លោក គួច ចំរើន ​សន្យាដោះស្រាយបញ្ហា​របស់ពលរដ្ឋម្តងមួយៗ​ រាប់បញ្ជូល​ទាំងការចាក់​ដី​ចូល​សមុទ្រ​

(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ថ្ងៃទី១៣ ខែសីហា បានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយកង្វល់ និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមកពី ២២ក្រុម ក្នុងខេត្តព្រះសីហនុ នៅសាលាខេត្ត​ព្រះសីហនុ។

ក្នុងកិច្ចពិភាក្សា កង្វល់របស់ប្រជាពលរដ្ឋ ដែលបានមកចូលរួមមាន ២២ក្រុម មកពី ២ក្រុង និង ៣​ស្រុក​ នៃខេត្តព្រះ សីហនុ ពួកគាត់បានលើកឡើងបញ្ហាស្រដៀងគ្នា គឺសុំចេញបណ្ណសំគាល់ម្ចាស់អចលនវត្ថុ ដែលមន្ត្រីជំនាញបានចុះវាស់ វែងនាពេលកន្លងមក និងបញ្ហាផ្សេងៗមួយចំនួនទៀត។ ដោយឡែកខាងអង្គការ CNRO បានស្នើសុំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យបញ្ហាការចាក់ដីចូលសមុទ្រ ការកាប់បំផ្លាញព្រៃកោងកាង ដីព្រៃឧទ្យានជាតិរាម ជាដើមធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់។ល។

លោក គួច ចំរើន បានលើកឡើងថា៖ រដ្ឋបាលខេត្តបានទទួលឯកសាររបស់ប្រជាពលរដ្ឋទាំង ២២ក្រុម និងសន្យាធ្វើការដោះស្រាយម្តងមួយៗ ព្រោះបើយើងដោះមួយកញ្ចប់តែ ម្តង មិនអាចធ្វើបានទេ។ ចំពោះរឿងដែលចូលដល់ប្រព័ន្ធតុលាការ រដ្ឋបាលខេត្តមិនមានសិទ្ធិនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរកមេធាវី ដើម្បីការពារក្តី ។

ទន្ទឹមនោះអភិបាលខេត្តព្រះសីហនុ សុំការយោគយល់ពីប្រជាពលរដ្ឋ សូមមានការអត់ធ្មត់ ក្នុងការដោះស្រាយ ព្រោះរដ្ឋបាលខេត្តត្រូវជ្រើសរើសយកកិច្ចការណាសំខាន់មកធ្វើការដោះស្រាយចំពោះមុខ ហើយនៅមានឯកសារជាច្រើនទៀត ដែលរដ្ឋបាលខេត្តត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់។ លោកអភិបាលខេត្ត បានសំណូមពរបងប្អូនប្រជាពលរដ្ឋ កុំចូលកាន់កាប់ដីព្រៃរបស់រដ្ឋ និងដីឯកជនដោយខុសច្បាប់ ហើយក៏មិនអនុញ្ញាត្តឱ្យមានការចាប់ដីរដ្ឋដោយខុសច្បាប់នោះដែរ៕

អត្ថបទដែលជាប់ទាក់ទង