ទស្សនៈ៖ មន្ត្រីនគរបាល​យុត្តិធម៌ យល់​ពី​ច្បាប់​បំរើប្រជាជន ​ហេតុ​អី​បង្ក​ជំលោះ​វ៉ៃ​គ្នា​ទៅវិញ​?

​(ភ្នំពេញ)៖ នា​វេលា​ម៉ោង​២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច ត្រូវបាន​សមត្ថកិច្ច​ហៅ​មក​ដោះស្រាយ​គ្នា​នៅ​ខណ្ឌចំការមន។ លុះ​មក​ដល់ ​បុរស​ម្នាក់​នោះ បាន​យក​ក្រដាស​កំណត់ហេតុ​ មក​បាំង​មុខ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ទាញ​ក្រដាស​នោះ​ ចេញ ក៏​កើតជា​អំពើហិង្សា​វាយ​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជន និង​នគរបាល​យុតិធម៌ បង្ក​ឲ្យ​កើតមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

​ប្រជាជន​បាន​ចោទ​ជា​សំណួរ​ថា ធ្វើជា​មន្ត្រីនគរបាល​យុត្តិធម៌​យល់ដឹង​ពី​ច្បាប់ មាន​ភារៈកិច្ច​បំរើ​ប្រជាជន និង​ការពារ​សណ្តាប់ធ្នាប់ តែ​ហេតុ​អី​បង្ក​ជំលោះ​វ៉ៃ​គ្នា​ទៅវិញ​? គ្រាន់តែ​បុគ្គល​ម្នាក់​ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ យក​ក្រដាស​បាំង​មុខ បែរជា​នគរបាល​យុតិធម៌ ប្រើ​ហិង្សា​ទះ​ទៅលើ​ផ្ទៃមុខ​បុគ្គល​នោះ និង​ព្រួត​គ្នា​វាយ​ទាំង​បំពាន ​នៅក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​បែបនេះ។

ហេតុអ្វី​នគរបាល​អនុវត្តន៍​ច្បាប់ មានការ​យល់ដឹង​ពី​ការបំពេញ​តួនាទី​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ប្រើ​កម្លាំង​ធ្វើ​ទាំង​បំពាន​លើ​ប្រជាជន​បែបនេះ ។ មិនតែប៉ុណ្ណោះ បែរជា​អនុញ្ញាតឲ្យ​ក្រុម​សារព័ត៌មាន​ចូល​យក​ព័ត៌មាន និង​ផ្តិត​យក​រូបភាព ទាំង​អាណាធិបតេយ្យ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន ដោយ​គ្មាន​ការហាមឃាត់​ទៀត ដែល​នេះ​ជាការ​អំពាវនាវ​យ៉ាងខ្លាំងៗ​ទៅលើ​សិទ្ធិ​បុគ្គល ដែល​ច្បាប់​ហាមឃាត់​ដាច់ខាត។

មន្ត្រីនគរបាល​យុត្តិធម៌ មាន​តួនាទី​ទទួល​បណ្ដឹងទាមទារ និង​បណ្ដឹង​បរិហារ ស៊ើបអង្កេត​បទល្មើស​ជាក់ស្តែង និង​ធ្វើការ​អង្កេត​បឋម​, ធ្វើ​កំណត់ ហេតុ​លើ​គ្រប់​ពាក្យបណ្ដឹង រៀបចំ​បញ្ជី​ពាក្យបណ្តឹង និង​ធ្វើ​ចំណាត់ការ​លើ​ពាក្យបណ្ដឹង ។ តើ​វា​សាក​សម​ឬទេ ដែល​មន្ត្រីនគរបាល​យុត្តិធម៌​ប្រើ​ហិង្សា​ទះ​មុខ ព្រួត​គ្នា​វាយ និង​ដាក់​ខ្នោះដៃ​ទៅលើ​បុគ្គល ក្នុង​ដែនដី សមត្ថកិច្ច​មូលដ្ឋាន​ខ្លួន ដោយ​គ្រាន់តែ​គេ​យក​ក្រដាស់​បាំង​មុខ​បែបនេះ​? ប្រជាពលរដ្ឋ​គាត់​ឆ្ងល់​ថា សមត្ថកិច្ច​ប្រើ​កម្លាំង​ទាំង​បំពាន ព្រួត​គ្នា​ប្រើ​អំពើហិង្សា​លើ​ប្រជាជន​បែបនេះ​ទៅវិញ ។ ទង្វើ​បែបនេះ វា​បង្ហាញ​ពី​ភាពឃោរឃៅ​របស់​សមត្ថ​កិច្ច ក្រោម​ក្រសែ​ភ្នែក​ពួក​សិទ្ធិមនុស្ស ។ ប្រជាជន​វាយតម្លៃថា សមត្ថកិច្ច​យើង មិនបាន​ប្រើ​តួនាទី​ប្រកបដោយ​វិជ្ជាជីវៈ។

​ទង្វើ​របស់​នគរបាល​យុត្តិធម៌​ប៉ុន្មាន​នាក់​នេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម កិត្តិយស និង​សេចក្តីថ្លៃ ថ្នូរ​​របស់​នគរ​បាល​ជាតិ និង​ធ្វើ​ឲ្យ​បាត់​ជំនឿ​ពី​ប្រជាពលរដ្ឋ។ ក្នុង​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​សមត្ថកិច្ច​នគរបាល គឺ​មិនអាច​ប្រើ​អំពើហិង្សា​តាមចិត្ត​លើ​ជនសង្ស័យ​បានឡើយ ទោះបីជា​ជន​សង្ស័យ​ ​ប្រព្រឹត្ត​បទល្មើស​អ្វី​ក៏ដោយ ព្រោះថា ​នេះត្រឹម​ជា​ជនសង្ស័យ គឺ​ច្បាប់​បានការ​ពារ។ បើ​ពិនិត្យ​​លើ​ទិដ្ឋភាព​ច្បាប់ និង​វិន័យ​មន្ត្រី​ទាំងនោះ​ខុស​ធ្ងន់​ណាស់ ព្រួត​គ្នា​ប្រើ​ហឹ​ង្សា​ក្នុង​កន្លែងធ្វើការ​រដ្ឋ ។ គួរតែ​ដាក់វិន័យ​រដ្ឋបាល​លើ​មន្ត្រីនគរបាល​យុត្ត​ធម៌ ​ដែល​បាន​បំពាន​លើ​ប្រជាជន៕​

អត្ថបទដែលជាប់ទាក់ទង