អាជ្ញាធរសៀមរាបវិលមុខ អាជីវករតវ៉ាដណ្ដើមគ្នាយកតូបជាន់ក្រោម

(សៀមរាប)៖ សាសាខេត្តសៀមរាប បានចេញលិខិតមួយច្បាប់ ឱ្យតំណាងក្រុមអាជីវករជាង៥០នាក់ មកចូលរួមស្តាប់កិច្ចពិភាក្សាគ្នា រកដំណោះស្រាយដើម្បីលក់នៅ​ផ្សារសម្តេចតេជោដើមក្រឡាញ់ថ្មី បន្ទាប់ពីបានទៅតវ៉ានៅឯសាលាក្រុងជាច្រើនដង ប៉ុន្តែពួកគេនៅតែមិនព្រម។

លោក សុខ តុញ ថៅកែផ្សារសម្តេចតេជោដើមក្រឡាញ់ថ្មី បានប្រាប់ឲ្យដឹងថា លោកចង់ឲ្យមានការប្រកួតប្រជែង ទីផ្សារ ដើម្បីយកស្នាដៃទុកឱ្យក្មេងៗជំនាន់ក្រោយ ព្រោះលោកបានសាងសង់ផ្សារនេះ អស់ប្រាក់ជាងពីរលានដុល្លារ ប៉ុន្តែនៅតែមិនពេញចិត្តអាជីវករទៀត ពួកគាត់បែរជាមកច្រណែននឹងអ្នកលក់បន្លែ តាមកញ្ច្រែងទៅវិញ។

លោកលើកឡើងថា ការរកដំដោះស្រាយមិនចេញនេះ គឺមកពីអ្នកខ្លះ​បានលក់តូបនៅជាន់ក្រោមឱ្យទៅគេ រួចទិញតូបថ្មីតាមបែបឈ្មួញកណ្ដាល ហើយចូលខ្លួន​មក​តវ៉ានឹងគេដែរ បង្កឱ្យមានភាពតានតឹង រកដំណោះស្រាយអ្វីក៏មិនចេញ។

លោកបានបញ្ជាក់ថា បើអាជីវករណាដែលបានតូបខាងជាន់ យើយលើព្រមចូលលក់ លោកនឹងថែមជូនមួយឆ្នាំទៀត ពីលើរយៈពេលចុះកុងត្រា ប៉ុន្តែបើអាជីវករណាមិនព្រម ហើយចង់លក់តូបនោះ លោកនឹងទិញយកវិញក្នុងតម្លៃដើម។

ចំណែកក្រុមអាជីវករបានលើកហេតុផលថា ពួកគាត់ជាអាជីវករចាស់ តាំងពីផ្សារ​​មិនទាន់ឆេះ មានទាំងលិខិតសម្គាល់តូបចំនួន៥៦០តូប ចុះហេតុអីមិនផ្តល់តូបផ្នែកខាងក្រោមឱ្យអ្នកចាស់ជាមុនសិន ហើយនៅសល់ខាងលើផ្តល់ទៅឱ្យអ្នកថ្មី។

លោក គឹម ឆៃហៀង អភិបាលរងខេត្ត និងលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានលើកឡើងថា ចំនួនតូបមានកំណត់ គឺ១០៨២តូប ឯអាជីវករមានច្រើន ហើយម្នាក់ៗនៅតែទាមទារចង់លក់នៅជាន់ក្រោម ដូច្នេះមានតែចាប់ឆ្នោត បើអ្នកណាចាប់បានជាន់លើត្រូវលក់ជាន់លើ បើអ្នកណាចាប់បានជាន់ក្រោមត្រូវលក់ជាន់ក្រោម។

ក្រោយបញ្ចប់អង្គប្រជុំ លោកបានសម្រេចថា ទុករយៈពេលពីរថ្ងៃឲ្យអាជីវករគិតសម្រេចចិត្ត ហើយត្រូវតែចាប់ឆ្នោត៕ (SN-រិទ្ធី)




អត្ថបទដែលជាប់ទាក់ទង