ប្រវត្តិនំអន្សម និងវិធីវេចនំអន្សម នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរ

(ភ្នំពេញ) ៖ ក្នុងអំឡុងរដូវបុណ្យភ្ជុំបិណ្ឌ Swift News សូមរំលឹកនិងលើកយកប្រវត្តិនំអន្សម និងវិធីវេចនំអន្សមនំអន្សម គឺជានំដែលប្រជាជនខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សម ជារៀងរាល់ឆ្នាំ មិនដែលខាន ឲ្យតែដល់រដូវបុណ្យចូលឆ្នាំខ្មែរ ឬរដូវកាលបុណ្យភ្ជុំបិណ្ឌម្ដងៗ ជាពិសេស គឺរដូវបុណ្យភ្ជុំបិណ្ឌ គឺប្រជាពលរដ្ឋខ្មែរតែងវេចនំអន្សមនេះ ស្ទើរគ្រប់ផ្ទះ។ យើងតែងសម្គាល់ឃើញ ប្រជាពលរដ្ឋខ្មែរវេចនំ នៅមុនថ្ងៃបុណ្យភ្ជុំ មួយឬពីរថ្ងៃ គឺគ្រប់ផ្ទះញាប់ដៃញាប់ជើង ម្នីម្នារៀបចំវេចនំដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ។ នំដែលយើងវេចរួមមានដូចជា៖ នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ជាដើម។

 

អត្ថន័យរបស់នំអន្សម ៖ ពាក្យ “អន្សម” តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា៖ នំអន្សម ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល។ អន្សមជ្រូក អន្សមដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង អន្សមដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសលាយផង។ អន្សមអាំង អន្សមដែលចម្អិនដោយអាំង។ល។

 

មូលហេតុដែលនាំឲ្យមានការវេចនំអន្សម តាមជំនឿសាសនា ៖ យោងតាម (Nom Ansom) ឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់ សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនតែងតែមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម។

ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង “នំគម” ដែលជានំប្រពៃណីខ្មែរផងដែរ។

 

ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរ គ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយើងយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។

 

“នំអន្សម” មានដើមកំណើតតាំងពីបរមបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យ ប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀតជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា។

 

វិធីក្នុងការវេច នំអន្សម ៖ ដំបូង យើងត្រូវហែកស្លឹកចេក ឬ ស្លឹកផ្អាវ ហើយហាលថ្ងៃឲ្យទន់ល្អចំពោះស្លឹកចេក។ បន្ទាប់មកត្រូវយកវាមកជូតឲ្យស្អាតនិងត្រូវត្រៀមខ្សែ សម្រាប់ចង។ គេអាចយកដើមចេកមកធ្វើជាខ្សែក៏បាន ឬខ្សែចងធម្មតាក៏បាន។ បន្ទាប់មកទៀត ត្រូវលាងអង្ករដំណើបទុកឲ្យស្ងួត ហើយទឹកអង្ករដំណើបនោះត្រូវលាយអំបិលតិចៗដើម្បីបង្កើនឱជារស ហើយត្រូវលាងសណ្ដែកលឿងទុកឲ្យស្រស់ទឹក។ បន្ទាប់ពីនោះ យើងត្រូវហាន់សាច់ជ្រូកជាចង្វាយវែងល្មម (ភាគច្រើនគេយកសាច់ជ្រូកបីជាន់ ដោយសារវាមានជាតិខ្លាញ់តិចៗ) ដោយលាយគ្រឿងដូចជា ម្រេច អំបិល មើមខ្ទឹមស ជាដើម។

 

ក្រោយមក យើងអាចវេចបានហើយ។ ការវេចយើងត្រូវចំណាយពេលពី ១ ទៅ ២ ម៉ោងអាស្រ័យទៅលើចំនួនអង្ករដែលយើងវេច។ ដំបូងយើងត្រូវលាស្លឹកចេកទ្រាប់លើគ្នាឲ្យក្រាស់ល្មម ហើយត្រូវដាក់អង្កររាយលើស្លឹកចេក បន្ទាប់មករោយសណ្ដែកលឿងពីលើរួចដាក់សាច់ជ្រូកពីលើ ហើយបត់ចុងនៃស្លឹកទាំងពីរចូលគ្នា។

បន្ទាប់ពីវេច ហើយយើងត្រូវឆ្លងកាត់ដំណាក់កាលមួយទៀតគឺ ចង។ ការចងនំមិនមែនជាការងាយនោះទេ។ យើងត្រូវចងឲ្យណែនល្អ បើមិនដូច្នេះទេនៅពេលស្ងោរ ទឹកអាចចូលក្នុងនំ ដែលអាចធ្វើឲ្យអង្កររលាយចេញ។ បន្ទាប់ពីចងហើយយើងត្រូវយកទៅស្ងោរ។

 

ការស្ងោរយើងត្រូវចំណាយពេលប្រមាណពី ៥ ទៅ ៦ ម៉ោង ទម្រាំតែឆ្អិនល្អ។ យើងត្រូវនៅចាំមើលជាប់ជានិច្ច យើងត្រូវមើលភ្លើងឲ្យបានដិតដល់ ហើយត្រូវប្រែនំទៅម្ខាងទៀត ដើម្បីឲ្យនំឆ្អិនបានល្អ៕ (SN- ជុំសុធន)

21271139_336188770157927_6236165468627078033_n 21317458_336188773491260_9030888644124843188_n 21317657_336188736824597_4124101074652008602_n 21430054_336188763491261_7340869306837494973_n

 

អត្ថបទដែលជាប់ទាក់ទង