វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ក្រសួងការងារនិង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. និងការចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យសហគ្រាស (LACMS) របស់ក្រសួងការងារ ដល់បណ្ដា២៥ រាជធានី-ខេត្ត
ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» តាមរយៈកិច្ចសហការរវាងមន្ទីរការងារ និងអាជ្ញាធរមូលដ្ឋាន ដោយបានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយផ្ទាល់ដល់បណ្តាសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងសហគ្រាស កសិ-ឧស្សាហកម្ម តាមបណ្ដា២៥រាជធានី-ខេត្ត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងពលកម្មកុមារ។យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងដាស់ស្មារតី និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃពលកម្មកុមារឱ្យកាន់តែទូលំទូលាយ ព្រមទាំងបំផុសការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការឃ្លាំមើល និងរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យ។ ក្នុងនោះដែរ ក្រសួងការងារ ក៏បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរដែនដី សហគមន៍សិប្បកម្ម និងផ្នែកកសិ-ឧស្សាហកម្ម ត្រូវរួមដៃគ្នាទប់ស្កាត់ និងលុបបំបាត់ឱ្យបានដាច់ខាតនូវរាល់ទម្រង់នៃទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារខ្ពស់ និងការការពារសិទ្ធិកុមារបានយ៉ាងពិតប្រាកដ។ទន្ទឹមនឹងការអនុវត្តយុទ្ធនាការនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញនូវវិធានការណែនាំដល់ម្ចាស់សហគ្រាស និងនិយោជកទាំងអស់ ឱ្យបំពេញកាតព្វកិច្ចចុះបញ្ជិកាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជូនដល់បងប្អូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការគាំពារសង្គម។ លើសពីនេះនិយោជកត្រូវតែរួសរាន់ចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យសហគ្រាស (LACMS) របស់ក្រសួងការងារ ឱ្យបានត្រឹមត្រូវតាមការកំណត់ផងដែរ។ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាងទទូចដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាប្តេជ្ញាចិត្តបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ ក្នុងករណីបានជួបប្រទះ ឬមានការសង្ស័យលើការប្រើប្រាស់ពលកម្មកុមារខុសច្បាប់ សូមរាយការណ៍ឱ្យបានលឿនបំផុតតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ Hotline ១២៩៧ ឬ ១២៨៦ ឬតាមប្រអប់បណ្តឹងអនាមិក ដើម្បីឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង អាចចុះចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់បានទាន់ពេលវេលានិងមានប្រសិទ្ធភាព៕

ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជិត ១ ៥០០នាក់ជាលើកទី៣ នៃឃុំចំនួន ៧ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្តិភាព ក្នុងក្រុងកំពង់ចាម ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” សរុបចំនួន ១ ៤៨៨នាក់ (ស្រី ៧២៦នាក់) មកពីឃុំហាន់ជ័យ កៀនជ្រៃ កោះសំរោង រអាង រំចេក ស្រក និងឃុំទ្រាន នៃស្រុកកំពង់សៀម ដែលមានការចូលរួមពីគណៈកម្មាធិការគណបក្សស្រុក ឃុំ និងអនុប្រធាន សមាជិក សមាជិកា​នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកំពង់សៀម។ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន ឯកឧត្តមបានអរគុណ អបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូន និងក្មួយៗជាសមាជិកថ្មីចំពោះការសម្រេចចិត្តផ្អែកតាមសច្ចធម៌ជាប្រវត្តិសាស្ត្រចូលរួមជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានរំដោះជាតិ សង្រ្គោះប្រជាជនឱ្យរស់ឡើងវិញពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាងជាតិនិងថែរក្សាសន្តិភាព ការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដី ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការសម្រេចចិត្តប្រកបដោយសុភនិច្ឆ័យនេះ គឺពិតជាកើតឡើងពីការបំពេញតួនាទីប្រកបដោយស្មារតីបុរេសកម្ម ការគោរព និងប្រកាន់ខ្ជាប់នូវភារកិច្ច និងលក្ខនិ្តកៈបក្ស ក្នុងការចុះសួរសុខទុក្ខ ផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋពីសច្ចភាព ប្រវត្តិ ស្នាដៃ និងកម្មវិធីនយោបាយគណបក្សរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់។នាឱកាសនេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្រ្តីបក្សគ្រប់លំដាប់ថ្នាក់និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដែលកំពុងខិតខំបំពេញការងាររហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការកសាងសមាជិកថ្មីជាបន្តបន្ទាប់ ដែលធ្វើឱ្យចំនួនសមាជិកបក្សកើនឡើងជាលំដាប់ តាមរយៈការអនុវត្តអភិក្រម “រក្សាចាស់បង្កើនថ្មី” ដូចដែល សម្តេចតេជោ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជាតែងតែរំលឹក។ ឯកឧត្តមក៏បានរំលេចប្រាប់បងប្អូនជាសមាជិកថ្មីថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានប្រវត្តិដឹកនាំ និងកាន់អំណាចយូរជាងគេ ហើយនាថ្ងៃអនាគត គណបក្សប្រជាជនកម្ពុជាក៏នឹងនៅតែបន្តកាន់អំណាច ដោយសារមានការគាំទ្រដ៏ច្រើនលើសលប់ពីប្រជាជនទាំងក្នុងនិងក្រៅប្រទេស ចំនួនសមាជិកបន្តកើនឡើង ដែលបានក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រជារាស្ត្រ ដោយមានរចនាសម្ព័ន្ធនិងចក្ខុវិស័យច្បាស់លាស់ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាព ព្រហ្មវិហារធម៌ និងសីលធម៌ និងការផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ដោយហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ជាមួយនឹងការរំលឹកអំពីប្រវត្តិគណបក្សជូនបងប្អូនសមាជិកថ្មីទាំងអស់ ឯកឧត្តម ហេង សួរ ក៏បានស្នើឱ្យបងប្អូនឈ្វេងយល់ពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់គណបក្ស និងឆ្លុះបញ្ចាំងពីស្នូលនៃការដឹកនាំប្រទេសឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យប្រជាជនកាន់តែមានទំនុកចិត្តរហូតទទួលជោគជ័យលើការបោះឆ្នោតគ្រប់អាណត្តិ។ លើសពីនេះក៏ត្រូវគោរពតាមការប្តេជ្ញាចិត្ត លក្ខន្តិកៈបក្ស ច្បាប់រដ្ឋ សាមគ្គីគ្នាជាធ្លុងមួយ ប្រកាន់ខ្ជាប់នូវអត្តចរិតនិងសីលធម៌ល្អ ព្រមទាំងគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ហើយថ្នាក់ដឹកនាំបក្សមូលដ្ឋានក៏ត្រូវត្រៀមខ្លួនជាស្រេចដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ៕

ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
ថ្ងៃទី៣០ ខែឩសភា ឆ្នាំ២០២៦

(ខេត្តជាប់សមុទ្រ)៖ ខេត្ត ៤ ដែល​ស្ថិតនៅជា​ប់ដែនសមុទ្រ នៃប្រទេ​សកម្ពុជា មានឱកាសការងារជិត ៧,០០០កន្លែង សម្រាប់​ផ្ដល់ជូន​អតីតព​លករ​ត្រឡ​ប់មកពី​ប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ដែលបានផ្សព្វ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ តាមរយៈការផ្សព្វផ្សាយ ​ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់ដែនសមុទ្រ រួមមាន​ ខេត្តកោះ​កុង ព្រះ​សីហនុ កំពត និងកែប មានឱ​កាសការងារសរុបចំនួន ៦,៧៥៥កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នក​កំពុង​ស្វែង​រកការ​ងារធ្វើ។ ឱកា​សការងារទាំងនោះ ស្ថិតក្នុងវិស័យ​ឧស្សាហកម្ម កសិកម្ម ​និងវិ​ស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងា​រទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំន​ង ឈ្មោះ​រោងចក្រ និងវិស័យ​ដែលខ្លួនពេញចិត្តបាន​តាមរយៈខិត្ត​បណ្ណ​​ការងាររ​បស់ក្រសួងដែលបា​នផ្ស​ព្វផ្សាយយ៉ា​ងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់​ ជាពិសេសបងប្អូនអតីតពល​ករ ក៏អាច​​ទាក់​ទងមក​ប្រព័ន្ធ​ទំនា​ក់ទំនង​បន្ទាន់ ១២៩៧ ដើម្បី​ឱ្យក្រ​សួងការ​ងារជួយសម្រ​បសម្រួលស្វែង​រក​ការងារជូនផងដែរ។ នេះបើ​តាមក្រ​សួង​ការ​ងារ​ដដែល៕

ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺ មានឱកាសការងារជាង ២០,០០០​កន្លែង កំពុងរង់ចាំអតី​តពលករត្រឡប់​មកពីថៃ និងអ្នក​កំពុង​ស្វែង​រក​កា​រងារ​ធ្វើ
ថ្ងៃទី៣០ ខែឩសភា ឆ្នាំ២០២៦

(កំពង់ស្ពឺ)៖ ខេត្តកំពង់ស្ពឺ មានឱកាសការងារប្រមាណជាង ២០,០០០​កន្លែង សម្រាប់​ផ្ដល់ជូន​អតីតពល​ករត្រឡប់ម​កពីប្រទេសថៃ និងអ្នកកំពុង​ស្វែង​រក​​ការងា​រធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួ​ង​ការងារ និងបណ្ដុះប​ណ្ដាលវិជ្ជា​ជីវៈ ដែល​បានផ្សព្វផ្សា​យកាលពីពេលថ្មី​ៗនេះ។ តាមរយៈការ​ផ្សព្វផ្សាយ ក្រសួងការងារ​បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០​២៦នេះ ខេត្កកំពង់ស្ពឺ​មានឱកាសការងារចំនួន ២២, ១៦៦​កន្លែង កំពុងរ​ង់ចាំ​បងប្អូនអតី​ត​ពលករត្រឡប់​មកពីប្រ​ទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំង​នោះស្ថិតក្នុងវិស័​យឧស្សាហ​កម្ម និង​សេវាកម្ម។ ដើម្បីទទួលបា​នឱកាសការងារទាំងនោះ បងប្អូនអតីតពល​ករត្រឡប់មកពី​ប្រទេសថៃ និងអ្នកកំ​ពុងស្វែងរក​ការងារធ្វើ អាច​ស្វែងរកលេ​ខទំនាក់​ទំន​ង ឈ្មោះ​រោងចក្រ និងវិស័​យដែលខ្លួន​ពេញចិត្តបានតាមរយៈខិត្ត​បណ្ណការងា​ររបស់ក្រសួងដែល​បានផ្សព្វផ្សាយ​យ៉ាងលម្អិត។ ជាមួយគ្នានេះ ​ក្រៅពីទំនាក់ទំនងផ្ទាល់ជា​មួយក្រុមហ៊ុន រោង​ចក្រ សហគ្រាស​ អ្នក​ស្វែងរកការងា​រទាំងអ​ស់ ជាពិសេ​សបងប្អូន​អតីត​ពលករ ក៏អាច​ទាក់​ទ​ងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើ​តាម​ក្រសួ​ង​ការ​ងារ​ដដែ​ល៕

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
ថ្ងៃទី៣០ ខែឩសភា ឆ្នាំ២០២៦

(ក្រចេះ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងនូវខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន THACO AGRI និងសំណេះសំណាលជាមួយបងប្អូនកម្មករដែលកំពុងបម្រើការងារឱ្យក្រុមហ៊ុននៅតំបន់ពហុកសិកម្មស្នួល ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងតំណាងក្រុមហ៊ុនជាច្រើនរូប ដើម្បីឈ្វេងយល់ និងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ ក៏ដូចជាកិច្ចសហការបន្ថែម។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការផ្តល់ទំនុកចិត្ត ហើយបោះទុនវិនិយោគនៅប្រទេសកម្ពុជា ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ ដែលក្នុងនោះក៏មានអតីតពលករមកពីប្រទេសថៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈក្រុមហ៊ុនក៏កំពុងត្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៧ពាន់នាក់ទៀតក្នុងឆ្នាំនេះ។ ទន្ទឹមនេះ ឯកឧត្ដម ហេង សួរ បានគូសបញ្ជាក់ថា ការងារទាំងនេះកើតចេញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញ និងបង្កបរិយាកាសអំណោយផលល្អសម្រាប់អ្នកវិនិយោគពីគ្រប់ប្រទេស ដើម្បីឱ្យបងប្អូនទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកដ៏មានតម្លៃក្នុងការជួយកសាងសេដ្ឋកិច្ចជាតិ។ ជាមួយនឹងប្រតិបត្តិការនៅប្រទេសវៀតណាម និងឡាវ ផងដែរ ក្រុមហ៊ុនពិតជាមានបទពិសោធល្អៗផ្នែកកសិ-ឧស្សាហកម្មប្រកបដោយបច្ចេកទេសទំនើប ហើយកំពុងតែនាំយកមកអនុវត្តនិងចែករំលែក ដែលពិតជាមានសារៈសំខាន់ចំពោះកម្ពុជា ដែលធ្លាប់តែធ្វើកសិកម្មតាមបែបបុរាណ។ តំណាងក្រុមហ៊ុនបានធ្វើបទបង្ហាញពីផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដែលផ្តោតលើ «ការអភិវឌ្ឍបុគ្គលិកមូលដ្ឋាន» ដើម្បីផ្ទេរបច្ចេកទេសនិងអភិវឌ្ឍបុគ្គលិកគ្រប់គ្រងបន្តវេន។ នៅពេលចូលធ្វើការ បងប្អូនក៏ទទួលបានការចុះកិច្ចសន្យាការងារយ៉ាងត្រឹមត្រូវ ហើយក្រុមហ៊ុនក៏បង់ជូនពេញលេញនូវភាគទាននៃរបបសន្តិសុខសង្គមលើផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។ បន្ថែមពីនោះ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកអាហារ ដោយបានរៀបចំផ្ទះបាយ ដើម្បីផ្តល់ជូនអាហារ ៣ពេល/ថ្ងៃ កន្លែងស្នាក់នៅ អគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្អាតដោយឥតគិតថ្លៃ ការពិនិត្យសុខភាពតាមកាលកំណត់ ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលបុគ្គលិកថ្មី បង្កើតហាងទំនិញ ផ្ទះថែទាំកុមារ (មត្តេយ្យកុមារ) និងបន្ទប់សង្គ្រោះបឋម នៅតាមកសិដ្ឋាននីមួយៗផងដែរ។ ក្រៅពីនេះក៏មានការរៀបចំសកម្មភាពផ្សេងៗ ដូចជា ពិធីមង្គលការ ពិធីខួបកំណើត ព្រឹត្តិការណ៍ និងសកម្មភាពវប្បធម៌ ព្រមទាំងការលេងកីឡាជាដើម។ក្រោយពីធ្វើទស្សកិច្ចខ្សែច្រវាក់ផលិតផលរបស់ក្រុមហ៊ុន ឯកឧត្តមក៏បានឆ្លៀតពេលអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករ និងក្មួយៗជាកូនសិស្សប្រកបដោយភាពស្និទ្ធស្នាលផងដែរ ដោយឯកឧត្តមរដ្ឋមន្រ្តីបានរំលេចថា ធ្វើការងារនៅទីនេះ បងប្អូនកម្មករមិនមានកង្វល់ពីការខ្វះកន្លែងស្នាក់នៅ បញ្ហាសេវាសុខភាព និងសេវាអប់រំនោះទេ។ឆ្លើយតបនឹងសំណូមពររបស់ក្រុមហ៊ុនពីកង្វះកម្លាំងពលកម្ម ឯកឧត្តម ហេង សួរ បានណែនាំឱ្យបន្តកិច្ចសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ក្នុងការផ្សព្វផ្សាយជ្រើសរើសកម្មករតាមរយៈវេទិកាការងារ ជាពិសេសផ្តោតលើខេត្តត្បូងឃ្មុំ ដោយរំលេចពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជាច្រើនដូចគ្នានឹងការងារនៅតាមរោងចក្រ សហគ្រាសផងដែរ។ ចំណែកឯការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញបន្ថែម គឺគួរធ្វើឡើងតាមរយៈកម្មវិធី TVET ១,៥លាននាក់ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថាន និងមន្ទីរការងារខេត្ត ដោយបញ្ជូនគ្រូមកបណ្តុះបណ្តាលនៅសាលាឯក្រុមហ៊ុនដោយផ្ទាល់ ហើយក្រសួងក៏នឹងពិចារណាចេញវិញ្ញាបនបត្រកម្រិត C1 C2 និង C3។ ឯកឧត្តមក៏បានជំរុញឱ្យមានការអនុវត្តគំរូ ការសិក្សាផ្អែកលើការងារ (WBL) នៅក្នុងក្រុមហ៊ុន ហើយបេឡាជាតិសន្តិសុខសង្គម និងអគ្គនាយកដ្ឋានការងារ ក៏គួរតែចុះដោយផ្ទាល់ធ្វើបណ្ណ ប.ស.ស. និងចេញសៀវភៅការងារ ដើម្បីសម្រួលដល់បងប្អូនកម្មករនិយោជិតផងដែរ។ក្រុមហ៊ុន THACO AGRI បានចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រវិនិយោគដោយផ្អែកលើគោលការណ៍សរីរាង្គ និងមេត្រីភាពបរិស្ថានក្នុងទ្រង់ទ្រាយធំផ្នែកកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ ដំណាំហូបផ្លែ ជាពិសេសផ្លែចេក) សាងសង់រោងចក្រកែច្នៃ និងចិញ្ចឹមសត្វ កាលពីឆ្នាំ ២០១៩ លើផ្ទៃដីអាជីវកម្មជាង ៩ ម៉ឺនហិកតានៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលក្នុងនោះ នៅកម្ពុជាមានផ្ទៃដីចំនួន ៤៣ ៧៦៤ហិកតា រួមមាន៖ នៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ១០ ៧០៨ ហិកតា និងស្រុកកូនមុំ ស្រុកលំផាត់ និងក្រុងបានលុង ខេត្តរតនគិរីចំនួន ៣៣ ០៥៦ហិកតា។ ក្រុមហ៊ុននាំចេញផលិតផលប្រកបដោយគុណភាពខ្ពស់តាមស្តង់ដាអន្តរជាតិទៅកាន់ប្រទេស ជប៉ុន ចិន និងហុងកុងជាដើម ជាមួយនឹងទស្សនវិស័យក្លាយជាក្រុមហ៊ុនកសិកម្មឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២៧ ដោយពង្រីកទីផ្សារទៅកាន់ប្រទេសកូរ៉េ តំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល៕ 

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia
ថ្ងៃទី៣០ ខែឩសភា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក្នុងគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយបន្ថែមអំពីសក្តានុពលនៃគោលដៅទេសចរណ៍របស់ប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរអន្តរជាតិ និងលើកកម្ពស់កិត្តិនាមនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។ក្នុងពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីលោក ណម វិស្សុត នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី មានជំនឿ និងក្តីរំពឹងយ៉ាងមុតមាំថា ការចុះហត្ថលេខា នាថ្ងៃនេះ គឺជាសក្ខីភាពដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែច្រើនមកទស្សនាព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។ ស្ថិតក្រោមបរិយាកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ក្នុងការជំរុញកំណើនឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ក៏ដូចជាការចូលរួមឧបត្ថម្ភគាំទ្រដល់មហាគ្រួសារវិស័យទេសចរណ៍កម្ពុជា នៅគ្រប់ព្រឹត្តិការណ៍ យុទ្ធនាការ និងកម្មវិធីនានាជាច្រើន នាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ភាពជាដៃគូជាមួយ AirAsia Cambodia ក៏បានឆ្លុះបញ្ចាំងបន្ថែមអំពីទំនុកចិត្តរយៈពេលវែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការវិនិយោគរបស់ក្រុមហ៊ុន មកលើវិស័យទេសចរណ៍ និងអាកាសចរណ៍របស់កម្ពុជាផងដែរ តាមរយៈការពង្រីកបណ្តាញហោះហើរ បង្កើតផ្លូវធ្វើដំណើរថ្មីៗ ការបង្កើតឱកាសការងារ និងពង្រឹងការតភ្ជាប់របស់ប្រទេសកម្ពុជាជាមួយទីផ្សារសំខាន់ៗ ក្នុងតំបន់ និងអន្តរជាតិ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហការរវាង CTB និង AirAsia Cambodia នាថ្ងៃនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការបន្តពង្រឹងកិត្តិនាមព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម ប្រកបដោយភាពទាក់ទាញ ការប្រកួតប្រជែងខ្ពស់ និងឈានមុខនៅក្នុងតំបន់។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ យើងបានច្របាច់បញ្ចូលគ្នានូវចំណុចខ្លាំងក្នុងការធ្វើទីផ្សារគោលដៅ ការតភ្ជាប់ និងការផ្សព្វផ្សាយឌីជីថល ដើម្បីផ្សព្វផ្សាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព មានវប្បធម៌ អរិយធម៌ដ៏យូរលង់ ពោរពេញដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ គួបផ្សំនឹងធម្មជាតិស្រស់ស្អាត បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ម្ហូបអាហារសម្បូរបែប ស្នាមញញឹមនិងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ពីគ្រប់ទិសទី ជាពិសេសភ្ញៀវទេសចរមកពីប្រទេសអូស្ត្រាលី និងឥណ្ឌា ដែលជាគោលដៅទីផ្សារនៃកិច្ចសហប្រតិបត្តិការរវាង CTB និង AirAsia។ ជាការពិតណាស់ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសអូស្ត្រាលី និងឥណ្ឌា គឺជាទីផ្សារទេសចរណ៍យុទ្ធសាស្ត្រដ៏មានសក្តានុពល និងមានកំណើនគួរឱ្យកត់សម្គាល់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ភ្ញៀវទេសចរមកពីប្រទេសទាំងពីរនេះ កំពុងមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើបទពិសោធវប្បធម៌ដ៏សម្បូរបែប គោលដៅទេសចរណ៍បេតិកភណ្ឌ ទេសចរណ៍សុខុមាលភាព (Wellness Tourism) និងម្ហូបអាហារដ៏សម្បូរបែប ដែលកម្ពុជាមានសក្តានុពល និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញតាមសេចក្តីត្រូវការ និងការផ្តល់ជូនភ្ញៀវទេសចរ នូវបទពិសោធដ៏វិសេសវិសាល និងមិនអាចបំភ្លេចបាន៕

ក្រុមហ៊ុន Honda ប្រមូលរថយន្តជិត ៩៩០០០ គ្រឿងនៅសហរដ្ឋអាមេរិក ដោយសារបញ្ហាពោងសុវត្ថិភាព
ថ្ងៃទី៣០ ខែឩសភា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ក្រុមហ៊ុន Honda Motor កំពុងប្រមូលរថយន្តចំនួន 98892 គ្រឿងនៅសហរដ្ឋអាមេរិក ដោយសារ បញ្ហាពោងសុវត្ថិភាពដែលកើតឡើងដោយអចេតនា នេះបើយោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ ផ្លូវហាយវេជាតិសហរដ្ឋអាមេរិក។ការប្រមូលរថយន្តនេះរួមមានរថយន្ត Honda Acura TLX, Accord Hybrid និង Accord ឆ្នាំ 2022 មួយចំនួន នេះបើយោងតាមនិយតកររថយន្ត។និយតករបាននិយាយថា បញ្ហានេះកើតឡើងពីឧបករណ៍ចាប់សញ្ញាទម្ងន់កៅអីអ្នកដំណើរខាងមុខ ដែលអាចប្រេះ និងសៀគ្វីខ្លី។ដោយសារតែបញ្ហានេះ ពោងសុវត្ថិភាពអាចនឹងផ្ទុះដោយអចេតនា ទោះបីជាមានវត្តមានអ្នកដំណើរដូចជាទារកនៅក្នុងកៅអីកុមារ ឬកុមារក៏ដោយ ដែលការដាក់ពង្រាយគួរតែត្រូវបានបង្ក្រាប។ជាផ្នែកមួយនៃដំណោះស្រាយ អ្នកចែកចាយនឹងជំនួសឧបករណ៍ចាប់សញ្ញាទម្ងន់កៅអីដោយមិនគិតថ្លៃ ៕

ចាប់ពីឆ្នាំ២០២៨ ទីក្រុងហាណូយនឹងគិតលុយពីអ្នកបើកបរដែលចូលកណ្តាលទីក្រុង
ថ្ងៃទី៣០ ខែឩសភា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ទីក្រុងហាណូយមានគម្រោងគិតថ្លៃយានយន្តសម្រាប់ការចូលកណ្តាលទីក្រុងចាប់ពីឆ្នាំ២០២៨ ដោយបន្ថែមថា ការកកស្ទះចរាចរណ៍បណ្តាលមកពីការរឹតបន្តឹង លើម៉ូតូប្រើសាំង ខណៈដែលរដ្ឋធានីដែលមានការកកស្ទះចរាចរណ៍ កំពុងព្យាយាមកាត់បន្ថយចរាចរណ៍ និងសម្អាតខ្យល់អាកាសរបស់ខ្លួន។គណៈកម្មាធិការប្រជាជនទីក្រុងហាណូយកំពុងស្វែងរកមតិយោបល់ពីសាធារណជនលើសេចក្តីព្រាងសេចក្តីសម្រេចមួយដែលនឹងកាត់បន្ថយការគិតថ្លៃតាមផ្លូវរង្វង់មូល នៅខាងក្នុងផ្លូវរង្វង់មូលទី១ ក្នុងទីក្រុងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ នៅខាងក្នុងផ្លូវរង្វង់មូលទី២ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០៣០ និងនៅខាងក្នុងផ្លូវរង្វង់មូលទី៣ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០៣២។ផ្លូវរង្វង់មូលទី១ ដែលជាផ្នែកខាងក្នុងបំផុតនៃរង្វង់មូលទាំងបីរបស់រដ្ឋធានី ព័ទ្ធជុំវិញស្នូលប្រវត្តិសាស្ត្រដ៏ក្រាស់ក្រែលជុំវិញតំបន់ហួនគៀម និងបាឌីញ ជាកន្លែងដែលចរាចរណ៍ និងប្រជាជនមានសភាពកកស្ទះបំផុត។ ទំហំនៃបញ្ហានេះពិបាកនឹងនិយាយបំផ្លើសណាស់។ ទីក្រុងហាណូយមានយានយន្តប្រហែល ៨,១ លានគ្រឿង រួមទាំងម៉ូតូប្រហែល ៧ លានគ្រឿង ដែលប្រហែល ៩៥% នៃពួកវាដំណើរការដោយសាំង និងរថយន្ត ១,១ លានគ្រឿង។ យានយន្តប្រមាណ ១,២ លានគ្រឿងផ្សេងទៀតបានហូរចូលជារៀងរាល់ថ្ងៃពីទីក្រុង និងខេត្តជិតខាង។ថ្លៃសេវានេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៅក្នុងយុទ្ធនាការរបស់ទីក្រុងប្រឆាំងនឹងចរាចរណ៍នោះ។ ក្រោមដំណោះស្រាយដាច់ដោយឡែកមួយដែលក្រុមប្រឹក្សាប្រជាជនហាណូយបានអនុម័តនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ រដ្ឋធានីនឹងបើកតំបន់បំភាយឧស្ម័នទាបដំបូងរបស់ខ្លួននៅខាងក្នុងផ្លូវក្រវ៉ាត់លេខ ១ ក្នុងខែកក្កដា ឆ្នាំ ២០២៦ ដោយរឹតបន្តឹងម៉ូតូសាំងតាមពេលវេលានៃថ្ងៃ ឬតំបន់មុនពេលការហាមឃាត់កាន់តែទូលំទូលាយកើតឡើង៕

ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារ ប្រចាំខែឧសភា របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ (តាមកម្មវិធី Zoom meeting)
ថ្ងៃទី៣០ ខែឩសភា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែឧសភា និងកំណត់ទិសដៅសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំងប្រាំ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត (តាមកម្មវិធី Zoom meeting)។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីអនុវត្តន៍ ១. ការងារគ្រប់គ្រងជនជាប់ឃុំ ពង្រឹង និងពន្លឿនការធ្វើបច្ចុប្បន្នភាពប្រព័ន្ធទិន្នន័យជនជាប់ឃុំឱ្យមានភាពច្បាស់លាស់ ពង្រឹងនីតិវិធី និងរឹតបន្តឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងពន្ធនាគារដោយភាពម៉ឺងម៉ាត់ ពិនិត្យឡើងវិញនីតិវិធីអនុញ្ញាតិឱ្យជួបសួរសុខទុក្ខ (ការជួបច្រើនដងលើសការកំណត់)២. ការងារសន្តិសុខសុវត្ថិភាពពន្ធនាគារ អនុវត្តឆែកឆេរជាប្រចាំសម្អាតផ្ទៃក្នុង នៅគ្រប់គោលដៅត្រួតពិនិត្យ និងក្នុងបន្ទប់ឃុំ ត្រួតពិនិត្យឱ្យបានហ្មត់ចត់ចំពោះទំនិញ ឬសម្ភារ (ការជ្រៀតហូរចូលវត្ថុហាមឃាត់) គ្រប់គ្រងតាមដានចំពោះមុខសញ្ញាសំខាន់ៗ (ឧក្រិដ្ឋជន មេក្លោងគ្រឿងញៀន Scams Online ក្មេងទំនើង មុខសញ្ញាញុះញុង និងអ្នកមិនរាងចាល) រាល់ការសន្ទនាទូរស័ព្ទអចល័តឲ្យជនជាប់ឃុំប្រើ ត្រូវចាត់មន្ត្រីតាមដានស្តាប់ជាប្រចាំ។៣. ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធានាសន្តិសុខ ត្រួតពិនិត្យកំផែង របងសុវត្ថិភាព ឬរបងខណ្ឌចែកតំបន់ឃុំ ចំរឹងទ្វារបង្អួចពិដាន ធានាភាពរឹងមាំ ធ្នើរឡៅតឿ ជើងទម្រ ឬជន្ទល់ធ្នើរ ក្តាក្រាល ត្រូវមានការត្រួតពិនិត្យថែទាំ ធានាសុវត្ថិភាព ចោះពង្រីកបង្អួច ដើម្បីឱ្យមានប្រព័ន្ធខ្យល់ចេញ-ចូល និងពន្លឺគ្រប់គ្រាន់៤. ពង្រឹងការងារសុខភាពជនជាប់ឃុំ និងការគ្រប់គ្រងជំងឺឆ្លង បន្ថែមពេលវេលាបញ្ចេញជនជាប់ឃុំហាត់ប្រាណ ឬយកកម្ដៅថ្ងៃ យកចិត្តទុកដាក់តាមដានសុខភាពជនជាប់ឃុំ អ្នកមានជំងឺប្រចាំកាយ ដែលងាយគ្រោះថ្នាក់ ករណីសង្គ្រោះបន្ទាន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា (ជាពិសេសជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ដែលក្រសួងសុខាភិបាលបានដាក់ចេញសេចក្តីប្រកាសព័ត៌មាន) បញ្ហាកើតជំងឺកមរមាស់ (ត្រូវធ្វើអនាម័យខ្លួនប្រាណ-សំលៀកបំពាក់-កន្លែងដេក) បន្តយកចិត្តទុកដាក់របបអាហារជនជាប់ឃុំ (ទាំងបរិមាណ និងគុណភាព) អនាម័យកន្លែងចម្អិនអាហារ និងកន្លែងទុកដាក់គ្រឿងឧបភោគបរិភោគ៥. ពង្រឹងសមត្ថភាពការងារមន្ត្រី ថ្ងៃខាងមុខដ៏ខ្លី អគ្គនាយកដ្ឋានពន្ធនាគារ នឹងទទួលជាអង្គភាពថវិកាអាណាប័ក ផ្ទេរសិទ្ធិ ពេញលេញ ដូច្នេះ គ្រប់អង្គភាពចំណុះត្រូវពង្រឹងសមត្ថភាពមន្ត្រីផ្នែកហិរញ្ញវត្ថុ ត្រូវពិនិត្យអំពីគុណវុឌ្ឍ ការងារហិរញ្ញវត្ថុ និងការងារឌីជីថលតាមអង្គភាពនីមួយៗ គ្រប់គ្រងវត្តមានមន្ត្រី និងពង្រឹងក្រមសីលម៌វិជ្ជាជីវៈ និងបទវិន័យមន្ត្រីពន្ធនាគារ ធ្វើបច្ចុប្បន្នភាពមន្ត្រីមិនបានឆ្លងវគ្គសាលា និងលើកទឹកចិត្តចំពោះមន្ត្រីបញ្ចប់ការសិក្សា ជំរុញលើកទឹកចិត្តមន្ត្រីថ្មី ស្ម័គ្រចិត្តទៅបណ្តុះបណ្តាលវគ្គបរិញ្ញាបត្រនៅប្រទេសវៀតណាម ពង្រឹងសមត្ថភាពផ្នែករបៀប ការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ ការបាញ់គ្រាប់ពិត ដោយទំនាក់ ទំនងសាលានគរបាលជាតិតាមភូមិភាគ មាន ៦ភូមិភាគ (១)នៅខេត្តស្ទឹងត្រែង (២)កំពង់ចាម (៣)កំពង់ស្ពឺ (៤)សៀមរាប (៥)បាត់ដំបង និង (៦)កំពង់ឆ្នាំង) ឬនៅស្នងការនគរបាលខេត្ត ដែលពន្ធនាគារតាំងនៅ ដើម្បីសុំកិច្ចគាំទ្រ។ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI រកឃើញដុំមាសចំនួន៣០៣ដុំ តម្លៃជាង៤០លានដុល្លារនៅក្នុងផ្ទះរបស់អតីតមន្ត្រី CIA ម្នាក់
ថ្ងៃទី២៩ ខែឩសភា ឆ្នាំ២០២៦

(អាមេរិក)៖ អតីតមន្ត្រី CIA មួយរូបត្រូវបានចាប់ខ្លួន បន្ទាប់ពីភ្នាក់ងារ FBI បានឆែកឆេរផ្ទះរបស់គាត់ ហើយបានរកឃើញដុំមាសចំនួន ៣០៣ ដុំ ដែលមានតម្លៃជាង ៤០ លានដុល្លារ។​ស្ថានីយទូរទស្សន៍ CBS បានរាយការណ៍ ដោយដកស្រង់ឯកសារ តុលាការ​សហព័ន្ធថា អតីតមន្ត្រី CIA លោក David Rush ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ហើយកំពុងត្រូវបានឃុំខ្លួនដើម្បីសួរចម្លើយ និងវាយតម្លៃបន្ថែម។ បច្ចុប្បន្នលោក Rush កំពុងប្រឈមមុខនឹងបទចោទប្រកាន់មួយករណីពីបទលួចថវិកាសាធារណៈ។ដីកាចាប់ខ្លួននេះត្រូវបានចេញបន្ទាប់ពីភ្នាក់ងារ FBI បានឆែកឆេរផ្ទះរបស់លោក Rush នៅថ្ងៃទី១៨ ខែឧសភា ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់ថាគាត់បានក្លែងបន្លំសញ្ញាបត្រអប់រំ និងកំណត់ត្រាយោធារបស់គាត់។ ក្នុងអំឡុងពេលឆែកឆេរ ភ្នាក់ងារបានរកឃើញដុំមាសប្រហែល ៣០៣ ដុំ ដែលមានតម្លៃប៉ាន់ស្មានជាង ៤០ លានដុល្លារ រួមជាមួយនឹងសាច់ប្រាក់ពីរលានដុល្លារ និងនាឡិកាថ្លៃៗចំនួន ៣៥ គ្រឿងនៅក្នុងផ្ទះរបស់លោក Rush។យោងតាមឯកសារ និងប្រភពព័ត៌មានរបស់តុលាការ ចន្លោះខែវិច្ឆិកា ឆ្នាំ២០២៥ និងខែមីនា ឆ្នាំ២០២៦ លោក Rush បានស្នើសុំម្តងហើយម្តងទៀតនូវរូបិយប័ណ្ណបរទេស និងដុំមាសមួយចំនួនធំដែលមានតម្លៃរាប់សិបលានដុល្លារពី CIA ដើម្បីទូទាត់ការចំណាយទាក់ទងនឹងការងារ។ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA មិនអាចកំណត់ទីតាំងដុំមាស ឬកំណត់គោលបំណងរបស់វា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះទេ ដូច្នេះហើយវាបានចាប់ផ្តើមការស៊ើបអង្កេតផ្ទៃក្នុងមួយលើលោក Rush ហើយបានបញ្ជូនករណីនេះទៅ FBI។ FBI ចោទប្រកាន់ថា Rush បានកេងប្រវ័ញ្ចដុំមាស ទទួលបានប្រាក់ខែក្លែងក្លាយតាមរយៈមធ្យោបាយក្លែងបន្លំ ក្លែងបន្លំព័ត៌មានផ្ទាល់ខ្លួន និងក្លែងបន្លំប្រព័ន្ធដើម្បីទទួលបានការឈប់សម្រាកយោធា។ ឯកសារ FBI មិនបានបញ្ជាក់ថាសកម្មភាពមួយណារបស់ Rush ដែលនាំឱ្យមានការចោទប្រកាន់នោះទេ។ទីភ្នាក់ងារនេះក៏បានចោទប្រកាន់លោក Rush ពីបទក្លែងបន្លំលិខិតសម្គាល់ខ្លួនរបស់គាត់ទៅឱ្យកងទ័ពជើងទឹក សហរដ្ឋអាមេរិកនៅពេលចុះឈ្មោះចូលបម្រើការងារនៅឆ្នាំ 1997 ដោយផ្តល់សញ្ញាបត្រក្លែងក្លាយ និងឯកសារដែលបង្ហាញថាគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Clemson។ អរគុណចំពោះសញ្ញាបត្រនេះ លោក Rush ត្រូវបានតម្លើងឋានៈជាអនុសេនីយ៍ឯកនៅក្នុងកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងឆ្នាំ 2004 មុនពេលត្រូវបានរំសាយចេញដោយកិត្តិយសនៅឆ្នាំ 2015។ក្រោយមក លោក Rush បានដាក់ពាក្យសុំការងារនៅក្នុងរដ្ឋាភិបាលសហព័ន្ធចំនួនបីដង ដោយអះអាងថា មានសញ្ញាបត្រពីសាកលវិទ្យាល័យ Clemson វិទ្យាស្ថានពហុបច្ចេកទេស Rensselaer និងសាលាបញ្ចប់ការសិក្សា កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ លោកក៏បានចុះបញ្ជីស្ថាប័នទាំងនេះនៅពេលដាក់ពាក្យសុំចូល មើលព័ត៌មានសម្ងាត់ផងដែរ។នៅឆ្នាំ ២០១៨ លោក Rush បានបន្តដាក់ពាក្យសុំតំណែងនាយកប្រតិបត្តិកម្រិតខ្ពស់ ដោយអះអាងថាជានិស្សិតបញ្ចប់ការសិក្សាពីសាលាសាកល្បងអ្នកបើកយន្តហោះរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក និងជានាយកអង្គការសាកល្បងអាវុធរវាងកងទ័ពជើងគោក-កងទ័ពជើងទឹក។ឯកសារស៊ើបអង្កេតរបស់ FBI បានបង្ហាញថា កំណត់ត្រារបស់លោក Rush មានព័ត៌មានមិនពិតទាក់ទងនឹងប្រវត្តិសិក្សា និងការបម្រើយោធារបស់គាត់។ FBI ក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យមិនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Clemson ឬវិទ្យាស្ថានពហុបច្ចេកទេស Rensselaer ហើយក៏មិនធ្លាប់បម្រើការជាអ្នកបើកយន្តហោះកងទ័ពជើងទឹកដែរ។ FBI ក៏បានចោទប្រកាន់លោក Rush ពីបទកុហកភ្នាក់ងាររដ្ឋាភិបាលផងដែរ ដោយអះអាងថាលោកនៅតែស្ថិតនៅក្នុងកងទ័ពជើងទឹកបម្រុងទោះបីជាបានចូលនិវត្តន៍ក៏ដោយ ដោយហេតុនេះទទួលបានប្រាក់រាប់ម៉ឺនដុល្លារក្រោមអត្ថប្រយោជន៍ឈប់សម្រាកយោធា។  

ជំងឺអេបូឡាប្រឈមនឹងហានិភ័យរីករាលដាល ប្រទេសជាច្រើនកំពុងហាមឃាត់ការចូល និងដាក់ឱ្យនៅដាច់ដោយឡែក
ថ្ងៃទី២៩ ខែឩសភា ឆ្នាំ២០២៦

(អន្តរជាតិ)៖ បន្ទាប់ពីសេចក្តីប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO) ទាក់ទងនឹងការផ្ទុះឡើងនៃជំងឺអេបូឡា សហរដ្ឋអាមេរិក កាណាដា និងប្រទេសអាស៊ីជាច្រើនបានធ្វើឱ្យប្រព័ន្ធបង្ការរបស់ពួកគេសកម្មក្នុងពេលដំណាលគ្នា ដោយតម្រូវឱ្យអ្នកដំណើរមកពីតំបន់ដែលរងផលប៉ះពាល់ធ្វើចត្តាឡីស័ករយៈពេល 21 ថ្ងៃ។ កាលពីថ្ងៃទី 25 ខែឧសភា រដ្ឋាភិបាលអ៊ូហ្គង់ដាបានបិទព្រំដែនរបស់ខ្លួនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) រយៈពេលបួនសប្តាហ៍ ហើយតម្រូវឱ្យអ្នកដំណើរទាំងអស់ធ្វើចត្តាឡីស័ករយៈពេល 21 ថ្ងៃ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការព្រមាន ដែលចេញដោយអង្គការសុខភាពពិភពលោកនៅថ្ងៃទី 17 ខែឧសភា នៅពេលដែលអង្គការនេះបានចាត់ថ្នាក់ការ ផ្ទុះឡើងនៃជំងឺអេបូឡាដែលបណ្តាលមកពីពូជ Bundibugyo នៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោថាជា អាសន្នសុខភាពសាធារណៈដែលជាការព្រួយបារម្ភរបស់អន្តរជាតិ ។ មន្ត្រីសុខាភិបាលបានកត់ត្រាករណីសង្ស័យជាង 900 ករណី និងការស្លាប់ចំនួន 220 នាក់នៅក្នុងចំណុចកណ្តាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយមានការព្រួយបារម្ភអំពីការរីករាលដាលនៃមេរោគទៅកាន់ប្រទេសជិតខាង។នៅសហរដ្ឋអាមេរិក រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការចូលរបស់ជនបរទេស និងអ្នកកាន់ប័ណ្ណបៃតង ដែលបានទៅទស្សនាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ូហ្គង់ដា ឬស៊ូដង់ខាងត្បូងក្នុងរយៈពេល 21 ថ្ងៃកន្លងមក។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានត្រួតពិនិត្យអ្នកដំណើរនៅអាកាសយានដ្ឋាន Washington Dulles និង Hartsfield-Jackson Atlanta។ ទីភ្នាក់ងារនេះបានដឹកជញ្ជូនពលរដ្ឋអាមេរិកទាំងអស់ពី តំបន់ដែលរងផលប៉ះពាល់ទៅកាន់ទីតាំងដែលបានកំណត់សម្រាប់ការត្រួតពិនិត្យសីតុណ្ហភាព និងការត្រួតពិនិត្យសុខភាព។ នេះបើយោងតាមកាសែត Reuter។ ប្រទេសកាណាដាបានហាមឃាត់ការចូលប្រទេសរយៈពេល 90 ថ្ងៃសម្រាប់មនុស្សដែលមកពីប្រទេសទាំងបី ដែលបានរៀបរាប់ខាងលើចាប់ពីថ្ងៃទី 26 ខែឧសភា ហើយបានទាមទារឱ្យពលរដ្ឋ និងអ្នករស់នៅអចិន្ត្រៃយ៍ធ្វើចត្តាឡីស័ករយៈពេល 21 ថ្ងៃចាប់ពីថ្ងៃទី 30 ខែឧសភា។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ិកស៊ិក លោក David Kershenovich ក៏បានរឹតបន្តឹងនីតិវិធីត្រួតពិនិត្យអាកាសយានដ្ឋានផងដែរ ណែនាំពលរដ្ឋឱ្យជៀសវាងការធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងតម្រូវឱ្យអ្នកដំណើរមកពីតំបន់ដែលរងផលប៉ះពាល់ធ្វើចត្តាឡីស័ករយៈពេល 21 ថ្ងៃ។នៅតំបន់ការ៉ាប៊ីន ប្រទេសបាហាម៉ាសបានផ្អាកការចូលប្រទេសរយៈពេល ៣០ ថ្ងៃសម្រាប់មនុស្សមកពីប្រទេសអាហ្វ្រិកចំនួនបី ខណៈដែលកោះកៃម៉ានបានបង្កើនការត្រួតពិនិត្យភ្លាមៗ បន្ទាប់ពីបានរកឃើញអ្នកដំណើរពីរនាក់ដែលទើបតែត្រឡប់មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។នៅអាស៊ី ក្រសួងសុខាភិបាលសាធារណៈថៃ និងវៀតណាម បានបង្គាប់ឱ្យអ្នកដំណើរដែលមកដល់ពីសាធារណរដ្ឋប្រ ជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា តាមរយៈអាកាសយានដ្ឋានសុវណ្ណភូមិ ត្រូវធ្វើចត្តាឡីស័ករយៈពេល 21 ថ្ងៃ។ ទីភ្នាក់ងារនេះតម្រូវឱ្យបុគ្គលដែលគ្មានរោគសញ្ញាធ្វើចត្តាឡីស័កដោយខ្លួនឯង និងដាក់ករណីសង្ស័យនៅក្នុងមណ្ឌលព្យាបាល។ប្រទេសឥណ្ឌាបានដាក់ពង្រាយប្រព័ន្ធឃ្លាំមើលយ៉ាងឆាប់រហ័សនៅតាមច្រកព្រំដែនសំខាន់ៗ និងបានណែនាំពលរដ្ឋឱ្យកំណត់ការធ្វើដំណើរទៅកាន់តំបន់ដែលរងផលប៉ះពាល់។នៅមជ្ឈិមបូព៌ា ប្រទេសហ្ស៊កដានី និងបារ៉ែន បានឈប់ទទួលយកអ្នកដំណើរមកពីប្រទេសអាហ្វ្រិកដែ លកំពុងជួបប្រទះនឹងការផ្ទុះឡើងនៃជំងឺនេះ។ ចំពោះប្រទេសជិតខាង ក្រសួងសុខាភិបាលរបស់ប្រទេសកេនយ៉ា បានធ្វើឱ្យកន្លែងធ្វើចត្តាឡីស័កតាមព្រំដែនសកម្ម និងបានប្រគល់ភារកិច្ចឱ្យវិទ្យាស្ថានសុខភាពសាធារណៈជាតិ បង្កើនការត្រួតពិនិត្យ។អាជ្ញាធរសុខភាពពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ណាមួយសម្រាប់វីរុសអេបូឡា Bundibugyo នៅឡើយទេ។ វីរុសនេះត្រូវបានចម្លងពីប្រចៀវផ្លែឈើទៅមនុស្ស បន្ទាប់មករីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាម និងសារធាតុរាវក្នុងរាងកាយតាមរយៈស្បែកដែលបាក់ ឬការប៉ះពាល់ជាមួយសាកសព ក្នុងអំឡុងពេលពិធីបុណ្យបញ្ចុះសព។ អ្នកជំងឺមានរយៈពេលភ្ញាស់ពី 2 ទៅ 21 ថ្ងៃ ជាធម្មតាមានរោគសញ្ញាភ្លាមៗដូចជាគ្រុនក្តៅ ល្ហិតល្ហៃ និងឈឺសាច់ដុំ មុនពេលវិវត្តយ៉ាងឆាប់រហ័សទៅជាក្អួត រាគ ខ្សោយថ្លើម និងខ្សោយតម្រងនោម។  

អតីត​ព្រះចៅអធិការ​វត្ត​សៅលីន ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ២៤ឆ្នាំ ពាក់ព័ន្ធបទចោទជាច្រើន
ថ្ងៃទី២៩ ខែឩសភា ឆ្នាំ២០២៦

(ចិន)៖ អតីតព្រះចៅអធិការវត្តសៅលីន ព្រះនាម ស៊ី យ៉ុងស៊ីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២៤ ឆ្នាំ ពីបទចោទប្រកាន់ជាច្រើន រួមទាំងការកិបកេងប្រាក់ និងការសូកប៉ាន់។ នៅថ្ងៃទី 29 ខែឧសភា តុលាការប្រជាជនកម្រិតមធ្យម Xinxiang ក្នុងប្រទេសចិនបានសម្រេចថា ក្នុងអំឡុងពេលដែលព្រះអង្គជា ព្រះចៅអធិការវត្ត Shaolin និងជាប្រធានមូលនិធិសប្បុរសធម៌ Shaolin លោក Shi Yongxin ដែលត្រូវបានគេស្គាល់ថា Liu Yingcheng បានរំលោភលើតួនាទីរបស់ព្រះអង្គ ដោយកិបកេងប្រាក់ជាង 19.3 លានដុល្លារពីទ្រព្យសម្បត្តិរបស់ អង្គការនេះ ចន្លោះឆ្នាំ 2003 និង 2025 ដោយខុសច្បាប់។ នេះបើតាមកាសែត China Daily។ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ គាត់បានដកប្រាក់ជិត ២២,៣ លានដុល្លារពីមូលនិធិរបស់វត្តសម្រាប់ប្រើប្រាស់ ផ្ទាល់ខ្លួនអស់រយៈពេលជាងបីខែដោយមិនបានប្រគល់ប្រាក់នោះមកវិញ។តុលាការក៏បានកំណត់ផងដែរថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៦ មក លោក Liu Yingcheng បានទទួលប្រាក់ និងទំនិញខុសច្បាប់ជាង ១,៧លានដុល្លារ ដើម្បីជួយដៃគូឈ្នះការដេញថ្លៃសម្រាប់ការសាងសង់វត្តអារាម និងគម្រោងអាជីវកម្មពាក់ព័ន្ធផ្សេងទៀត។ លើសពីនេះ ចន្លោះឆ្នាំ១៩៩៥ និង២០២២ លោកបានសូកប៉ាន់មន្ត្រីរដ្ឋសរុបជិត ៨៣៧.០០០ដុល្លារ ដើម្បីទទួលបានផលប្រយោជន៍ខុសច្បាប់។តុលាការ​បាន​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​លើ​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ រយៈពេល​វែង​នៃ​បទល្មើស និង​ផលវិបាក​ធ្ងន់ធ្ងរ និង​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សង្គម ដើម្បី​ដាក់​ទោស​យ៉ាង​ធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការ​ចៅក្រម​ក៏​បាន​ទទួល​ស្គាល់​ថា លោក Liu Yingcheng បាន​សារភាព​ដោយ​ស្មោះត្រង់​បន្ទាប់​ពី​ការ​ចាប់ខ្លួន ដោយ​បាន​បង្ហាញ​ដោយ​ស្ម័គ្រចិត្ត​អំពី​អំពើ​ឧក្រិដ្ឋ​បន្ថែម​ដែល​អាជ្ញាធរ​ស៊ើបអង្កេត​មិន​បាន​ដឹង និង​បាន​សម្តែង​ការ​សោកស្ដាយ។ នៅទីបំផុត តុលាការបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល 24 ឆ្នាំ និងបានបញ្ជាឱ្យគាត់បង់ប្រាក់ពិន័យចំនួន 515,000 ដុល្លារ។ នៅក្នុងសវនាការ លោក Liu Yingcheng បានទទួលយកសាលក្រម ហើយបាននិយាយថាគាត់នឹងមិនប្តឹងឧទ្ធរណ៍ទេ។លោក Liu Yingcheng ​កើតនៅឆ្នាំ ១៩៦៥ នៅទីក្រុងហ្វូយ៉ាង ខេត្តអានហ៊ុយ។ លោកបានមកដល់វត្តសៅលីននៅឆ្នាំ ១៩៨១ ហើយបានក្លាយជាសិស្សរបស់ចៅអធិការវត្តទី២៩ គឺលោក ធិច ហាញឈីញ។បន្ទាប់ពីព្រះតេជគុណ ធិច ហាន់ឈិញ បានទទួលមរណភាពនៅឆ្នាំ ១៩៨៧ លោក ធិច វិញ ទីន បានទទួលមរតកស្បង់ចីវរ ហើយបានទទួលតំណែងជាប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងវត្តសៅលីន ដោយត្រួតពិនិត្យកិច្ចការវត្តទាំងអស់។ លោកបានក្លាយជាព្រះចៅអធិការវត្តសៅលីនក្នុងឆ្នាំ ១៩៩៩ ហើយក្នុងទសវត្សរ៍បន្តបន្ទាប់ លោកបានពង្រីកការស្រាវជ្រាវ និងផ្សព្វផ្សាយក្បាច់គុនសៅលីននៅបរទេស។ លោកត្រូវបានគេស្គាល់ថាជា "ព្រះសង្ឃនាយកប្រតិបត្តិ" ដោយសារតែលោកបានបង្កើតក្រុមហ៊ុនរាប់សិប។ អាណាចក្រអាជីវកម្មរបស់វត្តសៅលីននៅតែបន្តពង្រីកខ្លួន ដោយចូលទៅក្នុងវិស័យវប្បធម៌ ម្ហូបអាហារ ឱសថ និងសម្លៀកបំពាក់។ ទោះជាយ៉ាងណាក៏ដោយ លោកក៏ត្រូវបានគេរិះគន់ចំពោះការធ្វើពាណិជ្ជកម្មព្រះពុទ្ធសាសនាផងដែរ។លោកបានចាប់ផ្តើមស៊ើបអង្កេតកាលពីខែកក្កដាឆ្នាំមុន ហើយត្រូវបានចាប់ខ្លួននៅពាក់កណ្តាលខែវិច្ឆិកា។ បន្ទាប់ពីរឿងអាស្រូវពាក់ព័ន្ធនឹងអតីតព្រះចៅអធិការ សមាគមពុទ្ធសាសនាចិនបានរិះគន់អាកប្បកិរិយារបស់លោកថា "គួរឱ្យស្អប់ខ្ពើមយ៉ាងខ្លាំង ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់សហគមន៍ពុទ្ធសាសនា ក៏ដូចជារូបភាពរបស់ព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ"។  

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone»
ថ្ងៃទី២៩ ខែឩសភា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការជាតិ និងជាសហប្រធានក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍អមភូមិហ្រ្វង់កូហ្វូន និងលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងជាប្រធានអនុគណៈកម្មការទី៥ «ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល» បានអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំអនុគណៈកម្មការទី៥ «ពិនិត្យ និងពិភាក្សាវឌ្ឍនភាពនៃការរៀបចំព្រឹត្តការណ៍អម» ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំពីក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឯកឧត្តម លោក និងលោកស្រីពីនាយកដ្ឋានជំនាញទទួលបន្ទុក។សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗ ដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។ នាឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក៏មានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗ ចំនួនពីរ គឺ៖ ភូមិហ្រ្វង់កូហ្វូន (Village Francophone) និងភូមិហ្វ្រង់កូតិច (FrancoTech)។ ព្រឹត្តិការណ៍អន្តរជាតិដ៏អស្ចារ្យ និងមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ នឹងរំពឹងថាមានការចូលរួមពីប្រទេសសមាជិកជាង៩០ប្រទេសនៅលើពិភពលោក ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនឹងជួយជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ (កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារហ្រ្វង់កូហ្វូនីលើកទី៦)។

លោកអ្នកឧកញ៉ា លី ហួរ​ បានផ្តល់កិត្តិយសអនុញ្ញាតឲ្យប្រធានសមាគមអចលនទ្រព្យ និងលំនៅឋាននៃម៉ាឡេស៊ី និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន GreenRE ចូលជួបសម្ដែងការគួរសម និងស្វែងយល់អំពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
ថ្ងៃទី២៩ ខែឩសភា ឆ្នាំ២០២៦

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានផ្តល់កិត្តិយសអនុញ្ញាតឲ្យ លោក Datuk Ir. Ho Hon Sang ប្រធានសមាគមអចលនទ្រព្យ និងលំនៅឋាន (REHDA) នៃប្រទេសម៉ាឡេស៊ី និង លោក Dato’ Rich Cheng ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន GreenRE ដឹកនាំគណប្រតិភូ ចូលជួបសម្ដែងការគួរសម និងស្វែងយល់អំពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន ព្រមទាំងពិភាក្សាពីវិស័យអចលនទ្រព្យកម្ពុជា-ម៉ាឡេស៊ី ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរនៅការិយាល័យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ ក្នុងជំនួបនេះ លោក Datuk Ir. Ho Hon Sang និង លោក Dato’ Rich Cheng ក៏បានអញ្ជើញទៅទស្សនកិច្ចគម្រោង បុរីចំនួន៣រួមមាន៖ បុរី វិមានភ្នំពេញ បុរី ជីបម៉ុងលែន្ត និងបុរី ប៉េងហួត ដើម្បីសិក្សាស្វែងយល់អំពីសំណង់ និងគម្រោងអចលនទ្រព្យនៅកម្ពុជាផងដែរ។ក្នុងជំនួបពិភាក្សានេះ លោកអ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍អំពីបេសសកម្ម និងចក្ខុវិស័យរបស់សមាគមជូន ដល់ភាគីទាំង២ថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបាននឹងបន្តពង្រីកកិត្តិនាម កិត្យានុភាពរបស់សមាគម ​ឱ្យកាន់តែល្បីសុះសាយដល់អ្នកវិនិយោគលើវិស័យ សំណង់ទាំងក្នុងស្រុក និងលើឆាកអន្ដរជាតិ ដោយទាក់ទាញក្រុមហ៊ុនវិនិយោគសំណង់លំនៅឋាន ជាពិសេសជំរុញឱ្យអ្នកវិនិយោគបរទេសឱ្យមកវិនិយោគនៅប្រទេសកម្ពុជាឲ្យកាន់តែច្រើន។ សមាគម បានបន្តបង្កើតវេទិកាធុរកិច្ចសម្រាប់ពង្រឹង និងពង្រីកធ្វើកិច្ចសហប្រតិបត្តិការជាមួយអ្នកវិនិយោគជាតិ-អន្តរជាតិ ជាមួយអាជ្ញាធរ និងគ្រប់ស្ថាប័នដែលពាក់ព័ន្ធ។ បង្កើតដំណើរទស្សនកិច្ចជូនសមាជិក-សមាជិកា ដើម្បីចែករំលែកបទពិសោធន៍ និងសិក្សាស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងសំណង់ថ្មីៗនៅក្នុងតំបន់ និងអន្តរជាតិ លើកកម្ពស់ជីវភាពរបស់ប្រជាជនតាមរយៈការផ្គត់ផ្គង់លំនៅឋានតម្លៃទាប និងមធ្យម។លោកអ្នកឧកញ៉ា បន្តមានប្រសាសន៍ថា​ សំណង់នៅតែជាតម្រូវការខ្ពស់ទៅថ្ងៃអនាគត ការខិតខំរបស់សមាគមក៏ត្រូវតែបន្តការខិតខំទៅមុខលើផ្លូវយូរអង្វែងសមាគមនឹងបន្ដពង្រីកសក្ដានុពលរបស់ខ្លួនឈរលើចក្ខុវិស័យ និងទិសដៅវែងឆ្ងាយ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ សមាគមមានទស្សនៈវិស័យមួយទៀតគឺលើកកំពស់ស្តង់ដារវិស័យអចលនទ្រព្យកម្ពុជា ឲ្យកាន់តែល្អប្រសើរ ដោយមិនមែនផ្តោតសំខាន់លើតែសំណង់ លំនៅឋាន ឬបុរីប៉ុណ្ណោះទេ សមាគមផ្តោតលើអគារខុនដូ អគារពាណិជ្ជកម្មជាសំខាន់ ព្រោះអគារខ្ពស់ៗទាំងនោះគឺ ជាប៉ូលដ៏សំខាន់នៃការទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ជាមួយនឹងអន្តរជាតិ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសេវាពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងចូលរួមចំណែកលើកស្ទួយកំណើន សេដ្ឋកិច្ចជាតិកម្ពុជាផងដែរ។ជាងនេះទៅទៀត សម្រាប់អ្នកដែលចូលជាសមាជិករបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានទទួលនូវអត្ថប្រយោជន៍ពីសមាគមនជាច្រើនដូចជា៖-ការពារសិទ្ធិស្របច្បាប់ សុច្ចរិតភាពរបស់សមាជិកក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។-ផ្តល់នូវវេទិកាសម្រាប់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងអ្នកអភិវឌ្ឍន៍លំនៅឋានដូចគ្នា និងអាជ្ញាធរពាក់ព័ន្ធ។-ផ្ដល់ការប្រឹក្សាយោបល់លើបញ្ហាផ្លូវច្បាប់ និងនីតិវិធីផ្សេងៗក្នុងវិស័យសំណង់ និងអចលនទ្រព្យ។-ការជួយកសាងបណ្ដាញទំនាក់ទំនងដ៏រឹងមាំជូនសមាជិក ក្នុងវិស័យសំណង់ និងអចលនទ្រព្យ។-សមាគមជាអន្ដរការី សម្របសម្រួល ដោះស្រាយទំនាស់ វិវាទ និងភាពរាំងស្ទះផ្សេងៗរបស់សមាជិកក្នុងវិស័យសំណង់ និងអចលនទ្រព្យ។-ជួយផ្សព្វផ្សាយ ផលិតផល ឬសេវារបស់សមាជិក តាមរយៈគេហទំព័ររបស់សមាគម កម្មវិធីកិច្ចប្រជុំ និងការតាំងពិព័រណ៍ផ្សេងៗ ក្នុងក្របខ័ណ្ឌជាតិ និងអន្ដរជាតិផងដែរ។-ការបង្កើនដៃគូរសហការលើមុខរបរ របស់សមាជិក ដូចជា អ្នកផ្គត់ផ្គង់ អ្នកផ្សព្វផ្សាយ ប្រភពដើមទុន និងការស្វែងរកទីផ្សារជូនសមាជិក។-ចូលរួមសហការជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ នូវរាល់ការវិនិយោគដែលមានភាពមិនច្បាស់លាស់ ឬ ការបង្កភាពចលាចលដល់ទីផ្សារសំណង់លំនៅឋាន និងអចលនទ្រព្យ។គួរបញ្ជាក់ផងដែរថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ដូខាងក្រោម៖· បន្ដពង្រឹងកិត្យានុភាព និងតួនាទីដ៏សំខាន់របស់សមាគមដល់អ្នកវិនិយោគសំណង់ក្នុងស្រុក និង អន្ដរជាតិ។· បន្ដអនុវត្តបេសកកម្មរបស់ខ្លួនជាអាទិភាពចំបង ប្រកបដោយប្រសិទ្ធភាព និងសម្រេចបានសមិទ្ធផលថ្មីៗ ជូនសមាជិក-សមាជិកា។· បន្ដលើកកម្ពស់ភាពជឿទុកចិត្ត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងតាមរយៈការបង្កើតកិច្ចប្រជុំពង្រឹងផ្ទៃក្នុង សន្និបាតប្រចាំឆ្នាំនិងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយភាគីពាក់ព័ន្ធ។· បន្ដលើកកម្ពស់យន្ដការ ភាពជាដៃគូរាជរដ្ឋាភិបាល និងផ្នែកឯកជន រវាងសមាគម ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រ និងជំរុញល្បឿននៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។· ចូលរួមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយលើកកម្ពស់កម្រិតជីវភាព ប្រជាជនមានចំណូលទាប និងមធ្យមតាមរយៈការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យនៃគម្រោង អភិវឌ្ឍន៍របស់សមាជិក-សមាជិកា។· បន្ដរៀបចំវេទិកាធុរកិច្ច សិក្ខាសាលា និងដំណើរទស្សនកិច្ចក្រៅប្រទេស ជូនសមាជិក-សមាជិកា ដើម្បីស្វែងយល់ពីកាលានុវត្តភាព និន្នាការវិនិយោគ និងនវានុវត្តថ្មីៗក្នុងដំណើរការអាជីវកម្ម។· ការរៀបចំប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានស្នូលសមាគម ដោយសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីសិក្សាស្រាវជ្រាវ តាមដាន ចងក្រង និងវិភាគស្ថានភាពអចលនទ្រព្យនៅកម្ពុជា។· ឧត្តមភាពនៃសមិទ្ធផលថ្មីៗ របស់សមាគមនឹងបន្ដគៀងគរ អ្នកវិនិយោគ ទាំងក្នុងស្រុក និងអន្ដរជាតិចូលរួមកម្លាំងជាមួយសមាគម ស្របតាមគោលដៅអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជាប្រកបដោយចីរភាព។· បន្តចូលរួមសកម្មភាពធ្វើសបុរសធម៌ជួយសង្គមជាតិ ទាំងក្របខណ្ឌសមាគម និងជាមួយរាជរដ្ឋាភិបាល។ 

ក្រសួងការងារ៖ ការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតរោងចក្រ ML បានបញ្ចប់ដោយរលូន ក្រោមការសម្រប​សម្រួល​របស់​មន្រ្តី​ជំនាញ​ក្រ​សួ​ង
ថ្ងៃទី២៩ ខែឩសភា ឆ្នាំ២០២៦

(បន្ទាយមានជ័យ)៖ បងប្អូនកម្មករនិ​យោជិត​សរុប​ចំនួន ៦៥១នាក់​ក្នុង​ចំណោម ៦៨៣​នាក់​ដែល​បម្រើ​ការ​ងារ​នៅ​​ក្រុម​ហ៊ុន អិម​អិល អ៊ិន​ធី​មេត អឹ​ភែ​រឹល​(ខេម​បូឌា) ឯ.ក បាន​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​រួច​​រា​ល់ និង​​ប្រកប​ដោយ​ក្ដីរីករាយ ក្រោមការ​សម្រប​សម្រួល​របស់​មន្រ្តី​ជំនាញ​នៃ​ក្រសួ​ង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈបាន​ថ្លែង​នៅ​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០២៦នេះ​ថា ​ក្រោម​ការ​សម្រប​សម្រួ​ល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពីក្រសួង​ការ​ងារ បង​ប្អូន​កម្ម​ករ​និយោ​ជិត​បាន​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​នៅ​ថ្ងៃ​​ទី២៨ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ ដោយ​ដំ​ណើរ​ការ​យ៉ាង​រលូន​ក្រោម​​កិច្ច​សហ​ការ​​​​ល្អ​ពី​បង​ប្អូន​កម្មករ​និយោ​ជិត​ និង​អា​ជ្ញា​ធរ​ដែន​ដី​។លោកបញ្ជាក់ថា៖«គិ​តត្រឹម​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៦នេះ កា​របើក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ ជូន​បង​​ប្អូន​កម្មករ​និយោ​ជិត​សរុបចំនួន ៦៥១នាក់ក្នុងចំណោម ៦៨៣នាក់​រួច​រាល់ និងប្រកបដោយក្ដីរីករាយ។ ចំណែកឯបងប្អូនចំនួន ៣២នាក់ផ្សេងទៀត ​ដែល​មិន​ទាន់​បាន​មក​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ សូម​​អញ្ជើញ​ទៅ​បើក​នៅ​មន្ទីរ​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ខេត្ត​បន្ទាយ​មាន​ជ័យ​រៀង​រាល់​ម៉ោង​​ធ្វើ​​​ការ​​»​។លោកបានអំពាវ​នាវ​ដល់​បងប្អូន​កម្មករ​និយោជិត​ដែល​មិនទាន់​ទទួល​បាន​ការ​ងារ​ធ្វើ និង​មាន​បំណង​ស្វែ​ងរក​ការ​ងារ​ថ្មី សូម​ទំនាក់​ទំនង​មក​មជ្ឈ​មណ្ឌល​ការ​ងារ​ខេត្តប​ន្ទាយ​មាន​ជ័យ​របស់​ទីភ្នាក់​ងារ​ជាតិ​មុខ​របរ និងកា​រងារ(NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឬទំនាក់​ទំនង​តាម​រយៈ​ប្រព័ន្ធ Hotline ១២៩៧។គួររំឭកថា បងប្អូនកម្មករនិយោជិ​តនៃរោងច​ក្រអិ​មអិ​ល​(ML) ដែល​ទទួលបា​នប្រាក់​ឈ្នួល និងប្រាក់​បំណាច់​ផ្សេ​ងៗ នៅ​ថ្ងៃទី២៨​ខែ​ឧសភា ឆ្នាំ២​០២៦នេះ ដែលជាការ​បើ​ក​ប្រា​ក់ឈ្នួល និង​ប្រាក់បំណាច់ផ្សេងៗលើកទី២ ខណៈ​ដែ​ល​ប​ងប្អូនបានបើក​លើកទី១ ម្តងហើ​យកាល​ពីថ្ងៃទី២៨ ខែមេ​សា ឆ្នាំ២០២៦៕

បណ្តាញសង្គម