នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ជំរុញឱ្យអាជ្ញាធរខេត្ត អនុវត្តអនុសាសន៍៤ចំណុច របស់សម្តេចក្រឡាហោម បង្ក្រាបបទល្មើសគ្រឿងញៀនឱ្យអស់នៅចុងឆ្នាំ២០១៩!

(ព្រះវិហារ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានញ្ជាឱ្យអាជ្ញាធរខេត្តព្រះវិហារ អនុវត្តអនុសាសន៍ទាំង៤ចំណុចរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើការងារបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀន ឱ្យអស់ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩នេះ។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ បានថ្លែងនៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយការងារទប់ស្កាត់
និងបង្ក្រាបការនាំចូលដោយខុសច្បាប់នូវសារធាតុញៀន នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ នាព្រឹកថ្ងៃអង្គារិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ។

ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្តស្តីទី គោស៊ុម ប៊ុនសឿត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត
វរៈនគរបាលការពារព្រំដែន អធិការនគរបាលក្រុង ស្រុក ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ថ្លែងបន្តថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនៅអនុសាសន៍៤ចំណុច លើការងារបង្ក្រាបទប់ស្កាត់បទល្មើសគ្រឿងញៀន ឱ្យអស់ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩នេះ មានដូចខាងក្រោម៖

១. បញ្ចប់ទាំងស្រុងនៅរាល់បទល្មើសគ្រឿងញៀនតាមបណ្តាក្លឹបកំសាន្ត និងសប្បាយដ្ឋានានា

២. ត្រូវរឹបអូសបន្តឹងការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ បង្ក្រាប លំហូរគ្រឿងញៀនចូលមកកម្ពុជា នាទិសឥសានតាមព្រំដែនកម្ពុជា-ឡាវ

៣. ខិតខំស្រាវជ្រាវបង្ក្រាបរាល់ទីតាំងលួចលាក់ កែច្នៃគ្រឿងញៀន

៤. មិនត្រូវការពារ មិនត្រូវពាក់ព័ន្ធ មិនត្រូវអត់អោន ឬអន្តរាគមន៍ចំពោះរាល់ បទល្មើសគ្រឿងញៀនជាដាច់ខាត។

សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ឆ្នាំ ២០១៩ បង្ក្រាបលើខេត្តទាំងបី (ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី) បាន៨៦ករណី ឃាត់ខ្លួនមនុស្សបាន១៧០នាក់ ក្នុងនោះស្រី ២៣នាក់
និងចាប់យកគ្រឿងញៀនបាន៩២៧៤ក្រាម ក្នុងនោះខេត្តព្រះវិហារ៣១ករណី ឃាត់ខ្លួនមនុស្ស៦៧នាក់ ស្រី៤នាក់ និងចាប់បានគ្រឿងញៀន១១៨ក្រាម៕ (SN-សួនពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង