កម្ពុជា-ថៃ​ តភ្ជាប់កំពង់ផែរវាងប្រទេសទាំងពីរ​ ដើម្បីបង្កើន​សហប្រតិបត្តិការ​ និង​ការ​វិនិយោគ​

(ភ្នំពេញ)៖ ជំនួបពិភាក្សារវាងឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូច្រករបៀង សេដ្ឋកិច្ចខាងកើតនៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោកស្រី Nongnuth Phetchratana ទីប្រឹក្សាពិសេសក្រសួងការបរទេសថៃទទួលបន្ទុកច្រករបៀងសេដ្ឋ​កិច្ច​ខាងកើត ត្រូវបានធ្វើឡើងនៅថ្ងៃទី០៦ ខែសីហានេះ។

ជំនួបនេះធ្វើឡើងដើម្បីស្វែងយល់អំពីសក្តានុពល និងកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម រវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ លឹមឆាបាង ដើម្បីសម្រួលដល់ការដឹកជញ្ជូន ក៏ដូចជាដើម្បីបង្កើនការវិនិយោគ និងទំហំពាណិ​ជ្ជ​កម្មរវាងប្រទេសទាំងពីរផងដែរ។

បើតាមរដ្ឋលេខាធិការក្រសួងសាធារណការ បច្ចុប្បន្នគម្រោងធ្វើឱ្យប្រសើរឡើងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់របស់កម្ពុជាជាមួយថៃរួមមានដូចជា៖ គម្រោងផ្លូវធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ពី ២គន្លងទៅ ៤គន្លង ផ្លូវជាតិលេខ៤៨ ពីផ្លូវបំបែកស្រែអំបិល ទៅខេត្តកោះកុង គម្រោងស្ពាន ស្ទឹង​បត់​និងផ្លូវតភ្ជាប់ និងគម្រោងសាងសង់ផ្លូវពីខេត្តបាត់ដំបងទៅខេត្តកោះកុងដើម្បីកាត់បន្ថយពេល វេលានៃការដឹកជញ្ជូនពីខេត្តប៉ៃលិនទៅកាន់កំពង់ផែទឹកជ្រៅ។

ជាមួយគ្នានេះ ភាគីកម្ពុជាតាមរយៈឯកឧត្តម តូច ចាន់កុសល បានស្នើឱ្យមានកិច្ចពិភាក្សាបន្ថែមលើទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៀតពីនីតិវិធីរវាងប្រទេសទាំងពីរ និងឱកាសវិនិយោគប្រកបដោយសក្តានុពល៕

អត្ថបទដែលជាប់ទាក់ទង