អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចេញសេចក្តីសម្រេចបញ្ចប់កិច្ចដំណើរការនីតិវិធីលើបណ្តឹងសាទុក្ខពាក់ព័ន្ធនឹង នួន ជា

(ភ្នំពេញ​)៖​ នៅថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ​២០១៩​ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានចេញសេចក្តីសម្រេចបញ្ចប់កិច្ចដំណើរការនីតិវិធីលើបណ្តឹងសាទុក្ខ ពាក់​ព័ន្ធនឹង នួន ជា ប៉ុន្តែបានទទួលពិនិត្យលើសំណើបន្ទាន់របស់ក្រុមមេធាវីការពារក្តី នួន ជា ពាក់ព័ន្ធ​នឹងក្នុងចំណោមនោះ ផលប៉ះពាល់នៃមរណភាពរបស់ នួន ជា ទៅលើសាលក្រម និងការដាក់​ពិរុទ្ធភាព​ជាមូលដ្ឋាន។ នេះគឺជាការបញ្ជាក់​របស់លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការ​សាធារណៈនៃសាលាក្តីខ្មែរក្រហម នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា៖ «អង្គជំនុំជម្រះតុលាការកំពូលបានប្រកាសថា មរណភាព​របស់​ជន​ជាប់ចោទ នួន ជា មានអនុភាពរំលត់បណ្តឹងអាជ្ញាលើរូបគាត់ និងបញ្ចប់រាល់កិច្ចដំណើរការ​នីតិវិធី​ពាក់ព័ន្ធនឹងរូបគាត់នៅចំពោះមុខអង្គជំនុំជម្រះតុលាការកំពូល ហើយអង្គជំនុំជម្រះតុលាការ​កំពូល​បន្តទទួលពិនិត្យ លើសំណើសុំបន្ទាន់របស់ក្រុមមេធាវីការពារក្តី នួន ជា»។

នួន ជា ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធពិរុទ្ធភាព​មួយចំនួន ប៉ុន្តែតម្កល់ការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូងឲ្យជាប់ពន្ធនាគារ​អស់មួយ​ជីវិត។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នួន ជា ត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។ អង្គជំនុំជម្រះសាលាដំបូង បានរួមបញ្ចូលទោស​ជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ទៅជា​ការផ្តន្ទាទោស​ដាក់ពន្ធនាគារអស់មួយជីវិតតែមួយ។

ជនជាប់ចោទ នួន ជា បានដាក់សេចក្តីជូនដំណឹងអំពីបណ្តឹងសាទុក្ខរបស់ខ្លួន ប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងក្នុងសំណុំរឿង ០០២/0២ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩។ ជនជាប់ចោទ នួន ជា អាយុ ៩៣ ឆ្នាំ បានទទួលមរណភាពកាលនៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៩ ក្រុមមេធាវីការពារក្តី នួន ជា បានដាក់ សំណើបន្ទាន់ពាក់ព័ន្ធនឹងផលប៉ះពាល់លើកិច្ចដំណើរការ​នីតិវិធី​បណ្តឹងនៃមរណភាពរបស់ នួន ជា នៅពេលចេញសាលដីកា។

ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា អនុលោមតាមមាត្រា ៧(១) នៃក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មរណភាពរបស់ជនល្មើសត្រូវរលត់បណ្តឹងអាជ្ញាប្រឆាំងនឹងជននោះ។ អនុលោមតាមវិធាន ២៣ស្ទួន (៦) នៃវិធានផ្ទៃក្នុងដំណើរការនីតិវិធីបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹង ជនជាប់ចោទនៅអវតក ត្រូវបញ្ចប់នីពេលមរណភាពរបស់ជនជាប់ចោទ។ ហេតុដូច្នេះហើយបានជាអង្គជំនុំជម្រះតុលាការកំពូលយល់ឃើញថា តាមច្បាប់កម្ពុជា និងវិធានផ្ទៃក្នុងរបស់អវតក មរណភាពរបស់ នួន ជា មានអនុភាពរលត់បណ្តឹងអាជ្ញា និងបញ្ចប់បណ្តឹងរដ្ឋប្បវេណីចំពោះរូបគាត់នៅចំពោះមុខនៃអង្គជំនុំជម្រះ។

លោកប្រធានផ្នែកកិច្ចការសាធារណៈរូបនេះបានពន្យល់បន្តថា ចាប់ពីពេលនេះ សំណុំរឿង នួន ជា ត្រូវបានបិទបញ្ចប់នៅចំពោះមុខតុលាការខ្មែរក្រហម ហើយចំពោះសំណើរបន្ទាន់របស់ក្រុមមេធាវី នួន ជា ពាក់ព័ន្ធនឹងផលប៉ះពាល់លើកិច្ចដំណើរការនីតិវិធីបណ្តឹងនៃមរណភាពរបស់ នួន ជា នៅពេលចេញសាលដីកា នឹងត្រូវអង្គជំនុំជម្រះតុលាការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានឹងសម្រេច នៅក្នុងពេលវេលាសមស្របខាងមុខ។

ជនជាប់ចោទ នួន ជា ត្រូវបានបញ្ជូនពីមន្ទីរឃុំឃាំងបណ្តោះអាសន្នរបស់អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការកម្ពុជា (អវតក) ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីក្រុមគ្រូពេទ្យពិនិត្យ​ព្យាបាលជំងឺ តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ មក។

នួន ជា កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ មានតួនាទីជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា និងជា​ប្រធានសភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ និងបានជំនុំជម្រះក្តីនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍​ ៕

អត្ថបទដែលជាប់ទាក់ទង