គណៈរដ្ឋមន្រ្តីបានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ “សេចក្តីព្រាងអនុក្រឹត្យស្តីពី លក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន

 (ភ្នំពេញ) ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីបានអោយដឹងនៅមុននេះបន្តិចថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ “សេចក្តីព្រាងអនុក្រឹត្យស្តីពី លក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន”។

ចាប់ផ្តេីមដំបូងនៃកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីបានចាប់ផ្តើមពិភាក្សាលើរបៀបវារៈទី១ “សេចក្តីព្រាងអនុក្រឹត្យស្តីពី លក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន”នេះ ។

ក្នុងកិច្ចពិភាក្សានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  មានគម្រោងជាផ្លូវការថា សម្តេចមានគម្រោងក្នុងការចុះទៅតាមរោងចក្រ​ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់កូនក្មួយកម្មករ។ការចុះជួបនេះ គឺអាចធ្វើទៅតាមលទ្ធភាពនៅរៀងរាល់ថ្ងៃអាទិត្យ ដែលអាចធ្វើទៅបាន បន្ទាប់ពីជួបជាមួយនឹងកម្មករ កម្មការនី នៅកោះពេជ្រ ថ្ងៃទី២០ ខាងមុខនេះ។ការពង្រឹងភាពជិតស្និតរវៀងសម្ដេច និងកម្មករ បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ។



សូមជំរាបថា ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីការងារ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុដោយជោគជ័យនូវរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ការងារ) តាំងពីខែវិច្ឆិកា ឆ្នាំ២០០៨ និងផ្នែកថែទាំសុខភាព នៅខែមករា ឆ្នាំ២០១៦។ ដើម្បីលើកកម្ពស់សុខុមាលភាព អោយកាន់តែប្រសើរ និងធានាសង្គតិភាពក្នុងការគាំពារផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព រវាងកម្មករនិយោជិតក្នុងវិស័យឯកជន និងមន្រ្តីរាជការក្នុងវិស័យសាធារណៈ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរៀបចំ និងគ្រប់គ្រងការដាក់អោយដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។


គោលបំណងអនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្តល់តាវកាលិកសម្រាប់របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សមា្រប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន លើកលែងតែអតីតយោធិន ដែលមានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ដែលបានទទួលរបបព្យាបាលពិសេសតាមស្មារតី នៃអនុក្រឹត្យ ស្តីពីបែបបទ នៃការទទួលសិទ្ធិ និងកាតព្វកិច្ចទាក់ទងនឹងស្ថានភាពទាំងប្រាំ នៃយោធិនអាជីព និងបទប្បញ្ញត្តិដោយឡែកចំពោះនាយទាហានថ្នាក់ឧត្តមសេនីយ៍។សេចក្តីព្រាងអនុក្រឹត្យនេះ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្តល់តាវកាលិកសម្រាប់របបសន្តិសុខសង្គម ផ្នែកហានិភ័ការងារសមា្រប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ត្រូវបានរៀបចំស្របតាមនិយាមបច្ចេកទេស ដូចចែងក្នុង “ឧបស្ព័ន្ធស្តីពីតារាងកម្រិតបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍” ដែលក្នុងឧបសម្ព័ន្ធនេះមានពាក្យបច្ចេកទេសមួយចំនួនពុំអាចបកប្រែបាន និងចាំបាច់ត្រូវសរសេរជាអក្សារឡាតាំង ដើម្បីងាយស្រួលចំពោះការអនុវត្ដ និង “ឧបសម្ព័ន្ធស្តីពីតារាងមេគុណតម្លៃបច្ចុប្បន្ន”។


ក្រសួងការងា និងបណ្ដុះបណ្តាលវិជ្ជាជីវៈ មានជំនឿយ៉ាងមុតមាំ នៅពេលដែលអនុក្រឹត្យនេះទទួលបានការយល់ព្រម និងអនុម័តនាពេលខាងមុខនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្តល់ឱកាសដល់មន្រ្តីសាធារណៈ អតីតមន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជនក្នុងការទទួលបាននូវរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខសម្រាប់មន្រ្តីសាធារណៈអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូរ និងភាពសុខដុមរមនាសង្គម៕(SN-ពុទ្ធិរៈ)

អត្ថបទដែលជាប់ទាក់ទង