ខ្លីៗ ពីការដោះដូរកីឡាករ នៅតំបន់អឺរ៉ុប ខណៈអង់គ្លេសបិទយប់នេះ; Lukaku នឹងចាកចេញពី Man Utd

(អឺរ៉ុប)៖ ទីផ្សារដោះដូរកីឡាករនៅក្នុងលីហ្គធំៗតំបន់អឺរ៉ុប កាលបរិច្ឆេទបើក និងបិទ ខុសគ្នាទៅតាមប្រទេសនីមួយៗ ខណៈអង់គ្លេសទីផ្សារទិញ ដូរកីឡាករច្រូវបិទនៅរំលងអាធ្រាតនេះហើយ។

ក្លិបជើងឯកអង់គ្លេស (Premier League), Manchester City បានសម្រេចទិញកីឡាករខ្សែការពារស្តាំ  Joao Cancelo សញ្ជាតិព័រទុយហ្កាល់ ពីជើងឯកអ៊ីតាលី Juventus ក្នុងតម្លៃខ្លួន៦០លានផោន។ កិច្ចសន្យាកីឡាកររូបនេះរហូតដល់២០២៥។ ជាមួយគ្នានេះ Man City បានលក់កីឡាករ Danilo ឱ្យ Juventusវិញលើតម្លៃខ្លួនជាង៣៤លានផោន។

Tottenham បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Real Betis ដើម្បីចុះហត្ថលេខាជាមួយខ្សែបម្រើ Giovani lo Celso។ ពូកគេសង្ឃឹមថានឹងបញ្ចប់ការងារសេសសល់ដើម្បីបានកីឡាករជម្រើសជាតិ អាហ្សង់ទីន Lo Celso ដែលមានតម្លៃខ្លួន៦០លានផោន មករួមក្លិបមុនថ្ងៃចុងក្រោយនៃទីផ្សារ ទិញដូរ កីឡាករយប់នេះ។

Everton បានចុះហត្ថលេខាជាមួយកីឡាករខ្សែការពារបារាំង Djibril Sidibe លើរូបភាពខ្ចីជើងពេញមួយរដូវកាលពីក្លិប Monaco។ ក្លិបស្ករតាំងម៉ែមានជម្រើសទិញដាច់កីឡាករវ័យ២៧ឆ្នាំរូបនេះនៅចុងរដូវកាល។ Sidibe ឈ្នះជើងឯកលីហ្គបារាំងនៅឆ្នាំ ២០១៦-១៧ ជាមួយក្លិបMonaco ហើយជាផ្នែកមួយ ដែលបារាំងឈ្នះបាល់ទាត់ពិភពលោកកាលពីឆ្នាំមុននៅរុស្ស៊ី។ កីឡាកររូបនេះស៊ុតបាន៦ គ្រាប់ក្នុង១១៤ប្រកួតតាំងពីផ្ទេរចេញពី Lilleនៅឆ្នាំ២០១៦។

ចំនែក Crystal Palace បានចុះហត្ថលេខារួចរាល់ជាមួយកីឡាករសាធារណៈរដ្ឋអៀកឡង់ James McCarthy របស់ Everton លើតម្លៃខ្លួន៣លានផោន។ កីឡាករអាយុ២៨ឆ្នាំរូបនេះមានពេលមួយឆ្នាំទៀត នៅជាមួយ Everton ប៉ុន្តែចាកចេញ ក្រោយលេងបាន៦រដូវកាលនៅទឹកដីGoodison Park។ ក្នុងការបង្ហាញខ្លួន ១៣៣ដង ឱ្យ Everton កីឡាកររូបនេះរកគ្រាប់បាល់បាន៦គ្រាប់។

Celtic និង Arsenal បានព្រមព្រៀង លក់ ទិញខ្សែការពារស្កុតឡែន Kieran Tierney លើតម្លៃខ្លួន
២៥លានផោន។ ឥឡូវនេះTierney នឹងធ្វើដំណើរទៅពិភាក្សាពីលក្ខខណ្ឌមួយចំនួន មុនការដោះដូរ កីឡាករបិទយប់នេះ។

ក្លិបបាល់ទាត់អ៊ីតាលី Inter Milan កាន់តែខិតជិតចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធបែលហ្ស៊ិកRomelu Lukaku ពីក្លិបិសាចក្រហម Manchester United ហើយ។ តាមការគ្រោងទុក Lukaku ត្រូវពិនិត្យសុខភាពថ្ងៃនេះ។

សូមជម្រាបជូនដែរថាប្រទេសអេស្ប៉ាញ បារាំង និងអាល្លឺម៉ង់ ការដោះដូរកីឡាករនឹងបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ខណៈអ៊ីតាលី នឹងបិទនៅថ្ងៃទី១៨ ខែសីហា៕

អត្ថបទដែលជាប់ទាក់ទង