អ៊ន ចាន់ប៉ូលីន៖ « វាជាឱកាសមួយក្នុងការវាស់ស្ទង់សមត្ថភាពរបស់យើងជាមួយក្រុមជើងឯកចាស់ សម្រាប់ការប្រកួតថ្ងៃនេះ »

(ភ្នំពេញ)៖សម្រាប់ការប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ៨ក្រុមចុងក្រោយ ក្រុមភ្នំពេញក្រោននឹងត្រូវធ្វើការប្រកួតជាមួយក្រុមជើងឯកឆ្នាំមុន ក្រសួងការពារជាតិ ដែលការប្រកួតនឹងធ្វើឡើងនាថ្ងៃនេះវេលាម៉ោង៦ល្ងាច នៅកីឡដ្ឋាន ខ ភ ម (ស្តាតចាស់) ។

 កីឡាករ អ៊ន ចាន់ប៉ូលីន បានយល់ឃើញថាការប្រកួតក្នុងពានរង្វាន់សម្តេចជាការមួយដែលក្រុមត្រូវតែផ្តោតអារម្មណ៍លេងឲ្យបានខ្លាំង ព្រោះក្រុមហាក់ដូចជាអស់ឱកាសក្នុងលីគកំពូលទៅហើយ ។ កីឡាករវ័យក្មេងរូបនេះបាននិយាយថា៖​ « នេះជាឱកាសមួយសម្រាប់កីឡាករខ្មែររបស់យើង ដើម្បីផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ក្នុងការប្រកួតនេះ ហើយខ្ញុំជឿថាកីឡាករខ្មែររបស់យើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់នេះផងដែរ » ។

កីឡាកររូបនេះបានបន្ថែមថា៖ « ការប្រកួតស្នេះវាជាការប្រកួតមួយដែលល្អ និងជក់ចិត្តព្រោះវាអាចបង្ហាញពីសមត្ថភាពរបស់កីឡាករខ្មែរយើង ក៏ដូចជាការវាស់ស្ទង់សមត្ថភាពរវាងក្រុមយើងជាមួយនឹងក្រុមជើងឯកឆ្នាំមុន ។ សម្រាប់ការលេងនាពេលកន្លងមកក្នុងលីគកំពូលយើងបានយកឈ្នះជាមួយនឹងលទ្ធផល ៣-១ នេះជាកត្តាជំរុញទឹកចិត្តមួយសម្រាប់ក្រុមយើងក្នុងការលេងនៅពេលនេះ ប៉ុន្តែយើងក៏ត្រូវតែមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់នៅពេលដែលប៉ះជាមួយពួកគេម្តងទៀតនេះ ។

ជាចុងក្រោយប៉ូលីនបានបញ្ជាក់ថា៖ « ការប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយនៅជើងទីមួយនេះយើងនឹងព្យាយាមលេងតាមអ្វីដែលយើងបានហ្វឹកហាត់ ក៏ដូចជាតាមការគ្រោងទុក ហើយសង្ឃឹមថាក្រុមកីឡាករខ្មែររបស់យើងនឹងធ្វើបានល្អ ដើម្បីអ្នកគាំទ្រ និងក្លឹបរបស់យើង »។

ក្រៅពីភ្នំពេញក្រោនជួបក្រសួងការពារជាតិ នៅមានការប្រកួតរវាង វិសាខា និងគីរីវង់សុខសែនជ័យ និងបឹងកេតជាមួយសូលទីឡូអង្គរផងដែរ៕

ប្រភព៖ PPCFC

អត្ថបទដែលជាប់ទាក់ទង