វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃលើជំនាញឆុងកាហ្វេ (កម្រិតដំបូង)
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និងនិស្សិត មេត្តាជ្រាបថា ក្រសួងទេសចរណ៍សហការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (B-HUB Barista Training Center) នឹងរៀបចំបើកវគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍លើជំនាញឆុងកាហ្វេ (កម្រិតដំបូង)៕

អាមេរិកឈានដល់កិច្ចព្រមព្រៀងជាមួយតៃវ៉ាន់ ដើម្បីបន្ថយពន្ធ និងជំរុញការវិនិយោគ
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយតៃវ៉ាន់ដើម្បីកាត់បន្ថយពន្ធលើទំនិញពីកោះនេះ ខណៈពេលដែលបង្កើនការវិនិយោគរបស់ក្រុមហ៊ុនអេឡិចត្រូនិក និងបច្ចេកវិទ្យាតៃវ៉ាន់នៅអាមេរិក។ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងជំរុញឱ្យមានការផ្លាស់ប្តូរវិស័យអេឡិចត្រូនិករបស់អាមេរិកឡើងវិញយ៉ាងច្រើន។ក្រោមកិច្ចព្រមព្រៀងនេះ ទីក្រុងវ៉ាស៊ីនតោននឹងបន្ថយពន្ធលើទំនិញតៃវ៉ាន់មកត្រឹម 15 ភាគរយ ធ្លាក់ចុះពីអត្រា "ទៅវិញទៅមក" 20 ភាគរយដែលមានន័យថា ដោះស្រាយឱនភាពពាណិជ្ជកម្ម និងការអនុវត្តរបស់សហរដ្ឋអាមេរិកដែលខ្លួនចាត់ទុកថាមិនយុត្តិធម៌។តៃវ៉ាន់បាននិយាយថា ខ្លួននឹងនៅតែជាអ្នកផលិតបន្ទះឈីបអេឡិចត្រូនិក AI "សំខាន់បំផុត" របស់ពិភពលោក បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកោះនេះ លោក Kung Ming-hsin បាននិយាយថា "ដោយផ្អែកលើផែនការបច្ចុប្បន្ន តៃវ៉ាន់នឹងនៅតែជាអ្នកផលិតបន្ទះឈីបអេឡិចត្រូនិក AI សំខាន់បំផុតរបស់ពិភពលោក មិនត្រឹមតែសម្រាប់ក្រុមហ៊ុនតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទូទាំងពិភពលោកផងដែរ។លោកបានបន្ថែមថា សមត្ថភាពផលិតកម្មនឹងត្រូវបែងចែកប្រហែល ៨៥-១៥ រវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកនៅឆ្នាំ ២០៣០ និង ៨០-២០ នៅឆ្នាំ ២០៣៦៕

ពិភពលោកវឹកវរណាស់! ប្រទេសអឺរ៉ុបនឹងបញ្ជូនកងទ័ពទៅកាន់ Greenland ដើម្បីការពារពីកណ្តាប់ដៃអាមេរិក
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ប្រទេសជាច្រើនរបស់អង្គការណាតូកំពុងដាក់ពង្រាយបុគ្គលិកយោធាមួយចំនួន ទៅកាន់ Greenland ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយប្រទេសដាណឺម៉ាក ខណៈដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្កើនការគំរាមកំហែងរបស់លោកក្នុងការវាយយកកោះនេះដោយបង្ខំ។សេចក្តីប្រកាសរបស់លោក ត្រាំ បានធ្វើឱ្យសម្ព័ន្ធភាពសន្តិសុខដែលមានអាយុកាលរាប់ទសវត្សរ៍របស់អឺរ៉ុប ដែលដឹកនាំដោយសហរដ្ឋអាមេរិក ធ្លាក់ចូលទៅក្នុងវិបត្តិ ដោយបង្កើនការរំពឹងទុកថា សមាជិកដ៏ធំ និងមានអំណាចបំផុតរបស់អង្គការណាតូ នឹងបញ្ចូលទឹកដីរបស់សមាជិកប្រទេសមួយផ្សេងទៀត ។ប្រទេសដាណឺម៉ាក ដែលទទួលខុសត្រូវចំពោះការការពាររបស់ Greenland បានព្រមានថា ការវាយប្រហារលើ Greenland នឹងបញ្ចប់ NATO ហើយបានប្រកាសថា ខ្លួនកំពុងពង្រីកវត្តមានយោធារបស់ខ្លួន "ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត NATO"។ ចាប់តាំងពីពេលនោះមក ប្រទេសអាល្លឺម៉ង់ ស៊ុយអែត បារាំង និងន័រវែស សុទ្ធតែបានបញ្ជាក់ថា ពួកគេកំពុងបញ្ជូនបុគ្គលិកយោធាទៅកាន់ Greenland ក្នុងសប្តាហ៍នេះ។ ប្រទេសកាណាដា និងបារាំងក៏បាននិយាយផងដែរថា ពួកគេមានគម្រោងបើកស្ថានកុងស៊ុលនៅ Nuuk រដ្ឋធានីរបស់ Greenland ក្នុងសប្តាហ៍ខាងមុខនេះ។ វាមិនមែនជារឿងចម្លែកទេសម្រាប់ប្រទេសណាតូក្នុងការបញ្ជូនកងទ័ពទៅហ្វឹកហាត់នៅក្នុងប្រទេសណាតូផ្សេងទៀត ហើយមានការជំរុញអស់រយៈពេលជាច្រើនឆ្នាំដោយសម្ព័ន្ធមិត្ត រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីបង្កើនសមយុទ្ធរួមគ្នានៅក្នុងតំបន់អាកទិក។ សហរដ្ឋអាមេរិកមានកងទ័ពប្រហែល 150 នាក់ឈរជើងនៅមូលដ្ឋានអវកាស Pituffik របស់ខ្លួននៅភាគពាយ័ព្យនៃកោះហ្គ្រីនឡែន។ប៉ុន្តែទាំងពេលវេលា និងការប្រកាសចុងក្រោយបំផុតដោយប្រទេសអឺរ៉ុប គឺជាការបង្ហាញពីសាមគ្គីភាពដ៏សំខាន់មួយនៅពេលដែលមានភាពតានតឹងដែលមិនធ្លាប់មានពីមុនមកនៅក្នុងណាតូ។លោក Trump បាននិយាយយ៉ាងខ្លាំងអំពីមហិច្ឆតារបស់លោកក្នុងការដណ្តើមយកការគ្រប់គ្រងកោះធំបំផុតរបស់ពិភពលោក រួមទាំងការប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់ ដោយនិយាយថាលោក "នឹងធ្វើអ្វីមួយនៅលើកោះហ្គ្រីនឡែន មិនថាពួកគេចូលចិត្តឬអត់នោះទេ៕

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទរំលោភច្បាប់អាជ្ញាសឹក
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

(កូរ៉េខាងត្បូង)៖ ចៅក្រមកូរ៉េខាងត្បូងម្នាក់បានកាត់ទោសអតីតប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃសុក្រឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំពីបទរារាំងយុត្តិធម៌ និងឧក្រិដ្ឋកម្មផ្សេងទៀតដែលទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹកដ៏មហន្តរាយរបស់គាត់ និងផលវិបាកដ៏ច្របូកច្របល់របស់វា។ នេះគឺជាសាលក្រមដំបូងក្នុងចំណោមសាលក្រមជាបន្តបន្ទាប់សម្រាប់អតីតមេដឹកនាំដ៏អាម៉ាស់រូបនេះ ដែលការផ្អាកការគ្រប់គ្រងស៊ីវិលរយៈពេលខ្លីនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2024 បានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំង និងការប្រឈមមុខដាក់គ្នានៅក្នុងសភា។ឥឡូវនេះលោកត្រូវបានបណ្តេញចេញពីអំណាចហើយប្រឈមមុខនឹងការកាត់ក្តីជាច្រើនសម្រាប់សកម្មភាពដែលបានធ្វើឡើងក្នុងអំឡុងពេលនៃមហន្តរាយនោះ និងក្នុងភាពចលាចលដែលបានកើតឡើងបន្ទាប់ពីនោះ។ នៅថ្ងៃសុក្រ ចៅក្រម Baek Dae-hyun នៅតុលាការស្រុកកណ្តាលទីក្រុងសេអ៊ូលបាននិយាយថា លោកបានរកឃើញថា Yoon មានទោសពីបទរារាំងយុត្តិធម៌ដោយរារាំងអ្នកស៊ើបអង្កេត ពីការឃុំខ្លួនលោក។ Baek បាននិយាយថា Yoon បានរំលោភអំណាចរបស់លោកដោយបង្វែរមន្ត្រីនៃសេវាសន្តិសុខប្រធានាធិបតីប្រឆាំងនឹងរដ្ឋ ហើយបានប្រើប្រាស់ពួកគេជា "ឆ្មាំផ្ទាល់ខ្លួន" របស់លោកដែលបម្រើ "សុវត្ថិភាព និងផលប្រយោជន៍ឯកជន" របស់លោក។Yoon ក៏ត្រូវបានរកឃើញថាមានទោសពីបទមិនរាប់បញ្ចូល សមាជិកគណៈរដ្ឋមន្ត្រី ពីកិច្ចប្រជុំរៀបចំផែនការច្បាប់អាជ្ញាសឹកផងដែរ។ ចៅក្រមបាននិយាយថា «ទោះបីជាមានកាតព្វកិច្ចលើសពីកាតព្វកិច្ចផ្សេងទៀតទាំងអស់ ដើម្បីគោរពរដ្ឋធម្មនុញ្ញ និងគោរពនីតិរដ្ឋក្នុងនាមជាប្រធានាធិបតីក៏ដោយ ចុងចោទបានបង្ហាញអាកប្បកិរិយាមិនអើពើនឹង រដ្ឋធម្មនុញ្ញ ហើយកំហុសរបស់ចុងចោទគឺធ្ងន់ធ្ងរខ្លាំងណាស់»។ ទោះជាយ៉ាងណា បន្ទាប់ពីការចេញសាលក្រមនេះ លោក Yoon មានរយៈពេលប្រាំពីរថ្ងៃដើម្បីប្តឹងឧទ្ធរណ៍។  

សមាគមទេសចរណ៍កម្ពុជា (CATA) ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កាន់តែរីកចម្រើន និងបន្តរក្សានូវភាពធន់ និងភាពប្រកួតប្រជែងក្នុងតំបន់
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាគមទេសចរណ៍ (CATA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងសមាគម ដើម្បីស្វែងរកវិធានការគន្លឹះរួមគ្នាក្នុងគោលដៅបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍កម្ពុជា ដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ឆាយ ស៊ីលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), ឯកឧត្តម អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ប្រធាននាយកដ្ឋាន និងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកនៃសមាគមទេសចរណ៍ សរុបចំនួន ១១០នាក់។មុនចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសមាគមទេសចរណ៍កម្ពុជា ដែលបានចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ តាមរយៈមូលនិធិមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន។ឆ្លៀតក្នុងឱកាសនៃពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន (PRC) ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ នៅដំណាក់កាលអនុវត្តសាកល្បងនៅឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។ជាកិច្ចបន្ទាប់ ក្រោយពីឯកឧត្តមរដ្ឋមន្រ្តីបានស្តាប់សេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពសកម្មភាពរបស់សមាគមទេសចរណ៍កម្ពុជា និងសំណូមពរ ព្រមទាំងបញ្ហាប្រឈមរបស់សមាជិក សមាជិកានៃសមាគមរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសមាគមត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែមានទម្ងន់ខ្លាំងក្នុងកម្រិតតំបន់ និងពិភពលោក តាមរយៈការពង្រឹងរចនាសម្ព័ន្ធឱ្យបានរឹងមាំ និងត្រូវពង្រីកសមាជិករបស់ខ្លួនបន្ថែម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យសមាគមរៀបចំជាផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ឱ្យបានឆាប់ ក្រោមទម្រង់ជា Practical Cooperation Action Plan និងត្រូវបន្ស៊ីជាមួយផែនការសកម្មភាពក្នុងរដូវកាលបៃតងក្នុងឆ្នាំ២០២៦ នេះ។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពីការងារផ្សព្វផ្សាយទេសចរណ៍ ដោយសមាគមត្រូវយកចិត្តទុកដាក់ និងចូលរួមលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត។ បន្ថែមពីនេះ សមាគម ប្តេជ្ញាចូលរួមសហការជាមួយក្រសួងទេសចរណ៍ ជាពិសេសត្រូវចូលរួមជាមួយក្រសួងទេសចរណ៍នៅក្នុងសមរភូមិព័ត៌មានទេសចរណ៍តាមរយៈយុទ្ធនាការ «ចាក់ទឹកថ្លា ក្នុងទឹកល្អក់»។

ក្រសួងការងារ៖ ឱកាសការងារនៅសល់ជិត ៩ម៉ឺនកន្លែងទៀត កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ នៅសល់ឱកាសការងារជិត ៩ម៉ឺនកន្លែងទៀត កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី១៦ ខែមករាថា នៅសល់ឱកាសការងារចំនួន ៨៧ ៩៨១កន្លែងទៀត នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ។  ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យសេវាកម្ម ហើយរាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញមានចំនួន ២៥ ០៧៩កន្លែង, ខេត្តកំពង់ស្ពឺមានចំនួន ២៣ ៥១៥កន្លែង, ខេត្តកណ្ដាលមានចំនួន ១២ ០២១កន្លែង, ខេត្តតាកែវមានចំនួន ៨ ៧៧៧កន្លែង និងខេត្តស្វាយរៀងមានចំនួន ៥ ៧៧៤កន្លែង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃជាង ៣១ម៉ឺននាក់ហើយ បានទទួលការងារធ្វើតាមរយៈយន្ដការរបស់ក្រសួង ហើយមានបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន៕

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក សម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យថ្មីដែលជាអគារផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ថ្ងៃទី ១៦ មករា ២០២៦ — ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក បានរៀបចំ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យថ្មីដែលជាអគារផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន នេះជាសញ្ញាសម្គាល់ក្នុងការបោះជំហាននៃភាពជោគជ័យថ្មីក្នុងការពង្រីកសក្កានុពល ពង្រឹងសមត្ថភាពប្រតិបត្តិការ និងការបន្តអភិវឌ្ឍសេវាកម្មដើម្បីបម្រើអតិថិជន និងដៃគូឲ្យកាន់តែមានប្រសិទ្ធភាព។អគារការិយាល័យថ្មីដែលជាអគារផ្ទាល់ខ្លួនរបស់ក្រុមហ៊ុននេះ  ត្រូវបានរៀបចំឡើងដោយផ្តោតលើ ស្តង់ដារសេវាកម្ម ភាពងាយស្រួលក្នុងការទំនាក់ទំនង បរិយាកាសការងារល្អ បុគ្គលិកមានវិជ្ជាជីវៈខ្ពស់ ដើម្បីគាំទ្រដល់ការផ្តល់សេវាធានារ៉ាប់រងឲ្យកាន់តែមានភាពរហ័ស និងច្បាស់លាស់ ស្របតាមការរីកចម្រើនរបស់វិស័យធានារ៉ាប់រង និងតម្រូវការរបស់អតិថិជនក្នុងយុគសម័យថ្មី។លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ភាគទុនិក នៃក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក បានមានប្រសាសន៍ថា៖ “ពិធីសម្ពោធអគារការិយាល័យថ្មីនេះ មិនត្រឹមតែជាសញ្ញានៃការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែជាជំហានថ្មីមួយ ក្នុងការពង្រឹងសមត្ថភាពប្រតិបត្តិការ ការគ្រប់គ្រងស្តង់ដារសេវាកម្ម និងការផ្តល់បទពិសោធន៍ល្អជូនអតិថិជន និងដៃគូអាជីវកម្ម ឲ្យដំណើរការរលូន មានប្រសិទ្ធភាព និងមានភាពច្បាស់លាស់កាន់តែខ្ពស់”។ក្នុងឱកាសដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពី លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) និងការចូលរួមពី លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា (IAC) ដែលបានផ្តល់កិត្តិយស និងការគាំទ្រអគារការិយាល័យថ្មីផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ដែលឆ្លុះបញ្ជាំងពីការរីកចម្រើនរបស់វិស័យធានារ៉ាប់រងនៅកម្ពុជា។ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងទូទៅ ដែលផ្តោតលើការផ្តល់ដំណោះស្រាយសមស្រប ប្រកបដោយវិជ្ជាជីវៈខ្ពស់ ទំនុកចិត្ត និងងាយស្រួល។បច្ចុប្បន្នយើងមានយានដ្ឋានដៃគូជាង 100យានដ្ឋាន និងមន្ទីរពេទ្យដៃគូជាង 100ម​ន្ទីរពេទ្យ ទូទាំង ២៥រាជធានី-ខេត្ត ដែលអាចឲ្យអតិថិជនទទួលបានសេវាកម្មជួសជុលយានយន្ត និងការព្យាបាលដែលមានគុណភាពល្អ និងរហ័សទាន់ចិត្ត។អំពីក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.កក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានឈ្មោះដើម “ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន” បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ និងបានទទួលអាជ្ញាប័ណ្ណ “ធានារ៉ាប់រងទូទៅ” ផ្លូវការពីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ (បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់និយ័តករធានារ៉ាប់រងកម្ពុជា។បន្ទាប់ពីបានប្រតិបត្តិការ និងពង្រីកអាជីវកម្មមួយរយៈ ក្រុមហ៊ុនបានស្វាគមន៍ដៃគូវិនិយោគជាមួយនឹងក្រុមហ៊ុន ជប៉ុនធំមួយ មានឈ្មោះ “អេស ប៊ី អាយ ហូលឌីងស៍” (SBI Holdings) ចូលជាម្ចាស់ភាគទុនិក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ និងបានប្តូរឈ្មោះពីក្រុមហ៊ុន “លី ហួរ អ៊ិនសួរេន” ទៅជាក្រុមហ៊ុន “លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន” រហូតដល់បច្ចុប្បន្ន។ទីតាំងរបស់ក្រុមហ៊ុន ដើមឡើយស្ថិតនៅអគារជួលលេខ ២៤ A.B.C.D មហាវិថីសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយក្រោយមកក៏បានផ្លាស់ប្ដូរមកកាន់អគារកម្មសិទ្ធិផ្ទាល់របស់ក្រុមហ៊ុន (កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥) ស្ថិតនៅអគារលេខ ២៣០-២៣២ ផ្លូវ៣៤២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺជាទីតាំងដែលពិធីសម្ពោធកំពុងប្រារព្ធធ្វើឡើងនេះ។ដូច្នេះក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន គឺជាក្រុមហ៊ុនធានារ៉ាប់រងទូទៅ ដែលមានទ្រព្យជាអគារកម្មសិទ្ធិផ្ទាល់ខ្លួននៅក្នុងតារាងតុល្យភាពរបស់ក្រុមហ៊ុន។សម្រាប់ព័ត៌មានបន្ថែម អំពីពិធីសម្ពោធនេះ ឬចង់ស្វែងយល់បន្ថែមអំពីក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក សូមចូលទៅកាន់ lyhoursbiinsurance.com.kh ហើយតាមដានទំព័រហ្វេសប៊ុកផ្លូវការ តាមរយៈ៖ Facebook: https://www.facebook.com/lyhoursbiinsuranceTelegram: t.me/lyhourinsuranceInstagram: instagram.com/ly_hour_sbi_insurance/?hl=enLinkedIn: linkedin.com/company/lyhoursbiinsurance/posts/?feedView=allTel: (+855) 81 330 000 

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone» ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នាខេត្តសៀមរាប
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

(សៀមរាប)៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អម (ភូមិហ្រ្វង់កូហ្វូន) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យវឌ្ឍនភាពលើការងារ ពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវអនុសាសន៍បន្ថែមសម្រាប់ការត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone» ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នាខេត្តសៀមរាបខាងមុខនេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍, ព្រមទាំងលោក និងលោកស្រីពីនាយកដ្ឋានជំនាញ នាទីស្តីការក្រសួង។សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។ នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗ ចំនួន ពីរ គឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និង ភូមិហ្វ្រង់កូតិច (FrancoTech)។ ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យនិងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ នឹងរំពឹងថាមានការចូលរួមពីប្រទេសសមាជិកជាង៩០ ប្រទេសនៅលើពិភពលោក ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនឹងជួយជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ៕

គួរបញ្ឈប់ការទម្លាប់ខ្ចប់កាហ្វេ ងាកមកប្រើកែវផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យនៃលេបភាគល្អិតមីក្រូប្លាស្ទិក រាប់សែនចូលក្នុងរាងកាយជារៀងរាល់ថ្ងៃ
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

(អូស្ត្រាលី)៖ តើអ្នកដឹងទេ? ប្រសិនបើមនុស្សម្នាក់ផឹកកាហ្វេក្តៅចំនុះ ៣០០មីលីលីត្រនៅក្នុងកែវប្លាស្ទិកជារៀងរាល់ថ្ងៃ នោះអ្នកអាចទទួលទានភាគល្អិតនៃប្លាស្ទិកតូចៗចំនួន ៣៦៣,០០០ ជារៀងរាល់ឆ្នាំ នេះបើយោង តាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Griffith (អូស្ត្រាលី)។ ការផឹកកាហ្វេ ឬការទិញកាហ្វេយក ទៅញ៉ាំជារៀងរាល់ព្រឹកគឺជាទម្លាប់សម្រាប់មនុស្សជាច្រើន ប៉ុន្តែអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ Griffith (អូស្ត្រាលី) បានព្រមានអំពីហានិភ័យនៃការទទួលទាន ភាគល្អិត ប្លាស្ទិក រាប់ពាន់ ពីការធ្វើបែបនេះជាងរៀងរាល់ថ្ងៃ។នៅក្នុងអត្ថបទមួយដែលបានសរសេរនៅក្នុង The Conversation នៅថ្ងៃទី 14 ខែមករា លោកវេជ្ជបណ្ឌិត Xiangyu Liu ដែលជាសហអ្នកនិពន្ធនៃការសិក្សាមួយស្តីពីការបញ្ចេញមីក្រូប្លាស្ទិកពីពែងដែលបោះចោលបាន ឬកែវជ័របានបញ្ជាក់ថា សម្ភារៈពែង និងសីតុណ្ហភាពភេសជ្ជៈគឺជាកត្តាសំខាន់ពីរដែលជំរុញការបញ្ចេញមីក្រូប្លាស្ទិក។ យោងតាមការស្រាវជ្រាវ ភេសជ្ជៈក្តៅៗ រួមផ្សំជាមួយពែងប្លាស្ទិក បញ្ចេញមីក្រូប្លាស្ទិកបានយ៉ាងមានប្រសិទ្ធភាពជាង។ អ្នកដែលផឹកកាហ្វេក្តៅ 300 មីលីលីត្រក្នុងពែងប្លាស្ទិកជារៀងរាល់ថ្ងៃ អាចទទួលទានភាគល្អិតមីក្រូប្លាស្ទិកចំនួន 363,000 ក្នុងមួយឆ្នាំ។ មីក្រូប្លាស្ទិក គឺជាភាគល្អិតប្លាស្ទិកតូចៗដែលមានទំហំចាប់ពី 1 មីក្រូម៉ែត្រ (ទំហំប្រហាក់ប្រហែលនឹងភាគល្អិតធូលីដី) ដល់ 5 មីលីម៉ែត្រ (ទំហំប៉ុនគ្រាប់ល្ង)។ ភាគល្អិតទាំងនេះត្រូវបានបង្កើតឡើងនៅពេលដែលវត្ថុប្លាស្ទិករលួយ ឬត្រូវបានបញ្ចេញ ដោយផ្ទាល់ពីវាក្នុងអំឡុងពេលប្រើប្រាស់។ ភាគល្អិតទាំងនេះនៅទីបំផុតចូលទៅក្នុងបរិស្ថាន អាហារ និងរាងកាយមនុស្ស។ ដោយផ្អែកលើការវិភាគ ពួកគេបានធ្វើការសាកល្បងលើពិភពលោកពិតលើពែងដែលអាចចោលបានចំនួន ៤០០។ ប្រភេទពីរត្រូវបានជ្រើសរើស៖ ពែងក្រដាស និងពែងប្លាស្ទិកប៉ូលីអេទីឡែន (PE) – ប្រភេទ ដែលត្រូវបានគេប្រើជាទូទៅ ពែងក្រដាសនៅទីនេះគឺជាពែងដែលមើលទៅដូចជាក្រដាស ប៉ុន្តែមានស្រទាប់ប្លាស្ទិកនៅខាងក្នុង។ វត្ថុរាវត្រូវបានចាក់ចូលទៅក្នុងពែងនៅសីតុណ្ហភាព 5°C (ស្រដៀងនឹងសីតុណ្ហភាពកាហ្វេទឹកកក) និង 60°C (សីតុណ្ហភាពកាហ្វេក្តៅ)។ លទ្ធផលបានបង្ហាញថា សីតុណ្ហភាពខ្ពស់បានជំរុញឱ្យមានការកើនឡើង 33% នៃការបញ្ចេញមីក្រូប្លាស្ទិក។ លើសពីនេះ ពែងក្រដាសដែលមានស្រទាប់ប្លាស្ទិកបានបញ្ចេញមីក្រូប្លាស្ទិកតិចជាងពែ ងដែលផលិតពីប្លាស្ទិកទាំងស្រុងនៅសីតុណ្ហភាពទាំងពីរ។ពីមុន ការសិក្សាជាច្រើនទៀតក៏បានបង្ហាញផងដែរថា មនុស្សកំពុង «ផឹក» មីក្រូប្លាស្ទិកពីពែងដែលអាចចោលបាន ក្នុងបរិមាណខុសៗគ្នា។ នៅឆ្នាំ 2022 ក្រុមស្រាវជ្រាវមួយមកពីសាកលវិទ្យាល័យស៊ីឈួន (ប្រទេសចិន) បានរាយការណ៍ថា កាហ្វេក្តៅនៅក្នុងពែងដែលយកទៅញ៉ាំនៅផ្ទះអាចធ្វើឱ្យអ្នកប្រើប្រាស់ប៉ះពាល់នឹង ភាគល្អិតមីក្រូប្លាស្ទិកជិត 1,500 ក្នុងមួយពែង។ ការសិក្សានេះបានសាកល្បងសម្ភារៈប្លាស្ទិក ដែលអាចចោលបានបីប្រភេទ៖ ប៉ូលីភីលីន (PP) ប៉ូលីអេទីឡែនតេរ៉េហ្វថាឡាត (PET) និងប៉ូលីអេទីឡែន (PE)។វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌាក៏បានបោះពុម្ពផ្សាយការសិក្សាស្រដៀងគ្នានេះដែរក្នុងឆ្នាំ ២០២៣ ដោយបានធ្វើតេស្តទឹកក្តៅ ៩៥°C លើពែងបោះចោលចំនួន ៩០ បាច់ រួមទាំងប្រភេទបីគឺ៖ ពែងក្រដាសដែលមានស្រទាប់ប្លាស្ទិក PE ពែងប្លាស្ទិក PP និងពែងប្លាស្ទិក PS។ បន្ទាប់ពី ២០ នាទី បរិមាណមីក្រូប្លាស្ទិកដែលបញ្ចេញមានពី ៦៧៥-៦០០០ ភាគល្អិតក្នុងមួយលីត្រ។នេះបើយោងតាម The Conversation, Dailymail និងបណ្ណាល័យវេជ្ជសាស្ត្រជាតិសហរដ្ឋអាមេរិក។ ជាហេតុ ក្រុមស្រាវជ្រាវណែនាំឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរសម្ភារៈដែលពួកគេប្រើសម្រាប់ដាក់កាហ្វេរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យ។ ចំពោះភេសជ្ជៈក្តៅ ជម្រើសដ៏ល្អបំផុតគឺពែងដែលអាចប្រើឡើងវិញបានដែលធ្វើពីដែកអ៊ីណុក សេរ៉ាមិច ឬកញ្ចក់ ព្រោះសម្ភារៈទាំងនេះមិនបញ្ចេញមីក្រូប្លាស្ទិកទេ។ ប្រសិនបើមិនមានជម្រើសផ្សេងទៀតក្រៅពីពែង ដែលអាចចោលបានទេ ពួកគេត្រូវបានណែនាំឱ្យជ្រើសរើសពែងក្រដាសដែលមានស្រទាប់ប្លាស្ទិក ដែលនឹងបញ្ចេញមីក្រូប្លាស្ទិកក្នុងបរិមាណតិច។អ្នកវិទ្យាសាស្ត្រណែនាំថា អ្នកឆុងកាហ្វេគួរតែជៀសវាងការចាក់សារធាតុរាវ ពុះចូលទៅក្នុងពែងប្លាស្ទិក ឬថង់ប្លាស្ទិក។ ការធ្វើឱ្យកាហ្វេត្រជាក់មុនពេលចាក់វាចូលទៅក្នុងពែងគឺមានសារៈសំខាន់ ណាស់ដើម្បីចៀសវាងបញ្ហានេះ។

អាមេរិក ចាប់ផ្តើមលក់ប្រេងវេណេស៊ុយអេឡាជាផ្លូវការហើយ តម្លៃ៥០០លានដុល្លារ
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

(អន្តរជាតិ)៖ យោងតាមមន្ត្រីរដ្ឋបាលម្នាក់ សហរដ្ឋអាមេរិកបានបញ្ចប់ការលក់ប្រេងវេណេស៊ុយអេឡាលើកដំបូងរបស់ខ្លួន ដែលមានតម្លៃ ៥០០ លានដុល្លារ។មន្ត្រីរូបនេះបានបន្ថែមថា ការលក់ប្រេងបន្ថែមត្រូវបានគេរំពឹងទុកនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ។ក្នុងរយៈពេលប៉ុន្មានថ្ងៃចាប់តាំងពីសហរដ្ឋអាមេរិកបានវាយប្រហារប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតីរបស់ខ្លួន គឺលោក Nicolás Maduro កាលពីដើមខែនេះ ប្រធានាធិបតី Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា លោកមានគម្រោងទាញយកអត្ថប្រយោជន៍ពីទុនបម្រុងប្រេងដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេស។លោក Trump បាននិយាយថា ឧស្សាហកម្មប្រេងនឹងវិនិយោគយ៉ាងហោចណាស់ ១០០ ពាន់លានដុល្លារ ដើម្បីកសាងវិស័យថាមពលដែលរងការខូចខាតរបស់ប្រទេសវេណេស៊ុយអេឡាឡើងវិញ  ទោះបីជាវាមិនច្បាស់ថាចំនួននោះមកពីណាក៏ដោយ។ផែនការរបស់រដ្ឋបាលក្នុងការទាញយកអត្ថប្រយោជន៍ពីប្រេងរបស់វេណេស៊ុយអេឡាត្រូវបានជួបប្រទះនឹងការសង្ស័យដោយនាយកប្រតិបត្តិថាមពលអាមេរិកនៅឯសេតវិមាន។លោក Darren Woods នាយកប្រតិបត្តិក្រុមហ៊ុន ExxonMobil បានប្រាប់មន្ត្រីនៅពេលពិភាក្សាអំពីឧបសគ្គក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសវេណេស៊ុយអេឡាថា "វាមិនអាចវិនិយោគបានទេ"។ "មានក្របខ័ណ្ឌច្បាប់ និងពាណិជ្ជកម្មមួយចំនួនដែលត្រូវបង្កើតឡើង ដើម្បីយល់ពីប្រភេទផលចំណេញដែលយើងនឹងទទួលបានពីការវិនិយោគ"។នាយកប្រតិបត្តិជាច្រើនរូបទៀតក៏បានបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសអាមេរិកឡាទីនដែលកំពុងជួបបញ្ហាផងដែរ។ បន្ទាប់ពីកិច្ចប្រជុំដ៏វែងមួយនៅសេតវិមាន លោក Trump និងជំនួយការកំពូលរបស់លោកបានចេញមកដោយគ្មានការប្តេជ្ញាចិត្តសំខាន់ៗណាមួយពីក្រុមហ៊ុននានាក្នុងការវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសនោះទេ។ព័ត៌មានលម្អិតអំពីការលក់ប្រេងលើកដំបូងមិនច្បាស់លាស់ទេ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យសេតវិមានលោក Taylor Rogers បាននិយាយថា "ក្រុមរបស់លោកប្រធានាធិបតី Trump កំពុងសម្របសម្រួលការពិភាក្សាវិជ្ជមាន និងបន្តជាមួយក្រុមហ៊ុនប្រេងដែលត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងការធ្វើការវិនិយោគដែលមិនធ្លាប់មានពីមុនមក ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ប្រទេសវេណេស៊ុយអេឡាឡើងវិញ៕

ដូណាល់ ត្រាំ គំរាមប្រើប្រាស់យោធាលើការតវ៉ាប្រឆាំងនឹងភ្នាក់ងារអន្តោប្រវេសន៍ នៅរដ្ឋ Minnesota
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

(វ៉ាស៊ីនតោនី)៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមថា នឹងប្រើប្រាស់ច្បាប់ Insurrection Act ដើម្បីដាក់ពង្រាយកងកម្លាំងយោធានៅរដ្ឋ Minnesota បន្ទាប់ពីការតវ៉ាដ៏ក្តៅគគុកអស់រយៈពេលជាច្រើនថ្ងៃជុំវិញ ការកើនឡើងនៃភ្នាក់ងារអន្តោប្រវេសន៍នៅតាមដងផ្លូវនៃទីក្រុង Minneapolis។ការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋ និងមន្ត្រីសហព័ន្ធ កាន់តែតានតឹងឡើងៗ បន្ទាប់ពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយបាន បាញ់សម្លាប់ពលរដ្ឋអាមេរិកម្នាក់ឈ្មោះ Renee Good នៅក្នុងឡានកាលពីប្រាំបីថ្ងៃមុន នៅទីក្រុង Minneapolis ហើយការតវ៉ាបានរីករាលដាលដល់ទីក្រុងដទៃទៀត។ ការគំរាមកំហែងចុងក្រោយរបស់លោក Trump បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ម្នាក់បានបាញ់បុរសជនជាតិវេណេស៊ុយអេឡាម្នាក់ ដែលរដ្ឋាភិបាលបាននិយាយថា កំពុងរត់គេចខ្លួនបន្ទាប់ពីភ្នាក់ងារបានព្យាយាមបញ្ឈប់យានយន្តរបស់គាត់នៅទីក្រុង Minneapolis៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឧបការីចិន មានជំនឿចិត្តខ្ពស់លើការងារបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-ចិន ដើម្បីបង្ការ ទប់សង្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាប្រធានបទស្នូលមួយដ៏លេចធ្លោ នៃជំនួបពិភាក្សាការងាររវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ។ បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ បានកំពុងនាំមកនូវលទ្ធផលជាក់ស្ដែង ប្រកបដោយទំនុកចិត្តខ្ពស់ដល់គ្នាទៅវិញទៅមកគួរជាទីពេញចិត្តពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវការសម្រេចបានបុព្វហេតុរួម នៃការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដល់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងមនុស្សជាតិក្នុងតំបន់ និងពិភពលោក។ ក្នុងនាមក្រសួងសាធារណៈចិន ឯកឧត្តម លីវ ចុងអ៊ី បានកោតសរសើរការដឹកនាំ​ដ៏មុះមុតប៉ិនប្រសព្វ និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជាពិសេសក្នុងការងារដោះស្រាយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងលទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីៗនេះ ព្រមជាមួយការដាក់ចេញ និងពង្រឹងបន្ថែមទៀតនូវយន្តការថ្មីៗជាបន្ដបន្ទាប់ ដើម្បីរួមចំណែកដោះស្រាយបញ្ហា ដែលមានការប្រឈមជាសាកលមួយនេះ។ ឯកឧត្តមឧបការី បានមានប្រសាសន៍ទៀតថា អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ដែលក៏មានក្រសួងមហាផ្ទៃជាសេនាធិការស្នូលផងនោះ បានបង្ហាញឱ្យមជ្ឈដ្ឋានខាងក្រៅ​មើលឃើញយ៉ាងច្បាស់ពីជំហរមិនរាថយរបស់កម្ពុជា ក្នុងបេសកកម្មពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅលើកកម្ពស់សុវត្ថិភាព​ សន្តិសុខ សម្រាប់ប្រជាពលរដ្ឋកម្ពុជា សម្រាប់មនុស្សជាតិក្នុងតំបន់ និងពិភពលោក រួមទាំងជនជាតិចិន ហើយថា បច្ច័យនេះ នឹងជួយលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងជំរុញដល់វិស័យសេដ្ឋកិច្ច។ ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញវិធានការដ៏មុតស្រួច ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ ដូចជាការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ជាដើម។ បើតាមប្រមុខក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងនឹងបន្តកិច្ចសហការជាមួយភាគីចិន និងបណ្ដាប្រទេស ព្រមទាំងអង្គការជាដៃគូផ្សេងៗទៀតឱ្យបានកាន់តែសកម្មជាងនេះ ស្របគ្នានឹងការដាក់ចេញ​វិធាការ និងគ្រប់យន្តការ ដើម្បីបពង្រឹងការអនុវត្តច្បាប់ ឈានទៅសម្រេចឱ្យបានជាអតិបរមានូវលទ្ធផលនៃការលុបបំបាត់រាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

កម្ពុជា និងកាណាដាសហការរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងការរៀបចំព្រឹត្តការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

(សៀមរាប)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគី និងការរៀបចំព្រឹត្តការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ក្នុងឱកាសនៃជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើគ្រប់វិស័យ និងកត្តាសុខសុវត្ថិភាពដ៏ល្អប្រសើរដែលកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏គូសបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីពីកិច្ចសហប្រតិ្តការដ៏ល្អលើគ្រប់វិស័យជាមួយកម្ពុជាកន្លងមក និងការវិនិយោគធំៗ គួរជាទីមោទនៈរបស់វិនិយោគិនកាណាដានៅកម្ពុជា ដូចជាធនាគារវឌ្ឍនៈអាស៊ី ឬស្គាល់ជាទូទៅថា ABA ដែលបានសម្រេចបណ្តាក់ទុនវិនិយោគ ផ្អែកលើសក្តានុពលវិនិយោគ និងទេសចរណ៍ ក៏ដូចជាថាមវន្តនៃប្រជាជនកម្ពុជា។​ ទន្ទឹមនឹងនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីជំហរគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការរៀបចំ "ភូមិហ្រ្វង់កូហ្វូន - Village Francophone" ដែលជាព្រឹត្តការណ៍អមដ៏សំខាន់ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែលជានិច្ចជាកាលតែងតែជួយឧបត្តម្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ ស្តែងតាមរយៈ កំណើនភ្ញៀវទេសចរកាណាដាមកទស្សនាកម្ពុជាដែលចេះតែកើនឡើងមិនឈប់ឈរជារៀងរាល់ឆ្នាំ រួមទាំងការបណ្តាក់ទុនដោយផ្ទាល់របស់ធនាគារជាតិកាណាដា (National Bank of Canada) នៅកម្ពុជាដែលបានផ្តល់ភាពងាយស្រួលក្នុងការផ្តល់នូវសេវាកម្មទូទាត់ដល់ភ្ញៀវទេសចរ និងពាណិជ្ជករកាណាដាធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។​ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូត ពីការត្រៀមលក្ខណៈជាស្រេចរបស់ក្រសួងទេសចរណ៍ ស្ថាប័នមានសមត្ថកិច្ច និងវិស័យឯកជនរបស់កម្ពុជា ដើម្បីទាក់ទាញ និងឆើ្លយតបនឹងកំណើនភ្ញៀវទេសចរកាណាដា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ លើចំនួនជិត ៤៥.០០០នាក់ នាឆ្នាំ២០២៥ កន្លងទៅនេះ តាមរយៈការពង្រឹងកិច្ចសហការជាមួយស្ថានទូតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ កតា្តសុខសុវត្ថភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានល្អប្រសើរ ព្រឹត្តការណ៍ជំរុញទេសចរណ៍និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច៕

សំបុកឧក្រិដ្ឋជននៅនេះសោះ! មេគ្រឿងញៀនជនជាតិចិនតៃវ៉ាន់ ដែលមានសិទ្ធិស្នាក់នៅថៃ ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

(បាងកក)៖ ប៉ូលិសប្រឆាំងគ្រឿងញៀនរបស់ថៃបានចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលត្រូវបានពិពណ៌នាថា ជាមេខ្លោងសំខាន់ម្នាក់ នៅពីក្រោយបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន ហើយបានរកឃើញគ្រឿងញៀនជាច្រើន លាក់នៅក្នុងកម្រាលព្រំ រួមជាមួយសម្ភារសង្ស័យត្រៀមសម្រាប់ធ្វើការនាំចេញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦។ ជនសង្ស័យឈ្មោះ ឈៀង មីងហ្វេង អាយុ ២៧ ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៥ ខែមករា នៅខុនដូមួយក្នុងតំបន់អាសុខ នៃទីក្រុងបាងកក ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាដោយការិយាល័យបង្ក្រាបគ្រឿងញៀន ផ្នែកស៊ើបអង្កេតរបស់ការិយាល័យអន្តោប្រវេសន៍ និងអង្គភាពស៊ើបអង្កេតរបស់ប៉ូលីសក្រុង។ ប៉ូលីសបាននិយាយថា ឈៀង គឺជាអ្នកសម្របសម្រួលសំខាន់នៃក្រុមជួញដូរគ្រឿងញៀនអន្តរជាតិ ហើយបានរត់គេចខ្លួនពីដីកាចាប់ខ្លួនបរទេស មុនពេលចូលប្រទេសថៃ។ ការឆែកឆេរបន្ទប់មេគ្រឿងញៀនរូបនេះបានរកឃើញថ្នាំ ketamine ប្រហែល ៥ ក្រាម និងវត្ថុគួរឱ្យសង្ស័យជាច្រើន រួមទាំងកំរាលព្រំធំៗជាច្រើន ម៉ាស៊ីនដេរ និងឧបករណ៍ដេរជាច្រើន។ ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា កំរាលព្រំទាំងនោះត្រូវបានដេរភ្ជាប់ជាមួយនឹងបន្ទប់លាក់ទុកជាច្រើន ដែលមានម្សៅពណ៌សស្រដៀង នឹងគ្រឿងញៀនខុសច្បាប់ ដែលវេចខ្ចប់តាមរបៀប ដែលបង្ហាញពីការរៀបចំសម្រាប់ការដឹកជញ្ជូនទៅក្រៅប្រទេស។ ការស៊ើបអង្កេតកាន់តែស៊ីជម្រៅបានរកឃើញថា ឈៀង ត្រូវបានចោទប្រកាន់ថាបានបម្រើការជា «ខួរក្បាល» នៃបណ្តាញ ដោយរៀបចំផែនការ និងដឹកនាំការដឹកជញ្ជូនគ្រឿងញៀនទៅក្រៅប្រទេស ដោយបំលែងហេរ៉ូអ៊ីន ដែលជាគ្រឿងញៀនប្រភេទទី 1 ទៅជាសារធាតុរាវពណ៌សស្រដៀងនឹងឡេ ដែលបន្ទាប់មកត្រូវបានលាក់ទុកក្នុងធុងក្លែងក្លាយ ដែលមានការវេចខ្ចប់ប្រាកដនិយមដើម្បីគេចពីការរកឃើញ។ កញ្ចប់ទាំងនោះត្រូវបានចោទប្រកាន់ថាបានបញ្ជូនទៅក្រៅប្រទេសតាមរយៈសេវាប្រៃសណីយ៍អន្តរជាតិ។ប៉ូលីសបាននិយាយថា ចារកម្មបានបង្ហាញថា ហេរ៉ូអ៊ីនរាវប្រហែលពីរកេស ដែលមានទម្ងន់សរុបប្រហែល ១០ គីឡូក្រាម ត្រូវបានរត់ពន្ធពីប្រទេសឡាវទៅកាន់តៃវ៉ាន់ ដែលនាំឱ្យក្រុមអ្នកស៊ើបអង្កេតកំណត់អត្តសញ្ញាណ Chiang ជាអ្នករៀបចំប្រតិបត្តិការនេះ។ ការត្រួតពិនិត្យប្រវត្តិបានបង្ហាញថា Chiang ត្រូវបានអាជ្ញាធរតៃវ៉ាន់ចង់បាន ក្រោមបទចោទប្រកាន់ព្រហ្មទណ្ឌធ្ងន់ធ្ងរចំនួនបួន៖ ការប៉ុនប៉ងឃាតកម្ម ការចូលរួមក្នុងអង្គការឧក្រិដ្ឋកម្ម ការក្លែងបន្លំ និងចោរកម្មមន្ត្រីអន្តោប្រវេសន៍ថៃបានដកហូតការអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសរបស់គាត់។

ចៀសវាងផលិតផលទាំងនេះ! សាប៊ូកក់សក់ និងទឹកអនាម័យស្ត្រីប៉ុន្មានប្រភេទនេះបានប្រមូលមកវិញ ក្រោយមានផ្ទុកសារធាតុហាមឃាត់
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

(វៀតណាម)៖ រដ្ឋបាលឱសថវៀតណាម បានសម្រេចផ្អាកចរាចរ និងប្រមូលផលិតផលគ្រឿងសម្អាងចំនួន ៨ មុខទូទាំងប្រទេស ដោយសារតែវាមានផ្ទុកសារធាតុ Miconazole ដែលជាសារធាតុប្រឆាំងផ្សិត ដែលត្រូវបានដកចេញពីបញ្ជីគ្រឿងផ្សំដែលត្រូវបានអនុញ្ញាត នៅក្នុងគ្រឿងសម្អាង។ទីភ្នាក់ងារនិយតកម្មបានបញ្ជាក់ថា វិធានការនេះគឺអនុលោមតាមកិច្ចព្រមព្រៀងគ្រឿងសំអាងអាស៊ាន។ ពីមុន នៅក្នុងកិច្ចប្រជុំលើកទី 42 របស់ខ្លួន ក្រុមប្រឹក្សាគ្រឿងសំអាងអាស៊ាន និងក្រុមប្រឹក្សាវិទ្យាសាស្ត្រគ្រឿងសំអាងអាស៊ាន បានយល់ព្រមដាក់បញ្ចូល Miconazole និង Miconazole nitrate ក្នុងបញ្ជីហាមឃាត់។ អ្នកជំនាញបានកំណត់ថា ទាំងនេះគឺជាសារធាតុឱសថដែលប្រើសម្រាប់ព្យាបាលជំងឺ ដែលត្រូវការវេជ្ជបញ្ជា និងការត្រួតពិនិត្យពីវេជ្ជបណ្ឌិត ហើយមិនស័ក្តិសមសម្រាប់ការប្រើប្រាស់ខ្លួនឯងរយៈពេលវែងដោយអ្នកប្រើប្រាស់ក្នុងផលិតផលគ្រឿងសំអាងដូចជាសាប៊ូកក់សក់ ឬដំណោះស្រាយអនាម័យស្ត្រីនោះទេ។ បទប្បញ្ញត្តិថ្មីនេះជួយកំណត់ព្រំដែនរវាងឱសថ និងគ្រឿងសំអាងយ៉ាងច្បាស់លាស់ ដោយការពារហានិភ័យដល់សុខភាពសាធារណៈ។បញ្ជីផលិតផលចំនួន ៨ ដែលត្រូវបំផ្លាញចោលក្នុងបាច់នេះ រួមមានសាប៊ូកក់សក់ប្រឆាំងអង្គែសក់ជាច្រើនប្រភេទ និងទឹកអនាម័យស្ត្រី។ ក្នុងចំណោមផលិតផលទាំងនោះ ក្រុមហ៊ុន Hau Giang Pharmaceutical Joint Stock Company មានផលិតផលចំនួន ៣ គឺ MicoFem Silk, MicoFem Bloom និង MicoFem Calm។ ក្រុមហ៊ុន TEDIS - Viet Ha Pharmaceutical Joint Stock Company ទទួលខុសត្រូវក្នុងការចែកចាយសាប៊ូកក់ សក់ពីរប្រភេទគឺ Biorga Cystiphane Normalizing Anti-Dandruff Shampoo S និង Biorga Cystiphane Intensive Anti-Dandruff Shampoo DS។ផលិតផលដែលនៅសល់រួមមាន Piajour Woman Body Foam ពីក្រុមហ៊ុន HKK Trading Co., Ltd. និងសាប៊ូកក់សក់ប្រឆាំងអង្គែ Dermavia Egeria Minazole ពីរប្រភេទពីក្រុមហ៊ុន BIOPHAR Vietnam Trading និង Import-Export Co., Ltd.។ នាយកដ្ឋានរដ្ឋបាលឱសថតម្រូវឱ្យអាជីវកម្មពាក់ព័ន្ធផ្ញើការជូនដំណឹង ជាបន្ទាន់ ទៅកាន់ប្រព័ន្ធចែកចាយរបស់ពួកគេ និងបន្តការប្រមូលមកវិញ និងបំផ្លាញចោលបាច់ផលិតផលរំលោភបំពានទាំងអស់។ អាជ្ញាធរក៏ណែនាំប្រជាជនឱ្យឈប់ទិញ លក់ និងប្រើប្រាស់ផលិតផលដែលបានរៀបរាប់ខាងលើ ហើយប្រគល់វាទៅអ្នកផ្គត់ផ្គង់វិញ។

បណ្តាញសង្គម