AFF U18: សៀង ចន្ធា ស៊ុតបញ្ចូលទីពីរគ្រាប់ឱ្យកម្ពុជាឈ្នះថៃ; ម៉ាឡេស៊ីឈ្នះសិង្ហបុរី ឯម្ចាស់ផ្ទះវៀតណាម ចាញ់អូស្ត្រាលី

(វៀតណាម)៖ កីឡាករជម្រើសជាតិកម្ពុជា ដែលមានវ័យមិនដល់១៨ឆ្នាំផងនោះ សៀង ចន្ធា បានស៊ុតបញ្ចូលទីពីរគ្រាប់តែឯងឱ្យ កម្ពុជា ឈ្នះថៃ ៤ទល់នឹង៣ ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ២០១៩ (AFF Under-18 Next Media Cup 2019) ពូលB ថ្ងៃនេះនៅទីក្រុងហូជីមិញ។

ក្រោយស្មើគ្នា ០ទល់នឹង០តង់ទី១ នៅនាទីទី៥៣ យុវជនកម្ពុជា​ បើកការនាំមុខដោយការតែតបញ្ចូលទីរបស់កីឡាករ វុធ តុលា នៅពេលដែលកីឡាករ ជា សុខម៉េង ទាត់បាល់ហ្វ្រីឃីក។ តែនាទីទី៦៨ យុវជនថៃ តាមស្មើវិញដោយកីឡាករ Guntapon។ 

នាទីទី៧៤ កម្ពុជា នាំមុខម្តងទៀតដោយកំហុសកីឡាករថៃ Chantmongkol Rueangthanarot ធ្វើឱ្យចូលទីខ្លួនឯង ពេលកីឡាករកម្ពុជាលើកបាល់ចេញពីជ្រុង។ មួយនាទីបន្ទាប់កីឡាករ Thirapak Prueangna ជួយឱ្យថៃតាមស្មើ ជាថ្មី។

យ៉ាងនោះក្តី កម្ពុជា រកបានពីរគ្រាប់លឿនៗបន្ថែមទៀតដោយកីឡាករ កីឡាករ សៀង ចន្ធាពាក់អាវ
លេខ៩ នៅនាទីទី៨៧ និង៨៨ មុនពេលថៃវាយបកបានមួយគ្រាប់ចុងវិញនៅម៉ោងបន្ថែមដោយកីឡាករ Guntapon តែតបញ្ចូលទីពីការលើកបាល់ចេញពីជ្រុងរបស់កីឡាករ Chantmongkol។ ចប់ការប្រកួតកម្ពុជា ឈ្នះថៃ ៤ទល់នឹង៣។

ក្រោយចប់ការប្រកួតលោក Gyotoku Koji បានប្រាប់ឱ្យដឹងថាការប្រកួតនេះពិតជាមានភាពតាន
តឹង តែយើងគ្រប់គ្រងស្ថានការណ៍ បង្កើតឱកាសស៊ុតបញ្ចូលទី។

សម្រាប់សៀង ចន្ធា វាជាគ្រាប់បាល់ទី៣ដែលកីឡាកររូបនេះធ្វើបានក្រោយលេងបានពីរប្រកួត។ គ្រាប់ដំបូងកើតឡើងពេលកម្ពុជា ចាញ់អូស្ត្រាលី ១ទល់នឹង៥។ កីឡាកររបស់ក្រុមបាល់ទាត់សាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំរូបនេះ ក៏បានស៊ុតបញ្ចូលទីឱ្យកម្ពុជាឈ្នះប៉ាគីស្ថាន ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២២ផងដែរ។

ថ្ងៃជាមួយគ្នានេះដែរ ក្រុមម៉ាឡេស៊ី បានយកឈ្នះសិង្ហបុរី ៣ទល់១ ខណៈដែលម្ចាស់ផ្ទះវៀតណាម ចាញ់អូស្ត្រាលី ១ទល់នឹង៤។ ក្រោយលេងបានពីរប្រកួត មានតែអូស្ត្រាលីមិនទាន់ ចាញ់ និងស្មើមាន៦ពិន្ទុ ចំនែកម៉ាឡេស៊ី វៀតណាម និងកម្ពុជាមាន៣ពិន្ទុដូចគ្នា ចំនែកថៃលេខ៥មាន១ពិន្ទុ ដូចគ្នានឹងក្រុមលេខ៦សិង្ហបុរី។

ការប្រកួតទី៣ក្នុងពូល B កម្ពុជា ប្រកួតជាមួយម៉ាឡេស៊ី សិង្ហបុរី ប្រកួតជាមួយវៀតណាម និងអូស្ត្រាលី ប្រកួតជាមួយថៃថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង