រដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការធ្វើផ្លូវជាប់រឹងមាំ មិនងាយខូច ​អាចឲ្យរដ្ឋាភិបាល​មានថវិកាសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត​

(ភ្នំពេញ)៖ “ក្រុមហ៊ុនសាងសង់ផ្លូវ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធទាំងអស់ត្រូ​វ​សាង​សង់ និងជួសជុលផ្លូវឲ្យមានគុណភាពគោរពតាមកិច្ចសន្យា បើមិនដូចច្នោះទេក្រសួងនឹងចាត់វិធាន ប្តូរសមាសភាពដឹកនាំ ប្តូរក្រុមហ៊ុន ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត”។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តកិច្ចសន្យាប្រកបដោយគុណភាព ប្រសិទ្ធ​ភាព​ និងបច្ចេសទេសនៃការសាងសង់ផ្លូវនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងសង្កត់ធ្ងន់ពីផលប៉ះពាល់នៃការសាងសង់ផ្លូវគ្មានគុណភាព ធ្វើ​ឱ្យ​ខាតបង់ថវិកាជាតិដែលរាជរដ្ឋាភិបាល ខិតខំរកដោយលំបាក ខាតបង់ពេលវេលាក្នុងការធ្វើដំណើរ ដោយសារផ្លូវខូច គ្មានការបំពាក់ផ្លាកសញ្ញាចរាចរណ៍បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋនៅតាមដងផ្លូវរង ផលប៉ះពាល់ដល់សុខភាពជាដើម។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ រួមទាំងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កងវិស្វកម្ម និងភាគីពាក់ព័ន្ធ ត្រូវរកដំណោះស្រាយ និងនីតិវីធីនៃការសាង​សង់​ផ្លូវឱ្យមានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បាន យូរអង្វែង កុំឱ្យប្រជាពលរដ្ឋបានធ្វើការរិះគន់ថា៖ ធ្វើផ្លូវមិនបានរឹងមាំ ធ្វើមុខខូចក្រោយ ដែលធ្វើឱ្យក្រសួងក៏ដូចជារាជរដ្ឋាភិបាល និងក្រុមហ៊ុនសាង​សង់ខ្លួនឯងបាត់បង់កេរ្តិ៍ឈ្មោះ និងខូចមុខមាត់។

ជាងនេះទៅទៀត ក្រសួងត្រូវបង្កើតក្រុមការងារត្រួតពិនិត្យ តាមដានពីលើអង្គភាព PMU និង PIU ថែម​ទៀត ដើម្បីធានាគុណភាពសាងសង់រឹងមាំ និងមិនទទួលយកផ្លូវគ្មានគុណភាពរឹងមាំឡើយ ធ្វើ​បែប​នេះដើម្បី រាជរដ្ឋាភិបាលអាចមានថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតដូចជា៖ សាលារៀន មន្ទីរពេទ្យ និងប្រឡាយទឹកដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង