បន្ទាប់ពី​សួរនាំ​អស់​ពេល​ពេញ​មួយថ្ងៃ ឧកញ៉ា​ឈើ គង់ ក្រឹ​ង និង​កូនប្រសារ​ប្រុស ត្រូវបាន​ចាប់ឃុំខ្លួន​ហើយ

(​ខេត្តក្រចេះ​)៖ ឧកញ៉ា​ឈើ​ដ៏​ល្បីល្បាញ លោក គង់ ក្រឹ​ង និង​កូនប្រសារ​ប្រុស ឈ្មោះ ម៉ាត់ ណា​ស៊ា​ត បាន​ចូល​ឆ្លើយបំភ្លឺ អស់​រយៈពេល ១​ថ្ងៃ នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តក្រចេះ​។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​បញ្ជាក់ថា ក្រោយ​ការសាកសួរ សមត្ថកិច្ច បានសម្រេច​ឃាត់ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសារ​របស់លោក​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត​។ ជន​ទាំងពីរ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​។​

​លោក​ឧកញ៉ា គង់ គ្រឹ​ង និង​កូនប្រសារ ម៉ាត់ ណា​ស៊ា​ត ដែលជា​ម្ចាស់​រោង​សិប្បកម្ម ម៉ាត់ ណា​ស៊ា​ត មាន​ទីលំនៅ​ភូមិ​ដី​ច្រាប​ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវបាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩ បានចេញ​លិខិត​កោះហៅ ឲ្យ​ចូល​ឆ្លើយបំភ្លឺ នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តក្រចេះ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​។​

​ការចាប់ខ្លួន​លោក​ឧកញ៉ា​ឈើ​ដ៏​ល្បីល្បាញ គង់ ក្រឹ​ង ត្រូវបាន​ធ្វើឡើង​ក្រោយពេល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ដឹកនាំ​ចុះ​ពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ចំនួន​៩ ទីតាំង របស់លោក​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩​។ អំឡុងពេល​ចុះ​ប្រតិបត្តិការ​នោះ លោក​ឧកញ៉ា គង់ ក្រឹ​ង មិនមាន​វត្តមាន នៅក្នុង​ឃ្លាំង​ឈើ​ទេ​។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៩ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ១៥​នាក់ ទៅកាន់​តុលាការ ក្នុងនោះ មាន​ទាំង​ឧកញ៉ា​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ ស៊ឹង សំអុល ផង​។ រីឯ​មនុស្ស​ចំនួន ២១​នាក់​ផ្សេងទៀត ដែលមាន​ទាំង​មន្ត្រី​នៅ​មន្ទីរ​ពាក់ព័ន្ធ​ផង កំពុង​តាម​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ នៅ​ភូមិភាគ​ឦសាន ពិសេស​ក្នុង​ខេត្ត​មណ្ឌល​គី​រី និង​ខេត្តក្រចេះ ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង