សម្តេចតេជោ៖ ​ការជ្រើសយកកម្ពុជា​ជាគោលដៅវិនិយោគ ​ជាការសម្រេចចិត្ត​ដ៏ឈ្លាសវៃ​របស់វិនិយោគិន​បរទេស​

(ភ្នំពេញ)​៖ «តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគស្រីលង្កា ដែលមានបំណងជ្រើសរើសកម្ពុជា ជា​គោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជា ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន
នៅក្រៅប្រទេស ពិចារណាយកប្រទេសស្រីលង្កា ជាប្រទេសគោលដៅរបស់ខ្លួន»។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅថ្ងៃទី៧ ខែសីហា ដោយមានការចូលរួមពីលោក ម៉ៃទ្រី​ប៉ា​ឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏​បានចេញមុខធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគ ពិសេស​គឺ​សន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័ន​ ​ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាពគណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

សម្តេចតេជោបានបង្ហាញថា ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូល​ទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។ សូចនាករនេះបង្ហាញថា ​កម្ពុជា​​កំពុងស្ថិត​នៅលើគន្លង​នៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០។

ចំពោះតួលេខវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០១៩ បង្ហាញពីភាពវិជ្ជមានជាច្រើន ដែលគម្រោងវិនិយោ​គ​ត្រូវបានអនុម័ត មានចំនួន ១៥៣គម្រោង ក្នុងទុនវិនិយោគប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក ​បើ​ប្រៀបធៀប​នឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ ឆ្នាំ២០១៨ ដោយចំនួនគម្រោងមានការកើនឡើង ៤៨គម្រោង ខណៈដែលទុនវិនិយោគមានការកើនឡើងប្រមាណ២ពាន់លានដុល្លារអាមេរិក៕

 

អត្ថបទដែលជាប់ទាក់ទង