ពលរដ្ឋ​ងាយ​រង​គ្រោះ​បំផុត​២៥០​គ្រួសារ​ រស់នៅ​ស្រុក​រវៀង​ ខេត្តព្រះវិហារ​ ទទួល​អំណោយ​មនុស្សធម៌​ ពី​ កាកបាទក្រហមកម្ពុជា​

(​ព្រះ​វិហារ​)​ ៖​ ដើម្បី​ជួយ​សម្រាល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ចាត់​ឱ្យ​លោកស្រី​ ម៉ែ​ន​ នារី​ សោ​ភ័គ​ អគ្គលេខាធិការ​រង​ទី​១​ កាកបាទក្រហមកម្ពុជា​ និង​សហការី​ រួម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តព្រះវិហារ​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​បំផុត​២៥០​គ្រួសារ​ រស់នៅ​ក្នុង​ឃុំ​ចំនួន​១២​ នៃ​ស្រុក​រវៀង​ ខេត្តព្រះវិហារ​។​

​នា​ថ្ងៃ​សៅរ៍​ ទី​១០​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ បាន​រៀបចំ​នៅ​ទីតាំង​ពីរ​កន្លែង​ផ្សេង​គ្នា​ នៅ​សាលារៀន​របៀប​ សម្រាប់​ប្រជាពលរដ្ឋ​១៨១​គ្រួសារ​ និង​នៅ​សាលា​មធ្យមសិក្សា​កម្រិត​មូលដ្ឋាន​ត្រពាំង​ទន្ទឹម​ សម្រាប់​ប្រជាពលរដ្ឋ​៦៩​គ្រួសារ​ ។​
​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ លោកស្រី​អគ្គលេខាធិការ​រង​ទី​១​ បាន​ទទួល​ការ​ផ្តាំផ្ញើ​នូវ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ សួរសុខទុក្ខ​ និង​ក្តី​នឹករឭក​ អាណិត​ស្រឡាញ់​ យ៉ាង​ជ្រាលជ្រៅ​ និង​គិតគូរ​ជា​និច្ច​។​

​ជាមួយ​គ្នា​នេះ​លោកស្រី​អគ្គលេខាធិការ​រង​ទី​១​ ក៏​បាន​លើក​ឡើង​ពី​ការ​ផ្តាំផ្ញើ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ឲ្យ​ពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ធម្មជាតិ​ ទឹកជំនន់​ ផ្គរ​ រន្ទះ​ ហើយ​ត្រូវ​ត្រៀមលក្ខណៈ​រក​ទីកន្លែង​មាន​សុវត្ថិភាព​។​

​ទន្ទឹម​នឹង​នេះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ គិតគូរ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​គ្រួសារ​ ដោយ​ត្រូវ​រស់នៅ​មាន​អនាម័យ​ ពិសា​ ទឹក​ដាំ​ឆ្អិន​ និង​បរិភោគ​អាហារូបត្ថម្ភ​ឱ្យ​បាន​ត្រឹមត្រូវ​ ជៀសវាង​ជំងឺលើសឈាម​ ជំងឺ​បេះដូង​ ឈឺសន្លាក់​ ឬ​ទឹកនោមផ្អែម​ជាដើម​។​
​សូម​សម្អាត​បរិស្ថាន​ ជុំវិញ​ផ្ទះ​ លុប​បំបាត់​ជម្រក​សត្វ​មូស​ គេង​ក្នុង​មុង​ជា​និច្ច​ ជៀសវាង​ ជំងឺគ្រុនឈាម​ -​គ្រុនចាញ់​ ហើយ​ប្រសិនបើ​ក្តៅខ្លួន​ ឬ​ចេញ​រោគ​សញ្ញា​ណាមួយ​ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ព្យាបាល​ជា​បន្ទាន់​ ជៀសវាង​បណ្តែតបណ្តោយ​ពេលវេលា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​។​

​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ ត្រូវ​ពិនិត្យ​ផ្ទៃពោះ​ឱ្យ​បាន​ទៀងទាត់​ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជៀសវាង​ជំងឺឆ្លង​ពី​ម្តាយ​ទៅ​កូន​ ឬ​ជំងឺ​តំណពូជ​ជាដើម​ និង​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ ដែល​នៅ​ជិត​បំផុត​។​

​បន្ថែម​ពី​នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់​ ប្រុង​ប្រយ័ត្ន​ នៅ​តំបន់​ដែល​មាន​គ្រាប់​មីន​ ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ​ ដែល​ បន្សល់​ទុក​ពី​សង្គ្រាម​ ដែល​ករណី​គ្រោះថ្នាក់​នៅ​កើត​មាន​ជាយថាហេតុ​។​

​ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់​ស្អាត​ល្អ​ គ្រប់​ទីកន្លែង​ សូម​ប្រជាពលរដ្ឋ​ គិត​ពី​សុវត្ថិភាព​ ចរាចរណ៍​ដែល​ជា​បញ្ហា​ប្រឈម​បង្ក​ឱ្យ​មានការ​ស្លាប់​ និង​ពិការ​ភាព​ជា​រៀងរាល់ថ្ងៃ​។​

​អំណោយ​ដែល​បាន​ចែក​ជូន​គ្រួសារ​នីមួយៗ​រួម​មាន​ ៖​ អង្ករ​៣០​គីឡូក្រាម​ មី​១​កេស​ ត្រីខ​ ១០​កំប៉ុង​ ឃី​ត​១​ (​មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​ និង​អាវ​ភ្លៀង​១៕​ (SN-​សួន​ពិសិដ្ឋ​)

អត្ថបទដែលជាប់ទាក់ទង