គន្លឹះ​ខ្លីៗ​ក្នុង​ការ​ថែទាំ​ និង​ត្រួតពិនិត្យ​រថយន្ត​ក្នុង​រដូវវស្សា​

(​ភ្នំពេញ​)៖​ តើ​អ្នក​គួរ​ធ្វើ​អ្វីខ្លះ​ក្នុង​ការ​ថែទាំ​រថយន្ត​ ដើម្បី​ជៀសវាង​បញ្ហា​ដែល​អាច​កើត​មាននៅ​ពេល​បើកបរ​នៅ​រដូវភ្លៀង​។​ វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​គួរ​មាន​វិធានការ​ការពារ​ទុកជា​មុន​ ដើម្បី​រក្សា​សុវត្ថិភាព​ពេល​កំពុង​បើកបរ​។​

​ជា​ធម្មតា​ពេល​បើកបរ​ក្នុង​រដូវវស្សា​ អ្នក​តែង​ជួប​ប្រទះ​ផលវិបាក​ផ្សេងៗ​ដូច​ជា​ ពិបាក​ក្នុង​ការ​មើលផ្លូវ​ ផ្លូវ​មានទឹក​លិច​ ផ្លូវ​រអិល​ពិបាក​ចាប់​ហ្វ្រាំង​ ការ​ខូចខាត​ផ្នែក​ខាងក្រោម​រថយន្ត​ដោយសារ​តែ​មានទឹក​ និង​ភក់​ខ្ទាត​ទៅ​ជាប់​នៅ​កន្លែង​ទាំងនោះ​ដែល​បង្ក​ឲ្យ​មានការ​ច្រែះ​ ខូច​ជាដើម​។​ ដូចនេះ​ហើយ​ អ្នក​គួរ​យល់​ដឹង​អំពី​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ​ ដើម្បី​ជៀសវាង​ហានិភ័យ​ដែល​អាច​កើត​មាន​ក្នុង​ពេល​បើកបរ​ក្នុង​រដូវវស្សា​៖

១-​ ពិនិត្យ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផ្លូវ​របស់​រថយន្ត​
​ការ​មើលឃើញ​ច្បាស់​នៅ​ពេល​បើកបរ​ជា​ផ្នែក​មួយ​ចាំបាច់​បំផុត​សម្រាប់​ការ​បើកបរ​រថយន្ត​នៅ​ពេល​យប់​ ឬ​ពេល​ភ្លៀង​ខ្លាំង​ ដូចនេះ​ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា​ចង្កៀង​ផ្នែក​ខាង​មុខ​ និង​ផ្នែក​ខាងក្រោយ​រថយន្ត​ដំណើរការ​ល្អជា​និច្ច​។​ ប្រសិនបើ​ចង្កៀង​រថយន្ត​អ្នកមាន​សភាព​ស្រអាប់​ ភ្លើង​មើលទៅ​មិនសូវ​ភ្លឺ​ អ្នក​គួរ​យក​រថយន្ត​ទៅ​សំអាត​ចង្កៀង​ចេញ​ ឬ​ប្តូរ​អំ​ពូ​ល​ថ្មី​តែ​ម្តង​។​

២-​ ពិនិត្យ​ផ្នែក​ដំបូល​ កញ្ចក់​ទ្វារ​រថយន្ត​
​ប្រសិនបើ​រថយន្ត​អ្នកមាន​ដំបូល​កញ្ចក់​បិទ​បើក​ ជាបឋម​អ្នក​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ឆែក​មើល​នូវ​ដំណើរការ​បិទ​បើក​កញ្ចក់​ដំបូល​លើ​ថា​តើ​វា​ដំណើរការ​ធម្មតា​ឬទេ​។​ លើស​ពី​នេះ​ទៅ​ទៀត​ដើម្បី​ជៀសវាង​ភាព​មិន​ប្រក្រតី​ណាមួយ​ ដូច​ជា​ការ​បិទ​មិន​ជិត​ដោយសារ​ធូលី​ដី​ ឬ​មានទឹក​ដក់​មិន​ហូរ​ល្អ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​លេច​ ជ្រៀប​ទឹកភ្លៀង​ស្រក់​ចូល​រថយន្ត​។​

៣-​ ពិនិត្យ​ផ្លិត​ទឹក​
​ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​ត្រូវ​ពិនិត្យ​មើល​ប្រតិបត្តិការ​ផ្លិត​ទឹកមុខ​ក្រោយ​ ជៀសវាង​មានការ​រហែក​ជ័រ​បក់​ទឹក​ ឬ​ផ្លិត​ទឹក​មិន​ដំណើរការ​ប្រក្រតី​ទៅ​តាម​ចលនា​លឿន​យឺត​ជាដើម​។​

៤-​ ត្រួតពិនិត្យ​ប្រព័ន្ធ​ជើង​ក្រោម​រថយន្ត​
​ពេល​អ្នកបើកបរ​កាត់ទឹក​ ឬ​ចត​ក្នុង​ទឹក​ជម្រៅ​ណាមួយ​ ទឹក​អាច​ជ្រៀប​ចូល​ក្នុង​គ្រឿង​បង្គំ​មួយ​ចំនួន​នៃ​ផ្នែក​ខាងក្រោម​របស់​រថយន្ត​បាន​ ដូចនេះ​អ្នក​ត្រូវ​ពិនិត្យ​មើល​ប្រព័ន្ធ​ជើង​ក្រោម​រថយន្ត​ជៀសវាង​បញ្ហា​ទឹក​ជ្រៀប​ដល់ទី​តាំង​សុវត្ថិភាព​ណាមួយ​បាន​។​ អ្នក​ត្រូវ​ពិនិត្យ​ទៅ​លើ​ប៉ា​ឡុ​ង​ តើ​វា​មាន​របូត​ ឬ​រលុង​កន្លែង​ណាមួយ​ឬ​អត់​ និង​ត្រូវ​ពិនិត្យ​មើល​ការ​លេច​ជ្រាប​មាន​ដូច​ជា​ បូម​ កាទែ​ម៉ាស៊ីន​ និង​ប្រអប់លេខ​ជាដើម​។​

ប្រការ​សំខាន់​មួយទៀត​ត្រូវ​ពិនិត្យ​មើល​កៅស៊ូ​ការពារ​ដី​ មាន​ដូច​ជា​កៅស៊ូ​រឺ​ទីល​ចង្កូត​ កៅស៊ូ​អា​ប៊ូ​ហ្សេ​ កៅស៊ូ​ទាំង​អស់នេះ​គឺ​សម្រាប់​ការពារ​ដី​ និង​ទឹក​មិន​ឲ្យ​ចូល​នៅ​ពេល​អ្នកបើកបរ​កាត់ទឹក​ កាត់​ភក់​ ដែល​អាច​ធ្វើ​ឲ្យ​គ្រឿង​បង្គំ​ផ្នែក​ខាងក្រោម​ច្រែះ​ ធ្វើ​ឲ្យ​ការ​បើកបរ​មាន​បញ្ហា​។​ ចំនុច​ចាំបាច់​មួយទៀត​ អ្នក​ត្រូវ​ពិនិត្យ​មើល​កាឡេ​ខ្វែង​ ប្រសិនបើ​កាឡេ​ខ្វែង​រថយន្ត​អ្នក​រលុង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដាក់​លេខ​ ធ្វើ​ឲ្យ​រថយន្ត​កន្ត្រាក់​នៅ​ពេល​បើកបរ​ ម្យ៉ាងទៀត​ត្រូវ​ត្រួតពិនិត្យ​ប្រេង​ប៉ុង​ថា​មានការ​លេច​ជ្រាប​ដែរ​ ឬទេ​ ជៀសវាង​បញ្ហា​ផ្សេងៗ​ដែល​អាច​កើត​មាន​ពេល​បើកបរ​ផ្លូវ​ឆ្ងាយ​។​

៥-​ ត្រួតពិនិត្យ​ប្រព័ន្ធ​ហ្វ្រាំងរថយន្ត​
​ហ្វ្រាំង​ គឺជា​ប្រព័ន្ធ​មួយ​ដ៏​សំខាន់​ដូច​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ដែល​មាននូវ​ក្នុង​តារាង​ត្រួតពិនិត្យ​រថយន្ត​ផង​ដែរ​ ។​ អ្នក​គួរ​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​ដោយ​ជាង​ជំនាញ​នូវ​យាន​ដ្ធា​ន​ដើម្បី​ធានា​ថា​ស្បែក​ហ្វ្រាំង​នៅ​មានកំ​រាស់​ក្រាស់​និង​មិន​ខូចគុណភាព​។​ មិនតែប៉ុណ្ណោះ​អ្នក​ត្រូវ​ពិនិត្យ​ប្រេង​ហ្វ្រាំង​ផង​ដែរ​។​

៦-​ ត្រួតពិនិត្យ​ផ្នែក​ខ្សែ​ពាន​រថយន្ត​
​ដោយសារ​ខ្សែ​ពាន​ទាំងនេះ​ធ្វើ​មក​ពី​កៅស៊ូ​ ហេតុនេះ​ហើយ​ប្រសិនបើ​វា​ដាច់​ ឬ​រហែក​ ម៉ាស៊ីន​ទាំងអស់​ក្នុង​រថយន្ត​នឹង​លែង​ដំណើរការ​។​ កត្តា​មួយទៀត​ គឺ​ពេល​ដែល​ខ្សែ​ពាន​ទាំងនេះ​ត្រូវ​ទឹក​ វា​បង្កើត​ឲ្យ​មាន​ភាព​រអិល​ និង​មាន​ភាព​លំបាក​ក្នុង​ការ​អូស​ម៉ាស៊ីន​។​ ដូច្នេះ​ហើយ​ អ្នក​គួរ​ឧស្សាហ៍​ឆែក​មើល​ខ្សែ​ពាន​ម៉ាស៊ីន​កុំ​ឲ្យ​មានការ​លេច​ធ្លាយ​ទឹក​ពី​គម្រប​រថយន្ត​ចូល​ទៅ​ខាងក្នុង​ និង​គួរ​ប្ដូរ​វា​ចោល​ពេល​ដែល​វា​មាន​ភាព​ចាស់​ខ្លាំង​។​

៧-​ ត្រួតពិនិត្យ​សំបក​រថយន្ត​
​ការ​ត្រួតពិនិត្យ​សំបក​កង់​មិន​សំដៅ​តែ​លើ​សំពាធ​កង់​មួយ​មុខ​នោះ​ទេ​ យើង​ត្រូវ​ពិនិត្យ​មើល​កាលបរិច្ឆេទ​នៅ​លើ​សំបក​កង់​ ប្រសិនបើ​សំបក​កង់​រថយន្ត​ផុត​ថ្ងៃ​ហួសកំណត់​អ្នក​ត្រូវ​ប្តូរ​ចេញ​ភ្លាម​ទោះបីជា​ក្រឡា​កង់​នៅ​មានកំ​រាស់​ក្រាស់​ក៏​ដោយ​។​ មួយវិញទៀត​ អ្នក​ត្រូវ​ពិនិត្យ​មើល​កម្រិត​នៃ​កម្រាស់​សំបក​កង់​ដែល​បាន​កំណត់​ដោយ​រោងចក្រ​ផ្ទាល់​ ថា​ដល់​ពេល​ដែល​គួរ​ប្តូរ​សំបក​កង់​ ឬ​នៅ​។​

៨-​ ត្រួតពិនិត្យ​មើល​អា​គុយ​របស់​រថយន្ត​
​អ្នក​គួរ​ពិនិត្យ​នៅ​លើ​ក្បាល​អា​គុយ​ ប្រសិនបើ​ក្បាល​អា​គុយ​មាន​ស្នឹម​ អ្នក​គួរ​យក​ទឹក​ក្ដៅ​មក​លាង​សំអាត​ត្រង់​កន្លែង​ដែល​មាន​ស្នឹម​ ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ពេល​បញ្ឆេះ​រថយន្ត​ ។​ ម្យ៉ាងទៀត​ គួរ​ពិនិត្យ​កម្រិត​អាស៊ីត​ក្នុង​អា​គុយ​ បើ​កម្រិត​អាស៊ីត​ឡើង​ខ្ពស់​នោះ​បញ្ជាក់​ថា​ដល់​ពេល​ប្ដូរ​អា​គុយ​ថ្មី​ហើយ​។​

៩-​ លាង​សំអាត​ និង​ប៉ូ​លា​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​
​នៅ​ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​សើម​វា​ជា​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​លាង​សំអាត​ស្នាម​ទឹក​ជាប់​លើ​ថ្នាំ​រថយន្ត​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​លាង​និង​ប៉ូ​លា​រថយន្ត​បាន​ត្រឹមត្រូវ​ អាច​ជួយ​សំអាត​ស្នាម​ទាំងនោះ​បាន​។​ ការ​សំអាត​កញ្ចក់​រថយន្ត​បាន​ស្អាត​ល្អ​ ក៏​អាច​ជួយ​លោក​អ្នក​មើល​បាន​ច្បាស់​ពេល​បើកបរ​ផង​ដែរ​។​ ម្យ៉ាងទៀត​ លោក​អ្នក​គួរ​ប្រើ​ទឹក​ជូត​កញ្ចក់​ដើម្បី​សំអាត​កញ្ចក់​ជុំវិញ​រថយន្ត​បាន​ស្អាត​ល្អ​។​

១០-​ ត្រូវ​ប្រុង​ប្រយ័ត្ន​ កុំ​បើកបរ​លឿន​ពេក​នៅ​ពេល​ភ្លៀង​
​បន្ទាប់​ពី​អ្នក​បាន​ធ្វើ​តាម​គន្លឹះ​មួយ​ចំនួន​ដែល​បាន​រៀបរាប់​ខាងលើ​ អ្នក​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពេល​បើកបរ​នៅ​រដូវភ្លៀង​។​ អ្នក​មិន​ត្រូវ​ចាប់​ហ្វ្រាំង​បន្ទាន់​ភ្លាមៗ​នោះ​ទេ​ ហើយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ជា​និច្ច​។​ ការ​ធ្វើ​បែប​នេះ​ នឹង​ជួយ​រក្សា​លំនឹង​កង់​ជៀសវាង​ការ​រអិល​។​ អ្នក​គួរ​បើកបរ​នៅ​ជួរ​កណ្ដាល​នៃ​ផ្លូវ​ ព្រោះ​ពេល​មាន​ភ្លៀង​ធ្លាក់​ ផ្នែក​សងខាង​ផ្លូវ​តែង​មានទឹក​លិច​។​

​ដូចនេះ​ហើយ​ ដើម្បី​ជៀសវាង​បញ្ហា​ទាំង​អស់នេះ​អ្នក​អាច​យក​រថយន្ត​ទៅ​យានដ្ឋាន​ជួសជុល​និង​ថែទាំ​រថយន្ត​ ឬ​អ្នក​មក​កាន់​មជ្ឈមណ្ឌល​ថែទាំ​ និង​ជួសជុល​រថយន្ត​ Ford​ ផ្ទាល់​ដើម្បី​ឲ្យ​ជាង​ដែល​មាន​ជំនាញ​ច្បាស់លាស់​ធើ្វ​ការ​ត្រួតពិនិត្យ​ ឬ​ជួសជុល​រថយន្ត​អ្នក​មុន​រដូវវស្សា​ខិត​ជិត​មក​ដល់​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង