(ស្វាយរៀង)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៤៥នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ក្នុងនោះបានធ្វើការឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំនួន ៦នាក់ បានទទួលពីអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ២៨នាក់ ស្រី០៦នាក់ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ចំនួន ១១នាក់ បានត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕
(កម្សាន្ត)៖ សម្រស់ខ្លោងជ័យរបស់ខ្លោងទ្វារក្រុងអង្គរ ក្រោមដំណក់ទឹកភ្លៀងស្រស់ស្អាតម្យ៉ាង ថែមទាំងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរណ៍ជាច្រើនចង់សាកល្បងទៅទស្សនាកម្សាន្តប្រាសាទក្រោមដំណក់ទឹកភ្លៀង។ ដោយហេតុថាមហាជនខ្លះធ្លាប់មានបទពិសោធទៅទស្សនាប្រាសាទតែពេលធម្មតា ពោលគឺពុំដែលធ្លាប់មានបទពិសោធទៅទស្សនាប្រសាទស្របពេលមានដំណក់ភ្លៀងធ្លាក់បែបនេះឡើយ។ជាក់ស្ដែងយោងតាមទំព័រហ្វេសប៊ុកផេក អាជ្ញាធរជាតិអប្បរា បានបង្ហោះនូវរូបភាពមួយចំនួន ព្រមទាំងអមមកជាមួយខ្លឹមសារថា «សម្រស់ខ្លោងជ័យរបស់ខ្លោងទ្វារក្រុងអង្គរ ក្រោមដំណក់ទឹកភ្លៀងដំបូងនារដូវវស្សាក្នុងដើមឆ្នាំ២០២៤។ តើបងប្អូនទាំងអស់គ្នានឹករលឹក រង់ចាំភ្លៀងធ្លាក់យូរប៉ុណ្ណា និងចង់មកទស្សនាប្រាសាទក្រោមដំណក់ភ្លៀង ដែលមានសម្រស់ស្រស់ស្អាតម្យ៉ាង ខុសពីពេលធម្មតាយ៉ាងណាដែរ? សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរ និងទស្សនាដោយមានការប្រុងប្រយ័ត្ន ព្រមទាំងគោរពទៅតាមក្រមប្រតិបត្តិអង្គរ ដើម្បីជៀសវាងគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ល្អនៅក្នុងរមណីយដ្ឋានអង្គរ»។ដោយរូបភាពទាំងនោះផងដែរគឺបានបង្ហាញពីទិដ្ឋភាពខ្លោងទ្វាស្របពេលជាមួយភ្លៀងធ្លាក់ដែលមើលទៅហាក់ត្រជាក់ភ្នែក និងពិតជាគួរឱ្យចង់ទៅគយគន់ផ្ទាល់ជាខ្លាំង។ យ៉ាងណាមិញតាមរយៈរូបភាពប៉ុន្មានសន្លឹកនេះផងដែរត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែកចាយយ៉ាងព្រោង ហើយខ្លះថែមទាំងបានបង្ហាញចំណាប់អារម្មណ៍ដោយចង់សាកល្បងបទពិសោធថ្មីក្នុងការទស្សនាប្រសាទនារដូវវស្សាទៀតផង៕
(អន្តរជាតិ)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្សី លោក វ្លាឌឺមៀ ពូទីន បានសន្យា ថា នឹងបង្កើត "សករាជថ្មី" នៃភាពជាដៃគូរវាងគូប្រជែងដ៏មានឥទ្ធិពលបំផុតទាំងពីររបស់សហរដ្ឋអាមេរិក ដែលពួកគេចាត់ទុកជាមេដឹកនាំសង្គ្រាមត្រជាក់ដ៏ឈ្លានពាន ដែលបានសាបព្រួសភាពវឹកវរ ជុំវិញពិភពលោក។ លោក ស៊ី បានស្វាគមន៍លោក ពូទីន នៅលើកំរាលព្រំក្រហមនៅខាងក្រៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ជាកន្លែងដែលអ្នកទាំងពីរត្រូវបានសាទរដោយការដើរដង្ហែក្បួនទាហានរំដោះប្រជាជន កាន់កាំភ្លើង 21 ដើមនៅទីលានធានអានមេន និងក្មេងៗគ្រវីទង់ជាតិចិន និងរុស្ស៊ី។ប្រទេសចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូ "គ្មានដែនកំណត់" នៅក្នុងខែកុម្ភៈ ឆ្នាំ 2022 នៅពេល ដែលលោក ពូទីន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលគាត់បានបញ្ជូនទាហាន រាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមដីធ្លីដ៏សាហាវបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាម លោកលើកទីពីរ។លោកស៊ី ដែលមានអាយុ 70 ឆ្នាំ និងលោក ពូទីន អាយុ 71 ឆ្នាំបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ រួមមួយកាលពីថ្ងៃព្រហស្បតិ៍អំពី "យុគសម័យថ្មី" ដែលប្រកាសប្រឆាំងនឹងសហរដ្ឋអាមេរិកលើបញ្ហា សន្តិសុខជាច្រើន និងទស្សនៈរួមគ្នាលើអ្វីៗគ្រប់យ៉ាងពីតៃវ៉ាន់ និងអ៊ុយក្រែនទៅកាន់កូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការលើបញ្ហាថ្មី បច្ចេកវិទ្យានុយក្លេអ៊ែរសន្តិភាព និងហិរញ្ញវត្ថុ៕