សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចូល​បុណ្យ ៥​លាន​រៀល ដល់​គ្រួសារ​កុមារី​រងគ្រោះ ដែល​ស្លាប់ ដោយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​លំផាត់​

(​រតនគិរី​)៖ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចូល​បុណ្យ ៥​លាន​រៀល ដល់​គ្រួសារ​កុមារី​រងគ្រោះ ដែល​បាន​ស្លាប់ ដោយ​លិច​ទូក ព្រោះតែ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី​។ ថវិកា​នេះ ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មន្ត​រាយ យកទៅ​ជូន​គ្រួសារ​សព​ដល់ផ្ទះ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩​។​

​សូម​រម្លឹកថា ក្មេងស្រី​ម្នាក់ បាន​បាត់​ខ្លួន ក្នុងករណី​លិច​ទូក​ឆ្លង​ពី​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩​។ រហូតដល់​រសៀល​ថ្ងៃ​ដដែល ទើប​គេ​រកឃើញ​សាកសព​នាង​។​

​ក្មេងស្រី​រងគ្រោះ ឈ្មោះ រ៉ា រចនា អាយុ ១៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ដីឡូត៍ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ជា​សិស្ស​នៅ​អនុវិទ្យាល័យ​លំផាត់​។​

​សូមបញ្ជាក់ថា ក្មេងស្រី​រងគ្រោះ បាន​បាត់​ខ្លួន ជាមួយ​សម្ភារៈប្រើប្រាស់ ម៉ូតូ​ឌ្រី​ម​សង់​១​គ្រឿង និង​ថវិកា​ចំនួន​២​លាន​រៀល ខណៈ​លិច​ទូក​ឆ្លង ដើម្បី​ទៅរក​ទីទួល​សុវត្ថិភាព កាលពី​វេលា​ម៉ោង​ប្រហែល ១១ និង ២០ នាទី​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់​៕

អត្ថបទដែលជាប់ទាក់ទង