TOP NEWS៖ កងសង្គ្រោះ៧១១ កំពុងចេញដំណើរទៅសង្គ្រោះបុរស​ម្នាក់ ធ្លាក់ជាប់នឹងកន្លៀ​ត​ថ្មភ្នំ

(​បាត់ដំបង​)៖​ កង​សង្គ្រោះ​៧១១​ បាន​ចេញដំណើរ​ពី​ទីបញ្ជាការ​កងពល​ចោម​ចៅ​ ទៅ​ព្រ​លាន​យន្តហោះ​យោធា​ នឹង​បន្តដំណើរ​តាម​ឧ​ទ្ធ​ម្ភាគ​ចក្រ ​ឆ្ពោះទៅ​ភូមិ​ហុង​ទឹក​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ដែល​ជា​កន្លែង​បុរស​ម្នាក់​ជាប់​ខ្លួន​នឹង​កន្លៀ​ត​​ថ្មភ្នំ​។​

​សូម​រំឭក​បុរស​ម្នាក់​រអិល​ជើង​ធ្លាក់​មក​ជាប់​នឹង​ផ្ទាំង​ថ្ម​ រើខ្លួន​ពុំ​រួច​ នឹង​ជាប់​នៅ​ទីនោះ​ទាំង​ពី​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៩​ បន្ទាប់​ពី​ខ្លួន​ឡើង​លើ​ជ​ញ្ជាំ​ភ្នំ​ប្រមូល​អាចម៍​ប្រចៀវ​។​

​ក្រោយ​បាត់​ខ្លួន​៣​យប់​ ៤​ថ្ងៃ​មក​ ក្រុម​គ្រួ​សារបាន​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​ជួយ​អន្តរាគមន៍​ និង​ក៏​បាន​នាំ​គ្នា​ដើរ​រក​ទៅ​តាម​ទីកន្លែង​ដែល​បុរស​នោះ​ធ្លាប់​បាន​ទៅ​ ដើរ​ប្រមូល​អាចម៍​ប្រចៀវ​ ហើយ​ក៏​បាន​ប្រទះ​ឃើញ​នៅ​រូងភ្នំ​មួយ​នា​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​។​ តែ​ទោះ​យ៉ាងនេះ​ក្តី​ បុរស​រូប​នោះ​ នៅ​មិន​ទាន់​អាច​ជួយ​សង្គ្រោះ​យក​ចេញពី​រូង​ថ្ម​នោះ​បាន​នៅឡើយ​ដែរ​ ហើយ​ពេល​នេះ​សមត្ថកិច្ច​ ក៏​កំពុង​តែ​ជួយ​សង្គ្រោះ​។​

​បើ​តាម​អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​លោក​វរសេនីយ៍ទោ​ សា​រ៉េ​ត​ វិ​សេដ្ឋ​ បាន​លើក​ឡើង​ថា​ តាម​បណ្តឹង​របស់​ម្ដាយ​ជន​រង​គ្រោះ​ គឺ​កូន​ខ្លួន​ដែល​បាន​បាត់​នោះ​មានឈ្មោះ​ ឈ្មោះ​ បូ​រ៉ា​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ទឹកថ្លា​ ឃុំ​អង្គ​របា​ ន​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ គឺ​មាន​រយៈពេល​៤​ថ្ងៃ​មក​ហើយ​។​

​ម្តាយ​ជន​រង​គ្រោះ​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៩​ កូន​គាត់​បាន​ចេញ​បាត់​ពី​ផ្ទះ​ ហើយ​មិនឃើញ​វិល​ត្រលប់​មក​វិញ​ទេ​ ទើប​នាំ​គ្នា​ដើរ​រក​ ទើប​ប្រទះ​ឃើញ​ជាប់​ក្នុង​រូងភ្នំ​ នៅ​ចំណុច​ភ្នំ​ចក្រី​ ស្ថិត​ក្នុងភូមិ​ក្បាលហុង​ទឹក​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក​។​

​លោក​វរសេនីយ៍ទោ​ សា​រ៉េ​ត​ វិ​សេដ្ឋ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កន្លែង​កើតហេតុ​ជន​រង​គ្រោះ​ អាច​និយាយ​បាន​ធម្មតា​ មិន​ទាន់​សន្លប់​បាត់ស្មារតី​នោះ​ទេ​។​ ជន​រង​គ្រោះ​ក៏​បាន​និយាយ​ថា​ ខ្លួន​ឡើង​ទៅ​កើប​អាចម៍​ប្រចៀវ​ ភ្លាម​នោះ​ក៏​បាន​ជ្រុះ​ពិល​ ហើយ​ខ្លួន​ក៏​បាន​ដើរ​រក​ពិល​ ក៏​រអិល​ធ្លាក់​ជាប់​ក្នុងកន្លៀ​ត​​ថ្ម​តែ​ម្ដង​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង