ជំនន់ទឹកភ្លៀង​ប៉ះពាល់ពលរដ្ឋជាង ​៦ពាន់គ្រួសារ ​និងដំណាំស្រូវ ​ក្នុងខេត្តចំនួន​៦​

(ភ្នំពេញ)៖ ខេត្ដ​ជាប់​សមុទ្រ​ចំនួន៤ ​និង​ខេត្ដ​នៅ​ភាគ​ឥឦសាន​ចំនួន​២ ​បាន​រងគ្រោះ​​ធ្ងន់ធ្ងរ​ពី​ជំនន់​ទឹក​ភ្លៀង​ ចាប់​តាំង​ពី​ដើម​ខែ​សីហា​រហូត​មក​ពេលនេះ។

លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ បានប្រាប់អង្គភាព Swift News នៅរសៀលថ្ងៃទី១៣ ខែសីហានេះថា ជំនន់ទឹកភ្លៀងបានវាយប្រហារបណ្តាខេត្តជាច្រើន ប៉ុន្តែ ​តួលេខ​​ផល​​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​ចំនួន​ ៦ខេត្ដ​ ក្នុង​នោះ ២ខេត្ដ​នៅ​តំបន់​ភាគ​ឦសាន​ គឺ​ខេត្ដ​រតន​គិរី​ និង​មណ្ឌលគិរី​ និង​ខេត្ដ​ជាប់​សមុទ្រ ​៤ទៀត​ គឺខេត្តព្រះសីហនុ​ កោះកុង​ កំពត និង​ខេត្ដ​កែប​។​

បើតាមលោក កែវ វី ខេត្ដ​ទាំង​ ៦នោះ​មាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ចំនួន​ ៦ ៣០០គ្រួសារ​ ភាគ​ច្រើន​ប៉ះពាល់​ខ្លាំង​ គឺ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ខេត្ដ​កំពត ​និង​ខេត្ដ​រតនគិរី​ ក្នុង​នោះ​សមត្ថកិច្ច​បាន​ជម្លៀស​ពលរដ្ឋ​​ចំនួន ​១ ០០០គ្រួសារ ​ទៅ​ទីទួល​សុវត្ថិភាព​ រងគ្រោះស្លាប់ចំនួន ៤នាក់ ខូតខាតដំណាំស្រូវជាង​ ៣ ៥០០ហិកតា ​រួម​ទាំងខូតខាត​ទ្រព្យ​សម្បត្ដិ​​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​ថ្នល់​ និងសាលា​រៀន​មួយ​ចំនួន​ទៀត។

គួរជម្រាបថា ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា ខេត្ត​ជាប់មាត់​សមុទ្រ ពិសេស​ខេត្ត​ព្រះសីហនុ និង​កោះកុង រួម​ទាំង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំងបង្ក​ជា​ជំនន់​ទឹកភ្លៀង ព្រោះ​តំបន់​ទាំងនោះ ត្រូវ​រង​ឥទ្ធិពល​ព្យុះ និង​ខ្យល់មូសុង​និរតី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម៕

អត្ថបទដែលជាប់ទាក់ទង