ដី ២៦ កន្លែងរបស់លោកជំទាវ កែវ ម៉ាលី និងសាច់ញាតិ ត្រូវតុលាការប្រកាសលក់ឡាយឡុងយកលុយសងបំណុលធនាគារ BIDC

(ភ្នំពេញ)៖ លោក ឡា កូយ ក្រឡាបញ្ជីតុលាការអនុវត្ត នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា កន្លងទៅ បានចេញលិខិតស្តីពី ការផ្សាយជាសាធារណៈ អំពីការលក់ឡាយឡុងដោយស្រោមសំបុត្រ នូវដី និងអគារ ចំនួន ២៦ កន្លែងរបស់ លោកជំទាវ កែវ ម៉ាលី ដែលគេស្គាល់ថាជាថៅកែអគារ វិមានចរណៃ និងលោកស្រី កែវ ស៊ុយឆេង ដែលជាសាច់ញាតិ។

យោងតាមលិខិតលេខ ២៧ “ព”លក្រ ការអនុវត្តលក់ឡាយឡុងលើអចលនវត្ថុរបស់ក្រុមហ៊ុន លេន ប្រផឺធី អេលធីឌី ដែលជាកម្មសិទ្ធិរបស់លោកជំទាវ កែវ ម៉ាលី និងលោកស្រី កែវ ស៊ុយឆេង នេះធ្វើឡើងតាមដីកាសម្រេចលេខ ១៨ “ព”រវ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។

លិខិតដដែលនេះ បានបញ្ជាក់ថា កាលបរិច្ឆេទនៃការលក់ឡាយឡុងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខ តម្លៃលក់អប្បបរមា ៧,២៤២, ៨៥៤,២០ ដុល្លារ។ ចំពោះការទទួលពាក្យដេញថ្លៃគឺចាប់ពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។

ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា ការដែលតុលាការសម្រេចលក់ឡាយឡុងអចលនវត្ថុរបស់ក្រុមហ៊ុន លោកជំទាវ កែវ ម៉ាលី និងលោកស្រី កែវ ស៊ុយឆេង គឺដើម្បីយកប្រាក់ទៅសងដើមបណ្តឹងដែលជាតំណាងឲ្យ ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា BIDC៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង