ត្រឹម​ពាក់កណ្តាលឆ្នាំនេះ ​កម្ពុជាបាន​អនុម័ត​​គម្រោង​វិនិ​យោ​គ​​ ១៥៣គម្រោង​ មានទំហំទឹក​ប្រាក់ជាង​ ៥ពាន់លានដុល្លារ​

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ គម្រោងវិនិយោគត្រូវបានអនុម័តមានចំនួន១៥៣គម្រោង ដែលមានទំហំទុនវិនិយោគប្រមាណ
៥.២ពាន់លានដុល្លារអាមេរិក។

ក្នុងឱកាសអញ្ជើញជាអធិបតី ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ជាមួយលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ចំនួនវិនិយោគនេះ ប្រៀប​ធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ ឆ្នាំ២០១៨ ចំនួនគម្រោងមានការកើនឡើង ៤៨គម្រោង ខណៈដែលទុនវិនិយោគមានការកើនឡើងប្រមាណ ២ពាន់លានដុល្លារអាមេរិក។

សម្តេចបានបន្តថា «តួលេខវិនិយោគ ក្នុងឆមាសទី១ ឆ្នាំ២០១៩ បង្ហាញពីភាពវិជ្ជមានជាច្រើន ដែលគម្រោងវិនិយោគត្រូវបានអនុម័ត មានចំនួន១៥៣គម្រោង ក្នុងទុនវិនិយោគប្រមាណ៥,២ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆមាសទី១ ឆ្នាំ២០១៨ ដោយចំនួនគម្រោងមានការកើនឡើង៤៨គម្រោង ខណៈដែលទុនវិនិយោគមានការកើនឡើង ប្រមាណ២ពាន់លានដុល្លារអាមេរិក»។

សូមជម្រាបថា សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយ (២០១៤-២០១៨) ស្ថានភាពវិនិយោគរបស់កម្ពុជា មានលក្ខណៈល្អប្រសើរដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគ ចំនួន៩៥៩គម្រោង ក្នុងទុនវិនិយោគសរុប​ចំនួនប្រមាណ ២៣ប៊ីលានដុល្លារអាមេរិក ដែលអាចបង្កើតការងារ ចំនួន១លានកន្លែងថែមទៀត​ផង៕

អត្ថបទដែលជាប់ទាក់ទង