សម្តេច ហ៊ុន សែន ៖ ម្ចាស់រោងចក្រត្រូវចាត់ទុកសុខភាពរបស់កម្មករ ជាសុខភាពរបស់រោងចក្រ

(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា នាព្រឹកថ្ងៃទី ៣ ខែកញ្ញានេះ បានអញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត ប្រមាណជាង ៤ ពាន់នាក់ នៅសាលមហាស្រពកោះពេជ្រ ។

សម្តេចតេជោ នៅក្នុងពិធីនេះ បានអំពាវនាវឲ្យកម្មករ កម្មការិនី និងរោងចក្រ ត្រូវបម្រើឲ្យគ្នាទៅវិញទៅមក ដោយក្រុមកម្មករ ត្រូវខិតខំប្រឹងប្រែងធ្វើការ ហើយម្ចាស់រោងចក្រ ត្រូវយកចិត្តទុកដាក់ចំពោះក្រុមកម្មករវិញ ដោយត្រូវចាត់ទុកសុខភាពរបស់កម្មករ ជាសុខភាពរបស់រោងចក្រ។

សម្តេចតេជោ ក៏បានអំពាវនាវឲ្យកម្មករ កម្មការិនី រួមគ្នាថែរក្សា និងបង្កើនការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបន្តថា ដើម្បីរក្សាបានការងារ បងប្អូនកម្មករទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើការ គោរពទៅតាមលក្ខខណ្ឌការងារ ហើយក្នុងនោះរាជរដ្ឋាភិបាល នឹងធ្វើការបន្ថែមទៀត ដើម្បីទាក់ទាញ វិនិយោគិន មកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើន ។

សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងពិធីដដែលនេះ ក៏បានអំពាវនាវជាថ្មីម្តងទៀត ឲ្យម្ចាស់ផ្ទះជួល ឲ្យក្រុមកម្មករ កម្មការិនី កុំដំឡើងថ្លៃផ្ទះជួល រយៈពេលមួយឆ្នាំ ពោលគឺនៅចម្លោះចាប់ពីខែមករា ឆ្នាំ ២០១៨ រហូតដល់ខែមករា ឆ្នាំ ២០១៩ ដើម្បីជំរុញ វិស័យឧស្សាហកម្មនៅកម្ពុជា មានការអភិវឌ្ឍឈានឡើង ។

សម្តេចមន្ថែមថា សម្តេចនឹងទៅពិនិត្យមើលទីតាំងរោងចក្រជាក់ស្តែង តាមលទ្ធភាពដែលអាចធ្វើទៅបាន មិនត្រឹមតែនៅក្នុងពិធីធំៗនោះទេ កម្មវិធីតូចៗដែលមិនបានរៀបចំជាមុន ក៏សម្តេចទៅពិនិត្យដែរ ជាក់ស្តែងដូចជាទីតាំងរោងចក្រ ដែលមានកម្មករដួលសន្លំផងដែរ ។

សម្តេចក៏បានអំពាវនាវឲ្យ ម្ចាស់រោងចក្រ អនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះជាកម្មករ ត្រូវចេញមុនកម្មករដទៃទៀត ចំនួន ១៥ នាទី ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងសុខភាពរបស់ពួកគាត់ ។

សម្តេចតេជោ នៅក្នុងពិធីនេះ ក៏បានអំពាវនាវ ឲ្យក្រុមកម្មករ កម្មការិនី ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យទទួលបាន ប្រាក់បៀវត្សកាន់តែខ្ពស់ ហើយសម្តេចធានាថា ប្រាក់បៀវត្សកម្មករ នឹងមានការឡើង ជារៀងរាល់ឆ្នាំ ខណៈឆ្នាំ ២០១៨ ខាងមុខ ប្រាក់បៀវត្សកម្មករ យ៉ាងហោចណាស់ ១៦០ ដុល្លារអាមេរិក ៕ (SN-ពុទ្ធិរ:)

អត្ថបទដែលជាប់ទាក់ទង