ធនាគារឯកទេសវីងទទួលបានពាន់រង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០១៧ ពីប្រធានាធិបតីហ្វីលីពីន សម្រាប់ការទទួលបានជោគជ័យអាជីវកម្មបំផុតក្នុងតំបន់អាស៊ាន

(មានីល) ៖ បន្ទាប់ពីបានបំរើសេវាកម្មបានយ៉ាងល្អរបស់ធនាគារឯកទេសវីង នាល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ធនាគារឯកទេសវីងត្រូវបានគណៈកម្មការវាយតម្លៃគ្រប់ប្រទេសក្នុងតំបន់អាស៊ានបានធ្វើការវាយតម្លៃ វិនិច្ជ័យ និងសំរេច ផ្តល់ជូននូវពាន់រង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) សំរាប់ឆ្នាំ២០១៧ ក្នុងទីក្រុងម៉ានីល នៅប្រទេសហ្វីលីពីន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន២០១៧ ។

នៅក្នុងពិធីផ្តល់ជូនពានរង្វាន់នេះមានការអញ្ញើញចូលរួមជាអធិបតីភាពដោយ ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទ័រតេ ប្រធានាធិបតី នៃប្រទេសហ្វីលីពីន និងមានរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងដប់ប្រទេស ព្រមទាំងមានចូលរួមពីបណ្តាវិស័យឯកជននានាក្នុងតំបន់អាស៊ានផងដែរ។
ក្នុងឪកាសនៃការអញ្ជើញទទួលពាន់រង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) សំរាប់ឆ្នាំ២០១៧នេះពីប្រធានាធិបតីនៃប្រទេសហ្វីលីពីននេះ គឺមានវត្តមានលោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង និងលោកជំទាវ ម៉ៅ ចំណាន អគ្គនាយករងធនាគារឯកទេសវីង។

សូមជំរាបថា ពានរង្វាន់នេះគឺជាពានដែលធនាគារឯកទេសវីងទទួលបានជោគជ័យអាជីវកម្មបំផុតក្នុងតំបន់អាស៊ាន។
ការផ្តល់ជូននូវពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០១៧ដល់ធនាគារឯកទេសវីងពីសំណាក់ប្រធានាធិបតី នៃប្រទេសហ្វីលីពីននាពេលនេះគឺមានលក្ខណៈសុក្រឹត្យ ច្បាស់លាស់ ត្រឹមត្រូវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនបណ្តាប្រទេសអាស៊ានក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជួយអភិវឌ្ឍន៏សហគមន៏អាស៊ាន។ ដោយមានការវិនិច្ជ័យច្បាស់លាស់ពីបណ្តាក្រុមប្រឹក្សាធុរកិច្ចតាមប្រទេសអាស៊ានបានឃើញថា ធនាគារឯកទេសវីងជាធនាគារដែលទទួលបានជោគជ័យអាជីវកម្មបំផុតក្នុងតំបន់អាស៊ាន៕(SN-ពុទ្ធិរៈ)

អត្ថបទដែលជាប់ទាក់ទង