កាកបាទក្រហមកម្ពុជា ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ខេត្តរតនគិរី ខណៈ​អាជ្ញាធរ​រៀបចំ​ទីទួល​សុវត្ថិភាព​

(​ខេត្តរតនគិរី​)៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ុយ សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ដឹកនាំ​កម្លាំង​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម​ខេត្ត និង​អ្នក​អមដំណើរ​ទាំងអស់ ចូលរួម​សាងសង់​ជម្រក​ស្នាក់ នៅ​បណ្តោះអាសន្ន របស់​ប្រជាពលរដ្ឋ​នៅ​ទីទួល​សុវត្ថិភាព ព្រមទាំង​ផ្តល់នូវ​ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​លំ​ផាប់ ខេត្តរតនគិរី​។

​ឯកឧត្តម អ៊ុយ សំអាត បាន​ផ្ដាំផ្ញើរ​ដល់​អាជ្ញាធរ​ស្រុក​លំផាត់ សូម​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ពីព្រោះថា​នៅ​ផ្នែក​ខាងលើ​ប្រទេស​វៀតណាម មាន​ភ្លៀង​ធ្លាក់​ជោកជាំ ហើយ​ខាង​ប្រទេស​វៀតណាម នៅក្នុង​ថ្ងៃនេះ នឹង​បើកទ្វារ​ទឹក​វា​រី​អគ្គីសនី​បង្ហូរ​មក​ផ្នែក​ខាងក្រោម​ទៀត ដូច្នេះ​សូម​អាជ្ញាធរ​ស្រុក ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​មានការ​ប្រុងប្រយ័ត្ន​ពី សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​ធ្វើយ៉ាងណា​ត្រូវ​ប្រើប្រាស់​នូវ​កម្លាំង​សរុប​មធ្យោបាយ​សរុប ក្នុងការ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​មករក​ទីទួល​សុវត្ថិភាព​ឱ្យបាន​ទាន់ពេលវេលា​។​

​ដោយឡែក ចៅៗ​ជា​កុមារា កុមារី​សូមកុំ​ទៅលេង​ទឹក​នៅពេល​មាន​ទឹកជំនន់​នេះ ជាពិសេស​មាតា បិតា​អាណាព្យាបាល​ត្រូវ​មើលថែ​កូនចៅ​ឱ្យបាន​គត់មត់ កុំ​ឲ្យ​ទៅលេង​តែម្នាក់ឯង ពីព្រោះ​វា​អាច​គ្រោះថ្នាក់​ជាយថាហេតុ​ក្នុងអំឡុងពេល​ទឹកជំនន់​នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ុយ សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា អមដំណើរ​ដោយ​ឯកឧត្តម ថង សាវុន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម ខេត្តរតនគិរី រួម​និង​សហការី ក៏បាន​អញ្ជើញ​នាំយក​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា​ជូន​ក្រុមគ្រួសារ​សព​ក្មេងស្រី​អាយុ ១៥ ឆ្នាំ​ម្នាក់ ដែល​ស្លាប់ ក្នុងករណី​លិច​ទូក កាលពី​ថ្ងៃទី ៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ស្រុក​លំផាត់ ខណៈដែល​ក្រុមគ្រួសារ​របស់​នាង​ជម្លៀស​សម្ភារៈ តាម​ទូក​ចេញ​មករក​ទីតាំង​សុវត្ថិភាព គ្រា​ដែល​ទឹកជំនន់​ទន្លេស្រែពក លិចលង់​ភូមិដ្ឋាន​របស់ខ្លួន​៕​

អត្ថបទដែលជាប់ទាក់ទង