រដ្ឋសភា នឹង​ប្រជុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ដើម្បី​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មួយរូប​

(​ភ្នំពេញ​)៖ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ជា​វិសាមញ្ញ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម មួយរូប សម្រាប់​អាណត្តិ​ថ្មី ជំនួស​សមាជិក​ចាស់ ដែល​ផុត​អាណត្តិ​។ បេក្ខភាពតែមួយរូបគត់ គឺឯកឧត្តម អ៊ិត រ៉ាឌី។ នេះ​បើតាម​ការសម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​អនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ​សិក្សា​ផងដែរ​។

សេចក្តីព្រាងច្បាប់​ទាំងពីរ​នោះ មាន ទី​១​ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ​កិច្ចព្រមព្រៀង​រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យ​ឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី។ គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា បានសម្រេច​ប្រគល់ឲ្យគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

​ចំណែក​សេចក្តីព្រាងច្បាប់​មួយទៀត គឺ​សេចក្តីព្រាងច្បាប់​ស្តីពី របប​សន្តិសុខ​សង្គម​។ គណៈកម្មា​ធិការ​​អចិ​ន្រៃ្ត​យ៍​រដ្ឋសភា បានសម្រេច​ប្រគល់​ឲ្យ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​៕​

 

អត្ថបទដែលជាប់ទាក់ទង