ACU ថាលោក លៀម ប៊ុនរឿន ធ្វើប្រធានសុរិយោដីខេត្តពោធិ៍សាត់ ជិត៣ឆ្នាំរកលុយបានជិត ៤០ម៉ឺនដុល្លារ

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីចុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងកម្រាស់ ៥ទំព័ររបស់ខ្លួនស្តីអំពី កិច្ចប្រជុំលើកទី៤៥ អាណត្តិទី២ នៃក្រមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

នៅក្នុងសេចក្តីជូនដំណឹងនោះ ក៏បាននិយាយអំពី ករណីបទល្មើសពុករលួយរបស់លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដី ខេត្តពោធិ៍សាត់ ផងដែរ។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញថា ក្នុងងរយៈពេលកាន់តំណែងមិនទាំងដល់ ៣ឆ្នាំផង លោក លៀម ប៊ុនរឿន រកប្រាក់ចំណូលបានចំនួន ៣៧២,៧៤៧ដុល្លារ និងលុយខ្មែរចំនួន ៤៩លានរៀល ពីអំពើពុករលួយចំនួន ១៤០ករណី។

ACU បន្ថែមថា លោក លៀម ប៊ុនរឿន បានយកប្រាក់ដែលបានពីការប្រព្រឹត្តអំពើពុករលួយ ទៅជួសជុលផ្ទះចាស់ អស់ចំនួន ៤០,០០០ ដុល្លារ, ទិញផ្ទះពីរកន្លែង ដោយមួយកន្លែងចំនួន ១៦៨,០០០ដុល្លារ និងមួយកន្លែងទៀតចំនួន ៧២,០០០ដុល្លារ, ទិញដីមួយកន្លែង ចំនួន ៤៤,០០០ដុល្លារ ហើយសង់ផ្ទះត្រចៀកកាំអស់ ៤០,០០០ដុល្លារ, ទិញរថយន្ត Lexus 570 ចំនួន ១គ្រឿងក្រោយពេលឡើងកាន់តំណែង និងទិញរថយន្ត ម៉ាក KIA PICANTO ចំនួន ១គ្រឿងបន្ថែមទៀត។

គួររម្លឹកថា លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដី ខេត្តពោធិ៍សាត់, លោក ជាង វុទ្ធី អនុប្រធានមន្ទីរ ទទួលការងារសំណង់ និងលោក តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តពោធិសាត់ ទទួលបន្ទុកច្រកត្រូវបានកម្លាំងនគរបាលយុត្តិធម៌របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

ការឃាត់ខ្លួនជនត្រូវចោទទាំង ៣នាក់ ដោយសារតែពួកគេនាំគ្នាទាមទារ ថ្លៃសេវាពីថៅកែក្រុមហ៊ុនម្នាក់ ដែលមានបំណងសាងសង់រោងចក្រក្នុងខេត្តពោធិ៍សាត់ ចំនួន ១០ម៉ឺនដុល្លារជាថ្នូរនឹងការចេញច្បាប់សាងសង់។

ក្រោយមកពួកគេទាំង ៣នាក់ត្រូវបាន តុលាការក្រុងភ្នំពេញ ចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមបទចោទប្រកាន់ពីបទ សម្អាតប្រាក់, បទ វីតិក្រម និង បទរំលោភអំណាច យោងតាមមាត្រា ៤០៤, មាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង