នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើព្រៃឈើក្នុងខេត្តរតនគិរី

(រតនគិរី)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ, មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តរតនគិរី។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងមន្ត្រីមកពីអន្តរក្រសួង ព្រមទាំងអង្គភាពពាក់ព័ន្ធក្នុងខេត្ត។

 ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ការប្រជុំលើកនេះសំខាន់ គឺស្តាប់របាយការណ៍របស់ក្រុមការងាររបស់គណៈកម្មាជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានធ្វើប្រតិបត្តិការ ជាមួយនឹងគណៈកម្មការ ក៏ដូចជាស្ថានប័ន អាជ្ញាធរ និងសមត្ថកិច្ចនានា នៅក្នុងខេត្តរតនគិរី ដែលបានលេចចេញជាលទ្ធផល ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនបានទទួលសិទិ្ធដីសម្បទានពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគស្របច្បាប់ ប៉ុន្តែធ្វើសកម្មភាពមិនស្របច្បាប់ ដែលនាំឲ្យមានបទល្មើសព្រៃឈើ ហើយបើតាម របាយការណ៍របស់ក្រុមការងាររបស់គណៈកម្មាជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានបីចំណុចសំខាន់ គឺទី១៖ ទីតាំងភូមិសាស្រ្ថ កន្លែងក្រុមហ៊ុនវិនិយោគ កន្លែងអភិរក្ស និងអភិវឌ្ឍន៍ រវាងកសិកម្ម និងបរិស្ថាន ដែលមានចំណុចខ្លះមិនទាន់ឯកភាពគ្នា, ទី២៖ ពាក់ព័ន្ធនឹងការជ្រកក្រោមលេស ឬស្លាកសញ្ញា ក្នុងនោះមានភាពស្របច្បាប់របស់ក្រុមហ៊ុន កាប់ឈើកន្លែងផ្សេងអូសចូលក្រុមហ៊ុន ដើម្បីផលិតចេញជាឈើស្របច្បាប់ ការបង្កើតរោងសន្និធិឈើជាច្រើន ដែលធ្វើឲ្យឈើនេះ ទៅមិនដល់គោលដៅ ដែលត្រូវទៅ យកឈ្មោះដីសម្បទានសង្គមកិច្ច ដើម្បីទៅកាប់ឈើខុសច្បាប់ ការយកស្លាក សញ្ញាក្រសួងស្ថាប័នរបស់រដ្ឋដើម្បីជ្រកពួនគេចវេស និងទី៣៖ ការបង្កើតឲ្យមានភាពស្របច្បាប់ ការចេញឯកសារបំពានជាដើម។

ចណែកឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានរាយការណ៍ជូនថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ និងក្នុងអំឡុងពេលយុទ្ធនាការអនុវត្តតាមបទបញ្ជារបស់ប្រធានគណៈកម្មាធិការជាតិ ក្រុមការងារអនុគណៈកម្មការបង្រ្កាបបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិខេត្តរតនគិរី បានដើរល្បាតចំនួន៦១៩លើក នៅតាមឧទ្យានជាតិ តាមដែនជម្រកសត្វព្រៃ និងតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដែលក្នុងនោះបានជួបប្រទះបទល្មើសព្រៃឈើចំនួន៥២ករណី ការដាក់អន្ទាក់ចាប់សត្វព្រៃ៤០ករណី និងការកាប់រានដីព្រៃហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិ១៣ករណី និងការដឹកជញ្ជូនផលអនុផលព្រៃឈើ៤៧ករណី។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងរយៈពេលនេះអនុគណៈកម្មការខេត្តបានទប់ស្កាត់ និងបង្រ្កាបបានឈើអារចម្រុះគ្រប់ប្រភេទចំនួន១.៨៧២កំណាត់ ស្មើនឹង២៧០,៨៤៦ម៉ែ្រតគូប ក្នុងនោះមានឈើប្រណីតចំនួន២០៥កំណាត់ ស្មើនឹង៦,០៤២ម៉ែត្រគូប ឈើលេខ១ ចំនួន១,៦៦៧កំណាត់ ស្មើនឹង២៦៤,៨០៤ម៉ែត្រគូប និងបានរឹបអូសមធ្យោបាយរួមមាន៖ រថយន្ត និងរថយន្តកែច្នៃ២៧គ្រឿង, គោយន្ត៤គ្រឿង, ម៉ូតូ១៥គ្រឿង និងរណាយន្ត៣២គ្រឿង ក្នុងនោះក្រុមការងារអនុគណៈ កម្មការខេត្ត បានកសាងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ចំនួន២២ករណី ព្រមទាំងបានពិន័យអន្តរកាលទៅលើការដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានការអនុញ្ញាត និងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិលើមធ្យោបាយដឹកជញ្ជូន និងការស្តារការខូចខាតធនធានធម្មជាតិ សរុបចំនួន១៤ករណី។

ដោយឡែកបទល្មើសសត្វព្រៃ ក្រុមការងារបានដកហូតអន្ទាក់សត្វចំនួន២២៣ខ្សែ, អាវុធកែច្នៃចំនួន១៥ដើម, កាំភ្លើងស្នប់ចំនួន៨ដើម, ស្នែងសត្វខ្ទីងចំនួន១ក្បាល និងឧបករណ៍ទាក់សត្វផ្សេងៗទៀតចំនួន៤៨ករណី, ពស់ថ្លាន់២ក្បាល និងស្វា៣ក្បាល ត្រូវបានលែងចូលព្រៃវិញ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយអនុវត្តតាមបទបញ្ជាលេខ០១ និងលេខ០២បប ក្រុមការងារបានរឹបអូសវត្ថុតាងរួមមាន៖ ដឹងចំនួន១២, ពូថោចំនួន១, រណាយន្តចំនួន៣៥គ្រឿង, ត្រាក់ទ័រចំនួន៣គ្រឿង។ ចំណែកការកាប់រានដីព្រៃ និងការហ៊ុមព័ទ្ធដីព្រៃយកធ្វើជាកម្មសិទ្ធសរុបមាន២៩កន្លែង ទំហំ១.៤៩៨,៤៤ហិកតា និងរុសរើខ្ទម៤ខ្នង ស្មើ៤គ្រួសារ ក្នុងនោះអនុគណៈកម្មការខេត្តបានកសាងបញ្ជូនសំណុំរឿងទៅសាលាដំបូងចំនួន៤ករណី មានទំហំផ្ទៃដី៣៦១,១ហិកតា និងបន្តស្រាវជ្រាវដើម្បីបញ្ជូនសំណុំរឿងចំនួន១២ករណីបន្ថែមទៀត៕ (SN-  ភិរម្យ)

 

 

អត្ថបទដែលជាប់ទាក់ទង