វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ក្រុមហ៊ុន Toyota ចំនួនពីរ និងវិទ្យាស្ថាន JVC រួមគ្នាបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីជំរុញការអភិវឌ្ឍជំនាញមេកានិចយានយន្តនៅកម្ពុជា
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(រាជធានីភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) និងលោក Kensuke Tsuchiya ប្រធានក្រុមហ៊ុន Toyota (Cambodia) នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង និងបានអញ្ជើញធ្វើជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី "ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Toyota រួម" រវាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., LTD, ក្រុមហ៊ុន Toyota (Cambodia) Co., LTD និងវិទ្យាស្ថានបច្ចេកទេស JVC នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យឧស្សាហកម្ម និងវិស័យអប់រំ ក្រោមគម្រោងសហប្រតិបត្តិការរដ្ឋ-ឯកជន និងដើម្បីលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្មទំនើបបច្ចុប្បន្ន។ អនុស្សរណៈនេះ នឹងបង្កើតកិច្ចសហការរួមលើការបង្កើតឱកាសកម្មសិក្សា និងកម្មវិធីហាត់ការ, ការគាំទ្រការបណ្តុះបណ្តាលគ្រូបង្រៀន, ការពិគ្រោះយោបល់លើកម្មវិធីសិក្សា និងការកែលម្អជាបន្តបន្ទាប់, កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា និងកិច្ចសហការក្នុងការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និងការអភិវឌ្ឍកម្លាំងការងារ។ឯកឧត្តម ហេង សួរ បានសម្ដែងនូវក្តីសោមនស្សរីករាយក្រៃលែង និងបានវាយតម្លៃខ្ពស់ចំពោះវិស័យឯកជន ជាពិសេសភាគីក្រុមហ៊ុនដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ខណៈវិស័យឧស្សាហកម្មរថយន្តកំពុងមានសន្ទុះរីកចម្រើនខ្លាំងនៅកម្ពុជា អនុស្សរណៈនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ បង្កើនឱកាសការងារកាន់តែច្រើន និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀតផងដែរ។ឯកឧត្តមបានបន្តថា ការសម្រេចជ្រើសរើសយក JVC ជាមជ្ឈមណ្ឌលដៃគូក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមហ៊ុន Toyota ជប៉ុន នាពេលនេះ គឺមិនត្រឹមតែជាជម្រើសដ៏ល្អបំផុតក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដែលនឹងធ្វើការជាមួយ Toyota នាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការភ្ជាប់ទៅនឹងឫសគល់នៃទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាជនជប៉ុន ជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាផងដែរ។លោកឧកញ៉ា គង់ នួន និងលោក Kensuke Tsuchiya បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការគាំទ្របង្កើតឱ្យមានកិច្ចសហការរួមគ្នានេះឡើង ដែលជាការផ្តល់ឱកាសក្នុងការរួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា ហើយបានប្តេជ្ញាចិត្តថានឹងខិតខំឱ្យអស់សមត្ថភាពក្នុងការគាំទ្រដល់កម្ពុជា ជាពិសេសដល់យុវជនជំនាន់ក្រោយ៕

ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ“សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ”
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(ភ្នំពេញ)៖ បន្ថែមពីរកការងារធ្វើជូនអតីតពលកររាប់សែនកន្លែង ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានបើកឱ្យអតីតពលករដែលមកពីប្រទេសថៃអាចចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន(RPL)បានដោយឥតគិតថ្លៃ ដើម្បីទទួលស្គាល់បទពិសោធន៍ និងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាចំណេះដឹងផ្លូវការដែលមានសញ្ញាបត្រត្រឹមត្រូវ និងងាយស្រួលក្នុងការស្វែងរកការងារ និងអាចទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន ។ នេះជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបញ្ជាក់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។លោក ស៊ុន មេសា បញ្ជាក់ថា៖« រដ្ឋផ្តល់ការធ្វើតេស្តដោយឥតគិតថ្លៃព្រោះរាល់ការចំណាយជាបន្ទុករបស់រដ្ឋ។ នេះគឺជាឱកាសដ៏ល្អរបស់បងប្អូនអតីតពលករដែលអាចមកចុះឈ្មោះនៅថ្ងៃទី២៥ ខែមីនានេះនៅតាមសាលាទាំង៩ របស់យើង ដើម្បីទទួលបានការបញ្ជាក់ជាផ្លូវការសម្រាប់បងប្អូនយកទៅបង្ហាញជូននិយោជកអំពីសមត្ថភាពរបស់ខ្លួន និងកាន់ងាយស្រួលក្នុងការស្វែងរកការងារ ព្រមទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន»។លោកបន្តថា បន្ថែមពីលើការផ្តល់ការងារធ្វើក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានធំៗបានជាង ៣៣ម៉ឺននាក់ និងការងារក្នុងការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិកម្ម និងកន្លែងលក់រាយបានជាង ៣២ម៉ឺននាក់ ពេលនេះរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមធ្វើតេស្តទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករមកពីប្រទេសថៃដោយផ្តើមចេញពីវិស័យសំណង់មុន លើ៨ មុខជំនាញ ដែលជាយន្តការទទួលស្គាល់បទពិសោធន៍និងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាចំណេះដឹងផ្លូវការ ដើម្បីបងប្អូនអាចបង្ហាញជូននិយោជកអំពីសមត្ថភាពរបស់ខ្លួន និងកាន់តែងាយស្រួលក្នុងការស្វែងរកការងារ និងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ ការធ្វើតេស្តនឹងចាប់ផ្តើមនៅរៀងរាល់ពេលចុងសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះតទៅ នៅតាមមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ៩ ដែលមាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។ ជំនាញដែលត្រូវធ្វើតេស្តទាំង ៨នោះរួមមាន ១. ការងារកំបោរ(រៀបឥដ្ឋនិងបូក) ២. ការងារការ៉ូ ៣. ការដំឡើងពុម្ព ៤. ការដំឡើងបណ្តាញបំពង់ទឹក ៥. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៦. ការងាររន្ទា ៧. ការដំឡើងសរសៃដែក ៨. ការផ្សារអគ្គិសនី។ សូមបញ្ជាក់ថា ក្រៅពីការធ្វើតេស្តទទួលស្គាល់ជំនាញពីមុននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈផ្នែកកសិកម្ម ដែលមានរយៈពេល ១សប្តាហ៍ និងផ្នែកសេវាកម្ម ដែលមានរយៈពេល ១ខែ នៅតាមសហគមន៍ សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃផងដែរ។យ៉ាងណាក៏ដោយ ដើម្បីភាពងាយស្រួល លោក ស៊ុន មេសា បានស្នើឱ្យបងប្អូនអតីតពលករដែលមានបំណងចង់ធ្វើតេស្តទទួលស្គាល់ជំនាញពីមុនផ្នែកសំណង់អាចទាក់ទងមកប្រព័ន្ធឆ្លើយតបបន្ទាន់(Hotline)១២៩៧ ឬចុះឈ្មោះតាមប្រព័ន្ធអនឡាញ https://erpl.mlvt.gov.kh ឬស្កែនឃ្យូអរកូដដើម្បីចុះឈ្មោះ៕

កោះទទឹងរីស្សត គឺជាផលិតផលទេសចរណ៍ថ្មីមួយដែលមានតម្លៃបន្ថែមខ្ពស់ក្នុងវិស័យឧស្សាហកម្មទេសចរណ៍កម្ពុជា
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្នុងឱកាសដំណើរទស្សនកិច្ចសិក្សា ដើម្បីពិនិត្យនិងវាយតម្លៃលើការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែននគរ (ខេមូឌា) អ៊ិនវេសមិន ឯ.ក. នៅលើកោះទទឹង ខេត្តកោះកុង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានជួបសំណេះសំណាលជាមួយតំណាង និងបុគ្គលិកក្រុមហ៊ុនដែលកំពុងបម្រើការនៅលើកោះទទឹងរីស្សត។នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលជាក្រុមហ៊ុនខ្មែរ បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកោះទទឹងឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ក្នុងការអភិរក្សធនធានធម្មជាតិទាំងលើកោះ និងក្នុងទឹក ឱ្យនៅស្រស់ស្អាត និងមាននិរន្តរភាព ដោយអនុវត្តតាមទស្សនៈ «ការអភិរក្ស បម្រើឱ្យការអភិវឌ្ឍ និងការអភិវឌ្ឍ បម្រើឱ្យការអភិរក្ស»។លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនសិក្សា និងស្នើសុំវិញ្ញាបនបត្រ និងស្តង់ដារសេវាកម្មទេសចរណ៍ផ្សេងៗ ដូចជា សណ្ឋាគារបៃតងកម្ពុជា ស្តង់ដាអាស៊ាន វិញ្ញាបនបត្រទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន ម៉ូស្លីម ជាដើម ដើម្បីបង្ហាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអំពីគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។ជាមួយគ្នានេះផងដែរ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ដូចជា CATA, CTF និង PATA ត្រូវបានណែនាំឱ្យពិនិត្យលទ្ធភាពដាក់បញ្ចូលកោះទទឹងក្នុងកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរកម្រិតខ្ពស់ និងរៀបចំជា FAM Trip។ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យអ្នកផលិតមាតិកា Influencers និង KOLs ជាតិ និងអន្តរជាតិ ចូលរួមផ្សព្វផ្សាយអំពីកោះទទឹងរីស្សត និងតំបន់ទេសចរណ៍ដែលមានសក្តានុពលផ្សេងៗក្នុងខេត្តកោះកុង ឱ្យកាន់តែទូលំទូលាយ។នៅចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់លិខិតសរសើរដល់ក្រុមហ៊ុន ដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ឱ្យមានស្តង់ដាខ្ពស់ ប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងចីរភាព៕

ក្របខ័ណ្ឌយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង” ដើម្បីបញ្ជាក់ពីការចូលរួមចំណែកលើកតម្កើងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរឹងមាំ
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយវិទ្យាស្ថានស៊ីអ៉ីអូ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ ព្រមទាំងសហការីសរុបចំនួន ៧០នាក់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថានស៊ីអ៊ីអូ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ក្នុងការជំរុញវិស័យទេសចរណ៍ឱ្យមានភាពប្រកួតប្រជែង និងមានចីរភាព ជាពិសេសការផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញ និងគុណភាពខ្ពស់។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានបង្ហាញពីតួនាទី និងសកម្មភាពរបស់វិទ្យាស្ថានស៊ីអ៉ីអូ ក្នុងការរៀបចំស្តង់ដាសម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជា ការកសាងសមត្ថភាពសម្រាប់សហគ្រិនវិស័យទេសចរណ៍ ពោលគឺផ្តល់ការអប់រំ និងបណ្តុះបណ្តាលជំនាញដល់យុវជន និងមន្ត្រីជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសឯកឧត្តមបណ្ឌិត ក៏បានស្នើសុំពិនិត្យលទ្ធភាពចុះ MoU ក្រោមយុទ្ធនាការ “ខ្មែរត្រូវតែខ្លាំង” ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំង និងមាននិរន្តរភាព។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានពិភាក្សាអំពីការរៀបចំកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ជំនួបបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់៕

ភពផែនដីបំបែកកំណត់ត្រាស្ថិតក្នុងស្ថានភាពក្តៅបំផុត ខណៈភាពវឹកវរការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(អន្តរជាតិ)៖ នៅឆ្នាំ ២០២៥ ផែនដីបានបំបែកកំណត់ត្រាក្លាយជាឆ្នាំក្តៅបំផុតទីពីរក្នុងកំណត់ត្រា នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយអង្គការឧតុនិយមពិភពលោកនៅថ្ងៃទី ២៣ ខែមីនា។ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីស្ថានភាពអាកាសធាតុពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា អង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់ថា សីតុណ្ហភាពនៅឆ្នាំ២០២៥ នឹងខ្ពស់ជាងមធ្យមភាគប្រហែល ១,៤៣អង្សាសេ សម្រាប់រយៈពេលពីឆ្នាំ១៨៥០-១៩០០។ របាយការណ៍ថ្មីនេះក៏បានចង្អុលបង្ហាញផងដែរថា ឆ្នាំក្តៅបំផុតទាំង ១១ ដែលត្រូវបានកត់ត្រាទុកបានធ្លាក់ចុះទាំងអស់ក្នុងរយៈពេលពីឆ្នាំ ២០១៥-២០២៥។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានមានលើកឡើងថា “អាកាសធាតុពិភពលោក ស្ថិតក្នុងស្ថានភាពអាសន្ន។ ផែនដីកំពុងត្រូវបានរុញច្រានហួសពីដែនកំណត់របស់វា។ សូចនាករអាកាសធាតុសំខាន់ៗ ទាំងអស់មានពណ៌ក្រហម” ដោយបន្ថែមថារបាយការណ៍ថ្មីនេះត្រូវរួមបញ្ចូលការព្រមានមួយថា “ភាពវឹកវរនៃអាកាសធាតុកំពុងកើនឡើង ហើយការពន្យារពេលណាមួយនឹងមានផលវិបាកដ៏សាហាវ”។យោងតាមអង្គការ WMO នៅពេលដែលអាកាសធាតុមានស្ថេរភាព ថាមពលដែលផែនដីទទួលបានពីព្រះអាទិត្យ គឺប្រហាក់ប្រហែលនឹងថាមពលដែលវាបាត់បង់។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃកំហាប់ឧស្ម័នផ្ទះកញ្ចក់ ដែលទប់កំដៅដូចជា CO2 មេតាន និង N2O ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលយ៉ាងហោចណាស់ 800,000 ឆ្នាំបានរំខានដល់តុល្យភាពនេះ។ របាយការណ៍នេះបានបញ្ជាក់ថា អតុល្យភាពថាមពលរបស់ផែនដីបានកើនឡើង ចាប់តាំងពីទិន្នន័យសង្កេតបានចាប់ផ្តើមកត់ត្រានៅឆ្នាំ 1960 ជាពិសេសក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ ដែលថែមទាំងឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុនទៀតផង។លោកស្រី Celeste Saulo អគ្គលេខាធិការ WMO បានមានប្រសាសន៍ថា “សកម្មភាពរបស់មនុស្សកំពុងរំខាន និងបំផ្លាញដល់តុល្យភាពធម្មជាតិកាន់តែខ្លាំងឡើង ហើយយើងនឹងរស់នៅជាមួយផលវិបាកសម្រាប់រយៈពេលរាប់រយ សូម្បីតែរាប់ពាន់ឆ្នាំខាងមុខ”។កំដៅលើសជាង 91% ត្រូវបានរក្សាទុកនៅក្នុងមហាសមុទ្រ។ យោងតាមរបាយការណ៍ថ្មីមួយ កំដៅដែលបានរក្សាទុកនេះនឹងឈានដល់កំណត់ត្រាថ្មីមួយនៅឆ្នាំ 2025 ហើយអត្រានៃការឡើងកំដៅនៃមហាសមុទ្របានកើនឡើងជាងទ្វេដងរវាងឆ្នាំ 1960-2005 និង 2005-2025។ការឡើងកំដៅផែនដីនាំមកនូវផលវិបាកយ៉ាងធំធេងដល់មហាសមុទ្រ ដូចជាការរិចរិលប្រព័ន្ធអេកូឡូស៊ី ការបាត់បង់ជីវចម្រុះ និងការថយចុះសមត្ថភាពស្រូបយកកាបូន។ វាក៏ជំរុញការបង្កើតព្យុះ ធ្វើឱ្យការបាត់បង់ទឹកកកនៅតំបន់ប៉ូលកាន់តែធ្ងន់ធ្ងរ និងបណ្តាលឱ្យកម្រិតទឹកសមុទ្រកើនឡើង។ កាលពីឆ្នាំមុន កម្រិតទឹកសមុទ្រជាមធ្យមទូទាំងពិភពលោកមានកម្រិតខ្ពស់ជាងឆ្នាំ 1993 ប្រហែល 11 សង់ទីម៉ែត្រ នៅពេលដែលទិន្នន័យផ្កាយរណបចាប់ផ្តើមកត់ត្រា។ ការឡើងកំដៅផែនដី និងការកើនឡើងកម្រិតទឹកសមុទ្រត្រូវបានគេរំពឹងថានឹងបន្តអស់ជាច្រើនសតវត្សទៅមុខទៀត។

អាមេរិក ពិចារណាបញ្ជូនទ័ពថ្មើជើង៣ពាន់នាក់ទៅតំបន់មជ្ឈិមបូព៌ា ដើម្បីដណ្តើមយកកោះ Kharg ដែលជា «ខ្សែជីវិតប្រេង» របស់អ៊ីរ៉ង់
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(អន្តរជាតិ)៖ សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូនទាហានឆ័ត្រយោងប្រហែល ៣.០០០ នាក់ទៅកាន់មជ្ឈិមបូព៌ា។មន្ត្រីសហរដ្ឋអាមេរិកនិយាយថា ប្រទេសនេះកំពុងពិចារណាដាក់ពង្រាយកងទ័ពជិត ៣.០០០ នាក់មកពីកងពលទ័ពអាកាសលេខ ៨២ ដើម្បីគាំទ្រដល់ការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់។នេះបើតាមកាសែត New York Times បានរាយការណ៍ នៅថ្ងៃទី 23 ខែមីនា ដោយដកស្រង់សម្តីមន្ត្រីការពារជាតិអាមេរិកដែលមិនបញ្ចេញឈ្មោះ។ កងពលតូចដែលកំពុងត្រូវបានពិចារណាដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ាគឺជា "កម្លាំងឆ្លើយតបភ្លាមៗ" ដែលមានបុគ្គលិកប្រហែល 3,000 នាក់ និងមានសមត្ថភាពដាក់ពង្រាយគ្រប់ទីកន្លែងក្នុងពិភពលោកក្នុងរយៈពេល 18 ម៉ោងបន្ទាប់ពីទទួលបានបញ្ជា។ កម្លាំងនេះអាចត្រូវបានប្រើសម្រាប់បេសកកម្មដណ្តើមយកកោះ Kharg ដែលត្រូវបានចាត់ទុកថាជា "ខ្សែជីវិតប្រេង" របស់អ៊ីរ៉ង់។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបង្ហាញថា មន្ត្រីក៏កំពុងពិចារណាដាក់ពង្រាយទាហានចំនួន ២៥០០ នាក់មកពីអង្គភាពបេសកកម្មម៉ារីនទី ៣១ ដែលបច្ចុប្បន្នកំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដើម្បីវាយប្រហារកោះ Kharg ប្រសិនបើប្រធានាធិបតី ដូណាល់ ត្រាំ យល់ព្រមលើផែនការដណ្តើមយកកោះនេះ។កោះ Kharg មានទីតាំងស្ថិតនៅក្នុងឈូងសមុទ្រពែរ្ស ចម្ងាយប្រហែល 25 គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ីរ៉ង់ និងជាង 480 គីឡូម៉ែត្រពីច្រកសមុទ្រ Hormuz។ វាមានប្រវែងត្រឹមតែ 6 គីឡូម៉ែត្រប៉ុណ្ណោះ និងគ្របដណ្តប់លើផ្ទៃដី 20 គីឡូម៉ែត្រការ៉េ។ រោងចក្រនៅលើកោះ Kharg មានសមត្ថភាពកែច្នៃប្រេងចំនួន 7 លានបារ៉ែលក្នុងមួយថ្ងៃ ហើយប្រហែល 90% នៃការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ឆ្លងកាត់កោះនេះ ដែលភាគច្រើនត្រូវបានលក់ទៅឱ្យអាស៊ី ជាពិសេសប្រទេសចិន។ ដោយសារសេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញថាមពល ទីក្រុង Kharg ត្រូវបានចាត់ទុកថាជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងសេដ្ឋកិច្ចអ៊ីរ៉ង់។អាកាសយានដ្ឋាននៅលើកោះ Kharg ត្រូវបានខូចខាតបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក។ ដូច្នេះ អតីតមន្ត្រីអាមេរិកជឿថា ទីក្រុងវ៉ាស៊ីនតោនទំនងជានឹងដាក់ពង្រាយកងម៉ារីនទៅកាន់កោះនេះជាមុនសិន ដើម្បីគ្រប់គ្រង និងជួសជុលអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធឱ្យបានឆាប់រហ័ស។ បន្ទាប់មក កងទ័ពអាកាសអាមេរិកនឹងប្រើប្រាស់យន្តហោះដឹកជញ្ជូន C-130 ដើម្បីដឹកជញ្ជូនឧបករណ៍ សម្ភារៈ និងកងទ័ពទៅកាន់កោះនេះ។នៅក្នុងសេណារីយ៉ូនេះ កងពលធំទ័ពអាកាសលេខ ៨២ ទំនងជាត្រូវបានប្រគល់ភារកិច្ចឱ្យពង្រឹងអង្គភាពកងម៉ារីន។ យោងតាមមន្ត្រីអាមេរិក ពួកគេអាចដាក់កងទ័ពនៅលើកោះនេះ ដើម្បីអនុញ្ញាតឱ្យកងម៉ារីនដកថយបន្ទាប់ពីការវាយប្រហារដំបូង។

សមត្ថកិច្ច ឃាត់ខ្លួនក្រុមក្មេងទំនើង១២នាក់ បង្ហោះម៉ូតូនៅកោះនរា ពាក់ព័ន្ធវាយប្លន់ម៉ូតូនិងប្រើហិង្សា
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(សង្គម)៖ ក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅកោះនរាចំនួន១២នាក់ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌឃាត់ខ្លួនពាក់ព័ន្ធវាយប្លន់ម៉ូតូ និងប្រើហិង្សា នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកានិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់បានក្រុមជនសង្ស័យជាក្មេងទំនើងចំនួន១២នាក់ ដែលបានប្រព្រឹត្តទោសចំនួន ៣ករណី រួមមាន៖- ករណីទី១ លួចមានស្ថានទម្ងន់ទោស (កាប់នឹងវាយប្លន់យកម៉ូតូ) នៅចំណុចវាលស្រែ១០០​ ផ្លូវលំ​ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ០៣ម៉០០នាទី ថ្ងៃទី២២ខែមិនា ឆ្នាំ ២០២៦ ។-ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវ,មួកសុវត្ថិភាព,ដុំថ្ម កាប់ វាយ គប់ លើជនរងគ្រោះបណ្តាលឲ្យរងរបួស) ប្រព្តឹត្តនៅចំណុចលើផ្លូវលេខ២០១១ ភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា វេលាម៉ោង០៤ និង ៥០នាទី។-ករណីទី៣ បង្ហោះម៉ូតូ តាមផ្លូបសារធារណៈប៉ះពាល់សណ្តាប់សុវត្ថិភាពសាធារណៈ ប្រព្រឹត្តនៅចំណុចផ្លូវកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។ជនសង្ស័យទាំងនេះរួមមាន៖១-ឈ្មោះ ទ្បាយ លីដា ហៅ លី ភេទប្រុស អាយុ១៧ឆ្នាំ២-ឈ្មោះ រិទ្ធ សាតសុមករា ហៅ ប៊ី ភេទប្រុស អាយុ ១៧ឆ្នាំ៣ -ឈ្មោះ ហោ អង្គារសភារដ្ឋ ហៅ រត្ន័ ភេទប្រុស អាយុ ១៧ឆ្នាំ៤- ឈ្មោះ ងួន អ៊ីទ្រីស័រ ហៅ ស័ ភេទប្រុស អាយុ ១៨ឆ្នាំ៥-ឈ្មោះ លីន ចំរើន ហៅ រើន ភេទប្រុស អាយុ ១៨ឆ្នាំ៦- ឈ្មោះ សូត្រ ច័ន្ទត្រា ហៅ ត្រា ភេទប្រុស អាយុ ១៧ឆ្មាំ៧- ឈ្មោះ ភន់​ តុងឆាយ ហៅ​ ឆាយ​ ភេទប្រុស អាយុ ១៧ឆ្មាំ៨-ឈ្មោះ រីន រដ្ឋបញ្ញាបុត្រ ភេទប្រុស កើតឆ្នាំ២០០៨៩-ឈ្មោះ ភឿក ចាន់ហេង​ ភេទប្រុស កើតឆ្នាំ២០០៨១០-ឈ្មោះ ទ្រី ពិសី ភេទប្រុស កើតឆ្នាំ២០០៧១១-ឈ្មោះ វាសនា សាម៉េត​ ភេទប្រុស កើតឆ្នាំ២០០៣១២-ឈ្មោះ ធៀម សុភត្រា​ ភេទប្រុស កើតឆ្នាំ២០០៤។គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងមន្រ្តីជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

អតីតពលករខ្មែរដែលត្រឡប់ពីថៃ៦៥ម៉ឺននាក់ ទទួលបានឱកាសការងារ ខណៈរាជរដ្ឋាភិបាល​កំពុង​បន្តផ្សព្វ​ផ្សាយ​ឱកាស​ការ​ងារ​រាប់ម៉ឺនកន្លែង
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(ភ្នំពេញ)៖ អតីតពលករខ្មែរដែល​បានវិល​ត្រឡប់​មកពី​ប្រទេស​ថៃប្រមាណជាង ៦៥ម៉ឺននាក់ក្នុងចំណោមជាង ៨០ម៉ឺននាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺន​នាក់​កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួល​បានឱកាស​ការ​ងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់។ការលើកឡើងរបស់លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រ​សួ​ង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ នៅក្នុង​អំឡុង​ពេលចុះសួរសុខទុក្ខអតីត​ពលករ​ខ្មែ​រដែល​ទទួល​បាន​ឱកាសការងារក្នុងរោងចក្រកាត់ដេរ ស្ថិតនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។លោក ស៊ុន មេសា បានថ្លែងថា៖«គិត​មកដល់​ពេល​នេះ មាន​ប្រជា​ពលរដ្ឋ និងអតីត​ពលករ​ខ្មែរ​ប្រមាណ​ជាង ៩៥ម៉ឺន​នាក់ បានវិល​ត្រឡប់​មក​ពីប្រទេ​សថៃ ដោយ​សារ​បញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំ​២០២៥​កន្លង​ទៅ​»។ លោកបន្តថា៖«នៅក្នុងចំណោមជាង ៩៥ម៉ឺននាក់នេះ មានអតីតពលករប្រមាណជាង ៨០ម៉ឺននាក់ ដោយក្នុងនោះអ្នកទទួលបានឱកាសការងារជាង ៦៥ម៉ឺន​នាក់ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបាន​ឱកាសការងារនៅ​ក្រៅប្រព័ន្ធ​ប្រមាណ​ជាង ៣២ម៉ឺននាក់»។ក្រោយពីការ​វិល​ត្រឡប់យ៉ាង​គំហុករបស់ពលករខ្មែរពី​ប្រទេ​សថៃ ក្រសួង​ការ​ងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ដាក់​ចេញនូវយន្ត​ការ​សំខាន់ៗ​ជាច្រើន ដើម្បី​ធានា​ក្នុង​ការផ្ដល់ឱកាសការងារជូនអតីតពលករខ្មែរ។ ក្នុង​ចំណោ​មយន្ត​ការសំខាន់​នោះ ក្រសួងបាន​រៀបចំ​វេទិ​កា​ការងារសរុបជាង ៦០០លើក និងពិព័ណ៍ការងារ​ចល័ត​តាម​មូលដ្ឋានប្រមាណជាង ១ ០០០លើក ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ឱកា​សការងារ អត្ថប្រ​យោជន៍នៃរបបសន្ដិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និង​វិជ្ជា​ជីវៈ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។បន្ថែមពីលើនេះ អ្នកនាំ​ពាក្យ​ថា វេទិកា​ការងារ ត្រូវ​បាន​រៀប​​ចំយ៉ាងផុសផុលនៅ​តាមខេត្ត​គោល​ដៅដែល​មាន​អតីតព​លករច្រើនជាងគេដូចជា ខេត្តបាត់ដំបង បន្ទាយ​មានជ័យ ពោធិ៍សាត់ សៀមរាប និងខេត្តមួយចំនួនទៀត ដើម្បីផ្សព្វ​ផ្សាយឱកាសការងារតាមរយៈការនាំក្រុមហ៊ុន រោងចក្រ សហគ្រាស​ដែលមានត​ម្រូវការកម្លាំង​ពលកម្ម​ចុះ​ទៅជាមួយដែរ។សម្រាប់លោក សំ សឿន ប្រធានសហភាពព​លកម្ម​ជាតិ​កម្ពុជា​បានថ្លែងថា លោកគាំទ្រ​ចំណាត់​ការរបស់​រា​ជរ​ដ្ឋា​ភិ​បា​ល ដែលបានដោះស្រាយ​បញ្ហាពល​ករខ្មែរវិល​ត្រឡប់​មកពី​ប្រទេស​ថៃបាន​ទាន់ពេលវេលា។ យន្តការរបស់​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មានប្រសិទ្ធ​ភាព​ខ្ពស់​ក្នុងការផ្ដល់ឱកាស​ការងារជូនបង​ប្អូនពលករ​ឱ្យមាន​ប្រាក់ចំណូលឡើងវិញ។លោកបន្តថា ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ទទួលបានឱកាសការងារច្រើនក្នុងវិស័យវាយនភណ្ឌកាត់ដេរ។ ពួកគាត់មានការតាំងចិត្តខ្ពស់ក្នុងការខិតខំប្រឹង​ប្រែងបំពេញ​ការងារបានយ៉ាង​ល្អមិនខុសពីបង​ប្អូនកម្មករ​ដទៃ​ទៀត​នោះ​ទេ។ថ្នាក់ដឹកនាំសហ​ជីពបញ្ជាក់ថា៖«បង​ប្អូនពលករ​យើង​ដែល​ទើប​ត្រឡប់​មកពីប្រទេ​សថៃ​មាន​ចំនួន​ច្រើន ដែល​ទទួល​បាន​ការងារ​នៅក្នុង​វិស័យ​វាយន​ភណ្ឌ​កាត់​ដេរ។ បើ​ទោះ​បីជា​កន្លង​មក ពួកគាត់មិនមាន​ជំនាញ​ជាក់​លាក់​ទាក់​ទងវិស័យ​នេះ​ក៏ដោយ គឺពួកគាត់ខិតខំប្រឹ​ងប្រែង​បំពេ​ញ​ការ​ងារ​​បាន​យ៉ាង​ល្អ គឺធ្វើការងារ​ពួកគាត់​អត់​ខុស​ពី​បង​ប្អូនកម្មករយើងដទៃទៀតទេ គឺពួកគាត់​បំពេញ​ការ​ងារ​បានល្អ»៕

ជើងមាន់កញ្ចប់ចិនដាក់សារធាតុគីមីដែលធ្វើឱ្យខូចថ្លើម និងតម្រងនោមលក់ពេញទីផ្សារទាំងក្នុង និងក្រៅស្រុក
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(អន្តរជាតិ)៖ រោងចក្រផលិតម្ហូបអាហារមួយកន្លែងនៅក្នុងប្រទេសចិន ត្រូវបានលាតត្រដាងថាបានប្រើប្រាស់សារធាតុគីមីអ៊ីដ្រូសែន peroxide ដើម្បីកែច្នៃជើងមាន់ ដែលត្រៀមរួចជាស្រេចសម្រាប់បរិភោគ ក្រោមលក្ខខណ្ឌមិនស្អាត។ ហេតុការណ៍នេះត្រូវបានមន្ត្រីចិនលាតត្រដាង នៅក្នុងកម្មវិធីទិវាសិទ្ធិអ្នកប្រើប្រាស់ក្នុងអំឡុងខែមីនា ឆ្នាំ២០២៦ ដែលចាក់ផ្សាយដោយទូរទស្សន៍កណ្តាលចិន (CCTV)។ យោងតាម SCMP នៅថ្ងៃទី២៤ ខែមីនា ក្រុមរាយការណ៍ស៊ើបអង្កេតមួយក្រុមបានជ្រៀតចូល "រោងចក្រកែច្នៃ និងផលិតជើងមាន់" នៅក្នុងខេត្តស៊ីឈួន និងទីក្រុងឆុងឈីង។ នៅទីនោះ ពួកគេបានធ្វើការនៅរោងចក្រផលិត របស់ក្រុមហ៊ុន Mingyang Food Company ក្នុងទីក្រុងឆេងទូ ដោយគ្មានវិញ្ញាបនបត្រសុខភាព ឬនីតិវិធីក្រៀវជាកាតព្វកិច្ចណាមួយឡើយ។យោងតាមរបាយការណ៍ស៊ើបអង្កេតបានរកឃើញថា ផ្នែកខាងក្នុងរោងចក្រមានក្លិនស្អុយ កម្រាលឥដ្ឋត្រូវបានគ្របដណ្ដប់ ដោយទឹកស្អុយ ហើយឧបករណ៍ផលិតកម្មត្រូវបានគ្របដណ្ដប់ដោយដី និងខ្លាញ់។ ជើងមាន់ឆៅត្រូវបានដាក់ជាគំនរ នៅលើកម្រាលឥដ្ឋសើម និងកខ្វក់ មិនត្រឹមតែប៉ុណ្ណោះ ជើងមាន់ដែលត្រូវបានមនុស្សដើរជាន់ឈ្លីក៏ កម្មកររើសវាហើយដាក់វាចូលក្នុងកន្ត្រកវិញដោយមិនបានលាងសម្អាតឡើយ។ មុនពេលកែច្នៃ ជើងមាន់ត្រូវបានត្រាំក្នុងដំណោះស្រាយអ៊ីដ្រូសែនប៉េរ៉ុកស៊ីតដើម្បីធ្វើឱ្យវាស សារធាតុគីមីនេះជាធម្មតា ត្រូវបានប្រើសម្រាប់ការសម្លាប់មេរោគក្នុងឧស្សាហកម្មតែប៉ុណ្ណោះ។ ប្រទេសចិនហាមឃាត់ការប្រើប្រាស់អ៊ីដ្រូសែនប៉េរ៉ុកស៊ីតក្នុងអាហារ ជាពិសេសក្នុងការកែច្នៃជើងមាន់ ពីព្រោះវាបំផ្លាញសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីន បំផ្លាញភ្នាសមាត់ ធ្វើឱ្យខូចមុខងារថ្លើម និងតម្រងនោម ហើយថែមទាំងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង ប្រសិនបើទទួលទានក្នុងរយៈពេលយូរ។ កម្មករនៅរោងចក្របានសារភាពថា ពួកគេមិនដែលហ៊ានបរិភោគផលិតផលដែលពួកគេផលិតដោយខ្លួនឯងទេ ហើយបានណែនាំអ្នកយកព័ត៌មានកុំឱ្យសាកល្បងវាដែរ។ ការស៊ើបអង្កេតក៏បានបង្ហាញផងដែរថា ស្ថានភាពនេះមិនត្រឹមតែត្រូវបានកំណត់ចំពោះរោងចក្រមួយប៉ុណ្ណោះទេ។ នៅក្រុមហ៊ុន Tangqiao Food Company (Chongqing) អ្នកយកព័ត៌មានបានរកឃើញធុងពណ៌ បៃតងជាច្រើនដែលមានសារធាតុគីមីដែលមានស្លាកសញ្ញាបង្ហាញយ៉ាងច្បាស់អំពីកំហាប់អ៊ីដ្រូសែនប៉េរ៉ុកស៊ីតខ្ពស់ដល់ទៅ 35%។ ហេតុការណ៍នៅខេត្តស៊ីឈួននេះបានដាក់ទៅក្នុងបញ្ជី រឿងអាស្រូវម្ហូបអាហារដែលកំពុងកើនឡើងនៅក្នុងប្រទេសចិន។

បុគ្គលិកការិយាល័យត្រូវបញ្ឈប់ទម្លាប់អាក្រក់៤យ៉ាង បើមិនចង់កើតជំងឺនេះ
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(សុខភាព)៖ ការចំណាយពេលយូរនៅក្នុងបរិយាកាសដែលមានម៉ាស៊ីនត្រជាក់ ការផឹកទឹកមិនគ្រប់គ្រាន់ និងភាពតានតឹងយូរអាចធ្វើឱ្យភ្នាសច្រមុះស្ងួត របូតស្រទាប់ទឹករំអិលការពាររបស់វាចេញ និងបង្កើតលក្ខខណ្ឌសម្រាប់ជំងឺរលាកប្រហោងឆ្អឹងច្រមុះកើតឡើងវិញ។ ជំងឺរលាកប្រហោងឆ្អឹងច្រមុះ គឺជាស្ថានភាពមួយដែលភ្នាសរំអិលច្រមុះ និងប្រហោងឆ្អឹងច្រមុះរលាក ហើម និងផលិតទឹករំអិលច្រើនពេក ដែលបណ្តាលឱ្យមានការកកស្ទះច្រមុះ ឈឺមុខ មានបញ្ហាក្លិន គ្រុនក្តៅ។ល។ ជំងឺនេះបណ្តាលមកពីបាក់តេរី វីរុស អាឡែស៊ី និងការបំពុលខ្យល់ ដែលធ្វើឱ្យមុខងារការពារនៃភ្នាសរំអិលចុះខ្សោយ។ បុគ្គលដែលមានប្រវត្តិនៃជំងឺរលាកប្រហោងឆ្អឹងច្រមុះ និងភ្នាសរំអិលដែលងាយប្រតិកម្ម មានហានិភ័យខ្ពស់នៃការកើតឡើងវិញនៅពេលដែលប៉ះពាល់នឹងសារធាតុរលាក ដែលនាំឱ្យមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ អូសបន្លាយ និងពិបាកគ្រប់គ្រង។ លោកវេជ្ជបណ្ឌិត ត្រឹន ក្វឹកផុង អ្នកឯកទេសផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅគ្លីនិកពហុជំនាញតាមអាញនៃប្រទេសវៀតណាម បានចង្អុលបង្ហាញពីទម្លាប់នៃការរស់នៅ និងលក្ខណៈការងារមួយចំនួន ដែលធ្វើឱ្យបុគ្គលិកការិយាល័យងាយនឹងកើតជំងឺឡើងវិញ។១/ អង្គុយក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាពទាបយូរម៉ោង៖ នៅពេលដែលសីតុណ្ហភាពទាបពេក ខ្យល់ត្រជាក់ពេក និងសំណើមទាប ភ្នាសរំអិលច្រមុះងាយនឹងស្ងួត បាត់បង់ស្រទាប់ទឹករំអិលការពារធម្មជាតិរបស់វា។ ខ្យល់ត្រជាក់ ក៏ធ្វើឱ្យសរសៃឈាមនៅក្នុងប្រហោងច្រមុះរួមតូចផងដែរ ដែលកាត់បន្ថយលំហូរឈាម។ នៅពេលនេះ ប្រព័ន្ធស៊ីលីយ៉ាដំណើរការមិនសូវមានប្រសិទ្ធភាព បណ្តាលឱ្យទឹករំអិលកកកុញនៅក្នុងប្រហោងច្រមុះ បង្កើតបរិយាកាសអំណោយផលសម្រាប់បាក់តេរីលូតលាស់ និងនាំឱ្យមានការកើតឡើងវិញនៃជំងឺ។២/ បរិស្ថានបិទជិត និងមានខ្យល់ចេញចូលមិនល្អ៖ នៅក្នុងកន្លែងបិទជិត ការផ្លាស់ប្តូរខ្យល់មានកម្រិតជាមួយខាងក្រៅកាត់បន្ថយសមត្ថភាពក្នុងការពនលាយ និងយកភ្នាក់ងារបង្កជំងឺចេញ។ យូរៗទៅ កត្តាដូចជាធូលីល្អិតៗ បាក់តេរី វីរុស និងស្ព័រផ្សិតកកកុញ។ ការប៉ះពាល់រយៈពេលយូរងាយនឹង បង្កឱ្យមានប្រតិកម្មរលាក ដែលបង្ហាញដោយការហើម ការកើនឡើងនៃការបញ្ចេញទឹករំអិល និងមុខងារការពារភ្នាសរំអិលចុះខ្សោយ។ ក្នុងពេលជាមួយគ្នានេះ វាកាត់បន្ថយប្រសិទ្ធភាពនៃប្រព័ន្ធ ciliary បន្ថយល្បឿននៃការសម្អាតទឹករំអិល និងអតិសុខុមប្រាណ និងបង្កើនហានិភ័យនៃការកើតឡើងវិញនៃជំងឺ ជាពិសេសចំពោះបុគ្គលដែលមានអាឡែស៊ី ឬជំងឺផ្លូវដង្ហើម។៣/ ផឹកទឹកតិច៖ នៅពេលដែលរាងកាយមិនមានជាតិទឹកគ្រប់គ្រាន់ ទឹករំអិលនៅក្នុងច្រមុះនឹងកាន់តែក្រាស់ និងស្អិតជាងមុន ដែលរារាំងដល់ការដឹកជញ្ជូនទឹករំអិល។ ចំពោះបុគ្គលដែលមានជំងឺរលាកប្រហោងឆ្អឹង ឬអាឡែស៊ី ការផឹកភេសជ្ជៈត្រជាក់ច្រើនពេកអាចបណ្តាលឱ្យសរសៃឈាមរួមតូចជាបណ្តោះអាសន្ននៃភ្នាសរំអិលច្រមុះ និងប្រហោងឆ្អឹង ដែលកាត់បន្ថយការផ្គត់ផ្គង់ឈាម និងធ្វើឱ្យពួកគេងាយនឹងប្រតិកម្មទៅនឹងកត្តាបរិស្ថាន។៤/ ការគេងមិនលក់, ភាពតានតឹងយូរ៖ ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលបង្កើតលក្ខខណ្ឌសម្រាប់វីរុស និងបាក់តេរីវាយប្រហារ និងបង្កឱ្យមានការរលាក។ ភាពតានតឹង យូរអង្វែងជំរុញការផលិតអរម៉ូនស្ត្រេស បង្កើនសារធាតុរលាក និងបង្កើនភាពរសើបនៃភ្នាសរំអិលច្រមុះ និងប្រហោងឆ្អឹង។លោកវេជ្ជបណ្ឌិតណែនាំថា ដើម្បីគ្រប់គ្រងជំងឺនេះ បុគ្គលិកការិយាល័យត្រូវកែសម្រួលទម្លាប់របស់ពួកគេដោយផឹកទឹកឱ្យបានគ្រប់គ្រាន់ កំណត់ការប៉ះពាល់នឹងសីតុណ្ហភាពម៉ាស៊ីនត្រជាក់ទាបពេក រក្សាកន្លែងធ្វើការឱ្យស្អាត និងមានអនាម័យ។

ប្រទេសមួយនេះចិត្តសឿង ប្រកាសបញ្ឈប់ការនាំចេញអាវុធអាមេរិក
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ប្រទេសស្វីសបញ្ឈប់ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់ ដោយលើកឡើងពីអព្យាក្រឹតភាពប្រទេសស្វីសបាននិយាយថា ខ្លួននឹងមិនចេញអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុននាំចេញអាវុធទៅកាន់សហរដ្ឋអាមេរិកទេ ដោយសារតែសង្គ្រាមដែលកំពុងបន្តលើអ៊ីរ៉ង់ ដោយលើកឡើងពីគោលការណ៍អព្យាក្រឹតភាពយូរអង្វែងរបស់ប្រទេសនេះ។រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការនាំចេញសម្ភារៈសង្គ្រាមទៅកាន់ប្រទេសដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធអន្តរជាតិជាមួយអ៊ីរ៉ង់មិនអាចត្រូវបានអនុញ្ញាតសម្រាប់រយៈពេលនៃជម្លោះនោះទេ”។ “ការនាំចេញសម្ភារៈសង្គ្រាមទៅកាន់សហរដ្ឋអាមេរិកមិនអាចត្រូវបានអនុញ្ញាតនាពេលបច្ចុប្បន្ននេះទេ”។ការប្រកាសនេះកើតឡើងនៅពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ចូលដល់ សប្តាហ៍ទីបួន ដែលជំរុញឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅទូទាំងមជ្ឈិមបូព៌ា និងធ្វើឱ្យតម្លៃថាមពលសកលកើនឡើង ហើយក៏ធ្វើតាមការសម្រេចចិត្តរបស់រដ្ឋាភិបាលស្វីសក្នុងការបិទដែនអាកាសរបស់ខ្លួនចំពោះជើងហោះហើរយោធាអាមេរិកដែលភ្ជាប់ដោយផ្ទាល់ទៅនឹងសង្គ្រាមអ៊ីរ៉ង់។កាលពីចុងសប្តាហ៍មុន ខ្លួនបាននិយាយថា ខ្លួនបានបដិសេធសំណើហោះហើរពីររបស់សហរដ្ឋអាមេរិកលើជើងហោះហើរសង្គ្រាមដែលទាក់ទងនឹងអ៊ីរ៉ង់ ប៉ុន្តែបានអនុញ្ញាតឱ្យមានជើងហោះហើរបីផ្សេងទៀត ដោយលើកឡើងពីច្បាប់អព្យាក្រឹតភាពរបស់ប្រទេសស្វីសផងដែរ។ច្បាប់សហព័ន្ធស្វីសមួយ ដែលត្រូវបានអនុម័តក្នុងឆ្នាំ 1996 បានចែងថា ការនាំចូល នាំចេញ និងការឆ្លងកាត់សម្ភារៈសង្គ្រាម និងបច្ចេកវិទ្យាពាក់ព័ន្ធ តម្រូវឱ្យមានអាជ្ញាប័ណ្ណនាំចេញដោយផ្អែកលើគោលការណ៍សិទ្ធិមនុស្ស និងអព្យាក្រឹតភាព។ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី 28 ខែកុម្ភៈ ប្រទេសស្វីសបាននិយាយថា មិនមានអាជ្ញាប័ណ្ណនាំចេញថ្មីណាមួយត្រូវបានចេញឱ្យសហរដ្ឋអាមេរិកនោះទេ។រដ្ឋាភិបាលក៏បានកត់សម្គាល់ផងដែរថា មិនមានអាជ្ញាប័ណ្ណច្បាស់លាស់សម្រាប់ការនាំចេញសម្ភារៈសង្គ្រាមទៅកាន់អ៊ីស្រាអែលត្រូវបានផ្តល់ឱ្យអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយដូចគ្នានេះដែរចំពោះអ៊ីរ៉ង់។រដ្ឋាភិបាលស្វីសធ្លាប់បានរារាំងប្រទេសសម្ព័ន្ធមិត្តពីការបញ្ជូនឧបករណ៍ផលិតនៅស្វីសទៅកាន់ប្រទេសអ៊ុយក្រែន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលបានចាប់ផ្តើមនៅឆ្នាំ ២០២២៕

អ្នករត់ម៉ូតូឌុប ត្រូវរដ្ឋាភិបាលហ្វីលីពីន ផ្តល់ជំនួយជិត១០០ដុល្លារ ខណៈប្រទេសនេះប្រកាសអាសន្ន ជុំវិញបញ្ហាថាមពល
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសអាសន្នថាមពលជាតិ ដោយព្រមានថាមាន «គ្រោះថ្នាក់ជិតមកដល់» ចំពោះ «ភាពអាចរកបាន និងស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលរបស់ប្រទេស»។សេចក្តីប្រកាសនេះ ដែលនឹងត្រូវអនុវត្តរយៈពេលមួយឆ្នាំ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz ដែលបានរំខានដល់ទីផ្សារថាមពល រំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញឱ្យតម្លៃប្រេងឡើងថ្លៃ ដែល «បង្កការគំរាមកំហែងដល់សន្តិសុខថាមពលរបស់ប្រទេស»។លោក Marcos បាននិយាយថា គណៈកម្មាធិការមួយត្រូវបានបង្កើតឡើងដើម្បីធានាបាននូវភាពអាចរកបាន និងការចែកចាយប្រេងឥន្ធនៈ អាហារ ថ្នាំពេទ្យ ផលិតផលកសិកម្ម និងទំនិញមូលដ្ឋានផ្សេងទៀត។វិធានការនានារួមមានការអនុវត្តវិធានការអភិរក្សថាមពល ការណែនាំអំពីការឧបត្ថម្ភធនប្រេងឥន្ធនៈ និងគំនិតផ្តួចផ្តើមផ្សេងទៀតដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ចាត់វិធានការប្រឆាំងនឹងការស្តុកទុក ការកេងចំណេញ និងការរៀបចំការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈ។លោក Marcos ក៏បាននិយាយផងដែរថា រដ្ឋាភិបាលកំពុងផ្តល់ជំនួយចំនួន 5,000 ប៉េសូ (83 ដុល្លារ) ដល់អ្នកបើកបរម៉ូតូឌុប និងកម្មករដឹកជញ្ជូន ដើម្បីជួយដោះស្រាយការកើនឡើងថ្លៃប្រេងឥន្ធនៈ។ កម្មវិធីសុខុមាលភាពក៏ត្រូវបានប្រកាសសម្រាប់កសិករ អ្នកនេសាទ និងកម្មករដទៃទៀតផងដែរ៕

កុំគិតថាជារឿងធម្មតា! អាកាសធាតុក្តៅ កំពុងបំផ្លាញសុខភាពអ្នកយ៉ាងស្ងៀមស្ងាត់
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ការកើនឡើងនៃសីតុណ្ហភាពមិនមែនគ្រាន់តែជាភាពមិនស្រួលនោះទេ -វាអាចប៉ះពាល់ដល់សុខភាពរបស់អ្នកដោយស្ងៀមស្ងាត់។ខណៈពេលដែលប្រទេសនានានៅទូទាំងអឌ្ឍគោលខាងជើងផ្លាស់ប្តូរពីរដូវរងា ទៅរដូវផ្ការីក និន្នាការគួរឱ្យព្រួយបារម្ភមួយកំពុងលេចឡើង។ ពីប្រទេសឥណ្ឌាដល់ប្រទេសជប៉ុន និងអាហ្វ្រិក ការប្រែប្រួលអាកាសធាតុកំពុងជំរុញឱ្យសីតុណ្ហភាពខ្ពស់ជាងធម្មតា។ការសិក្សាដ៏សំខាន់មួយដែលបានបោះពុម្ពផ្សាយនៅក្នុង The Lancet Global Health បានព្រមានថាការកើនឡើងនៃការប៉ះពាល់នឹងកំដៅអាចនាំឱ្យមានការស្លាប់រាប់រយរាប់ពាន់នាក់នៅទូទាំងពិភពលោកនៅឆ្នាំ 2050 រួមជាមួយនឹងការបាត់បង់ផលិតភាពយ៉ាងច្រើន។ប៉ុន្តែនេះគឺជាគ្រោះថ្នាក់ដែលលាក់កំបាំង កំដៅខ្លាំងកំពុងធ្វើឱ្យមនុស្សមិនសូវសកម្មខាងរាងកាយ។ នៅពេលដែលសីតុណ្ហភាពកើនឡើង រាងកាយជួបប្រទះភាពតានតឹងកាន់តែច្រើន ធ្វើឱ្យការហាត់ប្រាណមានអារម្មណ៍ពិបាក ឬសូម្បីតែមិនមានសុវត្ថិភាព។ យូរៗទៅ នេះនាំឱ្យមានភាពអសកម្ម ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់របស់មនុស្សពេញវ័យជិត 5% នៅទូទាំងពិភពលោក។អាកាសធាតុក្តៅ គុណភាពខ្យល់មិនល្អ និងកង្វះលទ្ធភាពចូលទៅកាន់កន្លែងត្រជាក់កំពុងកំណត់សមត្ថភាពរបស់មនុស្សក្នុងការរក្សាភាពសកម្ម  ជាពិសេសនៅក្នុងសហគមន៍ងាយរងគ្រោះ។មួយវិញទៀត អ្នកស្រាវជ្រាវបានរកឃើញថា នៅពេលដែលសីតុណ្ហភាពកើនឡើងពីមធ្យមភាគសកល 12°C ដល់ 27°C មនុស្សបាត់បង់ការគេងជាមធ្យម 15 ទៅ 17 នាទី។អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺ លទ្ធភាពនៃការគេងខ្លី ដែលត្រូវបានកំណត់ថាតិចជាងប្រាំមួយម៉ោងក្នុងមួយយប់  កើនឡើងប្រហែល 40% ដោយលទ្ធផលស្រដៀងគ្នានេះត្រូវបានគេសង្កេតឃើញក្នុងអំឡុងពេលរលកកំដៅកើនឡើង ដែលអាចបង្កផលប៉ះពាល់បន្តិចម្តង។ការការពាររាងកាយរបស់អ្នកក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងគឺមានសារៈសំខាន់ណាស់ដើម្បីជៀសវាងបញ្ហាដូចជាការខ្សោះជាតិទឹក ការអស់កម្លាំងដោយសារកម្ដៅ ឬសូម្បីតែជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ។ នេះជារបៀបដែលអ្នកអាចរក្សាសុវត្ថិភាព និងមានសុខភាពល្អ៖ផឹកទឹកឱ្យបានច្រើនពេញមួយថ្ងៃ — ទោះបីជាអ្នកមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ បន្ថែមអេឡិចត្រូលីតប្រសិនបើអ្នកបែកញើសច្រើន (ភេសជ្ជៈកីឡា ទឹកដូង) ជៀសវាងកាហ្វេអ៊ីន ឬគ្រឿងស្រវឹងច្រើនពេក — វាធ្វើឱ្យអ្នកខ្សោះជាតិទឹក។ ស្លៀកសម្លៀកបំពាក់រលុង ស្រាល និងមានពណ៌ស្រាល ជ្រើសរើសក្រណាត់ដែលមានខ្យល់ចេញចូលបានដូចជាកប្បាស ប្រើមួក ឬឆ័ត្រនៅពេលនៅខាងក្រៅ៕

រដ្ឋបាលរាជធានីភ្នំពេញ ហាម លេងជះទឹក កាំភ្លើងបាញ់ទឹក ជនណានៅតែបំពាននឹងត្រូវទទួលទោស
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញសូមណែនាំដូចខាងក្រោម ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះមិនឱ្យមានការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក កាំភ្លើងបាញ់ទឹក ស្អប់បូមបាញ់ទឹក និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមានរបួស ឬខូចខាតទ្រព្យសម្បត្តិមិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជា ការដ្ឋានយោធភូមិភាគពិសេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញ បទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដល់កងកម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមសេចក្តីណែនាំខាងលើ បង្កឱ្យមានចលាចល ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវ ទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕

កម្ពុជា-សិង្ហបុរី ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET និងបើកឱកាសការងារដល់ពលករកម្ពុជានាពេលអនាគត
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Suresh Natarajan នាយកប្រតិបត្តិនៃវិទ្យាស្ថាន ITE Education Services (ITEES) នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលក្នុងឱកាសនោះដែរ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី "កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)" ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់ស្តង់ដាបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានគុណភាពពេញលេញក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរឧស្សាហកម្ម និងការប្រកួតប្រជែងជាសកល។ការចុះកិច្ចព្រមព្រៀងនេះ គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធ TVET ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ភាពជាអ្នកដឹកនាំ សមត្ថភាព ការសិក្សាអប់រំ និងគុណភាព TVET ក៏ដូចជាការផ្តល់អាជ្ញាបណ្ណ និងវិញ្ញាបនបត្រ TVETជាដើម ដើម្បីធានាថា យុវជនកម្ពុជាដែលបញ្ចប់ការសិក្សានឹងមានជំនាញពិតប្រាកដ និងសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេស គឺឱកាសការងារនៅសិង្ហបុរី។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា MoU នេះកើតចេញពីលទ្ធផលនៃកិច្ចប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងក្រសួង និង ITEES ដោយមានការគាំទ្រយ៉ាងរឹងមាំពីស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា និងផ្អែកលើមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ ដោយឯកឧត្តមបានសម្តែងមោទកភាព ដែល ITEES បានសម្រេចជ្រើសរើសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជា«ដៃគូ» ក្នុងវិស័យជំនាញ និងសេវាអប់រំដ៏មានសារៈសំខាន់នេះ ដែលនឹងជួយលើកកម្ពស់វិស័យ TVET និងការអភិវឌ្ឍជំនាញនៅកម្ពុជាឲ្យឈានឡើងកម្រិតខ្ពស់ថែមទៀត។ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយបើកចំហ ចំពោះអ្នកផ្តល់សេវាអប់រំបរទេស ដែលមិនត្រឹមតែសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលថ្មីៗនេះ កម្ពុជាក៏បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលីជាដើម។ ភាពជាដៃគូជាថ្មីនេះនឹងបន្តរួមចំណែកដល់ការបំប្លែងប្រព័ន្ធ TVET កម្ពុជា និងគាំទ្រចក្ខុវិស័យរួមគ្នា ក្នុងការអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានផលិតភាព និងមានសមត្ថភាពប្រកួតប្រជែង តាមរយៈ ITEES ដែលត្រូវបានស្គាល់ជាសកលសម្រាប់ប្រព័ន្ធ TVET ដ៏រឹងមាំ និងមានភាពធន់។ជាមួយនឹងការបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តទៅតាមស្មារតីនៃ MoU នេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ITEES សម្រាប់ការគាំទ្រដោយឥតងាករេក្នុងការបន្តកិច្ចសហការ ព្រមទាំងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា សម្រាប់ការគាំទ្រយ៉ាងរឹងមាំនាពេលកន្លងមក ដោយឯកឧត្តមជឿជាក់ថា មរតកនៃកិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានពង្រឹងបន្ថែមទៀត។  ទន្ទឹមនឹងនោះ លោក Suresh Natarajan បានលើកឡើងថា វាជាកិត្តិយស និងមោទនភាពសម្រាប់ ITEES ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងនាពេលកន្លងមក។ លោកបានបង្ហាញក្តីសេចក្តីរីករាយយ៉ាងក្រៃលេង ដែលអាចបន្ត MoU ថ្មីនេះ ដែលធានាថា វានឹងបង្កើតឱកាសចំពេល និងលើកកម្ពស់កម្រិតជំនាញសមស្រប ដើម្បីបង្កើតឱកាសឲ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនទទួលបានការងារនៅសិង្ហបុរីផងដែរ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តលើ ITEES ក្នុងកិច្ចខិតខំនាំឱ្យមានកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ហើយ ITEES នៅតែប្តេជ្ញាចិត្តគាំទ្រចក្ខុវិស័យកម្ពុជា ក្នុងការអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ សមត្ថភាពបត់បែន និងត្រៀមខ្លួនសម្រាប់អនាគត។ភាគីទាំងពីរក៏បានពិភាក្សាគ្នាប្រកបដោយភាពស្និទ្ធស្នាល ដើម្បីស្វែងយល់ពីស្ថានភាពទីផ្សារការងារទៅវិញទៅមក ដោយឯកឧត្តមរដ្ឋមន្រ្តីក៏មានបំណងបង្កើតឱ្យមានផ្លាស់ប្តូរកម្មវិធីសិក្សាជំនាញអនុវត្តការងារនៅកន្លែងធ្វើការផ្ទាល់ និងការពង្រីកកិច្ចសន្យាការងារដល់ពលករខ្មែររហូតដល់៣ឆ្នាំផងដែរ។ សូមបញ្ជាក់ថា ITEES បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលមន្ត្រី និងគ្រូបង្គោលកម្ពុជាបានជាង ៦ ០០០នាក់រួចមកហើយ ដែលគាំទ្រដល់ការពង្រឹងគុណភាពបណ្តុះបណ្តាល ការពង្រឹងការគ្រប់គ្រងស្ថាប័ន ឧត្តមភាពនៃការបង្រៀន និងការលើកកម្ពស់ភាពទាក់ទាញកម្លាំងពលកម្ម ក្នុងការរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់៕

បណ្តាញសង្គម