កាំកុងត្រូល​ខេត្តស្វាយរៀង​ពិនិត្យ​ទំនិញ​ជិត​២០​មុខ​ ឃើញ​ទំនិញ​ខូចគុណភាព​ជិត​១០kg​ នៅ​ផ្សារ​វាល​យន្ត​

(​ស្វាយ​រៀង​)៖​ លោក​ ផឹង​ និល​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ ដឹកនាំ​ក្រុមការងារ​ បន្ត​ចុះ​ពិនិត្យ​មុខទំនិញ​ជា​ច្រើន​មុខ​ នៅ​ក្នុង​ផ្សារ​វាល​យន្ត​ ក្រុង​ស្វាយ​រៀង​ បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព​ ៨​គីឡូក្រាម​និង​ងៀត​បបែល​កន្លះ​គីឡូក្រាម​។​

​នា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៩​នះ​ លោក​ ផឹង​ និល​ បានអោយ​ដឹង​ថា​:​ ដោយ​មានការ​ណែនាំ​ពី​លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​លោក​ ម៉ក់​ ពេ​ជ្ជ​រិ​ទ្ធ​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល​ ក្នុង​នោះ​កាំកុងត្រូល​ខេត្តស្វាយរៀង​ តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បានជា​ច្រើន​លើក​ ហើយ​ការ​ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ថ្ងៃនេះ​ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ​ ព្រោះ​វា​មាន​សារសំខាន់​ ចាំបាច់​ណាស់​ ក្នុង​សង្គម​ និង​ជីវភាព​ប្រចាំ​ថ្ងៃ​ ។​

​ការ​ទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ​ គឺជា​ការ​ទទួលខុសត្រូវ​រួម​គ្នា​ ទាំង​ស្ថាប័ន​ជំនាញ​ ទាំង​អ្នក​នាំ​ចូល​ អ្នក​ផលិត​ អ្នក​ចែកចាយ​ និង​អ្នក​ទាំងអស់​គ្នា​ ជា​អ្នក​ប្រើប្រាស់​ផង​ដែរ​ ព្រោះ​សុខភាព​ គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត​។​

​លោក​ក៏​បាន​បញ្ជាក់​ថា​៖​ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​មុខទំនិញ​ចំនួន​ជិត​២០​មុខ​ ក្នុង​ផ្សារ​វាល​យន្ត​នេះ​ បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព​រួម​មាន​៖ សាច់ក្រក​សាច់​៣kg,​ ងៀត​អន្ទង់​២,៥kg,​ ត្រីប្រឡាក់​២,៥kg,​ ងៀត​បបែល​មាន​សារធាតុ​គីមី​០,៥kg​ ចំណែក​អ្នកលក់​ ក៏​បាន​យល់ព្រម​បញ្ឈប់​ការ​ដាក់​លក់ទំនិញ​ដែល​ខូចគុណភាព​ ហួសការ​បរិច្ឆេទ​ប្រើប្រាស់​ ព្រោះ​ពួក​គេ​ទាំង​អស់នោះ​បាន​យល់​ដឹង​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​ ។​

​លោក​ ផឹង​ និល​ បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ នៅ​ខេត្តស្វាយរៀង​ សូម​មានការ​ប្រយ័ត្ន​ ចំពោះ​ការ​បរិភោគ​ចំណីអាហារ​ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ​ ឲ្យ​បាន​ច្បាស់លាស់​ មុន​នឹង​ទិញ​យក​ទៅ​បរិភោគ​។​ ជា​ពិសេស​ចំណីអាហារ​ក្មេងៗ​ និយម​បរិភោគ​ ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ត្រឹមត្រូវ​ មុន​នឹង​បរិភោគ​ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់​គ្នា​ ហើយ​មន្ត្រី​កាំកុងត្រូល​យើ​ហនឹង​បន្ត​ចុះ​ ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា​ នៅ​ក្នុង​ខេត្តស្វាយរៀង​បន្ត​ទៀត​ផង​ដែរ​ ៕​ (SN-PK)

អត្ថបទដែលជាប់ទាក់ទង