សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យមានការពិភាក្សាគ្នាឆាប់ជាទីបំផុត ដើម្បីចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីការគាំពារវិនិយោគ និងអនុស្សរណៈ ស្តីពីការមិនយកពន្ធត្រួតគ្នា រវាងកម្ពុជា-ស្រីលង្កា

(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ ជាមួយឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា (Maithripala sirisena) ប្រធានាធិបតីនៃប្រទេសស្រីលង្កា នៅវិមានសន្តិភាព​ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យមានការពិភាក្សាគ្នាឆាប់ជាទីបំផុត ដើម្បីចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីការគាំពារវិនិយោគ និងអនុស្សរណៈ ស្តីពីការមិនយកពន្ធត្រួតគ្នា រវាងកម្ពុជា-ស្រីលង្កា។

លេីសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្មផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តម ម៉ៃទ្រីប៉ាឡា បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា គឺមានជាយូរលង់ណាស់មកហើយ គឺជាង១ពាន់ឆ្នាំមកហើយ ហើយទំនាក់ទំនងនេះ គឺមានមូលដ្ឋានលើទស្សនវិជ្ជាខាងពុទ្ធសាសនា និងទំនាក់ទំនងខាងសាសនាផងដែរ។

ឯកឧត្តម ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់រាជាណាចក្រកម្ពុជា​ ហើយក៏បានឆ្លៀតឱកាសនេះដែរ ឯកឧត្តមបានសម្តែងនូវអំណរអរគុណយ៉ាងខ្លាំង ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្តែងនូវមរណទុក្ខចំពោះអំពើភេវរកម្ម ដែលបានវាយប្រហារប្រទេសស្រីលង្កាកន្លងមក។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តម ក៏បានលើកឡើងពីការធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈវិស័យអប់រំ និងវិស័យវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអាកាសចរណ៍ស៊ីវិល និងជាពិសេសទៀត ជំរុញឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ឬពីកម្ពុជាទៅប្រទេសស្រីលង្កា។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានយល់ស្របទាំងស្រុងចំពោះអ្វី ដែលឯកឧត្តម ម៉ៃទ្រីប៉ាឡា បានលើកឡើងពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។​

សម្ដេចតេជោ បានផ្ដល់នូវអនុសាសន៍ដល់ភាគីទាំងពីរថា កម្ពុជា និងស្រីលង្កាកន្លងមក គឺបានរក្សានូវទំនាក់ទំនងការទូតបានយ៉ាងល្អ ហើយតាមរយៈការចុះហត្ថលេខាលើអនុស្សារណៈកន្លងមកនេះ។

សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺនៅតូចនៅឡើយ ដូច្នេះប្រទេសទាំងពីរ គប្បីពិនិត្យមើលលទ្ធភាពដទៃទៀត ដើម្បីជំរុញឲ្យមានទំហំពាណិជ្ជកម្មកាន់តែធំឡើងថែមទៀត និងវិនិយោគកាន់តែច្រើនឡើងថែមទៀតរវាងប្រទេសទាំងពីរ គឺដូចគ្នាផងដែរ លើវិស័យទេសចរណ៍ វិស័យសាសនា និងវិស័យអប់រំ។

ពាក់ព័ន្ធវិស័យអប់រំនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសស្រីលង្កា ដែលបានជួយបណ្ដុះបណ្ដាលដល់មន្ត្រីកម្ពុជាផង ដល់ព្រះសង្ឃកម្ពុជាផងដែរ។ លើសពីនេះ សម្ដេចតេជោក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រទេសស្រីលង្កា នៅក្នុងវេទិកាអាស៊ាន ដែលជាការចូលរួមចំណែកមួយក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើងនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង