ឯកឧត្តម ហ៊ុន ម៉ានី ស្វែងយល់ការងារអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍​​​ នៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ ព្រឹកថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០១៩ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ សមាជិករដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សាអំពីការងារ​រអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៅរដ្ឋបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ខេត្តស្វាយរៀងផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីពាក់ព័​​​ន្ធនៅក្នុងខេត្ត បានលើកឡើងអំពីវិស័យនីមួយ​ៗ បង្កើតបានជាវេទិកាពិភាក្សារវាងសមាជិក​ សមាជិកា​នៃគណ:កម្មាធិការ​ ជាមួយនឹងប្រធាន​ ឬតំណាងមន្ទីរពាក់ព័ន្ធ​ ពីបញ្ហាប្រឈម​ យន្តការដោះស្រាយ​ និងផែនការកែលម្អ​ ដែលចាំបាច់នានា។

អង្គប្រជុំបានកត់សម្គាល់នូវរាល់ភាពជោគជ័យ ដែលមន្ទីរនីមួយៗសម្រេចបាន​ និងក៏បានកត់ត្រាផងដែរនូវបញ្ហាប្រឈម​ ដែលភាគីពាក់ព័ន្ធត្រូវធ្វើការសិក្សា​ តាមដាន​ និងត្រួតពិនិត្យបន្ត​ ឈានទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍​​​នៃរដ្ឋសភា បានផ្តល់ជាអនុសាសន៍ថា «កិច្ចការងារអប់រំ មិនត្រឹមតែជាការបណ្តុះបណ្តាលធនធានមនុស្សឲ្យស្របតាមទីផ្សារតែប៉ុណ្ណោះទេ តែធ្វើយ៉ាងណាធ្វើការអប់រំឲ្យមានភាពជាអ្នកដឹកនាំប្រទេសទៅថ្ងៃអនាគត»។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមតំណាងរាស្ត្រ​​​ ក៏បានផ្តល់ជាអនុសាសន៍ណែនាំបន្ថែមថា សូមឲ្យថ្នាក់ដឹកនាំជំនាញមូលដ្ឋានធ្វើការតាមដានបន្តបន្ថែមទៀត ធ្វើយ៉ាងណាអនុវត្តឲ្យស្របតាមចក្ខុវិស័យកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០១៩-២០២៣ របស់ក្រសួងអប់រំឲ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តមបានមានប្រសាសន៍ថា «បើយើងមិនចាប់ផ្តើមយកចិត្តទុកដាក់លើចំណេះជំនាញជាអាទិភាពនោះទេ យើងនឹងអាចបាត់បង់ឱកាសនៃការប្រកួតប្រជែង និងអាចប្រឈមច្រើនជាមួយការវិវត្តរបស់សង្គមបច្ចេកវិទ្យា ជាពិសេសក្នុងបរិបទឧស្សាហកម្មជំហានទី៤»។

ស្ថិតក្នុងវិស័យអប់រំជាមួយគ្នានេះផងដែរ ឯកឧត្តម​ ម៉ាត់ សេត សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា បានមានប្រសាសន៍លើការរឹតបន្តឹងប្រសិទ្ធភាពការអប់រំថា សូមឲ្យមានការយកចិត្តទុកដាក់លើការគ្រប់គ្រងបុគ្គលិក រួមទាំងការគ្រប់គ្រងវិជ្ជាជីវៈបុគ្គលិកអប់រំ ព្រោះថា កត្តានេះមានសារៈសំខាន់ និងជាកត្តាជំរុញឲ្យមានជោគជ័យខ្ពស់ដល់ការសិក្សារបស់សិស្សានុសិស្ស និងវិស័យអប់រំទាំងមូល ដោយធ្វើយ៉ាងណាឲ្យបុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូទាំងអស់បង្កើនការស្រឡាញ់វិជ្ជាជីវៈរបស់ខ្លួនជាគ្រូបង្រៀន។​

ពាក់ព័ន្ធលើចំណុចនៃការគ្រប់គ្រងបុគ្គលិកនេះផងដែរ ឯកឧត្តមបានបន្ថែមថា «សូមឲ្យមន្ទីរអប់រំ យុវជន និងកីឡា មានផែនការច្បាស់លាស់ក្នុងការធ្វើអធិការកិច្ចនៅតាមគ្រឹស្ថានអប់រំសាធារណៈ ដោយយកចិត្តទុកដាក់ដើម្បីវាយតម្លៃកត្តាប្រឈម និងរាយការណ៍ពីបញ្ហាទាំងនោះទៅថ្នាក់លើ ដើម្បីស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។»

ចំណែកការងារពាក់ព័ន្ធនឹងវិស័យធម្មការ និងសាសនា កិច្ចប្រជុំរវាងគណៈកម្មការទី៧ នៃរដ្ឋសភា និងរដ្ឋបាលខេត្តស្វាយរៀង ឯកឧត្តម សារី កោសល្យ បានលើកទឹកចិត្តឲ្យមានការគិតគូរបន្ថែមដល់ការពង្រីកឲ្យមានថ្នាក់ពុទ្ធិកវិទ្យាល័យ និងធម្មវិន័យ នៅក្នុងខេត្តស្វាយរៀង។​

ឯកឧត្តមបានបន្ថែមថា «វិស័យពុទ្ធិកសិក្សាជាវិស័យ ដែលមានការអប់រំចំណេះផង ការអប់រំធម៌ និងការអប់រំវិន័យផង។​ ដូច្នេះ វិស័យនេះមានសារៈសំខាន់លើសពីការអប់រំ ហើយបានធ្វើឲ្យសង្គមជាតិរីកចម្រើនប្រកបដោយធម៌ និងសុខដុមនីយកម្មនៃការរស់នៅក្នុងសង្គម»។

ចំណែកឯកឧត្តម ហ៊ុន ម៉ានី​ បានលើកឡើងថា «សូមធ្វើការយកចិត្តទុកដាក់ឲ្យបានដិតដល់ចំពោះវិស័យសាសនា គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ យើងធ្លាប់ទទួលបានបទពិសោធន៍ពីប្រទេសដទៃរួចមកហើយ ដែលជនមួយចំនួនបានយកសាសនាធ្វើអំពើអវិជ្ជមាន មិនគប្បី ឬអំពើភេរវកម្ម ប៉ះពាល់ដល់អាយុជីវិតមនុស្សជាដើម។ ដូច្នេះ វិស័យសាសនានេះ បានដើរតួនាទីសំខាន់ក្នុងការរស់នៅប្រកបដោយធម៌»។

រីឯវិស័យទេសចរណ៍ នៅខេត្តស្វាយរៀងវិញ លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានគូសបញ្ជាក់ថា​​​ «ចំពោះមុខខ្ញុំបាទនឹងព្យាយាមជំរុញ និងអភិវឌ្ឍ ដោយសហការជាមួយរដ្ឋបាលខេត្ត​​​ និងក្រសួងទេចរណ៍ ដើម្បីធ្វើយ៉ាងណាឲ្យមានការពង្រឹងវិស័យទេសចរណ៍ ដែលមានស្រាប់ និងចងក្រងកញ្ចប់ទេសចរណ៍ ឲ្យស្របតាមបរិបទ និងភាពបត់បែនរបស់សង្គម។

ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាល បានបន្តការតាំងចិត្តនៅក្នុងមតិបូកសរុបថា «ខ្ញុំនឹងប្តេជ្ញាចិត្តពង្រឹង និងបង្កើតទេសចរណ៍ថ្មីៗអោយបាន។​ ថ្មីៗនេះ ក្រុមការងារកំពុងសិក្សាប្លង់មេ នៅតំបន់រមាសហែកដើម្បីអភិវឌ្ឍតំបន់នេះអោយក្លាយជាតំបន់ទេសចរដ៏មានសក្តានុពលមួយសម្រាប់ខេត្តស្វាយរៀង។»

សូមជម្រាបផងដែរថា បេសកកម្មរាជធានីខេត្ត​​របស់គណៈកម្មការរអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍​​​នៃរដ្ឋសភា មកកាន់ខេត្តស្វាយរៀង ដែលជាខេត្តទី២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នំា២០១៩ ក្នុងគោលបំណង ដើម្បីស្វែងយល់ពីសភាពការណ៍ជាក់ស្តែងនៃការអនុវត្តច្បាប់ និងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តការងារ នៃបណ្តាវិស័យជំនាញដែលស្ថិតក្នុងសមត្ថកិច្ច និងជួបសំណេះសំណាល ផ្តល់អានុសាសន៍ និងសិក្សាបញ្ហាប្រឈមផ្សេងៗរបស់មន្ទីរជំនាញ ព្រមទាំងបង្កើនភាពស្និទ្ធស្នាលជាមួយមន្ត្រីមូលដ្ឋាន និងប្រជាជនតាមរយៈការពិភាក្សា និងការចុះទស្សនកិច្ចសំណេះសំណាលនៅទីតាំងផ្ទាល់។

នៅរសៀលថ្ងៃដដែលនេះផងដែរ ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី បានធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាស្វាយព្រហូត ស្ថិតនៅក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង៕

 

 

អត្ថបទដែលជាប់ទាក់ទង