សម្តេច ស ខេង ដក ឯកឧត្តម សេង សុវណ្ណារ៉ា ពីសមាជិកចុះជួយខេត្តមណ្ឌលគិរីក្រោយមានរឿងអាស្រូវយកដីរដ្ឋរាប់ពាន់ហិកតាក្នុងខេត្តដែលខ្លួនទៅពង្រឹង

(មណ្ឌលគិរី)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចលេខ ១៤០ សសរ ដក ឯកឧត្តម សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី ដោយដាក់ជំនួសមកវិញដោយលោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី។

យោងតាមសេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា សេចក្តីសម្រេចដក ឯកឧត្តម សេង សុវណ្ណារ៉ា បែបនេះគឺអាចដោយសារមន្ត្រីជាន់ខ្ពស់រូបនេះ បានជាប់ពាក់ព័ន្ធករណីឈូសឆាយ និងទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋនៅខេត្តមណ្ឌលគិរីរាប់ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

យោងតាមឯកសារដែល Swift News ទទួលបាន បង្ហាញថា ឯកឧត្តម សេង សុវណ្ណារ៉ា មានការជាប់ព័ន្ធករណីរំលោភយកដីរដ្ឋ ដោយមានអាជ្ញាធរមូលដ្ឋានចុះហត្ថលេខាទទួលស្គាល់ផង ដែលមានទីតាំងស្ថិតក្នុងភូមិពូរាំង ជាង ៤០ហិកតា និងភូមិពូហ្យាម ជាង ២០ហិកតា ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងនៅភូមិអន្ត្រេះ ជាង ៩០០ហិកតា ក្នុងឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សូមជម្រាបជូនថា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានសម្រេចដកហូតយកដីទាំងអស់នោះមកជាសម្បត្តិរដ្ឋវិញ តាមរយៈលិខិតលេខ០៦៣/១៩ សជណ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីរកឃើញថា ឯកឧត្តម សេង សុវណ្ណារ៉ា ជាអ្នកពាក់ព័ន្ធរឿងឈូសឆាយ និងកាន់កាប់យកដីរដ្ឋជិត ១ពាន់ហិកតានៅក្នុងស្រុកកោះញែក។

ដោយឡែកគេនៅពុំទាន់ឃើញមាន លិខិតផ្លូវការណាមួយរបស់សាលាខេត្តមណ្ឌលគិរី ដកហូតដីធ្លីរបស់ ឯកឧត្តម សេង សុវណ្ណារ៉ា ដែលបានកាន់កាប់នៅក្នុងស្រុកអូររាំង ជាង ៦០ហិកតានៅឡើយទេ រហូតមកដល់ពេលនេះ។

បើយោងតាមមាត្រា ២៥៩ នៃច្បាប់ ភូមិបាល បានចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពី ៥លាន ទៅ៥០លានរៀល និងដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង