(ជាតិ)៖ គ្រូបង្រៀនម្នាក់ នៅវិទ្យាល័យហ៊ុនសែនវាលរេញ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម បង្ហាញអាម្មណ៍ងឿងឆ្ងល់ ជាពិសេសក្នុងន័យទាមទារ រកយុតិ្តធ៌មឱ្យសិស្សរបស់ខ្លួន ចំនួន ២នាក់ដែរ ត្រូវបានគេដកបេក្ខភាពមិនឱ្យប្រឡងបាក់ឌុប ថ្នាក់ជាតិ ដោយសារពួកគេគ្មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ប៉ុន្តែស្របពេលជាមួយគ្នានោះ បែរជាសិស្សទាំង២ នាក់នោះ មករៀនថ្នាក់វិទ្យាល័យបន្តពោល ថ្នាក់ទី ១០,១១, និង ថ្នាក់ទី១២ ដូចគេដូចឯងសិស្សដទៃ ទៅវិញដែលជាហេតុធ្វើឱ្យ លោកគ្រូបង្រៀនរូបនេះមានការងឿងឆ្ងល់ជាពន់ពេក។ជុំវិញករណីខាងលើ ត្រូវបានគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Lay Po ដែលជាគ្រូបង្រៀនផ្ទាល់តែម្តង បានបង្ហោះសារ រៀបរាប់យ៉ាងដូច្នេះថា៖ «បំរើការជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនវាលរេញនេះ២០ឆ្នាំ ខ្ញុំជួបរឿងប្លែកៗ។ ឆ្នាំទី២១នេះ ប្លែកខ្លាំងតែម្ដង គឺមានសិស្សថ្នាក់ទី១២ចំនួន២រូប ត្រូវបានគេដកបេក្ខភាពមិនឱ្យប្រឡងថ្នាក់ជាតិ តាំងពីមុនចូលឆ្នាំខ្មែរវ៉ាកងតូចទៅទៀតយ៉ាងស្ងាត់ៗគ្មានអ្នកដឹង។ ករណីនេះ ខ្ញុំទើបតែដឹងព្រឹកមិញ ដោយសារអតីតសិស្សម្នាក់បង្ហើបប្រាប់។ តាមខ្ញុំដឹង សិស្សទាំង២នាក់ឈ្មោះ លី ប៊ុនលាង និង ធន់ សាន បានរៀននិងប្រឡងប្រចាំខែនិងឆមាសជាប់ជាបន្តបន្ទាប់នៅថ្នាក់ទី១០និងទី១១ ហើយឆ្នាំនេះចូលរៀនថ្នាក់ទី១២ជាប់លាប់រហូតដល់ពេលវ៉ាកងតូច។» លោកគ្រូបង្រៀនរូបនេះ បានបញ្ជាក់ទៀតថា ការដកបេក្ខភាពនេះ មិនមែនធម្មតាទេឮថា មិនឱ្យគ្នាប្រឡងបាក់ឌុប៣ឆ្នាំឯនោះ ដោយមូលហេតុពួកគេគ្មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)។ក្រោយដឹងរឿងនេះ ខ្ញុំឆ្ងល់អើយសែនឆ្ងល់ ថា ហេតុអីបានជាពួកគាត់អាចចូលរៀនបានដូចគេដូចឯងដែលជាប់ឌីប្លូមពីរបីឆ្នាំកន្លងទៅនេះនៅថ្នាក់ទី១០,១១និង១២? ហើយបើជ្រុលជាបែបនេះទៅហើយ ហេតុអីមិនឱ្យគាត់មានឈ្មោះប្រឡងថ្នាក់ជាតិនឹងគេទៅ? អស់លោក មានបានគិតអ្វីល្អជាងនេះទេ? បន្ថែមពីលើនោះ លោកគ្រូបង្រៀនរូបនេះ ចង់ឱ្យក្រសួងដោះស្រាយឱ្យកូនសិស្សរបស់គាត់ឱ្យសមរម្យ ដើម្បីឱ្យមានទំនួលខុសត្រូវនឹងមន្ត្រីពាក់ព័ន្ធ គឺថាបើដាក់ទោស ត្រូវដាក់ឱ្យយុត្តិធម៌ ទាំងមន្ត្រីពាក់ព័ន្ធផង កុំឱ្យពលរដ្ឋចំអកថា ធ្វើការយកតែល្អមើល។ គួរមិនគួរ សុំអភ័យទោសផង ព្រោះខ្ញុំអាណិតសិស្ស។ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែចម្ងល់របស់លោកគ្រូបង្រៀនរូបនេះ ក្នុងន័យដើម្បីទាមទាររកយុត្តិធ៌ម ព្រោះតែក្តីអាណិតអាសូរដល់សិស្សរបស់ខ្លួនប៉ុណ្ណោះ ទន្ទឹមនឹងនោះ មហាជន ជាច្រើនក៏កំពុងរងចាំមើលថាតើ រឿងនេះជារឿងពិត ឬមួយយ៉ាងណា ទាល់តែចាំមើលការស្រាយបំភ្លឺពី ស្ថាប័ននិងក្រសួងពាក់ព័ន្ធតែប៉ុណ្ណោះ៕
(សុខភាព)៖ ស្រ្តីម្នាក់ចែករំលែកនូវបទពិសោធន៍មួយដែលស្វាមីរបស់ខ្លួនបានជួបប្រទះ នូវ បញ្ហារលាក ឡើងក្រហម និង ហើមជើង មួយជំហៀង ដោយសារតែរូបខ្លួន និង ស្វាមីរបស់ខ្លួន បានបរិភោគត្រីសាល់ម៉ុនឆៅ ក្រោយ មកក៏ជួបប្រទះ នូវរឿងបែបនេះកើតឡើងតែម្តង។ស្ត្រីរូបនេះ ក៏បានផ្តាំថា អ្នកដែលចូលចិត្ត បរិភោគ របស់ឆៅ សូមប្រុងប្រយ័ត្នផង ប្រយ័ត្នជួបរឿងដូចរូបខ្លួន។ជុំវិញករណីនេះដែរ យោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Ron Senghan បានបង្ហោះរូបភាពជើង ស្វាមីរបស់ខ្លួន រួមទាំងភ្ជាប់នូវខ្លឹមសារអមជាមួយទាំងស្រុងថា៖ «មុនដំបូងជើងប្តីខ្ញុំ មានក្រហមតូចមួយ ប៉ុនមេដៃ គាត់ប្រាប់ខ្ញុំ គាត់ថាប្រហែលសត្វខាំ ស្អែកឡើងបន្ទាប់គាត់រងា ញាក់ ក្អួតរហូត ហូបអីអត់កើត ស្អែកវាកាន់តែធំទៅៗ ប៉ាខ្ញុំ បានយកប្តីទៅពេទ្យ លោកគ្រូពេទ្យបានរកឃើញមេរោគ ពីត្រីឆៅ មុនពេលកើតបែបនេះ។ ខ្ញុំនឹងគាត់ បានហូបត្រីសាម៉ុន ឥឡូវគាត់ដើរអត់រួចទេ ពេទ្យខេត្តឲ្យយកគាត់ទៅពេទ្យរុស្សី (បងប្អូនសូមប្រយ័ត្នត្រីឆៅ )»។ក្រោយការបង្ហោះពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏មានការបញ្ចេញមតិយោបល់ផ្សេងៗគ្នាដែរ អាចមិនមែនបណ្តាលមកពី ញ៉ាំសាល់ទាំងស្រុងទេ ព្រោះមើលទៅ ដូចជាកើតជំងឺរើមច្រើនជាង ព្រោះថា ហេតុអ្វីបងស្រីជាភរិយា បរិភោគដែរ មិនអី មកអីតែស្វាមីគាត់នោះ។ ឆ្លើយតបទៅនឹងការខំមិនពីសំណាក់មហាជននេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើក៏បាន ឆ្លើយតបវិញថា ដោយសារស្វាមី របស់គាត់សុខភាពមិនសូវល្អ និង ងាយឆ្លងជំងឺ ទើបជួបរឿងបែបនេះ។សូមបញ្ជាក់ផងដែរ អ្នកដែលនិយមចូលចិត្ត បរិភោគអាហារសមុទ្រឆៅ គឺអាចបង្កឲ្យកើតជំងឺជាច្រើន ហើយជំងឺភាគច្រើនឧស្សាហ៍ជួបប្រទះបំផុត មានដូចជា ជំងឺសើស្បែក (ខ្ទុះក្នុងស្បែក) ជំងឺឆ្លងបាក់តេរីពីអាហារ ពិសេសបាក់តេរី Listeria បាក់តេរី Salmonella និងពពួក Vibrio parahaemolyticus ជាដើម។ លើសពីនេះ ប៉ារ៉ាស៊ីតជាច្រើន សុទ្ធត្រូវរកឃើញក្នុងសាច់ត្រីឆៅ ដែលអាចបង្កឲ្យយើងកើតជំងឺមួយប្រភេទហៅថា Anisakiasis larvae (ឆ្លងព្រូនពីសាច់ត្រីឆៅ)ជាដើម។ទោះជាយ៉ាងណា ក៏ដោយ ដើម្បីគេចផុតពីបញ្ហាសុខភាពបង្កដោយអាហារសមុទ្រឆៅបែបនេះ វិធីល្អបំផុត យើងអាចត្រូវចម្អិនឱ្យបានឆ្អិនល្អសិន ចាំទទួលទាន។ ហើយក្នុងករណីដែល លោកអ្នកចង់ទទួលទានអាហារសមុទ្រឆៅ ក៏គួរតែបង្កកអាហារទាំងនោះជាមុន នៅសីតុណ្ហភាព២០អង្សាសេក្រោមសូន្យ (-២០អង្សាសេ) និងត្រូវទុកក្នុងសីតុណ្ហភាពនោះយ៉ាងហោចណាស់ ៧ថ្ងៃ រង់ចាំរហូតទាល់តែហានិភ័យឆ្លងបាក់តេរី ធ្លាក់ដល់កម្រិតទាបបំផុត៕
(អន្តរជាតិ)៖ ទីក្រុងម៉ានីលបាននិយាយថា ប្រទេសហ្វីលីពីនបានយល់ព្រមទិញកប៉ាល់យាមល្បាតឆ្មាំឆ្នេរ សមុទ្រចំនួនប្រាំគ្រឿង ពីប្រទេសជប៉ុនក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង 400 លានដុល្លារ ខណៈ ដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសជប៉ុននឹងផ្តល់ប្រាក់កម្ចី ដល់ប្រទេសហ្វីលីពីនចំនួន 64.38 ពាន់លានយ៉េន (413 លានដុល្លារ) ដើម្បីទិញនាវាឆ្លើយតបពហុតួនាទី 97 ម៉ែត្រ ចំនួន 5គ្រឿង និងចំណាយសម្រាប់ការអភិវឌ្ឍន៍ឧបករណ៍ជំនួយដែលត្រូវការ។សេចក្តីថ្លែងការណ៍បាននិយាយថា ការទិញនេះនឹងគាំទ្រដល់ហ្វីលីពីន ក្នុងការធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពរបស់ខ្លួនសម្រាប់ប្រតិបត្តិការដែនសមុទ្រ ជាពិសេសក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដោយសំដៅដល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន។ជប៉ុនជាប្រទេសផ្តល់ជំនួយអភិវឌ្ឍន៍ក្រៅប្រទេសកំពូលដល់ហ្វីលីពីន។បណ្តាប្រទេសកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសចិនកាន់តែមានទំនុកចិត្ត លើការទាមទាររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ទីក្រុងប៉េកាំងទាមទារផ្លូវទឹកស្ទើរតែទាំងស្រុង ដោយលុបបំបាត់ការទាមទាររបស់គូប្រជែងពី ប្រទេសផ្សេងទៀត រួមទាំងប្រទេសហ្វីលីពីន និងសេចក្តីសម្រេចអន្តរជាតិដែលថាការអះអាង របស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់៕