ដីកាកោះ​ថ្មី​មួយទៀត របស់​ទណ្ឌិត សម រង្ស៊ី ត្រូវបាន​ប៉ូលិស យកទៅ​បិទ​នៅ​របង​អតីត​ទីស្នាក់កា​រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ឆ្នាំ​២០១៩ ប៉ូលិស​បាន​យក​ដីកាកោះ លើក​ទី​២ ដែលជា​ដីកា​ថ្មី​មួយទៀត កោះហៅ​ទណ្ឌិត សមរង្ស៊ី ឲ្យ​ចូល​បំភ្លឺ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ យកទៅ​បិទ​នៅ​របង​ផ្ទះ ដែលជា​អតីត​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ផ្លូវជាតិ​លេខ​២ ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​ទណ្ឌិត​សមរង្ស៊ី ជា​លើក​ទី​២ ឲ្យ​ចូល​ឆ្លើយបំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ ក្រោយពី​ទណ្ឌិត​សមរង្ស៊ី មិនបាន​ចូលខ្លួន តាម​ដីកា​កោះហៅ​លើក​ទី​១​។​

​ទណ្ឌិត សម រង្ស៊ី ជាប់​បណ្តឹង​ថ្មី ដែល​ប្តឹង​ដោយ​ក្រុម​មេធាវី​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩​។ នោះ​គឺ​ទណ្ឌិត​សមរង្ស៊ី បាន​ចោទប្រកាន់ ដោយ​គ្មាន​ការពិត​ថា មរណភាព​របស់លោក ហុក ឡង់ឌី អតីត​មេ​ប៉ូលិស គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នក​សម្លាប់ ហើយ​ថា នៅពេលនេះ លោក ឌី វិជ្ជា ដែលជា​កូនប្រុស​របស់លោក ហុក ឡង់ឌី កំពុង​រៀបចំ​ផែនការ​សងសឹក ដោយមាន​ការគាំទ្រ​ពីស​ម្តេច​ក្រឡាហោម ស ខេង​។​

​យ៉ាងណាក៏ដោយ ក្រុម​មេធាវី​សម្តេច​ក្រឡាហោម ស ខេង បានដាក់​ពាក្យបណ្តឹង ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​ទណ្ឌិត សម រ​ង្ស៉ី ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ ក្នុង​ពាក្យបណ្តឹង បានទាមទារ​ឱ្យ​តុលាការ ចាត់ការ​លោក​សម រ​ង្ស៉ី ទៅតាម​ផ្លូវច្បាប់​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៤​ពាន់​លាន​រៀល ប្រហាក់ប្រហែល​នឹង ១​លាន​ដុល្លារ​អាមេរិក​។​

​ក្រៅពី​បណ្តឹង​នេះ ទណ្ឌិត សម រ​ង្ស៉ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង ត្រូវបាន​ផ្តន្ទាទោស និង​ចោទប្រកាន់ ក្នុង​សំណុំ​រឿងក្តី​រាប់​ភ្លេច នៅ​តុលាការ ក្នុងប្រទេស​កម្ពុជា​។ បណ្តឹង​ទាំងនោះ ដោយសារតែ​មាត់​នៅ​មិន​ស្ងៀម និងរ​ពិស​ដៃ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនូវ​ព័ត៌មាន​មិន​ពិត មួលបង្កាច់ មកលើ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​កំពូលៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង