ធនាគារជាតិ​នឹង​ស៊ើបអង្កេត​​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ ដើម្បីឆ្លើយតប​នឹងរបាយការណ៍​របស់​សង្គម​ស៊ីវិល​

(ភ្នំពេញ)៖ ធនាគារជាតិ នឹង​ស៊ើបអង្កេត​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​របស់​ស​ង្គ​ម​ស៊ីវិល ដែល​ចេញផ្សាយ​ថា មីក្រូ​ហិរញ្ញ​វត្ថុ​បាន​រួម​ចំណែក​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ច្រើន​​នៅ​កម្ពុជា។ នេះ​បើតាម​លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ។

លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ

លោកជំទាវ ជា សិរី បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថ្កោលទោស​លើ​ទង្វើ​អសីលធម៌​របស់​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុមួយចំនួន ដូចដែល​ក្នុង​របាយការណ៍​បានលើកឡើង។ ប៉ុន្តែ លោកជំទាវ​បានដាក់​ការ​ងឿងឆ្ងល់ចំពោះ​របាយការណ៍របស់សង្គមស៊ីវិលនេះ ថាតើមានភាពត្រឹមត្រូវកម្រិតណា ខណៈការ​សម្ភាសមនុស្ស​ត្រឹមតែ​២៨​នាក់ មក​ធ្វើជា​ការសន្និដ្ឋានបែប​នេះ។

​អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ បានបញ្ជាក់ថា «​វា​ហាក់បីដូចជា​ការស្ទង់មតិ​មួយ​ដែល​ធ្វើ​លើ​មនុស្ស​ត្រឹម ២៨នាក់ (​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន​) អាច​តំណាង​ឲ្យ​វិស័យ​ទាំងមូល ដែល​មាន​មនុស្ស​រហូតដល់​៥ លាន​នាក់ បូករួម​ទាំង​អ្នក​ខ្ចី បាន​អ៊ីចឹង​»​។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អង្គការ​ការពារ​សិទិ្ធ​មនុស្ស (លីកាដូ) និង​សមាគម​ធាងត្នោត បានចេញ​របាយការណ៍មួយស្តីពី«ការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​ការ​រំលោភ ​បំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា»។ របាយការណ៍នេះ បានបង្ហាញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​ បាន​ខ្ចី​ប្រា​ក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ហើយ​ការ​ខ្ចី​បុល​នេះ បាន​ជំរុញ​ឲ្យប្រជាពលរដ្ឋ​ក្រីក្រ​រងការរំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន​រួមមាន​៖ ការបង្ខំ​ឱ្យ​លក់​ដី​, ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​, ការធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល​, និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល​ជាដើម​។

អង្គការ​ទាំងពីរ បាន​សិក្សា​ស្រាវជ្រាវ​លើ​ករណីនេះ ក្នុង​ឃុំ​ចំនួន​១០ នៅ​ខេត្ត​ចំនួន ៤ រួមទាំង​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​ករណី​សិក្សា​លម្អិត​ចំនួន​ ៧ករណី លើ​ការរំលោភបំពាន​សិទ្ធិមនុស្ស និង​បាន​សម្ភាស​​មនុស្ស​ចំនួន ​២៨​នាក់ ដែល​ជំពាក់​ប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៕

អត្ថបទដែលជាប់ទាក់ទង