វិភាគៈ កូរ៉េខាងជើងបាញ់មីស៊ីលរយៈចម្ងាយខ្លីលើកទី៥ក្នុងរយៈពេលមិនដល់បីសប្តាហ៍

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ទៀតហើយ កាលពីថ្ងៃសៅរ៍ ទី១០ ខែសីហានេះ ដែលជាការបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួន៥លើកក្នុងរយៈពេលមិនដល់៣សប្តាហ៍ផង ។

ការបាញ់សាកល្បងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងខណៈដែលកងកម្លាំងយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធយោធារួមគ្នានៅលើទឹកដីកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងបានចាត់ទុកជាការត្រៀមកម្លាំង និងការហាត់សមក្នុងគោលដៅឈ្លានពានចូលកូរ៉េខាងជើង ។

ការបាញ់សាកល្បងមីស៊ីលបាលីស្ទិកលើកទី៥នេះ គឺត្រូវបានបាញ់ចេញពីស្ថានីយ៍ Hamhung នៅភាគឦសាននៃកូរ៉េខាងជើង ដោយមីស៊ីលបានហោះហើរក្នុងចម្ងាយជាង៤០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលទៅក្នុងដែនទឹកសមុទ្រខាងកើត ។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃសុក្រ ទី០៩ ខែសីហានេះ ពោលគឺមុនពេលបាញ់សាកល្បងមីស៊ីលបាលីស្ទិកលើកទី៥នេះ លោក ត្រាំ បានទទួលលិខិតមួយច្បាប់កម្រាស៣ទំព័រពីលោក គីម ជុងអ៊ុន ហើយប្រធានាធិបតីអាមេរិករូបនេះបានបើកធ្វើសន្និសិទកាសែតមួយ ។

នៅក្នុងសន្និសិទកាសែត លោក ត្រាំ បានលើកឡើងថា លោកបានទទួលសំបុត្រមួយច្បាប់ទៀតរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលជាលិខិតមានខ្លឹមសារប្រកបដោយសុទិដ្ឋិយមខ្លាំងណាស់តាំងពីក្បាលដំបូង រហូតដល់បន្ទាត់ចុងក្រោយ ។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សំបុត្រនោះ គឺលោក គីម ជុងអ៊ុន សរសេរប្រាប់ពីមូលហេតុដែលកូរ៉េខាងជើងបានសម្រេចចិត្តបាញ់មីស៊ីលប្រមាណជា៤ដង ក្នុងរយៈពេលជាងពីរសប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី០៥ ខែសីហានេះ ។

លោក គីម ជុងអ៊ុន បានសរសេរលិខិតផ្ញើរជូនលោក ត្រាំ នោះថា តាមពិតទៅ កូរ៉េខាងជើងផ្ទាល់ ក៏មិនចង់បាញ់មីស៊ីលដែរ តែខ្លួនគ្មានជំរើសអ្វីផ្សេងដើម្បីសំដែងការមិនពេញចិត្ត ចំពោះសមយុទ្ធយោធារវាងកងទ័ពអាមេរិក និងកងទ័ពកូរ៉េខាងត្បូងទេ ដែលសម្រាប់កូរ៉េខាងជើង សមយុទ្ធយោធារួមគ្នារបស់អាមេរិក និងកូរ៉េខាងត្បូង គឺជាការហាត់សមប្រុងប្រៀប និងគំរាមចូលទៅវាយកូរ៉េខាងជើង។

នៅក្នុងសន្និសិទកាសែតដដែលនោះ លោក ត្រាំ បានលើកឡើងថា លោកក៏មិនពេញចិត្តនឹងសមយុទ្ធយោធានេះដែរ ដែលសមយុទ្ធយោធារួមគ្នានោះ គឺជាការចំណាយប្រាក់ឥតប្រយោជន៍ ហើយមិនត្រឹមតែចាយលុយច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ តែវាបានចូលរួមបង្កបញ្ហាឲ្យកាន់តែតានតឹងថែមទៀតផងនៅឯឧបទ្វីបកូរ៉េ ។

សម្តីរបស់លោកដូណាល់ ត្រាំ ដែលថាលោកក៏មិនពេញចិត្តនឹងសមយុទ្ធយោធានេះដែរ គឺមានន័យថា ប្រធានាធិបតីរូបនេះកំពុងការពារហេតុផលរបស់ លោក គីម ជុងអ៊ុន ដែលជាការការពារសត្រូវរបស់សហរដ្ឋអាមេរិក ។

បើតាមការសង្កេត រដ្ឋាភិបាលអាមេរិក ហាក់លែងចង់មានប្រតិកម្មរិះគន់កូរ៉េខាងជើងទៀតហើយ ទាក់ទិននឹងការបាញ់សាកល្បងមីស៊ីលម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង ដែលរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ទំនងជាមានបំណងស្រង់យកតែចំណុចល្អ នៃទំនាក់ទំនងល្អូកល្អឺន រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន តែប៉ុណ្ណោះ ។

នៅក្នុងសន្និសិទកាសែតកាលពីថ្ងៃសុក្រនោះ លោក ត្រាំ បាននិយាយថា លោកនឹងជួបជាមួយលោក គីម ជុងអ៊ុន ម្តងទៀតនៅពេលខាងមុខ ប៉ុន្តែប្រធានាធិបតីអាមេរិករូបនេះ មិនបានដាក់កាលបរិច្ឆេទជាក់លាក់ទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង