សម្តេច​តេ​ជោ ហ៊ុន សែន អរគុណ​ប្រធានាធិបតី​ស្រីលង្កា ដែល​បាន​នាំ​ដើម​ពោធិព្រឹក្ស មក​ដាំ​នៅ​កម្ពុជា

(​ភ្នំពេញ​)៖ មុនពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច រយៈពេល ៤​ថ្ងៃ នៅ​កម្ពុជា នា​ថ្ងៃ​សៅរ៍ ទី​១០ ខែសីហា ឆ្នាំ​២០១៩ លោក​ប្រធានាធិបតី​ស្រីលង្កា បាន​ដាំ​ដើម​ពោធិព្រឹក្ស ដែល​លោក​នាំ​មកពី​ប្រទេស​ស្រីលង្កា ដាំ​នៅ​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ និង​ដាំ​នៅ​មណ្ឌល​វិបស្សនា នៅ​ភ្នំ​ឧដុង្គ​។ ជាមួយ​គ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស អរគុណ​ប្រធានាធិបតី​ស្រីលង្កា ដែល​បាន​នាំ​ដើម​ពោធិព្រឹក្ស មក​ដាំ​នៅ​កម្ពុជា​។

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​អរគុណ លោក Maithripala Sirisena ប្រធានាធិបតី​ស្រីលង្កា និង​លោកជំទាវ ដែល​បាន​នាំយក​ដើម​ពោធិព្រឹក្ស​មកពី​ក្រុង​អនុ​រា​ធ​បុ​រៈ ប្រទេស​ស្រីលង្កា មក​ដាំ​នៅ​កម្ពុជា ដែល​នាំមក​នូវ​សេចក្តីសុខ សេចក្តីចម្រើន​ដល់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ទូ​ទាំ​ប្រទេស​»​។​

​សម្តេច​តេ​ជោ បន្តថា «​ទន្ទឹមនឹង​នេះដែរ លោក​ប្រធានាធិបតី ក៏បាន​ចូលរួម​ដាំ​ដើមឈើ​តំណាង​ប្រទេស​ស្រីលង្កា​ចំនួន ១០​ដើម នៅ​មជ្ឈមណ្ឌល​វិបស្សនា ភ្នំ​ឧ​ត្តុ​ង្គ ទៀតផង​។ យើង​មាន​ជំនឿ និង​សង្ឃឹមថា ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ នឹង​កាន់តែ​រីកចម្រើន និង​រឹងមាំ​ខ្លាំង​ឡើង​»​។​

​ក្រោយពី​ចេញពី​វត្ត​លង្កា ក្នុង​រាជធានី​ភ្នំពេញ លោក​ប្រធានាធិបតី​ស្រីលង្កា បាន​អញ្ជើញ​ទៅកាន់​មណ្ឌល​វិបស្សនា ភ្នំ​ឧដុង្គ ដើម្បី​ដាំ​ដើម​ដើម​ពោធិព្រឹក្ស និង​ដើមឈើ ក្នុង​បំណង​រឹតចំណង​មិត្តភាព កម្ពុជា​-​ស្រីលង្កា នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា «​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក​ប្រធានាធិបតី​ស្រីលង្កា និង​លោកជំទាវ មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ គឺ​បាន​ពង្រឹង​នូវ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ទូលំទូលាយ​ថែមទៀត​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ​»៕​

 

អត្ថបទដែលជាប់ទាក់ទង