សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ ១០​លាន​រៀល ដល់​យុវជន​ម្នាក់ ដែល​ជាប់​ក្នុង​កន្លៀត​ថ្មភ្នំ កណ្តាល​ព្រៃ នៅ​ខេត្តបាត់ដំបង​

(​ភ្នំពេញ​)៖ បន្ទាប់ពី​ទទួលដំណឹង​ពី​គ្រោះថ្នាក់​ជាយថាហេតុ ដែល​យុវជន​ម្នាក់ បាន​ជាប់​ក្នុង​កន្លៀត​ថ្មភ្នំ កណ្តាល​ព្រៃ អស់​រយៈពេល ៣​យប់ ៤​ថ្ងៃ នៅ​ខេត្តបាត់ដំបង រួចមក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានផ្តល់​ថវិកា ១០​លាន​រៀល ឧបត្ថម្ភ​ដល់​យុវជន​រូបនេះ​។ នេះ​បើតាម​លោក​ផៃ​ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី «​ចម្ងល់​ពាក់ព័ន្ធ​នឹង​កុង​ទ័​រ​ភ្លើង​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩​។​

​សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៩ បុរស​ឈ្មោះ សិន បូរ៉ា បានចេញ ពី​ផ្ទះ ទៅរក​កើប​អាចមន៍​ប្រចៀវ នៅក្នុង​រូងភ្នំ​ហុង​ទឹក ស្ថិតនៅ​ភូមិ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ នៅពេលដែល​បុរស​រូបនេះ ចាក​ចេញទៅ ក៏​បាត់​ដំណឹង​រហូត ព្រោះ​ពេល​ចាកចេញ​ទៅនោះ បុរស​រូបនេះ មិនបាន​ប្រាប់​ប្រពន្ធ​កូន ឬ​ក្រុមគ្រួសារ​បានដឹង​នោះទេ​។

​នៅពេលដែល​មិនឃើញ​បុរស​រូបនេះ វិល​ត្រឡប់មក​លំនៅដ្ឋាន​វិញ ក្រុមគ្រួសារ និង​អ្នកជិតខាង​បាន​ស្វះស្វែង​ដើររក តែ​មិនបាន​ជួបប្រទះ​បុរស​នេះ​សោះ រហូតដល់​យប់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩ ទើបបាន​ប្រទះឃើញ​បុរស​រូបនេះ កៀប​ជាប់ នៅក្នុង​រូប​ភ្នំ​ខាងលើ ហើយ​សកម្មភាព​ជួយសង្គ្រោះ​បានចាប់ផ្តើម​អនុវត្ត​នៅវេលា​ព្រឹក ព្រលឹម​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩ នេះ​។​

​នៅក្នុង​ហេតុការណ៍នេះ​ អាជ្ញាធរ​សមត្ថកិច្ច​ជាច្រើន ពិសេស​កង​ទាហាន បានចេញ​ជួយសង្គ្រោះ​បុរស​នោះ បានចេញ​ពី​គ​ន្លៀត​ថ្ម នៅ​ព្រលប់​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩៕​

 

អត្ថបទដែលជាប់ទាក់ទង