កម្ពុជាប្តេជ្ញាជំរុញការចរចាកិច្ចព្រមព្រៀងភាព​ជាដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយ​តំបន់​ បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ​

(ភ្នំពេញ)៖ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាន់ជំហរគាំទ្រ និងជំរុញឱ្យបញ្ចប់ដំណើរការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាប្លុកពាណិជ្ជកម្មសេរីដ៏ធំ និងមានសារៈសំខាន់បំផុត នៅចុងឆ្នាំ២០១៩នេះ»។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម។

នៅក្នុងជំនួបពិភាក្សា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយ ឯកឧត្តម Yoonjong Chun អគ្គនាយកគោលនយោបាយពាណិជ្ជកម្មសេរី ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​ នៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី០៩ ខែសីហានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ និងសម្របសម្រួលដំណើរការចរចាកិច្ចព្រមព្រៀង RCEP ដើម្បីទប់ទល់ជាមួយវិបត្តិនានា ដែលកើតពីសង្គ្រាមពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបភាគីកូរ៉េ អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា គោល​នយោបាយគាំពារវិនិយោគ និងកំណែទម្រង់ថ្មីៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា និងទាក់ទាញវិនិយោគពីបរទេសបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

ជាការឆ្លើយតប ឯកឧត្តម Yoonjong Chun បានកោតសសើរអំពីវឌ្ឍនភាពរបស់កម្ពុជា ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ថា សាធារណ​រដ្ឋកូរ៉េ មានទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ជាមួយកម្ពុជា និងមានជំហរដូចរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងជំរុញឱ្យដំណើរការចរចាកិច្ចព្រមព្រៀង RCEP អាចបញ្ចប់ នៅត្រឹម​ចុងឆ្នាំ២០១៩នេះ។

សូមជម្រាបដែរថា RCEP គឺជាប្លុកពាណិជ្ជកម្មសេរីដ៏ធំ ចូលរួម​ដោយប្រទេសចំនួន១៦ គឺប្រទេសសមា​ជិកអាស៊ានទាំង១០ និងប្រទេសដៃគូអាស៊ានចំនួន៦ រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាង​ត្បូង និងណូវ៉ែលហ្សេឡង់ ដែលមានប្រជាជនស្មើនឹងប្រមាណ ៤៥% នៃចំនួនប្រជាជនលើពិភពលោក​ និងមានទំហំពាណិជ្ជកម្មប្រមាណ ៤០% នៃពាណិជ្ជកម្មពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង