកសាងទុកជាឧត្តមប្រយោជន៍សម្រាប់ការប្រណិបតន៍ព្រះពុទ្ធសាសនាក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗជាច្រើនដែលលោកធ្លាប់បានមកធ្វើការក្នុងនាមជាក្រុមការងារគណបក្សចុះជួយស្រុកឧដុង្គ និងខេត្តកំពង់ស្ពឺ ជាពិសេសការទទួលបានការស្វាគមន៍ ញញឹមរាក់ទាក់ និងស្រលាញ់រាប់អានយ៉ាងស្និទស្នាលបំផុតពីសំណាក់ក្រុមការងារមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តដែលបានចាត់ទុកលោកជាកូនក្មួយ និងប្អូន។ ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។ និយាយដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺរបស់យើង សន្តិភាពបានប្រែមុខមាត់ខេត្តពីតំបន់ជម្លោះប្រដាប់អាវុធ មកជាតំបន់ប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម។ ជាចុងក្រោយ ឯកឧត្តមបានថ្លែងអំណរគុណសារជាថ្មីម្តងទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលបានរួបរួមគ្នាជាធ្លុងមួយ ក្នុងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងហេដ្ឋរចនាសម្ព័ន្ធដ៏មានសារៈសំខាន់សម្រាប់ជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ។ សូមបញ្ជាក់ថា វត្តសុខារាម ត្រូវបានកសាងឡើងលើកដំបូងក្នុងទសវត្សរ៍ទី៦០ និងត្រូវបានសម្តេចព្រះសង្ឃរាជ ជួន ណាត ប្រទាននាមថា វត្តសុខារាម។ ក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម វត្តត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ ដោយសារការរួបរួមសាមគ្គីពីព្រះគ្រូចៅអធិការ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមកសាងវត្តជាបន្តបន្ទាប់ រហូតមានហេដ្ឋរចនាសម្ព័ន្ធ សំណង់បូជនីយដ្ឋាននានាបានកើតឡើងជាច្រើនប្រកបដោយសោភ័ណភាពល្អប្រពៃ។