លិខិតមិត្តអ្នកអាន៖ ​“ អេង ឆៃអ៊ាង ​ដើរប្រមូលលុយ​ដើម្បីចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ! ​”

លោកអេង ឆៃអ៊ាង គឺជាមនុស្សជំនិត រឺ ជាឆ្អឹងខ្នងរបស់លោកសម រង្ស៊ី ហើយកាលនៅស្រុកខ្មែរ មិន​ថា​​មន្ត្រីផ្ទៃក្នុងបក្សប៉ុណ្ណោះទេ សូម្បីតែក្រុមគ្រួសារផ្ទាល់របស់គាត់ក៏បានដាក់ងារអោយ គាត់ថាជាបុរសញៀនល្បែងដែរ។ ខ្ញុំយល់ថាការដាក់ងារនេះពិតជាត្រឹមត្រូវ ១០០% ព្រោះអ្វីដែលខ្ញុំបានមើលឃើញមុននេះបន្ទិច គឺពិតជាបានបង្ហាញនូវសារជាតិ របស់ខ្លួនគាត់យ៉ាងច្បាស់ថា ទោះទៅដល់ទីណាក៏អេង ឆៃអ៊ាងមិនអាចបោះបង់ល្បែងចោលបានដែរ។

តាមរយៈរូបថតនិងវីដេអូដែល បានបែកធ្លាយព្រឹកមិញនេះ បានបង្ហាញឲ្យឃើញថា អេង ឆៃអ៊ាង នៅពែលថ្មីនេះ បានបន្តចូលលេងល្បែងនៅកាស៊ីណូឈ្មោះថា GM Casino នៅរដ្ឋ Virginia នៃសហរដ្ឋអា​មេរិក​។ សកម្មភាពញៀនល្បែងរបស់ លោកអេង ឆៃអ៊ាង ក៏បានបង្ហាញ ឲ្យឃើញថា មនុស្សជំនិតដែល លោកសម រង្ស៊ី ពេញចិត្តបំផុតគឺជាពពួកមនុស្សញៀនល្បែង រហូតព្រាយកាស៊ីណូសណ្ឋិតជាប់មិនអាចងើបមុខរួចឡើយ។

តាមរយៈរូបភាពបែកធ្លាយនេះដែរ គេក៏អាចពិចារណាលើ ចំណុចមួយចំនួនដូចខាងក្រោមនេះដើម្បីយល់ពីក្រុមប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី៖

ទី១៖ មន្ត្រីដែលលោក សម រង្ស៊ី ឲ្យកាន់តំណែងសំខាន់ក្នុងបក្សយ៉ាងយូរ ហើយបន្តចាត់ទុកជា មុខមាត់ក្នុងការដឹកនាំក្រុមប្រឆាំងគឺជាមនុស្សគ្មានតម្លៃដោយសារតែញៀនល្បែង។ ល្បែងស៊ីសងគឺជាអបាយមុខមួយដែលចាស់បូរាណប្រៀបប្រដូចទៅនឹងវត្ថុដែលធ្វើឲ្យមនុស្សឆ្កួតក្នុង ចំណោមឆ្កួតបី គឺល្បែង ស្រី ស្រា ហើយបានប្រដៅ​កូនចៅ​ ឲ្យចៀស​វាង​។ ​អ្នកញៀនល្បែងតែងរលាយទ្រព្យ និងបាត់បង់កិត្តិយសក្នុងសង្គម។

ដូច្នេះ ចរិតរបស់លោកអេង ឆៃអ៊ាង គឺមិនព្រមបោះបង់ល្បែងឡើយ សូម្បីតែទៅដល់សហរដ្ឋអាមេរិកទៅហើយ ក៏នៅបន្តចូល លេងល្បែងជាម៉ូយប្រចាំក្នុងកាស៊ីណូដែរ។ តើគេអាចយក មនុស្សបែបនេះមកធ្វើជាតំណាងរបស់ក្រុមដឹកនាំនយោបាយមួយបានដែរឬទេ? ចំណែកឯលោក សម រង្ស៊ី ដែលជាមេដឹកនាំហើយមិនព្រមចាត់វិធានការ ចំពោះកូនចៅដែលញៀនល្បែង ដោយនៅតែបន្តទុកឲ្យធ្វើជាអ្នកមុខអ្នកការនៅក្បែរខ្លួនរហូតនោះ តើលោក សម រង្ស៊ី ជាមនុស្សបែបណា? ចម្លើយគឺប្រាកដជាមនុស្សដែលតិច រឺ ច្រើនមានសណ្តានមិនខុសគ្នាឡើយ។ មនុស្សជំនិតរបស់អេង ឆៃអ៊ាងធ្លាប់បានដើរអួតប្រាប់គ្នីគ្នាថា ដោយសារតែអេង ឆៃអ៊ាង ចាប់ចំណុចខ្សោយរបស់ សម រង្ស៊ី បានគ្រប់យ៉ាងជាពិសេស ការក្តាប់កម្លាំងបានច្រើននៅតាមបណ្តាញ ទើបសម រង្សី មិនហ៊ានចាត់វិធានការចំពោះ អេង ឆៃ​អ៊ាង​ឡើយ។

ទី២៖ សំណួរដ៍សំខាន់បំផុតមួយដែលត្រូវចោទទៅលោកអេង ឆៃអ៊ាង គឺថា តើគាត់បានលុយមកពីណាដើម្បីទៅលេងល្បែងជាប្រចាំយ៉ាងដូច្នេះ? នៅស្រុកខ្មែរ អេង ឆៃអ៊ាង ធ្លាប់ធ្វើជា តំណាងរាស្ត្រ មានប្រាក់ខែច្រើន ពាន់ដុល្លារ និងកាន់តំណែងសំខាន់ក្នុងបក្សរហូតដល់អាចរកលុយបានក្រាសក្រែល សម្រាប់ចូលលេងល្បែងជា ប្រចាំនិងចិញ្ចឹមស្រីក្រៅផ្ទះ។ ចុះឥឡូវ លោកអេង ឆៃអ៊ាង បានភៀសខ្លួនទៅនៅសហរដ្ឋអាមេរិក គ្មានប្រាក់ខែទៀតទេ ! ចុះហេតុដូចម្តេចក៏មានលុយចូលកាស៊ីណូលំដាប់ល្បីៗនៅអាមេរិកបាន?

ចម្លើយដ៏សាមញ្ញបំផុតដែលអ្នកណាក៏អាចឆ្លើយបានដឹងដែរនោះគឺ ទាំងលោក សម រង្ស៊ី ទាំងលោក អេង ឆៃអ៊ាង និងមនុស្សជំនិតផ្សេងទៀត ដែលជាអ្នកហែរហមសម រង្ស៊ី សម្បូរលុយចាយមិនខ្វះទេដោយសារតែការប្រមូលស្រោមសំបុត្រពីពលរដ្ឋខ្មែរនៅក្រៅប្រទេសក្រោមលេសដើម្បីស្តារប្រជាធិប​តេយ្យ​នៅកម្ពុជា។ ប៉ុន្តែ តាមរយៈវិដេអូនិងរូបភាព ដែលបែកធ្លាយនៅថ្ងៃនេះក៍អាចបញ្ជាក់បានយ៉ាងច្បាស់ថា តាមការពិត លោកអេង ឆៃអ៊ាង យកលុយដែលប្រមូលបាននោះ យកទៅស្តារដើមនៅឯកាស៊ីណូ ទៅវីញទេតើ។

នរណាក៏បានឃើញដែរថា លុយដែលពួកគេប្រមូលបានពីក្រៅប្រទេសមានច្រើនសន្ធឹក ប៉ុន្តែ ពួកគេមិនដែល​បាន​យក​មក​ធ្វើ​ជា​ប្រយោជន៍ដល់ខ្មែរក្នុងស្រុកសូម្បីតែបន្តិចឡើយ។ គ្មានអណ្តូងទឹកសូម្បីតែមួយ គ្មានបង្គន់អនាម័យសូម្បីមួយចំហៀងគ្មានប្រឡាយទឹកសូម្បីមួយម៉ែត្រ ឬគ្មានផ្លូវថ្នល់សូម្បីមួយចំអាម ដែលជាស្នាដៃរបស់លោក សម រង្ស៊ី និងគូកនរបស់ខ្លួនសម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋខ្មែរឡើយ។ ផ្ទុយទៅវិញ លុយទាំងនោះត្រូវបានលោក សម រង្ស៊ី និង គូកន ដូចជាអេង ឆៃអ៊ាង ជាដើមយកទៅចាយវាយ សប្បាយហ៊ឺហាតាមចិត្តរាប់ទាំង យកទៅចូលលេងល្បែងនៅកាស៊ីណូផងដែរ។

ឥឡូវនេះ ទាំងលោក សម រង្ស៊ី និងលោកអេង ឆៃអ៊ាង កំពុងធ្វើដំណើរទៅរៃអង្គាសលុយទៀត ហើយនៅឯប្រទេសញូហ្សេលែននិងអូស្ត្រាលី ពីព្រោះលុយដែលរៃអង្គាសបានកាលពីលើកមុនត្រូវបានចាយវាយអស់ហើយ។ ដូច្នេះ ខ្ញុំគិតថា បើបងប្អូនខ្មែរនៅ ញូហ្សេលែន និងអូស្ត្រាលីចង់ជួយជាលុយជូនលោក អេង ឆៃអ៊ាងនិងបក្សពួកគាត់យកទៅលេងល្បែង គួរពិចារណាដាក់ក្នុងស្រោមសំបុត្រឲ្យបានច្រើនបន្តិចព្រោះកាស៊ីណូ លំដាប់ផ្កាយ៥ដូចជា GM Casino ជាដើមនេះគឺត្រូវការប្រាក់ច្រើនបន្តិចហើយទើបអាចចូលបានហើយនេះមិនទាន់រាប់បញ្ចូលលុយដែលត្រូវផ្ញើមក ចិញ្ចឹមស្រីស្នេហ៍នៅស្រុកខ្មែរ ឬ ក៏ចំណាយលើស្រីកំណាន់ផ្សេងៗនៅឯក្រៅប្រទេសផងនោះទេ។

គិតៗទៅ ពិតជាគួរឲ្យអាណិត បងប្អូនខ្មែរនៅក្រៅប្រទេសណាស់ដែលប្រឹងរកលុយបាន ដោយលំបាក ហើយ​បែរ​ជា​យក ​មក​ចំណាយ​ជាមួយមនុស្ស ប្រភេទ អេង ឆៃអ៊ាង និងគូនកន ដែលសុទ្ធសឹងតែជាអ្នកងប់តែនឹងល្បែងពាលាអបាយមុខទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង