PMក្រុងភ្នំពេញបញ្ជូនបុរស ២នាក់ទៅតុលាការ រឿងយកឈ្មោះ ឯកឧត្តម យឹម លាង ទៅបោកពលរដ្ឋ ១០០នាក់ក្នុងការរត់ការធ្វើយោធា

(ភ្នំពេញ)៖ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួន បុរសសង្ស័យ ២នាក់ទៅតុលាការ ពាក់ព័ន្ធករណី យកឈ្មោះ ឯកឧត្តម យឹម លាង ទៅបោកពលរដ្ឋ ១០០នាក់ ក្នុងការរត់ការធ្វើយោធា។

ជនសង្ស័យទី១មានឈ្មោះថា ប៊ិន ឡាច ហៅ វ៉ែន សារ៉ាត់ ភេទប្រុស ឆ្នាំកំណើត១៩៦២ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋាន ណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី២ឈ្មោះ ឈ្មោះ តុប គឹមហុង ហៅ យឹម ឈុនហុង ភេទប្រុស ឆ្នាំកំណើត១៩៧៣ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចទល់មុខភោជនីយដ្ឋានព្រឹកថ្មីល្ងាចស្រស់ ផ្លូវ១១៥កែង២៧៤ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីទទួលពាក្យបណ្តឹងពី ឯកឧត្តម យឹម លាង។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ តុប គឹមហុង បានប្រើឈ្មោះ យឹម គឹមហុង សហការជាមួយជនសង្ស័យឈ្មោះ ប៊ិន ឡាច ហៅ វ៉ែន សារ៉ាត់ ដើម្បីដើរកុហក់ជនរងគ្រោះ ថាខ្លួនជាបងប្អូនជីដូនមួយរបស់ឯកឧត្តម យឹម លាង។

ជនសង្ស័យរូបនេះ បានកុហក់ក្រុមជនរងគ្រោះទៀតថា នៅពេលឆាប់ៗខាងមុខនេះ ឯកឧត្តម យឹម លាង នឹងទៅកាន់តំណែងជា អគ្គនាយក នៃអគ្គនាយកដ្ឋានវិស្វកម្ម និងត្រូវបង្កើតនាយកដ្ឋានថ្មីចំនួន ០៦ ដែលត្រូវការជ្រើសបុគ្គលិកក្របខ័ណ្ឌចំនួន ៣០០នាក់។

ដូច្នេះ បើប្អូនណាចង់ចូលបម្រើការជាយោធាក្នុងស្ថាប័នមួយនេះ អាចពឹងពាក់ខ្លួនបាន ដោយគ្រាន់តែ ចំណាយទៅតាម ឋានន្តរសក្តិ ដោយនៅក្នុងនោះថ្នាក់វរសេនីយ៍ តម្លៃ ៥,៥០០ដុល្លារ ទៅ ៦,០០០ដុល្លារ, ថ្នាក់អនុសេនីយ៍ឯក តម្លៃ ៤,៥០០ដុល្លារ ទៅ ៥,០០០ដុល្លារ, ថ្នាក់អនុសេនីយ៍ទោ តម្លៃ ៣,៥០០ដុល្លារ ទៅ ៤,០០០ដុល្លារ, ថ្នាក់អនុសេនីយ៍ត្រី តម្លៃ ២,០០០ដុល្លារ ទៅ ២,៥០០ដុល្លារ និងថ្នាក់ពលទាហាន តម្លៃ ៧០០ដុល្លារ ទៅ ១,០០០ដុល្លារ។

បន្ទាប់មក ក្រុមជនសង្ស័យ បានឆបោកជនរងគ្រោះ បានចំនួន ១០០នាក់ ទើបបែកធ្លាយរឿងរ៉ាវនេះ រហូត ឯកឧត្តម យឹម លាង បានជ្រាប និងប្តឹងឲ្យសមត្ថកិច្ចតាមចាប់ខ្លួនពួកគេយកទៅផ្តន្ទាទោសតាមច្បាប់៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង