រថយន្តមន្ទីរពិសោធន៍ចល័តតម្លៃជាង ១៥ម៉ឺនដុល្លារបស់កាំកុងត្រូលនឹងចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈនៅទូទាំងប្រទេស

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នេះ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការជាផ្លូវការនូវមន្ទីរពិសោធន៍ចល័ត (Mobile Lab) ផ្នែកប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗប្រមាណ ៥០រូប។

 

 

រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈនេះម៉ាក Ford ម៉ូដែលឆ្នាំ ២០១៦ មានតម្លៃសរុប ១៥២.៩៨២,៤៩ ដុល្លារអាមេរិក ហើយគឺជារថយន្តទី២ បន្ទាប់ពីរថយន្តមន្ទីរពិសោធន៍ចល័តទី១ ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីតាមដាន និងត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ កាលពីចុងឆ្នាំ ២០១៦កន្លងទៅ។

 
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការដាក់ដំណើររថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈ សបង្ហាញពីការគិតគូរយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមអាជ្ញាធរដែលមានបេសកម្ម និងភារកិច្ចត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណ និងបង្ក្រាបអំពើក្លែងបន្លំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 
លោករដ្ឋមន្ត្រីបានបន្តទៀតថា រថយន្តនេះនឹងជួយពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីកាំកុងត្រូល ក្នុងការចុះត្រួតពិនិត្យប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ ឬដេប៉ូចែកចាយនៅក្នុងរាជធានី និងតំបន់ឆ្ងាយៗទូទាំងប្រទេស ព្រោះវាមានបំពាក់ដោយឧបករណ៍ទំនើប ដែលអាចវិភាគរកនូវប៉ារ៉ាម៉ែត្រនៃផលិតផលទំនិញជាប្រេងឥន្ធនៈទាំងផ្នែកគុណភាព និងបរិមាណ។

 

 

សូមបញ្ជាក់ថា បន្ទាប់ពីដាក់ឲ្យដំណើរការរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈថ្ងៃនេះ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល នឹងចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈគ្រប់ប្រភេទដូចជា ប្រេងប្រេងម៉ាស៊ូត, ប្រេងសាំង (ស៊ុបពែរ និងសាំងធម្មតា) និងប្រេងម៉ាស៊ីន នៅតាមស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងប្រទេស សំដៅធានាភាពជឿជាក់ជូនប្រជាពលរដ្ឋ ក្នុងការទទួលបានទំនិញជាប្រេងឥន្ធនៈប្រកបដោយគុណភាព និងបរិមាណត្រឹមត្រូវ ព្រមទាំងធានានូវការធ្វើធុរកិច្ចប្រកបដោយសមធម៌ និងរក្សាសណ្តាប់ធ្នាប់ទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា៕(SN-ពុទ្ធិរៈ)

21151616_1652885824724289_1159930432433603984_n 21191956_1652885931390945_9032419374381160840_n 21232103_1652885974724274_1987693784692795957_n 21149918_1652885391390999_5940653013615822023_n 21106898_1652886134724258_8920518099777566814_n

 

 

 

អត្ថបទដែលជាប់ទាក់ទង