ប្រជាពលរដ្ឋ​ជាង​១០០០​គ្រួសារ​ រង់ចាំ​៥​ឆ្នាំ​ ទទួល​របប​ដីស្រែ​ ដែល​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ផ្ដល់​ឱ្យ​ក្នុង​១​គ្រួសារ​២​ហិ​កតា​ តែ​មិន​បាន​ ក៏​ផ្ទុះ​ការ​តវ៉ា​ស្រែក​ទាមទារ​!

(​ព្រះ​វិហារ​)៖​ ដោយសារ​តែ​ការ​ទន្ទឹង​រង​ចាំ​ ពាក្យ​សន្យា​ខ្យល់​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ ទើប​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៩​ ប្រជាពលរដ្ឋ​១១២​នាក់​ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​១០៤៥​គ្រួសារ​ រស់នៅ​ភូមិ​ធម្មជាតិ​ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​បាន​ប្រមូលផ្ដុំ​គ្នា​មក​ធ្វើការ​តវ៉ា​ ស្រែក​ទាមទារ​ រក​របប​ដីស្រែ​ពួក​គាត់​វិញ​។​

​សូម​បញ្ជាក់​ថា​ ដី​ដែល​ប្រជាពលរដ្ឋ​ទាមទារ​ខាងលើ​ គឺ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ សម្រេច​ផ្តល់​ឱ្យ​នៅ​ក្នុង​មួយ​គ្រួសារ​២​ហិ​កតា​ជា​ដី​ថ្នូ​ទៅ​នឹង​ការ​ដោះ​ដូរ​លំនៅ​ឋាន​ពី​ភូមិ​«​គ​១»​ ដើម្បី​ធ្វើការ​បង្កបង្កើន​ផល​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ គឺ​ពួក​គាត់​បាន​ត្រឹមតែ​ការ​រង​ចាំ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ តាំងពី​ឆ្នាំ​២០០៨​ រហូត​ដល់​ឆ្នាំ​២០១៩​នេះ​ គឺ​នៅ​សល់​តែ​ការ​សន្យា​ឱ្យ​រង​ចាំ​ដ៏​ដែល​ «​សន្យា​ខ្យល់​»​ ក្រោយ​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ បន្ត​អះអាង​ថា​ រង​ចាំ​មាន​ថវិការ​ ដើម្បី​ដោះ​មីន​ និង​ធ្វើ​ផ្លូវ​ឲ្យ​រួច​សិន​ ទើប​បែងចែក​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​អាស្រ័យ​ផល​។​

​ជុំវិញ​ការ​អះអាង​របស់​អាជ្ញាធរ​នោះ​ផង​ដែរ​ ពួក​គាត់​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ជា​ពិសេស​ឯកឧត្ដម​ ប្រាក់​ សុវណ្ណ​ អភិបាលខេត្ត​ ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី​ មេត្តា​ជួយ​ព​ន្លឿ​ន​នៅ​ក្នុង​រឿង​ដីស្រែ​របស់​ពួក​គាត់​ម្នាក់​២​ហិ​កតា​នេះ​។​ ទោះបីជា​មិន​ទាន់​មាន​ផ្លូវ​ក៏​ដោយ​ ឱ្យ​តែ​បែងចែក​ដីស្រែ​របប​សម្តេច​ផ្តល់​ឱ្យ​ ចំពោះ​ការ​ធ្វើ​ផ្លូវ​ ចាំ​ធ្វើ​នៅ​ពេល​ក្រោយ​ក៏​បាន​ដែរ​ សំខាន់​ឱ្យ​តែ​ពួក​គាត់​បាន​ដី​សម្រាប់​ធ្វើការ​អាស្រ័យ​ផល​សិន​។​

​លោក​ ជា​ គឹ​ម​សេង​ អភិបាល​ នៃ​គណៈ​អភិបាលស្រុក​ជាំ​ក្សាន្ត​ បាន​លើក​ឡើង​បញ្ជាក់​ថា​ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ដែនដី​ លោក​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​លោក​មាន​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​ នៅ​ពេល​ដែល​ចុះ​ទៅ​ធ្វើការ​រុករាន​លើ​ផ្ទៃដី​ដែល​អាជ្ញាធរ​ នៅ​មិន​ទាន់​បាន​ធ្វើការ​ដោះ​សំអាត​គ្រាប់​មីន​រួច​។​ លោក​អភិបាលស្រុក​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ គណៈ​អភិបាល​ខេត្តព្រះវិហារ​ កំពុង​តែ​ធ្វើការ​ស្នើ​សុំ​ទៅ​មន្ទីរ​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ យក​គ្រឿងចក្រ​ ចូល​ទៅ​ត្រាស​សេ​ ដើម្បី​ធ្វើ​ផ្លូវ​ហើយ​។​

​ជាមួយ​គ្នា​នោះ​លោក​ ជា​ គឹ​ម​សេង​ អភិបាលស្រុក​ជាំ​ក្សាន្ត​ ក៏​បាន​ធ្វើការ​ស្នើ​សុំ​ការ​យោគយល់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ ដោយ​លោក​ទទួលស្គាល់​ថា​ ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ពិតជា​មានការ​យឺតយ៉ាវ​មែន​ ព្រោះថា​ផ្ទៃដី​ចំនួន​៥០០០​ហិ​កតា​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ទើបតែ​សម្រេច​កាត់​ឱ្យ​ នៅ​ឆ្នាំ​២០០៦​។​

​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ មានការ​យោគយល់​ហើយ​រង​ចាំ​ ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ធ្វើការ​ដោះស្រាយ​ចប់​ នៅ​ក្នុងអំឡុងពេល​ខែ​២​ និង​ខែ​៣​ ដើមឆ្នាំ​២០២០​ខាង​មុន​នេះ​៕​ (SN-​សួន​ ពិសិដ្ឋ​)

អត្ថបទដែលជាប់ទាក់ទង