អូស្ត្រាលីនឹងហាមឃាត់ការនាំចេញសំរាមប្លាស្ទិក

(អូស្ត្រាលី)៖ មេដឹកនាំរដ្ឋាភិបាលអូស្ត្រាលីបានយល់ព្រមកំណត់កាលបរិច្ឆេទសម្រាប់ការហាមឃាត់ការនាំចេញសំរាមប្លាស្ទិកដែលត្រូវបានដឹកជញ្ជូនទៅប្រទេសជិតខាងក្នុងតំបន់រួមមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម។

មេដឹកនាំសហព័ន្ធរដ្ឋនិងដែនដីបានឯកភាពគ្នាក្នុងកិច្ចប្រជុំមួយនៅឯ Great Barrier Reef នៃក្រុង Cairns ដើម្បីប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីបរិស្ថាន​ដោយបញ្ឈប់ការបោះចោលកាកសំណល់ប្លាស្ទិក ក្រដាស កែវ និងសំបកកង់។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បាននិយាយថា«សំរាមទាំងនេះនឹងមិនផ្លាស់ប្តូរទេលុះត្រាតែអ្នកនិយាយថាវានឹងក្លាយជាចំណុចមួយ​ក្នុងពេល​ដែលអ្នកនឹងមិនអាចដាក់សំរាមទាំងនេះចូលទៅក្នុងកប៉ាល់ហើយបញ្ជូនវាទៅប្រទេសផ្សេងបានទេ។ ដូច្នេះយើងត្រូវតែ ចាប់ផ្តើមគិតអំពីអ្វីដែលយើងនឹងធ្វើនៅពេលរឿងនោះកើតឡើង»។

គួរបញ្ជាក់ថាការបោះចោលសំរាមបានក្លាយជាបញ្ហាកាន់តែធ្ងន់ឡើងចាប់តាំងពីឆ្នាំ២០១៧មក ខណៈដែលប្រទេសចិនរារាំងការនាំចូលកាកសំណល់ប្លាស្ទិកបរទេសស្ទើរតែទាំងស្រុង។

ថ្នាក់ដឹកនាំអូស្រ្តាលីបានឯកភាពថាយុទ្ធសាស្រ្តនេះត្រូវស្វែងរកការកាត់បន្ថយកាកសំណល់ ជាពិសេសកាត់បន្ថយបរិមាណសំរាមប្លាស្ទិកទៅកន្លែងចាក់សំរាម និងបង្កើនសមត្ថភាពគ្រប់គ្រងរួមទាំងកែច្នៃសំរាមរបស់អូស្រ្តាលីឲ្យបានច្រើនបំផុតដើម្បីប្រមូលកែច្នៃនិងប្រើប្រាស់​ឡើងវិញ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង