EPL 19/20: Liverpool បើករដូវកាលថ្មីដោយបានបំបាក់ Norwich

(អង់គ្លេស)៖ ជើងឯករងហង្សក្រហម Liverpool ចាប់ផ្តើមបើករដូវកាលថ្មីដោយបានបំបាក់ក្លិបដែលឡើងមកពីក្របខណ្ឌទី២​Norwich City ៤ទល់នឹង១ នៅទឹកដី Anfield ក្នុងការប្រកួតបាល់ទាត់ជើងឯកជាតិអង់គ្លេស (English Premier League)។

លេងបានមិនដល់៧នាទីស្រួលបួលផង ប្រធានក្រុម Norwich City កីឡាករ Grant Hanley ធ្វើឱ្យមាន កំហុសចូលទីខ្លួនឯង ពេលដែលកីឡាកររូបនេះ កាត់បាល់ចេញពីការទាត់របស់កីឡាករ Divock Origi មុនពេល Mohamed Salah ស៊ុតគ្រាប់បាល់ឱ្យក្លិបនាំមុខ ពីការបញ្ជួនបាល់របស់កីឡាករ Roberto Firminoនៅនាទីទី១៩។

៩នាទីទីបន្ទាប់កីឡាករ Virgil van Dijk បានតែតបញ្ចូលទីគ្រាប់ទី៣ឱ្យ Liverpool ពីការលើកបាល់ចេញពីជ្រុងរបស់ Mo Salah។ ជិតចប់តង់ទី១ កីឡាករ Origi តែតបញ្ចូលទីគ្រាប់ទី៤ឱ្យហង្សក្រហម ក្រោយកីឡាករTrent Alexander-Arnold បញ្ជួនបាល់ឱ្យ។

តង់ទីពីរម្ចាស់ផ្ទះមិនអាចរកគ្រាប់បាល់បន្ថែមទៀតទេ ផ្ទុយទៅវិញ Norwich City វាយបកបានមួយគ្រាប់វិញដែរ ដោយគ្រាប់បាល់របស់កីឡាករ Teemu Pukki បន្ទាប់ពី Liverpool បាត់កីឡាករអ្នកចាំទី ប្រេស៊ីល Alission ដោយសារបួស ដោយដាក់ជំនួសអ្នកចាំទីទើបទិញថ្មីៗ Adrian៕

 

អត្ថបទដែលជាប់ទាក់ទង